គណបក្សជំទាស់ នឹងធ្វើមហាបាតុកម្ម ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយបញ្ហាបោះឆ្នោត
(សារព័ត៌មាន ព្រៃនគរ ) លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាង កាលពីថ្ងៃ ចន្ទ ទី ០៥ ខែសីហា នៅទី ក្រុងភ្នំពេញថា ខ្លួននឹងធ្វើមហាបាតុកម្មដ៏ធំមួយ ដើម្បីឲ្យអង្គការសហប្រជាជាតិជួយស្វែងរកដំណោះ ស្រាយបញ្ហាបោះឆ្នោត ដែលកំពុងតែមានការប្រទាញប្រទង់គ្នា នៅក្នុងប្រទេស កម្ពុជា និងដើម្បីការពារ ដល់ “ជ័យជំនះ” របស់ប្រជាពលរដ្ឋ ។ សេចក្ដីថ្លែងរបស់ លោក សម រង្ស៊ី នេះ បានធ្វើឡើង គណៈ ដែលលោក បានចុះជួបប្រជាពលរដ្ឋអ្នកភូមិបឹងកក់ នៅទីក្រុងភ្នំពេញ ដោយមានមនុស្សចូលរួមយ៉ាង ច្រើនកុះករ ។

លោក សម រង្ស៊ី បានថ្លែងថា៖ “យើងនឹងជួបជុំគ្នាធ្វើមីតតិញមួយដ៏ធំ ទាមទារឲ្យអង្គការសហប្រជាជាតិ ចូលមកដោះស្រាយបញ្ហាបោះឆ្នោត ដើម្បីការពារជ័យជំនៈរបស់ប្រជារាស្ត្រខ្មែរ” ។
នៅក្នុងថ្ងៃចន្ទ ទី ០៥ ខែសីហា នេះដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅជួបប្រជាពលរដ្ឋ អ្នកគាំទ្រ នៅក្នុងបរិវេណវត្តខ្នារ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយមនុស្សចូលរួមស្វាគមន៍ប្រមាណជិត ១ ម៉ឺននាក់ ដែលពួកគាត់ទាំងនោះមកពីឃុំនានាក្នុងស្រុកស៊ីធរកណ្ដាល និងស្រុកមួយចំនួនទៀតក្នុងខេត្តព្រៃវែង ។
លោក កឹម សុខា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ៖ «ហើយបងប្អូនប្រាប់ថា យើងឈ្នះហើយ បើគេនៅតែលួចមិនឲ្យយើងឈ្នះបងប្អូនថាយើងទៅធ្វើបាតុកម្មទាំងអស់គ្នាមែនមិនមែន ? អ៊ីចឹង ខ្ញុំសុំធ្វើតាមហើយណា តាមបងប្អូនទៀតហើយណា បើតាមប្អូនឈ្នះហើយណា។ ដូច្នេះ យើងរួមគ្នាយើងអត់ចាញ់បោកពួកចោរលួចឆ្នោតហ្នឹងទៀតទេណាបងប្អូនណាបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា ជ័យជម្នះនៅពេលនេះ គឺជាជោគជ័យដ៏ធំធេងរបស់ពលរដ្ឋ៖ «ការពារជ័យជម្នះយើងឲ្យបាន យើងមិនត្រូវបណ្ដោយឲ្យជនផ្ដាច់ការជនពុករលួយ ជនបំផ្លាញជាតិ ជនធ្វើបាបរាស្ត្រ ឲ្យពួកអស់នេះកាន់អំណាច ៥ ឆ្នាំទៀត ជាតិយើងរលាយហើយ ។ ដូច្នេះ អត់សុខចិត្តទេបងប្អូន ជនផ្ដាច់ការត្រូវតែចុះចេញពីតំណែងដាច់ខាត ឆ្នាំ២០១៣ នេះ ។ យើងប្ដេជ្ញាថាអត់ថយក្រោយទេ ការពារជ័យជម្នះប្រជារាស្ត្រខ្មែរ ។ ប្រជារាស្ត្រខ្មែរចង់បាននូវការផ្លាស់ប្ដូរ ត្រូវតែមានការផ្លាស់ប្ដូរដាច់ខាតនៅឆ្នាំ ២០១៣» ។
តាមគម្រោង គណបក្សនេះ នឹងបន្តទៅជួបប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៦ សីហា នេះ ។ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងមានធ្វើសេចក្ដីថ្លែងការណ៍អរគុណប្រ ជាពលរដ្ឋទ្រង់ទ្រាយធំទូទាំងប្រទេស នៅអំឡុងខែសីហា នេះ ៕