គណបក្សសង្គ្រោះជាតិ នឹងរៀបចំក្រុមមេធាវី អន្តរជាតិវាយតម្លៃលើបទ ឧក្រិដ្ឋដែលបានប្រព្រឹត្តដោយរដ្ឋាភិបាល
គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងរៀបចំក្រុមមេធាវីអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃ ទៅលើបទឧក្រិដ្ឋដែលបានប្រ ព្រឹត្ត ដោយកងកម្លាំងប្រដាប់អាវុធដឹកនាំដោយរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ទៅលើប្រជាពលរដ្ឋនាពេល កន្លង មក និងនៅពេលថ្មីៗនេះ ដែលធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ។ ប្រសិនបទឧក្រិដ្ឋដែលបានប្រព្រឹត្តដោយរដ្ឋាភិបាលនោះ ជាផ្នែកមួយនៃវាយប្រហារឲ្យស្លាប់រង្គាល និងជាប្រពន្ធ គណបក្សសង្គ្រោះជាតិនឹងប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរ ជាតិ ដើម្បីបញ្ចប់នូវបញ្ហានីទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា និងចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្នាក់ ការ កណ្តាល គណបក្ស នៅព្រឹកថ្ងៃអង្គារ នេះថា គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវហិង្សាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះ ដែលធ្វើឲ្យកម្មករស្លាប់ និងរងរបួសជាច្រើននាក់ ។ លោក កឹម សុខា បន្តថា បើទោះជារដ្ឋាភិបាលប្រកាសថាខ្លួននឹងបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតលើហេតុការណ៍នេះក៏ ដោយ ប៉ុន្តែបញ្ហានិទណ្ឌភាព លោកជឿថា នៅតែកើតមាន ព្រោះការស៊ើបអង្កេតរបស់រដ្ឋាភិបាល មិនបង្ហាញពីភាពឯករាជ្យឡើយ ដែលករណីនេះ លោកថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំក្រុមមេធាវីអន្តរជាតិមួយ ក្រោមការដឹកនាំរបស់លោក រីឆាច រីចឆឺ មេធាវីអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃលើបទឧក្រិដ្ឋនេះ ។
លោក កឹម សុខា បានថ្លែងថា៖
“ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ សូមប្រកាសដល់សាធារណជនឲ្យបានជ្រាបថា យើងនឹងរៀបចំក្រុមមេធាវី អន្តរជាតិមួយ ដើម្បីធ្វើការវាយតម្លៃ ជុំវិញបទឧក្រិដ្ឋទាំងឡាយ ដែលបានប្រព្រឹត្តដោយកង កម្លាំងប្រដាប់ អាវុធដឹកនាំ ដោយគណ បក្សប្រជាជន នៅក្នុងប្រទេសកម្ពុជា កន្លងមក និងថ្មីៗនេះ ។ ….. ការវាយ តម្លៃកំរិត នៃបទឧក្រិដ្ឋទាំងនោះ ប្រ សិន បើរកឃើញថា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកងកម្លាំង ប្រដាប់អាវុធនោះ ជាផ្នែកមួយ វាយប្រហារ ដោយរង្គាល ឬ ជាប្រព័ន្ធ នោះមានន័យថាបទ ឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ។ …… ដូច្នេះ ក្រុមមេធាវី អន្តរជាតិនឹងដាក់ពាក្យ បណ្ដឹងទៅ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ICC” ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បន្តថា បើការស៊ើបអង្កេតមានទឡ្ហីករ និងភស្តុតាងគ្រប់គ្រាន់នោះ គណបក្សនឹងដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅ ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។ តែទោះជាយ៉ាងណា លោកថា បើការស្វែងរកភស្តុតាងមិនទាន់ចូលក្នុងដែនយុត្តិការរបស់តុលាការអន្តរជាតិ ក៏អាចឲ្យអ្នកប្រព្រឹត្តិបទឧក្រិដ្ឋមានការប្រុងប្រយ័ត្នកុំឲ្យប្រព្រឹត្តិបទ ល្មើស បន្តទៀត ហើយបញ្ឈប់នូវរាល់និទណ្ឌភាពនៅកម្ពុជា ។
កាលពីថ្ងៃទី ០៣ ខែមករា មានការប៉ះទង្គិចដោយហិង្សាមួយរវាងក្រុមកម្មករដែលមកពីរោងចក្រនានាក្នុងរាជធានីភ្នំពេញ និង កងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈ ដែលកម្មករតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ បណ្តាលឲ្យកម្មករ ៥ នាក់ ស្លាប់ និង ជិត ៤០ នាក់រង របួស និងកម្មករ ១៣ នាក់ទៀតត្រូវបានចាប់ខ្លួន ៕