គណៈកម្មការការពារអ្នកកាសែត (CPJ) ប្រតិកម្មវៀតណាមរឹតបន្តឹងសេរីភាពអិនធើណិត
នៅថ្ងៃ ២២ ខែកក្កដា ឆ្នាំ ២០១២ នេះ ពីទីក្រុងបាងកក, ប្រទេសថៃ គណៈកម្មការការពារ អ្នកកាសែត (CPJ) បានឲ្យដឹងថា សេចក្ដីសម្រេចថ្មីដើម្បី គ្រប់គ្រងព័ត៌មាន និងសេវ៉ាកម្ម អិនធើណិតនៅវៀតណាម ជាគ្រោះថ្នាក់ដ៏ធំសម្រាប់អ្នក កាសែត Online និងក្រុមអ្នក Blogger ។
សេចក្ដីត្រូវបានចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី ១៥ ខែកក្កដា និងត្រូវបានអនុវត្តនៅថ្ងៃ ទី ០១ ខែកញ្ញា ខាងមុខនេះ ។
លោក Shawn Crispin តំណាងមន្រីជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់អង្គការ CPJ បានថ្លែងថា៖ “ការរិតបន្តឹងដែលបានចែងនៅក្នុងសេចក្ដីសម្រេចនេះ ដើម្បីបង្ខំឲ្យ ក្រុមហ៊ុនអិនធើណិតទូទាំងពិភពលោក ដូចជា Google, Facebook និងក្រុមហ៊ុនផ្សេងៗ ទៀតចូលរួមក្នុងបង្ក្រាបរបស់វៀតណាមចំពោះសេរីភាពអិនធើណិត” ។
លោក បាននិយាយបន្តទៀតថា “ យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាល នាយកដ្ឋមន្ត្រី ង្វៀង តឹង យ៉ុង លុបចោលសេចក្ដីសម្រេចដ៏អាម៉ាសនេះ និងបញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការ បង្ក្រាបទៅលើអ្នកកាសែត Online និង អ្នកសរសេរប្លក់” ។
សេចក្ដីសម្រេចនេះ គឺអនុវត្តសម្រាប់ក្រុមហ៊ុនវៀតណាម និងបរទេស ដែលបានផ្ដល់សេវ៉ា ខាងអិនធើណិត ឬ ព័ត៌មានក្នុងប្រទេស ។ សេចក្ដីសម្រេចក៏ចាប់បង្ខំឲ្យក្រុមហ៊ុនបញ្ចេញ អត្តសញ្ញាណអ្នកប្រើប្រាស់តាមអ្វីមួយដែលរដ្ឋាភិបាលចាត់ទុកថា បំពាននឹងបម្រាមដ៏ ស្រពិចស្រពិល របស់បក្សកុម្មុយនិស្តវៀតណាម ។
សេចក្ដីសម្រេចក៏បានរឹតបន្តឹងចំពោះ ប្រភេទអត្ថបទដែលក្រុមហ៊ុនបរទេសអនុញ្ញាតឲ្យផ្សព្វផ្សាយគេហទំព័រដែលនិយាយ ដល់បញ្ហាវៀតណាម និងបណ្ដាញសង្គម ជាដើម ៕