ច្រឡំទង់ជាតិខ្មែរក្រោម នឹងទង់ជាតិសាធារណរដ្ឋឆាត

0 246

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅពេល​ថ្មី​នេះ គេ​ឃើញ​រូបថត​ព្រះសង្ឃ​មួយចំនួន​បាននាំគ្នា​ឈរ​ថតរូប​នៅក្រោម​គល់​ទង់ជាតិ​ ប្រទេស សាធារណរដ្ឋ​ឆាត (Republic of Chad) នៅ​បណ្ដោយ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង នាទី​ក្រុងភ្នំពេញ ហើយ​ថា នេះ​ជា​ទង់ជាតិ​ខ្មែរក្រោម ។​

​ ការយល់ច្រឡំ​នេះ បន្ទាប់ពី​ទំព័រ Facebook ឈ្មោះ បេះដូង​កូន​ខ្មែរ បាន Post រូប​ព្រះសង្ឃ​ឈរ​នៅក្បែរ គល់​ទង់ជាតិ​សា​ធា រណ​រដ្ឋ​ឆាត​ដែល​គេ​បាន​បង្ហូត​ឡើង​នៅ​បណ្ដោយ​មាត់ទន្លេ​ជាមួយ​ទង់ជាតិ​ ប្រទេស​នា នា ក្នុង​ពិភពលោក ។​

ព្រះសង្ឃឈរថតរូបក្បែរគង់ទង់ជាតិសាធារណរដ្ឋឆាត ។
ព្រះសង្ឃឈរថតរូបក្បែរគង់ទង់ជាតិសាធារណរដ្ឋឆាត ។

​ទំព័រ Facebook បេះដូង​កូន​ខ្មែរ បាន​បង្ហោះ​រូបថត​នេះ ភ្ជាប់​ជាមួយ​ពាក្យ​សរសេរថា​៖

“ ព្រឹក​ថ្ងៃទី ១១ [​ខែ ធ្នូ​] ទៅ​តុលាការ អំពី​រឿង ដីធ្លី វត្ត​សាមគ្គី​រង្សី ពេលទំនេរ​ក៏​ហួស​មក​មាត់ទន្លេ​លេង ស្រាប់ តែ​ឃើញ ព្រះសង្ឃ​នាំ​គ្នាំ​ឱប​បង្គោល ទង់​ហើយ ស្រែក ថា នេះ​ជា​ទង់ជាតិ​ខ្មែរក្រោម ខ្ញុំ​ក៏​សុំ​ថត​ទុក ហើយ បង្ហោះ​ឡើង ហ្វេ​ស​ប៊ុ​ក​ចែក​បងប្អូន​មើលថា ខ្មែរក្រោម​ស្រឡាញ់​ទឹកដី និង​ប្រជាជន​ខ្លាំងណាស់​” ។​

យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះពុម្ពផ្សាយ ដោយ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម កាលពី ឆ្នាំ ២០០៩ បាន​បញ្ជាក់ថា “​ទង់ជាតិ​ខ្មែរក្រោម មាន​បី​ឆ្នូត ដែល មាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌ ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិ សេរីភាព​និង ប្រជាធិបតេយ្យ ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរ ក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។ ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់ វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់ ។​

​ចំណែក​ទង់ជាតិ​ដែល​ព្រះសង្ឃ​ថត​នៅ​មាត់ទន្លេ​នោះ ជា​ទង់ជាតិ​របស់​សាធារណរដ្ឋ​ឆាត ដែលមាន​ឆ្នូត ៣ ពណ៌ ខៀវ លឿង ក្រហម ដូច​ទង់ជាតិ​ខ្មែរក្រោម​ដែរ តែ​ឆ្នូត​ទទឹង ។​

​ទង់ជាតិ​ខ្មែរក្រោម នេះ នៅ​កម្ពុជា​ក្រោម រដ្ឋាភិបាល​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​លើក​នៅ ទីសាធារណៈ​ទេ ឬ នៅតាម​ផ្ទះ​ទេ ។​

​ចាប់តាំងពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី ៥ នៅ​ប្រទេស​កម្ពុជា កាលពី​ខែកក្កដា មកដល់ ពេលនេះ គេ​សង្កេត ឃើញ​មាន​ក្រុមយុវជន និង​ព្រះសង្ឃ​ខ្មែរក្រោម បាននាំគ្នា​លើក​ទង់ជាតិ​ខ្មែរក្រោម ដង្ហែ​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ និង សង្គម​ស៊ីវិល នៅ​ទីសាធារណៈ ជា​បន្តបន្ទាប់ ។​

​នៅពេល​ថ្មី​នេះ ក្រុមយុវជន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​មួយក្រុម​ដែលមាន​ឈ្មោះថា យុវជន​ខ្មែរ​មហានគរ បាន​ជួយ​ផ្សព្វ ផ្សាយ ទង់ជាតិ ក្រោម ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ជ្រាប​ផងដែរ ដោយ​ពួកគេ បាន​លើក​ទង់ជាតិ​ខ្មែរ ក្រោម​នៅ​គ្រប់​សកម្មភាព សង្គម របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​នានា ។​

ក្រុមយុវជនខ្មែរមហានគរ លើកទង់ជាតិខ្មែរក្រោម នៅក្នុងពិធីច្រៀងបទចម្រៀងជាតិនិយម នៅវត្តភ្នំ ទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។ រូបថត៖ Facebook
ក្រុមយុវជនខ្មែរមហានគរ លើកទង់ជាតិខ្មែរក្រោម នៅក្នុងពិធីច្រៀងបទចម្រៀងជាតិនិយម នៅវត្តភ្នំ ទីក្រុងភ្នំពេញ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។ រូបថត៖ Facebook

ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន កំពុងតែ​ឋិត​នៅក្រោម​ការគ្រប់គ្រង​បែប​អាណា និគម​ពី រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ក្រោយពី​បារាំង​បានប្រកាស​កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ផ្ទេរ​ដែនដី កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម ។ រដ្ឋាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម បាន​ចាត់ ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិភាគតិច​នៅក្នុង​ចំណោម​ជនជាតិភាគតិច ទាំង ៥៣ នៅក្នុង​ប្រទេស​វៀតណាម តែ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បាន​បដិសេធ​នូវ​ចំណាត់ការ​របស់​វៀត ណា​ម ហើយ​បានទាមទារ​ឲ្យ​វៀតណាម​ហៅ ពលរដ្ឋ ខ្មែរក្រោម​ថា ជនជាតិដើម ។​

​នៅ ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ប្រជាជាតិ គ្មាន​តំណាង ហៅ​កាត់ ថា UNPO និង​ក្រោយមក​នៅ​ឆ្នាំ ២០០៤ បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​អចិន្ត្រៃយ៍ ស្ដីពី​បញ្ហា​ជនជាតិ ដើម​របស់ អង្គការ សហប្រជាជាតិ (UNPFII) ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ជា​រៀងរាល់ឆ្នាំ ៕

 

Leave A Reply

Your email address will not be published.