សមា​គម​សង្ឃ នៅ​ខេត្ត​ព្រះ​ត្រ​ពាំង បិទ​បញ្ចប់​មហា​សន្និ​បាត​លើក​ទី ៧

0 3,118

ដោយ ស៊ឺន ចែងចើន

សមា​គម​ព្រះ​សង្ឃ​សាមគ្គីស្នេហាជាតិ​ខេត្ត​ព្រះ​ត្រពាំង (​បច្ចុប្បន្ន​យួន​ហៅ​ខេត្ត​ត្រា​វិញ​) បាន​បិទ​បញ្ចប់​មហាសន្និបាត​តំណាង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​​ ​ទូទាំង​ខេត្ត​លើក​ទី ៧ នៅ​ថ្ងៃទី ២០ ខែកញ្ញា​នេះ ។​

គណប្រតិបត្តិការ សាមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង អាណត្តិកាល ២០១៨ - ២០២៣ ចំនួន ៦០ ព្រះអង្គ បង្ហាញព្រះភត្រ្ត និងឡើងសម្តែងសេចក្តីប្តេជ្ញា ។ រូបថតៈ ហ្វេសប៊ុក
គណប្រតិបត្តិការ សាមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង អាណត្តិកាល ២០១៨ – ២០២៣ ចំនួន ៦០ ព្រះអង្គ បង្ហាញព្រះភត្រ្ត និងឡើងសម្តែងសេចក្តីប្តេជ្ញា ។ រូបថតៈ ហ្វេសប៊ុក

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​​ខេត្ត​ត្រា​វិញ ដែលជា​សមាគម​សង្ឃ​ខ្មែរក្រោម ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​សមាគម​ពុទ្ធសាសនា​វៀតណាម (Giao Hoi Phat Giao Vietnam) បាន​បើក​មហាសន្និបាត​តំណាងសមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​​ខេត្ត​ព្រះ​ត្រពាំង លើក​ទី ៧ អាណត្តិ​កាល ២០១៨-២០២៣ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២០ ខែកញ្ញា ២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​ខេត្ត សង្កា​ត់ទី ៧ ទីក្រុង​ព្រះ​ត្រពាំង ។​

​មហាសន្និបាត ដែល​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ ៥ ឆ្នាំ​ម្តង មានការ​និមន្ត​ចូលរួម​ពី​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត និង​មន្ត្រី​បក្សកុម្មុយនិស្ត​យួន​ជាច្រើនរូប រួមជាមួយ​មន្ទីរ ស្ថាប័ន​ខេត្ត និង​តំណាង​រដ្ឋាភិបាល​វៀតណាម ប្រមាណ​ជាង ១៥០ អង្គ និង​នាក់ ។

​យោងតាម​ប្រភពពី​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ដែល​បាន​និមន្ត​ចូលរួម​អង្គ​មហាសន្និបាត​នេះ ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា កម្មវត្ថុ​នៃ​មហាសន្និបាត​នេះ គឺ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​​​ខេត្ត​ព្រះ​ត្រពាំង បានដាក់​ចេញ​នូវ​ពង្រាង​ទិសដៅ​ភារកិច្ច ដើម្បី​គាំទ្រ​ដល់​គោ​លន​យោ​បាល​របស់​រដ្ឋាភិបាល​ប​ក្ស​កុម្មុយនីស្ដ​វៀតណាម ។

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល បាន​បញ្ជាក់ថា គោលដៅ​សំខាន់ៗ សម្រាប់​អាណត្តិ​កាល​ទី ៧ នេះ គឺ​សមាគម​ព្រះសង្ឃ នឹង​បន្ត​ការពង្រីក​ល្អ​នូវ​តួនាទី​ស្នូល​ក្នុង​ការរួបរួម សាមគ្គី​ជនជាតិ នៅលើ​ភូមិសាស្ត្រ និង​ធ្វើ​សកម្ម​ផ្សព្វផ្សាយ​នូវ​គោលការណ៍ គោល​មាគ៌ា​របស់​បក្ស គោលនយោបាយ​ច្បាប់​របស់​រដ្ឋ សហការ​ជាមួយ​រដ្ឋអំណាច អង្គការ​មហាជន អនុវត្ត​ល្អ​នូវ​ការ​ចលនា​ប្រឡងប្រណាំង​ស្នេហា​ជាតិ នៅ​ភូមិភាគ ។

​តាម​របាយការណ៍​រប​ស់​សមាគម​សង្ឃ​មួយ​នេះ បាន​បង្ហាញថា នៅក្នុង​អាណត្តិ​កាល ២០១៣-២០១៨ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​​​ខេត្ត​ព្រះ​ត្រពាំង បាន​អនុវត្ត​ល្អ​នូវ​ការងារ​ផ្សព្វផ្សាយ​គោលការណ៍ គោល​មាគ៌ា​របស់​បក្ស គោលនយោបាយ​ច្បាប់​របស់​រដ្ឋ ដល់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ ។ សមាគម​ចលនា​ជនរួមជាតិ​ជា​ពុទ្ធបរិស័ទ​អនុវត្ត​ល្អ នូវ​ចលនា​” ទូទាំង​ប្រជាជន​សាមគ្គី កសាង​ជនបទ​ថ្មី ទីក្រុង​ស៊ី​វិ​ល័យ​” ។ ទន្ទឹម នឹង​នោះ នៅលើ​ភូមិសាស្ត្រ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​អារាម​បានទទួល​ស្គាល់​ជា ”​វត្ត​អារ្យធម៌​” បាន​ចំនួន ៧/១១ វត្ត​ពោធិ​សាល​រាជ និង​វត្ត​អង្គរ​រាជបុរី បានទទួល​ស្គាល់​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌​ថ្នាក់ជាតិ ភូមិភាគ ដែលមាន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ច្រើន​កុះករ ក៏បាន​ទទួលស្គាល់​ជា​ភូមិ អនុ​សង្កាត់​វប្បធម៌​ទាំង ១០០% ផងដែរ ។

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ក្នុង​អាណត្តិ​កាល​កន្លងទៅនេះ សមាគម​ព្រះសង្ឃ បានធ្វើ​ចលនា​ឲ្យ​កូនចៅ​ខ្មែរ បាន​ចូលរៀន​អក្សរសាស្ត្រ​ខ្មែរ ចំនួន ៦.១៤៣ អង្គ និង​នាក់ ក្នុងនោះ​ព្រះសង្ឃ យុវជន​រៀន​ថ្នាក់បឋមសិក្សា​បាលី​-​ខ្មែរ ចំនួន ៦២១ អង្គ និង​រូប មធ្យមសិក្សា​បាលី​-​ខ្មែរ ចំនួន ៦៨៥ អង្គ និង​រូប ។​ល​។

​បន្ថែម​ពីលើ​នេះ សមាគម​ព្រះសង្ឃ ក៏បាន​ធ្វើ​ចលនា​រៃអង្គាសប្រាក់​បាន​ជាង ៣,៥ ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​មនុស្ស​ចាស់​គ្មាន​ទីពឹង សួរសុខទុក្ខ និង​ជូនអំណោយ​ដល់​អ្នកជំងឺ​ក្រីក្រ គ្រួសារ​ក្រីក្រ និង​ផ្ដល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ និង​សិស្សានុសិស្ស​ក្រីក្រ​ជាដើម ។​

​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​របាយការណ៍ របស់​សហស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅឯ​ក្រៅប្រទេស បាន​រាយការណ៍​ថា ការត្រួតត្រា​លើ​ស្ថាប័ន​ព្រះពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​រដ្ឋាភិបាល​វៀតណាម​ថា មុន​ឆ្នាំ ១៩៧៥ ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​ឯករាជ្យ មិន​នៅក្រោម​ការត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម​ឡើយ ។ ប៉ុន្តែ នៅពេល​បច្ចុប្បន្ននេះ ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ត្រូវបាន​ដាក់​ឲ្យ​ឋិត​នៅក្រោម​ការ​ត្រូ​ត​ត្រា​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម​និកាយ​មហាយាន​យួន​ទៅវិញ ។ សកម្មភាព​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើកឡើងថា រដ្ឋាភិបាល​វៀតណាម​បាន​យក​សមាគម​ពុទ្ធសាសនា​វៀតណាម​ធ្វើជា​ឧបការ​ណ៍ សម្រាប់​ត្រួតពិនិត្យ​តាមដាន​បង្គាប់បញ្ជា​រាល់​កិច្ចការ​សាសនា​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​ប្រលេះ​ចេញ​នូវ​មេដឹកនាំ ឬ​បុគ្គល​ខ្មែរក្រោម​រូប​ណា ចេះ​ការពារជាតិ និង​សាសនា ដែល​យួន​ចាត់ទុកថា មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​រប​ស់​បក្សកុម្មុយនិស្ត​វៀត​ណា​ម ។ ករណីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ព្រះសង្ឃ​វត្ត​តាសេក គឺ ភិក្ខុ ថាច់ ធឿន និង​ភិក្ខុ លីវ នី ព្រមទាំង​ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ ភិក្ខុ លី ចិន្ដា ជា​ឧទាហរណ៍ ជាក់ស្ដែង ស្ដីពី​ការរំលោភបំពាន​យ៉ាង​ធ្ងន់​លើ​ពុទ្ធសាសនា​ខ្មែរ នៅ​កម្ពុជា​ក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ ។​

​គួរ​ជម្រាបជូន​ថា នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន​មាន​វត្ត​ ៤៦០ វត្ត និង​មាន​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ កំពុងតែ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀន​ទម្លាប់ វប្បធម៌ អរិយធម៌ និង​សិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ បាន​គង់វង្ស​ត​រហូតមកដល់ សព្វថ្ងៃ ៕

Leave A Reply

Your email address will not be published.