ដង្កូវជ្រកក្រោមស្លឹកពោធិ៍ និង ប្រជៀវទំមែកពោធិ៍

218

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង

កាលបើ​និយាយ​ដល់​ពាក្យ​ដង្កូវ គ្រាន់តែ​ឮ​ភ្លាម គេឯង​តែង​គ្រញែងខ្លួន ព្រោះ​ដង្កូវ​ជា​សត្វ​មួយ​ប្រភេទ​គួរ​ឲ្យ​ខ្ពើមរអើម​ផង គួរ​ឲ្យ​ខ្លាច​ផង និង​គួរ​ឲ្យ​ស្អប់​ផង ; ដែល​គេ​ខ្ពើមរអើម ដ្បិត​វា​មាន​រូបអាក្រក់ គឺ​តាំងពី​រោម ជើង ភ្នែក ក្បាល ពណ៌ ក្លិន ដងខ្លួន សុទ្ធតែ​គួរ​ឲ្យ​ខ្ពើមរអើម​ទាំងអស់​, ដែលថា​គួរ​ឲ្យ​ខ្លាច ព្រោះ​សត្វ​ដង្កូវ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ប្រភេទ​ណា​នីមួយ​ក៏​អាច​បៀតបៀន និង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​មនុស្ស​សត្វ និង​រុក្ខជាតិ​ឲ្យ​វិនាស​ហិនហោច​ទាំងអស់​, ប្រភេទ​ខ្លះ​មាន​ពិស​កាច​ពន្លឹក គ្រាន់តែ​ប៉ះ​ត្រង់​រោម ឬ​ត្រូវ​វា​ខាំ វា​រោល នឹង​បណ្តាល​ឲ្យ​រមាស់ រោលអាល រាលដាល​ដល់​ពេញ​ខ្លួន ជួន​ក៏​រលួយរលេះ​ពេទ្យ​ទ័ល​ត​ម្រេះ​មើល​លែង​ជា​រហូតដល់​បាត់បង​ជីវិត​ក៏មាន​, ប្រភេទ​ខ្លះ​កើត​នៅក្នុង​អវយវៈ​មនុស្ស​សត្វ​ធ្វើទុក្ខបុកម្នេញ ឲ្យ​គេ​រង​ទុក្ខ​រីងរៃ​រ៉ាំរ៉ៃ​រាល់ថ្ងៃ​ទល់​ក្ស័យជីវិត​ក៏មាន​, នៅមាន​ប្រភេទ​ជាច្រើន​ទៀត​ជា​ដង្កូវ​បំផ្លាញ​ដំណាំ​ស្រូវ​ស្រែ បន្លែ​ចម្ការ ឲ្យ​វិនាស​អន្តរាយ​ខូចខាត​បាត់បង់ នាំ​បណ្តាល​ឲ្យ​អ្នកស្រែ​ក្រខ្សត់​ទុគ៌ត​ក៏មាន​, ដែលថា​គួរ​ឲ្យ​ស្អប់​នោះ ពីព្រោះ​ដង្កូវ​ជា​សត្វ​ចង្រៃ​បំផុត បើ​រស់នៅក្នុង​ដើមឈើ​ណា ឬ​ស្រែចម្កា​រណា ឬក៏​ក្នុង​អវយវៈ​មនុស្ស​សត្វ​ណា នឹង​ប្រហារ​ដើមឈើ ស្រែចម្ការ មនុស្ស​សត្វ​នោះ​ឲ្យ​វិនាសន្តរាយ​ស្លាយ​សូន្យ​បង់ ។ ដោយហេតុ​នោះ បានជា​ពិភពលោក​នេះ គេ​ខ្ពើម គេ​ខ្លាច គេ​ស្អប់​សត្វ​ដង្កូវ​ណាស់ គេ​នាំគ្នា​បង្កើត​ឲ្យ​មាន​ថ្នាំ​គីមី​សម្រាប់​កម្ចាត់​បង់ បង្កើត​វិធី​សម្លាប់ និង​បង្ការ​កុំ​ឲ្យ​មាន​ដង្កូវ​តទៅទៀត តែ​នៅ​មិនទាន់បាន​ជោគជ័យ​ជា​ស្ថាពរ​នៅឡើយ​ទេ​, បើទុកជា​គេ​ខ្លាច ខ្ពើម ស្អប់ គ្រប់គ្នា ហើយ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​កម្ចាយ​កម្ចាត់​បំបាត់​វា​ចោល ឲ្យ​ដាច់​ពូជ​ក៏ដោយ ក៏​វា​នៅតែ​មិនចេះ​ដាច់​ពូជ​ពី​ផែនដី​នេះ​សោះ​, គឺថា ឲ្យ​តែ​ទីណា​មាន​រុក្ខជាតិ​ដុះ​លូតលាស់​ខៀវខ្ចី ឬ​ព្រៃព្រឹក្សា​លតា​វល្លិ ទីនោះ​តែងមាន​ដង្កូវ​នៅ​អាស្រ័យ ឬ​សូម្បី​ក្នុង​ដើម​ពោធិ៍​មួយ​ដើម​ដាំ​កណា្ត​ល​បូជនីយដ្ឋាន​ដែល​គេ​ថែរក្សា​បូជា​ដោយ​ប្រុងប្រយ័ត្ន ក៏​គង់​មិន​លែង​នឹងមាន​ដង្កូវ​នៅ​ជ្រក​មមុល​សសុល​សុកមម៉ុក​ក្នុង​សម្បក ឬ​លាក់ខ្លួន​ពួន​អាត្មា​ក្រោម​ស្លឹក ដើម្បី​លួច​ស៊ី​ស្លឹក ផ្លែ ផ្កា លុះ​ស៊ី​អស់ចិត្ត​អស់ចង់​ក៏​ចោះ​សម្បក​រូង​ចូលក្នុង​ដើម​ដើម្បី​ស៊ីសាច់ ស៊ី​ខ្លឹម ស៊ី​ឫស​សម្លាប់​ដើម​ពោធិ៍​ថែម​ទៀតផង ។​

បុរសឈ្មោះ គឹម ថាន់ ដែលគេចាត់ទុកថាជា ចារកម្មយួនបង្កប់ខ្លួននៅក្នុងវត្តដើម្បីយកការណ៍ឲ្យរដ្ឋាភិបាលវៀតណាម ។ រូបថតផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
បុរសឈ្មោះ គឹម ថាន់ ដែលគេចាត់ទុកថាជា ចារកម្មយួនបង្កប់ខ្លួននៅក្នុងវត្តដើម្បីយកការណ៍ឲ្យរដ្ឋាភិបាលវៀតណាម ។ រូបថតផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

​ចំណែក​សត្វ​ប្រចៀវ​វិញ ជា​សត្វ​ប្រភេទ​មួយ​ខុសប្លែក​ពី​ពូជ​សត្វ​ដទៃ បើ​ចាត់​ចូលក្នុង​ពួក​សត្វ​ស្លាប​ក៏​មិនមែន ព្រោះ​មាន​ដោះ​មានមុខមាត់​ធ្មេញ​ចង្កូម និង​ទ្រង់ទ្រាយ​រូបរាង​ស្រដៀង​តែ​នឹង​ពួក​សត្វ​មាន​ដោះ​ដូចជា​កណ្តុរ ភេ ឆ្កែ ឆ្មា ជាដើម​, តែបើ​ចាត់​ចូលក្នុង​ពួក​សត្វ​មាន​ដោះ​ក៏​ពុំមែន ដ្បិត​ប្រជៀវ​មាន​ស្លាប​ហើរ​ដូច​សត្វ​ស្លាប​ពួក​ឯទៀត​ផងដែរ ដូច​យ៉ាង​ក្អែក ខ្វែក ខ្លែង ពាង ត្មាត​ជាដើម ។ សេចក្តី​ត្រង់នេះ​ខ្ញុំ​សូម​លើក​រឿងព្រេង​ជា​គតិ​ព្រហ្មញ្ញសាសនា ដែលមាន​តំណាល​ក្នុង​រឿង​រាមកេរ្តិ៍​ឬ​រាមាយណៈ ថា​កាល​ឥសូរ​បង្កើត​លោក ក៏បាន​បង្កើត​ឲ្យ​មាន​ជាស​ត្វ​តិរច្ឆាន​ច្រើន​ពូជ ច្រើន​ប្រភេទ​ផ្សេង ៗ ពីគ្នា ។ ត​មក​ឥសូរ​ក៏បាន​ចាត់ចែង​ចែក​ពូជ​សត្វ​ទាំងនោះ​ជា​ពួកក្រុម​ដោយឡែក​ពីគ្នា​ដូចជា​ពួក​បក្សី ពួក​ទ្វេបាទ ពួក​ចតុបាទ ពួក​មាន​ដោះ ពួក​អណ្ឌជៈ​ញាស់​ពី​ពង ពួក​ជលាពុជៈ​កើត​ពី​ពូជ​ញី​ឈ្មោល​ជាដើម ពោលគឺ​សត្វ​ទាំងអស់​សុទ្ធតែ​មានពូជ​ទីទៃ​ពីគ្នា ហើយ​ទៅ​នៅតាម​ពួក​តាម​ក្រុម​រៀង ៗ ខ្លួន ក្រោមបង្គាប់​បញ្ជា​របស់​ព្រះ​ឥសូរ ។ ចំណែកឯ​សត្វ​ប្រជៀវ​ជាស​ត្វ​ចម្លែក​ឥត​ពូជ​ឥត​ពួក​នឹង​គេ ក៏​ចេះតែ​រត់​ត្រសុល​រុល​មមុល​ចូល​ជ្រក​ប្លែង​ប្លម​នឹង​ពួក​សត្វ​នេះ​ម្តង នឹង​ពួក​សត្វ​នោះ​ម្តង កាលបើ​ចូលទៅ​នៅ​នឹង​សត្វ​មាន​ដោះ​ដូចជា​កណ្តុរ​ជាដើម ក៏​សម្លបស្លាប​ឲ្យ​ស្លប​ហើយ​បង្ហាញ​ដោះ និង​មុខមាត់​ដែល​ស្រដៀង​គ្នា​នោះ​ថា​ជា​គ្នា​យើង​ទេ​, លុះដល់​រត់​ចូលទៅ​នៅ​នឹង​ពួក​សត្វ​ស្លាបមាន​ក្អែក​ជាដើម ក៏​ពុត​ជា​លាក់​ដោះ និង​មុខមាត់​ពិត​របស់ខ្លួន ហើយ​ខំប្រឹង​រលាស់​ស្លាប​បង្ហាញថា​ជា​គ្នា​យើង​ទេ ; ពួក​សត្វ​ទាំងពីរ​ពួក​នោះ​សុទ្ធតែ​ភ័ន្តច្រឡំ​ថា​ប្រចៀវ​ជា​គ្នាឯង ហើយ​ទុកចិត្ត​រាប់​ជា​ញាតិ តែ​មិន​បានយូរ​ប៉ុន្មាន​ផង ការណ៍​មិន​ពិត ទោះ​ខំ​បិទ ក៏​ពុំ​ជិត ដូច​បំណង​។ កាលបើ​ពួក​សត្វ​ទាំងនោះ​បានដឹង​រឿង​ពិត​ថា ប្រជៀវ​ជាស​ត្វ​ប្លម ទៅ​ចូល​ដៃ​ខាង​ណេះ​បង្កាច់​កេរ្តិ៍​ខាង​ណោះ​, ទៅ​ចូល​ដៃ​ខាង​ណោះ​បង្កាច់​កេរ្តិ៍​ខាង​ណេះ ជា​សត្វ​គម្រិះ​គម្រក់ ទ្រុស្តមិត្ត ទ្រុស្ត​ញាតិ ទ្រុស្ត​ជាតិ មារយាទ​ថោកទាប ពុំមែន​ជា​ពូជ​ព​ន្ធុ៍​របស់ខ្លួន ជា​សត្វ​ពិសពុល​ពុតត្បុត មិនអាច​យក​ជា​មិត្ត ជា​ញាតិ ឬ​ទុកជា​ជាតិ​បានឡើយ ក៏​នាំគ្នា​បណ្តេញ​ចេញពី​ពួកក្រុម​របស់ខ្លួន ។ សត្វ​ទាំងនោះ​កើតការ​ក្តៅក្រហាយ​មិន​សុខចិត្ត ក៏​នាំគ្នា​ទៅប្តឹង​ព្រះ​ឥសូរ ពី​ករណី​ប្រចៀវ​ជាស​ត្វ​ប្លម សូម​ឲ្យ​ព្រះ​ឥសូរ​ជម្រះក្តី​, ព្រះ​ឥសូរ​ឲ្យ​គេ​ហៅ​ប្រចៀវ​ចូលគាល់ ដើម្បី​ស៊ើប​សួររក​ការណ៍​ពិត ក៏បាន​ជ្រាបថា ពុំមែន​ជាស​ត្វ​ដែល​ខ្លួន​បង្កើត​នោះទេ ក៏​ដាក់​ផ្តាសា​ឲ្យ​សត្វ​ប្រចៀវ​ដេក​ច្រាសជើង គឺ​ក្បាល​ចុះ​ជើង​ឡើង ហើយ​ជា​សត្វ​រកស៊ី​ពេលយប់​ទៀតផង ។

សេចក្ដីរាយការណ៍ជាភាសាយួនរបស់ចារកម្មយួនស្ដីពីស្ថានភាពវត្តមួយនៅកម្ពុជាក្រោម ។ រូបថតផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង
សេចក្ដីរាយការណ៍ជាភាសាយួនរបស់ចារកម្មយួនស្ដីពីស្ថានភាពវត្តមួយនៅកម្ពុជាក្រោម ។ រូបថតផ្ដល់ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង

ដង្កូវ​និង​ប្រចៀវ​ដែល​បាន​រៀបរាប់​មកនេះ ទុកជា​និមិត្ត​រូបតំណាង​សភាវៈ​អាក្រក់ សំដៅយក​មនុស្ស​អាក្រក់​, ឯ​ដើម​ពោធិ៍ ទុកជា​និមិត្ត​រូបតំណាង​សភាវៈ​ល្អ​, ក្នុង​ទីនេះ​សំដៅយក​ព្រះពុទ្ធសាសនា ឬ​ជាតិខ្មែរ​, បានសេចក្តីថា មាន​មនុស្ស​អាក្រក់​ខ្លះ បាន​ចូលសាសន៍​ពុទ្ធ​រ័ត្ន​បួស​ព័ទ្ធ​រៀនសូត្រ​ចេះដឹង រស់​ពឹង​បាយបាត្រ ពឹង​ឆ្នាំងបាយ​អ្នកក្រ​ខ្មែរ​ស្រុកស្រែ​ចម្ការ លុះ​ក្រោយមក​បាន​យួន​ជាស​ត្រូវ​ប្លន់​ជាតិ​បំផ្លាញ​ពុទ្ធសាសនា​របស់ខ្លួន ផ្តល់​លាភ យស ស័ក្តិ សក្ការៈ ឋានៈ​ឲ្យ​បន្តិចបន្តួច​ក៏​លបលួច​ក្បត់ជាតិ ទ្រុស្ត​សាសនា ដែល​ខ្លួន​ធ្លាប់តែ​ប្តេជ្ញា​ចំពោះ​ព្រះភ័ក្ត្រ​ព្រះពុទ្ធ និង​ព្រះ​ឧបជ្ឈាយ៍ ព្រមទាំង​អាចារ្យ មាតាបិតា នូវ​ពុទ្ធបរិស័ទ​ខ្មែរ​ផង​ទាំងឡាយ​ក្រោម​ដំបូល​ព្រះវិហារ​ថា ពុ​ទ្ធំ សរ​ណំ គ​ច្ឆា​មិ​, ធ​ម្មំ សរ​ណំ គ​ច្ឆា​មិ​, ស​ង្ឃំ ស​រំ​ណំ គ​ច្ឆា​មិ ដែល​ប្រែ​ថា ខ្ញុំព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង ទីរឭក ។ តែ​ទីបំផុត​ក្បត់​ឧ​ត្ត​ម​គតិ​ខ្លួនឯង ទៅយក​យួន​ជាស​ត្រូវ​សួរ​ពូជ​ធ្វើជា​ទីពឹង​ទីរឭក​ស្មោះស្ម័គ្រ​ស្មើ​ជីវិត ហើយ​បែរក្រោយ​ឲ្យ​ទោស​ទ្រុស្ត​សាសនា ទ្រុស្ត​ជាតិ ទ្រុស្ត​អ្នកមានគុណ​របស់ខ្លួន​ទៅវិញ ។​

ធម្មតា​លោក​នេះ​តែងមាន​សភាវៈ​ពីរ​ដើរ​ទន្ទឹមនឹង​គ្នា គឺ​អាក្រក់​និង​ល្អ​ផ្ចាញ់​គ្នា​ជានិច្ច​, សម័យ​កាលណា​មនុស្ស​ខ្វះ​សតិសម្បជញ្ញៈ សម័យ​កាលនោះ​សភាវៈ​អាក្រក់​ឈ្នះ​សភាវៈ​ល្អ​, ឯ​សម័យ​កាលណា​មនុស្ស​សម្បូណ៌​សតិសម្បជញ្ញៈ សម័យ​កាលនោះ​សភាវៈ​ល្អ​ឈ្នះ​សភាវៈ​អាក្រក់ ។ ក្នុងសង្គម​ជាតិ​នីមួយ ៗ តែងមាន​មនុស្ស​អាក្រក់​និង​ល្អ​រស់​លាយឡំ​នឹង​គ្នា ប្រៀបដូចជា​សង្គម​រុក្ខជាតិ​ដុះ​រស់​រួម​ព្រៃ​ជាមួយនឹង​គ្នា​ក៏ពិតមែន តែ​លាយឡំ​គ្រប់​ប្រភេទ គឺ​ប្រភេទ​ឈើ​ខ្លះ​ជា​ឈើ​ពុល ឈើ​បន្លា ឈើ​ថ្នាំ ឈើខ្លឹម ឈើ​វល្លិ ឈើ​បញ្ញើក្អែក និង​ឈើ​ប្រភេទ​ខ្លះទៀត​អាក្រក់​ណាស់ កាលបើ​ផ្ញើ​ជីវិត​នឹង​ដើមឈើ​ណា​សម្លាប់​ដើមឈើ​នោះ ដូចជា​ជ្រៃ​សម្លាប់​ពោធិ៍​ជាដើម យ៉ាងណាមិញ​មនុស្ស​ខ្លះ​ផ្ញើខ្លួន​ក្នុង​ពុទ្ធសាសនា តែ​បែរមក​ទ្រុស្ត​ពុទ្ធសាសនា​បំពេញ​បំណង​សត្រូវ​ក៏​យ៉ាង​នោះដែរ ។​

មនុស្ស​ណា​រស់នៅក្នុង​លោក​នេះ ធ្វើ​តែ​អំពើអាក្រក់​ក្រឡេចក្រឡុច​ទុច្ចរិត​ផិតក្បត់​ពុតត្បុត ពុំ​ទៀងត្រង់​ដោយ​សុចរិតយុត្តិធម៌ មនុស្ស​នោះ នឹង​ត្រូវគេ​ខ្ពើម គេ​ខ្លាច គេ​ស្អប់ គេ​ដាក់​ផ្តាសា​ដូចជា​ដង្កូវ និង​ប្រចៀវ​អ៊ីចឹង ហើយ​គេ​នៅ​ទាំង​ដាក់ឈ្មោះ​ឲ្យ​ជនពាល​នោះ​ថា ជា​មនុស្ស​ដង្កូវ មនុស្ស​ប្រចៀវ​ទៀតផង ។ ពីព្រោះ​មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​បំព្រៃជាតិ បំព្រៃ​សាសនា បំព្រៃប្រទេស បំព្រៃលោក​ឲ្យ​ប្រហែល​ដូចជា​ព្រៃ​ស្មសាន ។ មួយទៀត​មនុស្ស​ប្រភេទ​ដង្កូវ និង​ប្រចៀវ​នេះ ច្រើនតែ​កើតមានឡើង​ក្នុង​កាលៈទេសៈ​ណា​ដែល​ប្រទេសជាតិ​ឬ​ពិភពលោក​កើត​កលិយុគ ដូចជា​ពេល​ប្រទេសជាតិ​មាន​វិបត្តិ​ត្រូវ​ បរទេស​ជិះជាន់​ឈ្លានពាន​, គឺថា​ក្នុងសម័យ​ដែល​ប្រទេស​កើត​ភ័យ តែង​លេចមុខ​ជន​ក្បត់ជាតិ លក់​ឧ​ត្ត​ម​គតិ ធ្វើជា​អាយ៉ង​បម្រើ​សត្រូវ បង្កប់ខ្លួន​ក្នុង​សមាគមជាតិ ដើម្បី​ហុច​ការណ៍​សម្ងាត់​ឲ្យ​សត្រូវ ។ ទំព័រ​ប្រវត្តិសាស្ត្រ​បាន​ប្រាប់ បាន​ទូន្មាន រំឭក​ដាស់តឿន​យើង​កុំ​ឲ្យ​ធ្វេសប្រហែស ក្នុងពេល​ប្រទេសជាតិ​ត្រូវ​បរទេស​ត្រួតត្រា ឬ​ឈ្លានពាន ព្រោះថា ប្រវត្តិសាស្ត្រ​ជា​មេរៀន​របស់​បច្ចុប្បន្នកាល ។ យើង​សុទ្ធតែ​នៅ​ចងចាំ​គ្រប់គ្នា​ថា កាលពី​សតវត្សរ៍ ទី ១៨ លោក​ចៅហ្វាយខេត្ត​ព្រះ​ត្រពាំង ឧកញ៉ា សឺ​ន គុយ​កំពូល​វីរបុរស​ខ្មែរក្រោម ដែល​ចាញ់​សង្គ្រាម​យួន ហើយ​ប្រគល់​ខ្លួន​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​ជីវិត​ជាតិ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរក្រោម​នោះ ក៏​ព្រោះតែ​ភូឈួយ​គង់​ជា​សហការី​របស់​ចៅហ្វាយខេត្ត ជា​មនុស្ស​ក្បត់ជាតិ​លង់​លាភ ស័ក្តិ យស លុះ​តណ្ហា យកការណ៍​សម្ងាត់​ឲ្យ​យួន ដើម្បី​សម្លាប់​ខ្មែរ​ជា​ជាតិ​កំណើត​របស់ខ្លួន ។ មេរៀន​ប្រវត្តិសាស្ត្រ​ដ៏​ល្វីង​ជូរចត់​មួយ​នេះ ខ្មែរក្រោម​ចងចាំ​ត​កូនចៅ ។ ហេតុ​នោះ​បានជា កាលណា​មានរឿង​អ្វី​ជាប់ទាក់ទង​នឹង​ការតស៊ូ​ដើម្បី​ជាតិ សាសនា មាតុភូមិ​កម្ពុជា​ក្រោម​, ចាស់ទុំ​យើង​តែងតែ​ក្រើនរំឭក​កូនចៅ​សិស្សគណ​ថា “​នែកូន ! ត្រូវ​ប្រុងប្រយ័ត្ន​ណា៎ ! ទីណា​មាន​ឧកញ៉ា​សឺ​ន គុយ ទីនោះ​មាន​ភូឈួយ​គង់​” ដំបូន្មាន​នេះ​ចង់​ប្រៀនប្រដៅ​កូនចៅ​ថា ធ្វើ​អ្វី​ឲ្យ​ប្រុងប្រយ័ត្ន កុំ​ធ្វេសប្រហែស កុំ​ធ្លោយការណ៍ ក្រែង​បែកការណ៍​អសារ​បង់ ព្រោះ​ជនបង្កប់​ជា​ពូជពង្ស​ភូឈួយ​គង់ ។ ភូឈួយ​គង់​ជា​បិសាច​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម តែ​មិនគួរ​បើ​នៅមាន​អ្នក​ជាន់ក្រោយ​ជា​ពូជ​អម្បូរ​ឈាមជ័រ​ភូឈួយ​គង់​បន្តវេន​កាន់តែ​ច្រើនឡើង​សោះ គួរ​ណាស់​តែ​មើលឃើញ​នូវ​វីរភាព​ដ៏​មហស្ចារ្យ​នៃ​ឧកញ៉ា សឺ​ន គុយ ហើយ​យកតម្រាប​ត្រាប់​តម្រាយ​តាម​ឲ្យ​បាន​ទាំងអស់គ្នា ។ ត្រង់នេះ​សម​នឹង​ពាក្យ​អ្នកផង​តែង​ពោលថា ឧកញ៉ា​សឺ​ន គុយ​ស្លាប់ទៅ​តែ​ខ្លួន តែ​កេរ្តិ៍ឈ្មោះ​ពូជ​អម្បូរ សឺ​ន គុយ មិន​សាបសូន្យ​ទេ​, ព្រោះ​លោក​ជា​អមត​បុគ្គល​ខ្មែរក្រោម រស់នៅ​ជា​អមតៈ​ក្នុង​ចិត្ត​វិញ្ញាណ​ខ្មែរ ឈរលើ​ឧ​ត្ត​ម​គតិ​ថា “​សូវ​ស្លាប់​ខ្លួន កុំ​ឲ្យ​ស្លាប់​ជាតិ ស្លាប់​ហើយ​កើត​ទៀត ស្លាប់​ជាតិ​សាបសូន្យ​” គឺ​ឧកញ៉ា​សឺ​ន គុយ ម្នាក់​សូវ​ស្លាប់​ទុក​ឲ្យ​ជាតិ សាសនា​ទាំងមូល​បាន​រស់រានមានជីវិត​ឋិតថេរចីរកាល​ត​អង្វែង​មកដល់​សព្វថ្ងៃ ។ ឯ​អ្នកស្នេហាជាតិ​តស៊ូ​ផ្តាច់​ប្តូរ​ជា​អម្បូរ​ឧកញ៉ា​សឺ​ន គុយ​រាប់លាន​នាក់ រាប់​ជំនាន់ រាប់​តំណ​ត​វេន​ពី​ឧកញ៉ា ក៏​មិនចេះ​សាបសូន្យ​ជា​ដាច់​ពូជ​ឡើយ ។ ទន្ទឹម​នោះ​ក៏​កូនចៅ​ប្រចៀវ​ភូឈួយ​គង់​ក៏​កើតឡើង​មិនតិច​ដែរ ; សម​នឹង​ពាក្យបុរាណ​លោក​បាន​ពោលថា ពូជ​រាជ​សី​កើត​រាជ​សី​, ពូជ​ចចក​កើត​ចចក​, ពូជ​រាជហង្ស​កើត​រាជហង្ស​, ពូជ​ក្អែ​កកើត​ក្អែក ។​

ជាការ​ជាក់ស្តែង​ប្រាកដ​ណាស់ នៅពេល​កន្លង​ហើយ​ថ្មី ៗ គឺ​ក្នុង​ខែធ្នូ ឆ្នាំ ២០១៤ នេះ ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា គេ​ទើបតែ​ចាប់បាន​ជនបង្កប់​ឬ​ចារបុរស​របស់​យួន​កុម្មុយនីស្ត​ម្នាក់​ឈ្មោះ គឹម ថា​ន់ (KIM THANH) កំណើតកើតជា​នៅ​ភូមិ​ចេតិយ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង មាន​ជាតិ​ជា​ខ្មែរក្រោម​, បច្ចុប្បន្ន​លោក​គឹម ថា​ន់ ជា​និស្សិត​ផ្នែក​ច្បាប់ (​កុម្មុយនីស្ត​យួន )​នៅ​សកល​វិទ្យាល័យ ព្រះ​ត្រពាំង ហើយក៏​ជា​សិស្ស​ពុទ្ធិកសិក្សា ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​បញ្ចប់​ផងដែរ ដែល​កំពុង​សិក្សា​ជាមួយ​ព្រះសង្ឃ​ជា​សមណ​សិស្ស​នៅ​វត្ត ព្រះឥន្ទ​ឧទ្យាន ប​ង្រៃ​ថ្មី ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ។ បុគ្គល​នេះ​ក៏​ជា​អន្ទិត​ទើបតែ​សឹក​ពី​ផ្នួស​បាន​ប្រហែល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ គឺ​សឹក​ព្រោះ​ទៅ​រៀន​មហាវិទ្យាល័យ​ច្បាប់​នៅ​សាលា​រដ្ឋ​យួន ប៉ុន្តែ​គេ​ក៏​មិនបាន​ឈប់រៀន​សាលា​វត្ត​ខ្មែរ​ឡើយ ។ ដ្បិត​គេ​ក៏​ចេះ​គិត​ឃើញថា​ខ្លួន​ជា​ខ្មែរ​មួយរូប​នឹង​គេ​ដែរ តែ​គ្មាន​នរណា​ស្មាន​ដល់​ថា​គេ​ជា​ជនបង្កប់​ចូល​វត្ត​រៀន​ដើម្បី​ស៊ើប​ការសម្ងាត់ គឺ​គេ​មក​រៀន​ជាមួយ​ព្រះសង្ឃ ដើម្បី​បំពេញ​ភ្នាក់ងារ​ជា​ជនបង្កប់​របស់​យួន​កុម្មុយនីស្ត ។​សកម្មភាព​របស់គេ​ក្នុងពេល​រៀន គឺ​យកចិត្តទុកដាក់​តែ​ក្នុង​ការដើរ​ស្និទ្ធស្នាល​នឹង​ព្រះសង្ឃ ដើម្បី​តាមដាន​មើល​ឲ្យ​ដឹងថា តើ​ព្រះសង្ឃ​ប្រើប្រាស់​អិន​ធើ​ណិ​ត​ដើម្បី​អ្វី ? ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ណាខ្លះ​, មាន​ទំនាក់​ទំនាក់​ជិតដិត​នឹងនរ​ណាខ្លះ​, ហើយ​តាមដាន​ព័ត៌មាន​អ្វីខ្លះ​, មួយទៀត​គេ​ចង់ដឹងថា​ព្រះសង្ឃ​ក្នុង​វត្តមាន​សកម្មភាព​អ្វី​ខុស​ប្រក្រតី​ដែរឬទេ​, មាន​គិតគូរ​ពី​រឿង​បញ្ហា​ជាតិ​ឬទេ​, មាន​ជនបរទេស ឬ​ជន​ចម្លែក​មុខ​ណា​ចេញចូល​វត្ត​ឬទេ ជាពិសេស​ព្រះចៅអធិការ ព្រះ​អាចារ្យ និង​លោកគ្រូ អ្នកគ្រូ ធ្វើ​អ្វី និយាយ​អ្វី បង្រៀន​ពីអ្វី ? ។ ទន្ទឹមនឹង​នោះគេ​ក៏​ចង់​ស៊ើបរក​ជនបង្កប់​ថ្មី​បន្ថែមទៀត ដើម្បី​ជួយ​បំពេញភារកិច្ច​ជា​រនុកក្នុង​ឲ្យ​បាន​កាន់តែច្រើន​, ប៉ុន្តែ​ចៃដន្យ​ថ្ងៃ​មួយពេល​ឈប់សម្រាក​ចេញលេង ស្រាប់តែ​គេ​ធ្វើ​ឲ្យ​ភ្លេច​លិខិត​របាយការណ៍​ជូន​ចៅហ្វាយ​យួន​របស់គេ​នៅលើ​តុ ដែល​គេ​ខំប្រឹង​សរសេរ​បញ្ចេញបញ្ចូល​ប​ន្ថែ​ម​បន្ថយ​ក្នុង​ម៉ោង​រៀន​តាមតែ​នឹកឃើញ​ដើម្បី​យកចិត្ត​ចៅហ្វាយ ។ ឯ​ព្រះសង្ឃ​ដែល​នៅ​មិនទាន់បាន​ចេញពី​សាលា​ក៏បាន​មើលឃើញ​របាយការណ៍​នោះ ទើប​ដឹងថា​ជនកំហូច​នេះ​ជា​ដង្កូវ​ជ្រក​ក្រោម​ស្លឹកពោធិ៍ និង​ជា​ប្រចៀវ​ទុំ​មែក​ពោធិ៍ ក៏​នាំគ្នា​ថត​ទុកជា​ភ័ស្តុតាង​ដើម្បី​កុំ​ឲ្យ​ព្រះសង្ឃ​ដទៃទៀត ធ្វេសប្រហែស​ជឿទុកចិត្ត​លើ​មនុស្ស​ប្រចៀវ​នេះ​តទៅទៀត ។ បន្ទាប់មក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏បាន​បង្ហោះ​របាយការណ៍​នោះ ដើម្បី​បកអាក្រាត​ពីមុខ​មាត់​ប្រចៀវ​របស់​ជន​នោះ ។ ត្រង់នេះ​បញ្ជាក់​ឲ្យ​ឃើញថា រដ្ឋាភិបាល​យួន​មិនបាន​គោរព​សិទ្ធិ​ជំនឿ​សាសនា​ដូចដែល​ខ្លួន​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ក្នុងការ​ចុះហត្ថលេខា​ទទួល​យក​ការអនុវត្ត​នូវ​ច្បាប់​អន្តរជាតិ​នានា​មានច្បាប់​សិទ្ធិមនុស្ស ច្បាប់​សិទ្ធិ​ជនជាតិដើម ដែល​ក្នុងនោះ​ក៏មាន​ច្បាប់​គោរព​សិទ្ធិ​ជំនឿ​សាសនា​ផងដែរ គឺ​យួន​បាន​ប្រមាថ​ពុទ្ធសាសនា ដោយ​ដាក់ពង្រាយ​ជនបង្កប់​នៅតាម​វត្ត​អារាម​ខ្មែរ​ស្ទើរតែ​គ្រប់ ២៤ ម៉ោង ក្នុង​មួយថ្ងៃ​, បើ​ជនបង្កប់​ជា​អ្នក​នៅក្នុង​វត្ត​ស្រាប់​គឺ គ្រប់ ២៤ ម៉ោង​តែម្តង ។ ក្នុង​រឿង​ជ្រើសរើស​ចារបុរស​ធ្វើជា​ជនបង្កប់​នេះ យួន​មាន​ជំនាញ​ខ្លាំងណាស់ គឺ​មុននឹង​សម្រេចយក​ជនណាម្នាក់ គេ​តែង​ចំណាយពេល​យ៉ាងយូរ​តាមដាន​សកម្មភាព និង​សិក្សា​ពី​ចិត្តគំនិត ចរិតលក្ខណៈ​ជន​នោះបាន​ល្អិតល្អន់​បំផុត ។ បេក្ខជន​ដែល​ត្រូវបាន​យួន​ជ្រើសរើស​ជា​ជនបង្កប់​ស៊ើប​ការ​ទាល់តែ​សម្បទា​ដោយហេតុ​ច្រើនយ៉ាង​ដូចជា បាន​បួស​រៀន​ចេះដឹង​សមគួរ​, មាន​ឋានៈ​, ចេះអក្សរ​សាស្ត្រ​ខ្មែរ​, ធ្លាប់​ជិតដិត​នឹង​ព្រះសង្ឃ​, ធ្លាប់​ធ្វើជា​ម៉ូតូឌុប​ព្រះសង្ឃ​ទៅណា​មក​ណា​ជា​ញឹកញយ​, កំពុង​បួស​ក្នុង​វត្ត​, កំពុង​សំណាក់​នៅក្នុង​វត្ត​, កំពុង​រៀន​នឹង​ព្រះសង្ឃ​, ហើយ​ជា​មនុ​ស្សមាន​ចរិត​លោភលន់​ក្នុង​លាភសក្ការៈ ស្រេកឃ្លាន​ឋានៈ ស័ក្តិ យស ការងារ និង​មាន​ចរិត​ឡើងចាង​ស៊ី​ជោរ ក្រឡេចក្រឡុច ពុតត្បុត ពិសពុល ជាដើម ។ នៅ​កម្ពុជា​ក្រោម​គេ​តែង​និយាយ​គ្នា​ថា មនុស្ស​ណា​ដែល​យួន​ជ្រើសរើស​ធ្វើជា​ចារបុរស ធ្វើជា​អាយ៉ង​ទុក​ទប់​ទល់នឹង​ខ្មែរ​គ្នាឯង​ហើយ មិនសូវ​ដែល​ខុស​ទេ ។ តាមពិត​ក្រៅពី​អន្ទិត គឹម ថា​ន់ ដែល​គេ​ចាប់បាន​ភ័ស្តុតាង​ជា​ជនបង្កប់​នេះ ក៏​នៅមាន​ខ្មែរក្រោម​ជាច្រើន​នាក់​ទៀត​ជាម​នុស្ស​ប្រចៀវ ដោយ​ចេញមុខ​ខ្លះ ដោយ​លាក់​មុខ​ខ្លះ ហើយ​ខ្លះ​មាន​នាទី​ជា​នគរបាល​សន្តិសុខ​ខេត្ត ស្រុក ឃុំ ភូមិ​, មិនតែប៉ុណ្ណោះ​ខ្លះ​ជា​គ្រូបង្រៀន​ព្រះសង្ឃ​សាលា​ពុទ្ធិកសិក្សា​ក្នុង​វត្ត ខ្លះ​ជា​គណៈកម្មការ​វត្ត​ថែម​ទៀតផង ។ គឺអាច​និយាយបានថា មនុស្ស​គ្រប់​ប្រភេទ​តាមតែ​យួន​អាច​លួងលោម​ទិញ​ខួរក្បាល និង​សម្លុត​គម្រាម​បាន​ជោគជ័យ ។ ទន្ទឹមនឹងនោះ​យួន​ក៏​ធ្លាប់​បរាជ័យ​ខកចិត្ត​យ៉ាង​អាម៉ាស់មុខ​នឹង​ខ្មែរក្រោម ពូជ​ឧកញ៉ា សឺ​ន គុយ យ៉ាងច្រើន​ក្រាស់ក្រៃ ។ ក្រៃលែង​ជាង​នោះ​ទៅទៀត គឺ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ ចំពោះ​ខេត្ត​ក្រុង​ណា​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​កុះករ​ដូចជា​ខេត្ត​ព្រះ​ត្រពាំង ឃ្លាំង ពល​លាវ ក្រមួនស មាត់ជ្រូក ទឹកខ្មៅ ព្រែក​ឫស្សី លង់​ហោ ជាដើម យួន​សុទ្ធតែ​ជ្រើស​រើសយក​ខ្មែរ​ខួរ​យួន​ទុក​ប្រើប្រាស់​ជា​ឧបករណ៍​ប្រឆាំង​តទល់ និង​ប្រើ​កលល្បិច​ល្បួងលួងលោម តាមបែប​ប្រជាភិថុតិ​ទៅរក​ខ្មែរ​គ្នាឯង​ទាំងអស់ ហើយ​ភាគច្រើន​មនុស្ស​ទាំងនោះ​ក៏​ជា​អន្ទិត ៗ សឹក​ពី​បួស ព្រោះ​មានតែ​មនុស្ស​ប្រភេទ​នេះ​ទេ​ទើប​ដឹង​ការណ៍​ជាតិ សាសនា វត្តវ៉ា​ច្បាស់លាស់ ដោយ​សំអាង​លេស​ថា ដើម្បី​ងាយស្រួល​ដល់​ការជួយ​ដោះស្រាយ ជួយ​ការពារ ជួយ​ទាមទារ​រក​យុត្តិធម៌​ជូន​ខ្មែរក្រោម​ជា​របាំង ។​

កាលបើ​ពិចារណា​ដល់​រឿង​មនុស្ស​ប្រចៀវ មនុស្ស​ដង្កូវ​ទាំងនោះ កោតតែ​គេ​ធ្វើទៅកើត ព្រោះ​វត្ត​ដែល​ធ្លាប់ជា​វិហារដ្ឋាន​ឲ្យ​ខ្លួន​បួស​រៀន​តាំងពី​ខ្លួន​នៅ​ជា​កូន​នេន​មិនទាន់​ចេះដឹង​មួយ​ម៉ាត់ រហូតដល់​ធ្វើ​ឲ្យ​ខ្លួន​បាន​ចេះដឹង​ទៅជា​បញ្ញវ័ន្ត​មួយរូប​នឹង​គេ​ដែរ​, ម៉ែឪ​ដែល​បានទូល​ត្រៃចីវរ​ដង្ហែ​ខ្លួន​ទៅ​បួស ផ្ញើ​នឹង​សាសនា​ដោយ​សង្ឃឹមថា​កូនប្រុស​របស់ខ្លួន​នឹង​បានជា​ទំពាំង​ស្នង​ជាតិ ស្នង​សាសនា​, បាយបាត្រ​ដែល​មនុស្ស​ខ្មែរ​ភាគច្រើន​ជា​កសិករ​មាន​ជីវភាព​ក្រីក្រ​លំបាក ព្រោះ​ជីវិត​នៅក្រោម​នឹម​ដែក​ត្រួតត្រា​របស់​យួន តែ​នៅ​ខំប្រឹង​ត្រដរ​ទាំង​ត្រដាបត្រដួស​ទៅ​ដាក់​បាត្រ​ចិញ្ចឹមជីវិត​អ្នកបួស​ឲ្យ​រស់ ហើយ​បាន​បួស​រៀន​ចេះដឹង ទុកជា​ទីពឹង​របស់​ជាតិ​សាសនា​, ស្បង់​ចីពរ​ដែល​ខ្លួន​ធ្លា​ប់យក​ធ្វើជា​សំពត់​កាសាវពស្ត្រ ដើម្បី​បព្វជ្ជា​ឧបសម្បទា​ជា​សាមណេរ ជា​ភិក្ខុ ជ្រោង​ទង់ជ័យ​ព្រះពុទ្ធសាសនា​, ព្រះ​ឧបជ្ឈាយ៍​ដែល​ធ្លាប់តែ​ទូន្មាន​ខ្លួន​ព្រឹកល្ងាច​ឲ្យ​ខំរៀន ព្រោះ​ជាតិ​សាសនា​ត្រូវ​អ្នកចេះ​, អាចារ្យ​បង្រៀន​លះបង់​ការ​ផ្ទះ ស្ម័គ្រចិត្ត​បង្រៀន​ខ្លួន​ឲ្យ​ទាល់តែ​បាន​ចេះដឹង​ព្រោះ​ពឹង​និង​សង្ឃឹមលើ​សង្ឃ​ជា​ប្រមុខ​ជាតិ​ដ៏​កម្សត់​របស់ខ្លួន​, ព្រះសង្ឃ​ជា​កល្យាណមិត្ត​កម្សត់កម្រ​របស់ខ្លួន​ជាដើម ។ គុណ​ធ្ងន់​មហា​ធ្ងន់​ប៉ុន​មហាមេឃ​នេះ ខ្លួនគេ​នៅ​មិនទាន់​ទាំង​បាន​តបស្នង ឬ​ទើបតែ​បាន​តបស្នង​បន្តិចបន្តួច​ប៉ុណ្ណោះ មិនគួរ​បើ​គេ​ហ៊ាន​យកគុណ​ជា​ទោស យកជាតិ​សាសនា​របស់ខ្លួន​ជាស​ត្រូវ ហើយ​យក​សត្រូវ​លួចជាតិ បំផ្លាញ​សាសនា​របស់ខ្លួន​ជា​មិត្ត​យ៉ាងនេះ​សោះ ។ តើ​ជន​ទាំងនោះ​មាន​ដែល​សួរ​ខ្លួនឯង​ទេ ថា​តើ​សត្រូវ​យួន​នោះគេ​មាន​ចាត់ទុក​ខ្លួនឯង​ជា​មិត្ត​ពិតប្រាកដ​របស់គេ​មែន​ឬទេ ឬក៏​គេ​គ្រាន់តែ​ចំណាយលុយ​ទិញ​ខួរក្បាល​ខ្លួន​ដែល​បាន​ពី​វត្ត សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​ប្រឆាំង​តប​មក​វត្ត​វិញ ? ពុំ​នោះគេ​គ្រាន់តែ​ខ្ចីដៃ​របស់ខ្លួន​សម្លាប់​ជាតិ​សាសនា​ខ្លួនឯង ដើម្បី​ពង្រឹងពង្រីក​ជាតិ​របស់គេ ? តាមពិត​នេះ​ជា​យុទ្ធវិធី ប្រើ​ពិស​បង្ក្រាប​ពិស របស់​យួន​កុម្មុយនីស្ត ហើយក៏​ជា​ឧបាយកល​ដ៏​ពិសពុល​បំផុត ក្នុងការ​បំបែក​អត្តភាព​ជាតិខ្មែរ​ឲ្យ​បែកខ្ញែក​ជា​បំណែក ៗ គឺ​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​មើលមុខ​គ្នា​លែង​ត្រង់ លែង​ទុកចិត្ត​គ្នា លែង​ជឿជាក់​លើ​គ្នា លែង​គោរព​រាប់អាន​គ្នា លែងមាន​ឆន្ទៈ​ជាតិ​សាសនា​រួមគ្នា លែង​ព្រមព្រៀង​សាមគ្គី​គ្នីគ្នា លែង​ជានា​គ្នា លែងធ្វើអ្វីកើត ។ ព្រោះ​ធម្មតា​កាលបើ អត្តភាព​ជាតិ​ណា​នីមួយ​បែកខ្ញែក​គ្នា​ជា​ពីរ​ប៉ែក គឺ​ប៉ែក​ម្ខាង​ទ្រុស្ត​ជាតិ ប៉ែក​ម្ខាង​ស្នេហា​ជាតិ ធាតុ​ទាំងពីរ​នេះ តែងតែ​ប្រឆាំង​គ្នា​លើសលែង​សត្រូវ​ក្រៅ​ជាតិ​ទៅទៀត​, បែងចែក​ដាច់ពីគ្នា​ដូចជា​ទឹក​និង​ប្រេង កម្រ​នឹង​បូក​បញ្ចូល​គ្នា​ដូចជា​ទឹក​និង​ទឹកដោះគោ​បាន​ណាស់ ។ ហេតុ​នោះ គួរតែ​ជនបង្កប់​ខ្លួន​ពួន​អាត្មា​ប្រហារ​ជាតិ​ឯង​បម្រើ​ជាតិ​យួន​ទាំងឡាយ គិតគូរ​ពិចារណា​សា​ឡើងវិញ គួរតែ​អាណិត​ជាតិ កុំ​គួរ​នៅតែ​បន្ត​បំពេញ​បំណង​សត្រូវ​ទៀតឡើយ​, កុំ​បបួលគ្នា​ដើរ​ខុសផ្លូវ​ទៀត​ឲ្យ​សោះ​, ល្មម​ភ្ញាក់ខ្លួន​ហើយ មិនទាន់​ហួសពេល​ទេ​, ឯ​អ្នក​ដែល​មិនទាន់​ដើរ​ផ្លូវខុស​គួរតែ​ចៀសវាង​ឲ្យ​ឆ្ងាយ កុំ​យក​ខ្លួន​សេពគប់​ជនពាល​ប្រចៀវ​, គួរតែ​ភ្ងារ​ស្មារតី​ដឹងខ្លួន​ឡើង​ថា អាត្មាអញ​កើត​មកជា​មនុ​ស្សមានជា​តិ មាន​សាសន៍ មាន​ប្រទេសជាតិ​នឹង​គេ​ដែរ តែ​ប្រទេស​អញ​មាន​គ្រោះ​ត្រូវ​យួន​ជិះជាន់​ប្លន់​ដណ្តើមយក បើ​អាត្មាអញ​យកដៃ​ជើង​ទៅធ្វើ​ការបម្រើ​យួន​នោះ អាត្មាអញ​អន់​ជាង​ជនពិការ​ដៃជើង​ទៅទៀត គួរតែ​អាត្មា​កាត់​ដៃ​កាត់​ជើង​ខ្លួនឯង​ចោល​ទៅ​ប្រសើរ​ជាង​, ឬ​បើ​អាត្មាអញ​យក​ភ្នែក ទៅ​លួច​ឃ្លាំមើល​, យក​ត្រចៀក​ទៅ​លួច​ស្តាប់​ការណ៍​, យក​មា​ត់ទៅ​រាយការណ៍​ញុះញង់​មួលបង្កាច់​ជាតិ​ឯង​, យក​ខួរក្បាល​ទៅ​គិត​រក​ល្បិចកល​ផ្តល់​ការណ៍​ឲ្យ​យួន​នោះ អាត្មាអញ​ពិតជា​អន់​ជាង​មនុស្ស​ខ្វាក់ ថ្លង់ គ និង​វិកលចរិត​ទៅទៀត ព្រោះថា មនុស្ស​វិការ​វិកល​ទាំងនោះ ពិតមែនតែ​គេ​ពិការ​ពិ​កល តែ​គេ​មិនបាន​ទៅធ្វើ​អំពើ​ថោកទាប​ក្បត់ជាតិ​សាសនា​ដូច​ខ្លួន​អញ​ឡើយ ។​

​មួយវិញទៀត គួរ​គិតពី​លទ្ធផល​អាក្រក់​របស់​មនុស្ស​ប្រចៀវ​ក្បត់ជាតិ ក្បត់​សាសនា ក្បត់​មាតាបិតា ក្បត់​ព្រះ​ឧបជ្ឈាយ៍ ក្បត់​មិត្ត ជា​មនុស្ស​ស្លាប់​ទាំង​រស់​ស្អុយ​ទាំង​ស្រស់ ដែល​សង្គមជាតិ​គេ​ខ្ពើមរអើម​ជាង​គំរង់​សាកសព ។ ព្រោះ​មនុស្ស​ប្រភេទ​នេះ​បើ​កើត​ក្នុង​ជាតិ​ឬ​សាសនា​ណា ចង្រៃ​ដល់​ជាតិ​ឬ​សាសនា​នោះ​, បើ​កើត​នៅក្នុង​ផ្ទះ​ឬ​ត្រកូល​ណា ចង្រៃ​ដល់ផ្ទះ​ឬ​ត្រកូល​នោះ​, បើ​កើត​នៅ​ភូ​មិណា ចង្រៃ​ដល់​ភូមិ​នោះ​, បើ​កើត​នៅ​ស្រុក​ណា ចង្រៃ​ដល់​ស្រុក​នោះ​, បើ​កើត​នៅក្នុង​ប្រទេស​ណា ចង្រៃ​ដល់​ប្រទេស​នោះ ។​

ប៉ុន្តែ​ថា បើ​យើង​សិក្សា​ពិចារណា​ឲ្យ​ល្អិតល្អន់​ដល់​ឫសគល់​ទៅ ឃើញថា​មនុស្ស​ដង្កូវ​ឬ​មនុស្ស​ប្រចៀវ​ទាំងនោះ​ជា​ជនរងគ្រោះ​គួរ​ឲ្យ​អាណិត​ទៅវិញ ។ ព្រោះថា​ជន​ទាំងនោះ​រស់នៅក្នុង​ភាពជា​មនុស្ស​ដែលជា​កំណើត​កើត​បាន​ដោយ​កម្រ​បំផុត តែ​ត្រូវ​សង្គមជាតិ​របស់ខ្លួន​ចាត់ទុកជា​ចៃ​ជាតិ មេក្រមី​ជាតិ ដង្កូវ​ជាតិ ឈ្លើង​ជាតិ ទៅតាម​ទង្វើ​ទ្រុស្ត​ជាតិ​ទ្រុស្ត​សាសនា​របស់ខ្លួន​ដែល​ស្មើនឹង​ទង្វើ​នៃ​សត្វ​តិរច្ឆាន​ទាំងឡាយ​នោះ ។ ប្រសិនបើ​គេ​នៅសល់​ឧ​ត្ត​ម​គតិ ឬ​សតិសម្បជញ្ញៈ​ជា​មនុស្ស​បាន​ខ្លះ ឬ​ថ្ងៃ​ណាមួយ​គេ​បែរជា​ភ្ញាក់កំណើត​កើត​គំនិត ដឹងខ្លួន​កើត​មកជា​មនុ​ស្សមានជា​តិ មា​នស​សនា មានពូជ​អម្បូរ​ដូច​គេឯង​ក្នុង​ពិភពលោក​នេះដែរ ម៉េច​អញ​ខុសគេ​តែឯង មិន​ដូច​គេ​សោះ មើលទៅ​ជាតិ​គេ​ចុះ​ម្នាក់ ៗ សុទ្ធតែ​ខិតខំ​ធ្វើ​អ្វី ៗ គ្រប់យ៉ាង ដើម្បី​សេចក្តីចម្រើន​រុងរឿង​របស់​ជាតិ​គេ គេ​បាន​បរិច្ចាគ​ធនធាន បរិច្ចាគ​បញ្ញា បរិច្ចាគ​ផលប្រយោជន៍​ផ្ទាល់ខ្លួន បរិច្ចាគ​ពេលវេលា​មួយជីវិត រហូតដល់​ហ៊ាន​បរិច្ចាគ​ជីវិត​ទាំង​ស្រស់​ដើម្បី​ជាតិ​របស់គេ ។ មិនសមបើ​ខ្លួន​អញ​បែរជា​មនុស្ស​ទ្រុស​ជាតិ ទ្រុស្ត​សាសនា ធ្វើ​តែ​អំពើ​ពាលា​ថោកទាប ពន្លិច​ជាតិ ពន្លិច​សាសនា​ខ្លួនឯង​បែបនេះ​សោះ ។ កាលបើ​គេ​នៅ​ចេះ​ប្រើ​ធម្ម​សញ្ញា​ជា​កម្មសិទ្ធិ​ពិសេស​បំផុត របស់​មនុស្សជាតិ​បែបនេះ គេ​មុខតែ​ភ្ញាក់ខ្លួន​កើត​វិប្បដិសារៈ​ក្តៅ​ក្រហល់ក្រហាយ​ស្តាយក្រោយ​ជាពុំខាន ហើយ​សំណល់​ជីវិតចុងក្រោយ​របស់គេ​ហាក់ដូចជា​រស់នៅក្នុង​ខ្ទះ​ដែក​វិប្បដិសារៈ​ដ៏​ក្តៅ​ពន្លឹក ព្រោះ​វិប្បដិសារកម្ម​ដែល​បុគ្គល​បានធ្វើ​ហើយ រមែង​មាន​វិប្បដិសារៈ​ជា​ផល ។ មួយ​វិញ​សោត កាលបើ​យើង​រួមគ្នា​សិក្សា​ស្រាវជ្រាវ​រិះ​រាវរក​ឫសគល់​ឲ្យ​ដល់​ដើមហេតុ​នៃ​រឿងនេះ យើង​នឹង​បាន​ឃើញថា អ្វី ៗ ទាំងអស់​សុទ្ធតែ​កើតឡើង​ដោយសារ​យួន​ជា​ដើមចម​ដើមអាទិ គឺ​យួន​ជា​អ្នក​បង្កហេតុ​ឡើង​ទាំងអស់ ។ ដើមឡើយ​ខ្មែរ​រស់នៅ​ជាមួយគ្នា​យ៉ាង​សុខក្សេមក្សាន្ត មិនមាន​ពៀរ​វេរា​នឹង​គ្នា​ទេ តែ​តាំងពី​យួន​ជា​ចោរព្រៃ​ចូលមក​លុកលុយ​ប្រើ​ឧបាយកល​ថោកទាប​បំបែកបំបាក់​ខ្មែរ​ឲ្យ​បែកបាក់ រហូតដល់​យួន​ឈ្លានពាន​ ដណ្តើម​យកបាន​ទីតាំង​មួយចំនួន​ដូចជា​កម្ពុជា​ក្រោម​ជាដើម យួន​ចាប់ផ្តើម​គ្រប់គ្រង​លើ​ទឹកដី​ខ្មែរ លើ​ប្រជារាស្ត្រ​ខ្មែរ ហើយ​លួច​សំឡេះ​ខ្មែរ​អ្នកស្នេហាជាតិ​ចោល បន្តុប​ខ្មែរ​អ្នក​ល្មោភ​អំណាច ល្មោភ​កាមគុណ ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា ឲ្យ​ឡើង​ធ្វើ​ធំ ដើម្បី​ប្តួ​ល​រំលំ​កាប់សម្លាប់​ប្រយុទ្ធប្រឆាំង​ជាតិ​ឯង នាំ​បណ្តាល​ឲ្យ​ស្រុកទេស​កើត​ភ័យ ចលាចល​កលិយុគ ស្រុក​ខ្មែរ​ទាំងមូល​ទៅជា​វាលពិឃាត​មហា​សោកនាដកម្ម ប្រជាជាតិ​ខ្មែរ​ស្លាប់​ស្ទើរ​ដាច់​ពូជ ទឹកដី​បាត់បង់​ស្ទើរ​អស់​គ្មាន​សល់ ។ គឺ​ទម្រាំ​តែ​យួន​បាន​ត្រួតត្រា​លើ​ទឹកដី​កម្ពុជា​ក្រោម​ដូច​សព្វថ្ងៃ យួន​បាន​កាប់សម្លាប់​ខ្មែរ បង្ក​ការឈឺចាប់ បង្ក​មហន្តរាយ និង​ប្រើ​គ្រប់​លក​ល្បិច​ថោកទាប​បំផុត​ច្រើន​អនេកប្បការ មិនមែន​បាន​ទឹកដី​ខ្មែរ​ដោយ​ទង្វើ​មនុស្សធម៌ ទង្វើ​សុចរិត ឬ​បាន​ដោយ​ការព្រមព្រៀង​ស្ម័គ្រចិត្ត​របស់​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​ទេ គឺ​យួន​ជា​ឧក្រិដ្ឋជន​សម្លាប់​រង្គាល​មនុស្សជាតិ លួច​ប្រទេសជាតិ ធ្វើ​ឲ្យ​ខ្មែរ​រាប់លាន​នាក់​រាប់​ជំនាន់​មកហើយ​ស្លាប់បាត់​បង់ជីវិត រស់​បាត់បង់​ទឹកដី បាត់បង់​សេរីភាព បាត់បង់​សិទ្ធិ​ជា​ម្ចាស់​ប្រទេស ។ ការបាត់បង់​ទឹកដី និង​សិទ្ធិសេរីភាព មិនមែន​បាត់បង់​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​បាត់បង់​ដោយ​ទាំង​អ្វី ៗ ជាច្រើន​ទៀត​ដែលជា​ធាតុ​ពឹង​អាស្រ័យ​លើទឹក​ដី សិទ្ធិសេរីភាព ដូចជា​ជីវិត​មនុស្ស សិទ្ធិមនុស្ស សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​ជនជាតិដើម សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​រក្សា​ការពារ​និង​ពង្រឹងពង្រីក​វប្បធម៌​អារ្យធម៌​ប្រពៃណី​ទំនៀមទម្លាប់ សិទ្ធិ​សារព័ត៌មាន សិទ្ធិ​ប្រើ​សេរីភាព​របស់ខ្លួន​ក្នុងការ​និយាយ ក្នុង​ការគិត ក្នុង​ការធ្វើ ជាដើម សិទ្ធិ​ទាំងនេះ​សុទ្ធតែ​ត្រូវ​ពឹង​អាស្រ័យ លើ​ទឹកដី​ប្រទេសជាតិ​និង​សេរីភាព​ទាំងអស់ ។ ព្រោះតែ​បាត់បង់​ច្រើនពេក​ដូច្នេះ​បានជា ខ្មែរក្រោម​ខ្លះ​ត្រូវ​យួន​ពង្វក់ខួរក្បាល​ឲ្យ​ភ្លេច​ខ្លួនឯង​ជា​ខ្មែរក្រោម​ជា​ជនជាតិដើម​តែម្តង ឲ្យ​ចងចាំ​ត្រឹមតែ​ថា ខ្លួន​ជា​ជនជាតិភាគតិច​រស់នៅ​បញ្ញើ​អាស្រ័យ​គុណ​ប្រទេស​វៀតណាម​, បើ​បានជា​ដឹងខ្លួន​ជា​ជនជាតិភាគតិច​ហើយ កុំ​នៅ​ចង់បាន​អ្វី ឬ​មានចិត្ត​ងាករេ​ឲ្យ​សោះ ត្រូវ​ស្មោះ​នឹង​បក្ស​រដ្ឋ ហើយ​គិតតែ​ពី​ខំប្រឹង​ធ្វើការ​បម្រើ​បក្ស​និង​រដ្ឋ​ក​កុម្មុយនីស្ត ដើម្បី​សេចក្តីចម្រើន​រុងរឿង​ហ្មឺន​ឆ្នាំ​នៃ​បក្ស​និង​រដ្ឋ​កុម្មុយនីស្ត​វៀតណាម​ទៅបាន​ហើយ ។ អ្នក​មិនបាច់​បារម្ភ​ពី​ជីវភាព​ក្រខ្សត់​អត់ឃ្លាន​គ្មាន​ស៊ី​ដូច​ដូនតា​របស់​អ្នក​ទៀត​ទេ អ្នកនឹង​បានរស់នៅ​ក្នុងប្រទេស​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ឯករាជ្យ សេរីភាព សុភមង្គល រៀងរាប​ដរាប​ជា​អមតៈ នេះ​ជា​មន្តអាគម​សណ្តំ​បេះដូង​ខ្មែរក្រោម ជា​តិរច្ឆាន​វិជ្ជា ជា​វិជ្ជា​បិសាច ជា​វិជ្ជា​ប្រជាភិថុតិ​បោកប្រាស់​របស់​កុម្មុយនីស្ត​យួន​សូត្រ​សែក​ដាក់​ខ្មែរក្រោម​, មាន​អ្នកខ្លះ​មិនដឹងថា​នេះ​ជា​កលឧបាយ ជា​អាគម​បិសាច អ្នកខ្លះ​ទៀត​ដឹង​ហើយ ក៏​នៅតែ​ត្រូវ​មន្តអាគម​បិសាច​នេះ​សណ្តំ នាំ​ឲ្យ​វង្វេង​វិងស៊ុង លង់ទ្រនេស លុះ​ក្នុង​កណ្តាប់ដៃ​សត្រូវ​យួន​លែងមាន​គ្រូ​ដោះ​បន្សាប​កើត ។ ចំណែក​អ្នក​ដែល​បាន​ដាស់​មន្តអាគម​គាថា​សតិសម្បជញ្ញៈ​ការពារ​ខ្លួន របស់​ព្រះពុទ្ធ​ក៏​ធ្វើ​ឲ្យ​មន្តអាគម​បិសាច​របស់​កុម្មុយនីស្ត​យួន សាបរលាប​អសារ​បង់​ទៅ​ឯង ។ មន្តអាគម​បិសាច​របស់​កុម្មុយនីស្ត​យួន​ពិតមែនតែ​ខ្លាំងពូកែ តែបើ​ប៉ះ​ត្រង់​អាគម​គាថា​ព្រះ​សម្មា​សម្មា​តែមួយ​ឃ្លា​ថា “​អបមា​ទោ អម​តំ បទំ ការមិន​ធ្វេសស្មារតី​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់​” នឹង​សាប​បង់​អសារ​ពុំខាន ។ នេះ​ជា​មន្តអាកម​គាថា​ការពារ​ខ្លួន ការពារ​ផលប្រយោជន៍​ជាតិ ការពារ​ប្រទេស ការពារ​សាសនា ការពារ​សន្តិភាព ការពារ​សុខ​ចម្រើន ការពារ​គុណធម៌ ការពា​សាមគ្គីធម៌ ការពារ​សត្រូវ​កុំ​យាយី ជាដើម គឺថា​ឲ្យ​តែ​ជន​ណា​កាន់ខ្ជាប់​នឹង​មិនចេះ​សាបសូន្យ​ឡើយ បើទុកជា​ស្លាប់ទៅ​រាប់ពាន់​ឆ្នាំ​ក៏​កេរ្តិ៍ឈ្មោះ​រស់​អមតៈ ព្រោះ​អាគម​ពុទ្ធ​គាថា​នេះ​ជា​វិជ្ជា​ជីវិត​អមតៈ អ្នក​យល់​ដល់​នឹង​បាន​ស្គាល់​ជីវិត​អមតៈ​ដូច​បំណង​, ជា​ផ្លូវ​ទៅកាន់​អមតៈ​និព្វាន អ្នក​ប្រាថ្នា​និព្វាន​ត្រូវ​ទៅតាម​ផ្លូវ​សតិសម្បជញ្ញៈ​នេះឯង ។​

​ទោះបីយ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​ខ្មែរក្រោម​ដូចគ្នា និង​ក្នុងនាម​ជា​ពុទ្ធសាសនិក​ដូចគ្នា យើង​នៅតែ​នឹក​អាណិត​ខ្លោចចិត្ត​ចំពោះ​មនុស្ស​ប្រចៀវ​វិការ​សតិសម្បជញ្ញៈ ជា​ជន​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា​ទាំងនោះ ។ ព្រះពុទ្ធ​របស់​យើងទាំងអស់គ្នា ទ្រង់មាន​មហាករុណា​ទិ​គុណ​ដ៏​លើសលុប ទ្រង់​អាណិត​សត្វលោក​ដែល​លុះ​អវិជ្ជា តណ្ហា បណ្តោយ​ឲ្យ​អវិជ្ជា​តណ្ហា​ដឹកមុខ​សាង​បាបកម្ម​ទុច្ចរិត​លែង​គិត​ខ្មាស​បាប ខ្លា​ចបាប ឬ​ទុក្ខទោស​អ្វី​ទាំងអស់ ដឹង​តែ​ពី​ជ្រប់​មុខ​ទៅធ្វើ ទាំង​ដឹងខ្លួន​ថា​នោះ​ជា​បាប​ក្តី ទាំង​មិនដឹង​ខ្លួន​ថា​នោះ​ជា​បាប​ក្តី ក៏​ដឹង​តែ​ពី​ធ្វើ​យ៉ាង​សប្បាយ យ៉ាង​ពេញចិត្ត យ៉ាង​ញៀន​ញ៉ាម ដូចជា​មមាច​ឃើញ​ភ្លើង​ដឹង​តែ​ពី​ដំ​ក្បាល​ហើរ​សំដៅ​ចូល​ទាំង​ហ្វូង ។ ព្រះពុទ្ធ​ទ្រង់​បាន​ជ្រាប​ឫសគល់​ដើមហេតុ នៃ​បុគ្គល​បាប​ទាំងនោះ​ច្បាស់លាស់​អស់ជើង ទើប​ទ្រង់​ត្រាស់​ដោយ​ព្រះទ័យ​ករុណា​ថា តាមពិត​មិនមែន​មនុស្ស​ចេះ​ធ្វើបាប​ដោយ​ខ្លួនឯង​ទេ​, លោភៈ ចិត្ត​លោភលន់ ទោសៈ ចិត្ត​ខឹង​ក្រោធ មោហៈ ចិត្ត​ងងឹត​គ្មាន​ចំណេះ អកុសលមូល​ទាំង ៣ នេះឯង ជា​មេបញ្ជាការ ជា​ចៅហ្វាយ ជា​ឫសគល់ របស់​បាបកម្ម ជា​មេគំនិត​ប្រើ​មនុស្ស​ឲ្យ​ធ្វើបាប លុះដល់​មនុស្ស​នោះ​ធ្វើបាប​តាម​បញ្ជា​របស់​លោភៈ ទោសៈ មោហៈ ក៏​ក្លាយទៅជា​បុគ្គល​បាប បុគ្គល​ពាល​ដែល​គេ​ស្អប់ខ្ពើម ។ លុះតែ​មនុស្ស​សម្លាប់​នូវ​លោភៈ ទោសៈ មោហៈ ដែល​ដាក់​អាណានិគម​ត្រួតត្រា​លើ​ខ្លួន​បាន ទើប​មនុ​ស្សមាន​សេរីភាព​រួច​ចាក​ពី​កណ្តាប់ដៃ​បាប លែង​ធ្វើបាប​ជា​ស្ថាពរ ។ យ៉ាងណាមិញ​ខ្មែរ​បម្រើ​យួន​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា ក៏​មក​អំពី​លុះ​ក្នុង​អំណាច​អាគម​បិសាច​ប្រជាភិថុតិ​របស់​យួន គឺ​យួន​ជា​មេបញ្ជាការ ជាដើម​អាទិ ជា​មេ​សមគំនិត ញុះញង់​ឲ្យ​ខ្មែរក្រោម​ទ្រុស្ត​ជាតិ​សាសនា​ខ្លួនឯង មិនមែន​ខ្មែរក្រោម​ចេះ​ធ្វើ ឬ​ហ៊ាន​ធ្វើ​ដូច្នោះ​ដោយ​គំនិត​ឯង​ទេ ។ ហេតុដូច្នេះ​ខ្មែរក្រោម​ត្រូវតែ​ព្រួត​ដៃ​គ្នា​ទាមទារ​សេរីភាព​ពី​យួន​ឲ្យ​ត្រាតែ​បាន​ទើប​ខ្មែរ​រស់នៅ​បាន​សុខសន្តិភាព សាមគ្គីភាព វឌ្ឍនភាព លែងមាន​ខ្មែរ​បម្រើ​យួន​តទៅទៀត ។​

​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​អាណិត​ជនពាល​ខ្លាំង​ជាង​បណ្ឌិត ព្រោះ​អ្វី ? ព្រោះ​បណ្ឌិត ចេះ​ស្រោចស្រង់​ខ្លួនឯង ដោយ​ខ្លួនឯង​, ប្រៀបដូចជា​កូន​ធំ​ដឹងក្តី ចេះដឹង​រាក់​ជ្រៅ ស្គាល់​ត្រូវ ខុស គុណ ទោស បុណ្យ បាប​… ចេះ​ពឹង​ខ្លួន​ដើម្បី​រស់នៅ ឲ្យ​បាន​សុខ​ស្រួល ចៀសវាង​មិន​ធ្វើបាប​កម្ម​ដែលជា​ហេតុ​នាំ​ឲ្យ​មានទុក្ខ​ទោស​ដល់​ខ្លួនឯង ដល់​ជាតិ ដល់​សាសនា ដល់​ប្រទេស និង​ពិភពលោក កូន​ជំពូក​នេះ​ម្តាយ​ឪពុក​ទុកចិត្តបាន មិនសូវ​ព្រួយបារម្ភ ។ ចំណែកឯ​ជនពាល មិនអាច​ស្រោចស្រង់​ខ្លួន​ដោយ​ខ្លួនឯង មានតែ​ពន្លិច​ខ្លួនឯង និង​អ្នកដទៃ​ឲ្យ​លិចលង់​បង់ប្រយោជន៍​, ប្រៀបដូចជា​កូន​នៅ​តូច​មិនទាន់​ពេញវ័យ ឬ​ជា​កូន​មិន​លុះ​គន្លង​ធម៌​ព្រហើនកោងកាច ឬក៏​ជា​កូន​វិកលចរិត មិន​ស្គាល់​ហេតុផល​អាក្រក់ ល្អ ស ខ្មៅ កុសល អកុសល​… មិន​ស្គាល់​ហេតុ​នៃ​ការពឹង​ខ្លួនឯង​ដើម្បី​រស់នៅ នៅ​ជា​ក្មេង​លេងដី ទារ​ឆី ទារ​ផឹក តាមតែ​ឃ្លាន និង​ធ្វើ​តែ​អំពើ​ថោកទាប​ពុំគប្បី នាំ​ឲ្យ​មានទុក្ខ​ទោសទណ្ឌ ដល់​ខ្លួនឯង ដល់​សង្គមជាតិ​សាសនា សង្គម​ប្រទេស សង្គម​លោក កូន​ជំពូក​នេះ​ដូចជា​រោគ​រ៉ាំ​រៃ​របស់​ម៉ែឪ ធ្វើ​ឲ្យ​ម៉ែឪ​នៅ​ពុំ​សុខ កើតទុក្ខ​ព្រួយ​ពុំ​ស្រាកស្រាន្ត ។ ដោយហេតុ​នោះ បានជា​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ព្រះពុទ្ធ​គាថា​ជាច្រើន​នៅក្នុង​គម្ពីរ​ធម្មបទ​ដើម្បី​ដាស់តឿន​ជនពាល ឲ្យ​ភ្ញាក់កំណើត​កើត​គំនិត​កែខ្លួន​ឡើងវិញ ទន្ទឹមនឹង​ក៏​ទ្រង់​រំឭក​មនុស្ស​ទូទៅ កុំ​ឲ្យ​សេពគប់​ជនពាល​នាំ​ឲ្យ​រាលដាល​ឆ្លង​ដល់​ខ្លួន ដូចជា​ព្រះពុទ្ធ​គាថា “​បុគ្គល មិនគួរ​សេព​ធម៌​ថោកទាប មិនគួរ​នៅ​ដោយ​សេចក្តី​ប្រមាទ មិនគួរ​សេពគប់​មិច្ឆាទិដ្ឋិ មិនគួរ​ជា​មនុស្ស​ចង្អៀត​លោក​” ។ ពុទ្ធតម្រាស់​នេះ​ព្រះពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​បានដឹងថា បើ​ចង់​ធ្វើជា​មនុស្ស​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់ មិន​ចង់​ឲ្យ​ធ្លាក់ខ្លួន​ជា​មនុស្ស​ថោកទាប​បាត​សង្គម ទី ១ ត្រូវ​កុំ​សេពគប់​ធម៌​ថោកទាប បាន​ដល់​ការមិន​ឈ្លក់​វង្វេង​ក្នុង​កាមគុណ ស្រី ស្រា ល្បែងភ្នាល់ ហើយ​កុំ​ល្មោភ​មាស ប្រាក់ ស័ក្តិ យស ទៅធ្វើ​អំពើ​ថោកទាប​ជាហេតុ​នាំ​ឲ្យ​ខ្លួន​អាប់ឱន​ថោកទាប និង​មិនត្រូវ​សេពគប់​មនុស្ស​ប្រភេទ​នេះ ។ ទី ២ ក្នុង​ការរស់នៅ​មិនត្រូវ​ប្រមាទ ធ្វេសប្រហែស ត្រូវមាន​ស្មារតី​ខ្ពស់ មានការ​យល់ដឹង​កិច្ចការ​ជ្រៅជ្រះ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ធ្វើការ​ណា​ជា​ប្រយោជន៍​ឲ្យ​បាន​ច្រើន ហើយ​មិនត្រូវ​នៅ​ជាមួយ​មនុស្ស​ប្រមាទ មិន​ត្រូវយក​មនុស្ស​ប្រមាទ​គ្មាន​បញ្ញា​ស្មារតី​ជា​គ្នា ។ ទី ៣ មិនត្រូវ​មានគំនិត​យ​ល់​ខុស​ហេតុផល​ដូចជា​គំនិត​យល់ថា ម៉ែឪ​គ្មាន​គុណ​, ធ្វើ​គុណ​បាន​ទោស​, ធ្វើ​ទោស​បាន​គុណ​, ឬ​គុណ​ទោស​អ្វី​គ្មានទេ ឲ្យ​តែ​គ្មាន​នរណា​ឃើញ ដឹង ឮ​ទៅបាន​ហើយ ទោះបី​ធ្វើ​អ្វី​ក៏​គ្មាន​បាប​ដែរ​ជាដើម​, ត្រូវ​សិក្សា​ពិចារណា​ឬ​សាកសួរ​ប្រាជ្ញ​បណ្ឌិត​ឲ្យ​យល់ដឹង​ត្រូវ​ត្រង់​ទៅតាម​ការពិត ហើយ​មិនត្រូវ​សេព​ជន ឬ​សាសនា ឬក៏​លទ្ធិ​មិច្ឆាទិដ្ឋិ ។ ទី ៤ មិនត្រូវ​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា ទ្រុស្ត​ពិភពលោក​, មិនត្រូវ​ធ្វើអំពើ​ទុច្ចរិត​ប្រ​ទុ​ស្ត​នឹង​សេចក្តីចម្រើន​នៃ​ជាតិ សាសនា និង​ពិភពលោក គឺត្រូវធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ចម្រើន​ជាតិ ចម្រើន​សាសនា ចម្រើន​លោក មិនមែនជា​មនុស្ស​រស់​នៅ​ចង្អៀត​ជាតិ ចង្អៀត​សាសនា ចង្អៀត​ផែនដី ។​

​ត្រង់​ព្រះ​ពុទ្ធភាសិត​ថា “​បើ​បុរស​ធ្វើបាប កុំ​ធ្វើបាប​នោះ​រឿយ ៗ ឡើយ កុំ​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត ក្នុង​បាប​នោះ (​ព្រោះថា​) ការ​សន្សំ​បាប តែង​នាំ​សេចក្តី​ទុក្ខ​មក​ឲ្យ​” ។ ព្រះពុទ្ធ​គាថា​នេះ បើ​យើង​ពិចារណា​ទៅនឹង​បានឃើញ​ដល់​ព្រះទ័យ​ករុណា​ដ៏​មហាសាល​របស់​ព្រះ​សម្ពុទ្ធ គឺ​ទ្រង់​នៅតែ​អាណិត​អ្នក​ធ្វើបាប ។ ទោះបី​ទ្រង់​ជ្រាបថា ជន​អ្នក​ធ្វើបាប​ខ្លះ​ញៀន​ញ៉ាម​នឹង​ធ្វើបាប មិន​ងាយ​លះបង់​បាប​ចោល​ឡើយ តែ​ទ្រង់​នៅតែ​សង្ឃឹមថា គេ​នឹង​កាត់បន្ថយ​បន្ធូរដៃ​លះបង់​បាប​បន្តិច​ម្តង គឺ​ធ្វើ​តិច​មកវិញ កុំ​ឲ្យ​ធ្វើ​ដោយ​ងប់​ងងុល​ច្រើន​ជ្រុល​ពេក នាំ​ឲ្យ​មានទុក្ខ​ទោស​ទារុណ​កាន់តែ​ធ្ងន់ ព្រោះ​ការ​សន្សំ​បាប សូម្បីតែ​បន្តិចបន្តួច​ក៏​នាំ​សេចក្តី​ទុក្ខ​មក​ឲ្យ​មិន​ខាន​ដែរ ។ សេចក្តី​នេះ យ៉ាងណាមិញ ជន​ដែល​ក្បត់ជាតិ សាសនា​ខ្មែរ បម្រើ​យួន​នោះ ក៏​គួរតែ​កុំ​បម្រើ​ដាច់​ថ្លៃ​ហួសពេក គួរតែ​ដោះខ្លួន​បន្តិច​ម្តង​ទៅ ដូច​ពាក្យ​ខ្មែរ​ថា “​ធ្វើ​នឹង​គេ​យក៍​នឹង​ឯង​” កុំ​ធ្វើ​នឹង​គេ​នៅ​នឹង​គេ​ស្លាប់​នឹង​គេ ពុំគួរ​ឡើយ ព្រោះថា​លទ្ធផល​នៃ​អ្នក​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា​ខ្លួន មិនដែល​ល្អ​ទេ ។​

​ធម្មតា​អ្នក​ក្បត់ជាតិ​រមែង​សប្បាយ​វង្វេង​នឹង​លាភសក្ការៈ ដែល​សត្រូវ​ផ្តល់​ឲ្យ យល់ថា​ខ្លួន​មាន​អ្វី ៗ គ្រប់យ៉ាង​អាស្រ័យ​សត្រូវ ភ្លេចខ្លួន​ថា​គេ​ជាស​ត្រូវ​របស់ខ្លួន ហើយ​ខ្លួន​គ្រាន់តែ​ជា​ទាសករ​របស់គេ ឬ​កូនអុក​ដែល​គេ​ទុក​ប្រើប្រាស់​ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា​គេ​ប៉ុណ្ណោះ តែ​ដល់​ពេលណា​គេ​លែង​ត្រូវការ​ប្រើប្រាស់​ខ្លួន​ទៀត គេ​នឹង​លះបង់ ឬ​សម្លាប់ចោល​ជាមិនខាន​, ដូចជា​ភូឈួយ​គង់​អញ្ចឹង ទម្រាំ​តែ​ដឹងខ្លួន គឺ​បានដឹង​ត្រឹមតែ​ថា​ខ្លួន​ដល់ពេល​ដែល​គេ​ត្រូវ​សម្លាប់ចោល​, ដល់ពេល​នោះ​ទើប​ឃើញ​សត្រូវ​សាហាវ​យ៉ាងណា សម​នឹង​ព្រះពុទ្ធ​គាថា “​បាប​មិនទាន់​ឲ្យ​ផល​ត្រឹមណា មនុស្ស​បាប​ក៏​នៅ​ឃើញតែ​សេចក្តីចម្រើន​ត្រឹមណោះ លុះ​កាលណា បាប​ឲ្យ​ផល មនុស្ស​បាប​ទើប​ឃើញ​បាប ក្នុង​កាលណោះ ។​

លទ្ធផល​អាក្រក់​របស់​ភូ​ឈួ​គង់​ក្តី របស់​ជន​ក្បត់​ដទៃទៀត​ក្តី សុទ្ធតែ​កើតចេញពី​គំនិត​ក្បត់ជាតិ​របស់ខ្លួន​គេ​ទាំងអស់ ។ ការពិត​ចំពោះ​អ្នក ដែល​បានដឹងថា​សត្រូវ​ហើយ នៅតែ​ឲ្យ​សត្រូវ​ប្រើប្រាស់​ខ្លួន​បាន​នោះ ក៏​មកពី​គេ​ជាម​នុស្ស​ទុច្ចរិត ពុតត្បុត ពិសពុល​ស្រាប់​ផងដែរ ។ ជាតិ​របស់​យើង​ដែល​អន់ថយ​ដល់​កម្រិត​ហ្នឹង​ក៏​មកពី​ពួក​ក្បត់ជាតិ​អស់ហ្នឹង​ដែរ ដូចជា​ពុទ្ធភាសិត​ថា “​ច្រែះ​កើត​អំពី​ដែក លុះ​កើត​អំពី​ដែក​នោះ​ហើយ តែង​ស៊ី​ដែក​នោះ​វិញ យ៉ាងណាមិញ កម្ម​ទាំងឡាយ​របស់ខ្លួន តែង​នាំ​បុគ្គល​អ្នកប្រព្រឹត្ត​កន្លង​បញ្ញា​ជា​គ្រឿង​ជម្រះចិត្ត ឲ្យ​ទៅកាន់​ទុគ្គតិ ក៏​យ៉ាង​នោះដែរ​” ។ អ្នក​ក្បត់ជាតិ​សាសនា​សុទ្ធតែ​មានមុខ​ឈម​ទៅកាន់​នរក​ដោយ​ពិតប្រាកដ ព្រោះ​អំពើ​ក្បត់​សាសនា ជា​អំពើ​បាប​ធ្ងន់​ណាស់ ព្រោះ​ក្នុង​ជាតិ សាសនា នោះ​មាន​ម៉ែឪ ជីដូន​ជីតា ញាតិសាលោហិត មាន​ជនរួមជាតិ​ទាំងមូល មាន​វប្បធម៌​… ឯ​ក្នុង​ពុទ្ធសាសនា​វិញ​មាន​ទាំង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហេតុដូច្នេះ​កាលបើ​មាន​អ្នក​ទ្រុស្ត​ជាតិ ទ្រុស្ត​សាសនា ចូល​ដៃ​នឹង​សត្រូវ​ដើម្បី​បំផ្លាញ​ជាតិ​សាសនា​របស់ខ្លួន​នោះ រមែង​មានទោស​ធ្ងន់​ច្រើន​ប្រការ​ដូច្នេះ​គឺ​

​ទី ១ មានទោស​ប្រឆាំងនឹង​ម៉ែឪ ដូនតា សា​លោក​ហិត ជនរួមជាតិ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រោះ​ចូល​ដៃ​នឹង​សត្រូវ​ប្រឆាំងនឹង​ជាតិ​សាសនា ។​

ទី ២ មានទោស​ប៉ុនប៉ង​បំផ្លាញ​ជីវិត​ម៉ែឪ ដូនតា សា​លោក​ហិត ជនរួមជាតិ នឹង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រោះ​ចូល​ដៃ​នឹង​សត្រូវ​ប៉ុនប៉ង​បំផ្លាញ​ជាតិ​សាសនា​, ការណ៍​នេះ​បើ​សត្រូវ​បានសម្រេច​ដូច​ការប៉ុនប៉ង នឹង​ឋិត​នៅក្នុង​ក្របខ័ណ្ឌ​អនន្តរិយកម្ម​ទាំង ៥ គ្រប់​ទាំង​ព្រម ព្រោះ​ក្នុង​ជីវិត​ដែល​សំដៅ​ដើម្បី​បំផ្លាញ​នោះ មាន​ទាំង​ជីវិត​ម៉ែឪ ជា​ទោស​មាតុឃាត បិតុឃាត​, ជីវិត​ព្រះអរហន្ត ជា​ទោស​អរហន្ត​ឃាត និង​អាចធ្វើ​ឲ្យ​ព្រះពុទ្ធ​ត្រូវរបួស​ពុរពង​ព្រះ​លោហិត ជា​ទោស​លោហិតុប្បាទ​, មួយទៀត​ធ្វើ​ឲ្យ​សង្ឃ​បែក​គ្នា​ទោស​បំបែក​សង្ឃ ។​

​ទី ៣ ជា​ចោរលួច​សម្បត្តិ​របស់​ម៉ែឪ ដូនតា សា​លោក​ហិត ជនរួមជាតិ នឹង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រោះ​ចូល​ដៃ​នឹង​សត្រូវ​ជា​ចោរ​លួចជាតិ​សាសនា ។​

ទី ៤ ជា​បិសាច​ប្រវត្តិសាស្ត្រ ព្រោះ​ចូល​ដៃ​នឹង​សត្រូវ​ជា​បិសាច​តាម​ចងពៀរ​នឹង​ជាតិ​សាសនា ។​

​ការរៀបរាប់​ទោស​នៃ​ការ​ក្បត់ជាតិ មាន​ប្រមាណ​ប៉ុណ្ណេះ​ជាដើម​នេះ គួរតែ​ជនរួមជាតិ គ្រប់​មជ្ឈដ្ឋាន យក​ជា​បទ​ពិចារណា គិត​គេច​ចៀសវាង​ឲ្យ​ផុត រត់​ឲ្យ​ឆ្ងាយ​កុំ​បៀត​កាយ​ចិត្ត​នែបនិត្យ​ខិតចូល​រក​អំពើ​នេះ​ឲ្យ​សោះ​, ត្រូវ​ព្រមព្រៀងគ្នា​សាមគ្គី​ស្រោចស្រង់​ជាតិ​សាសនា​របស់ខ្លួន​ឲ្យ​បាន ដល់ត្រើយ​សេរី​ភាពជា​ស្ថាពរ​កុំបី​ខាន ។​

​អ៊ី​ម៉ែ​លៈ tranthachdung9@gmail.com​

Comments are closed.