ព្រះញាណធម្មោ យ័ញ ញឿង អនិច្ចធម្មក្នុងព្រះជន្មាយុ ៨៨ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ ព្រះញាណធម្មោ យ័ញ ញឿង ជាព្រះចៅអធិការ វត្តរតនរង្សីចំការត្រើយត្បូង និងប្រ ធានសង្ឃខេត្តក្រមួនស ទើបតែបានអនិច្ចធម្ម នៅវេលាម៉ោង ៣ និង ៤៥ នាទីរសៀល ថ្ងៃ ៥ កើត ខែភទ្របទ ឆ្នាំរកា ព. ស. ២៥៦១ ត្រូវនិងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៧ ក្នុងព្រះជន្មាយុ ៨៨ ឆ្នាំ និងបានសាងផ្នូសចំនួន ៦៨ វស្សា ។

យោងតាមសេចក្ដីជូនដំណឹងពិធីបុណ្យឈាបនកិច្ច ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៧ ដោយ សមាគមពុទ្ធសាសនាវៀតណាម ដែលជាស្ថាប័នសាសនាមួយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានបញ្ជាក់អំពីតួនាទី របស់ ព្រះតេជព្រះគុណ យ័ញ ញឿង នៅក្នុងរដ្ឋាភិបាលវៀតណាម មានដូចជា ព្រះអង្គ ជាសង្ឃនាយករង នៃសមាគមពុទ្ធសាសនាវៀតណាម, តំណាងរាស្ត្រនៅក្នុងរដ្ឋសភារដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម អាណត្តិកាល ទី ១១ និង ទី ១២, នាយកសាលាវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ ទីក្រុងព្រែកឫស្សី, ប្រធានប្រតិបត្តិ នៃសមាគមពុទ្ធសាសនាវៀតណាម ប្រចាំខេត្តក្រមួនស ដែលមានភារកិច្ចគ្រប់គ្រងទាំង ព្រះសង្ឃយួន និងខ្មែរនៅក្នុងខេត្តក្រមួនស, ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តក្រមួនស និងជាព្រះចៅអធិការ វត្តរតនរង្សី ចំការត្រើយត្បូង ខេត្តក្រមួនស ។
ពិធីបុណ្យឈបនកិច្ច ព្រះតេជព្រះគុណ យ័ញ ញឿង នឹងប្រារព្ធចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧ រួចតម្កល់ទុកបូជានៅក្នុងវត្ត រតនរង្សី ចំការត្រើយត្បូង ពី ៥ ទៅ ១០ ឆ្នាំ ទើបបូជា ព្រះសព ។
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ ព្រះញាណធម្មោ យ័ញ ញឿង ប្រសូតនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩២៩ នៅស្រុកឃ្លាំងមឿង ខេត្តក្រមួនស (Thị trấn Minh Lương, huyện Châu Thành, tỉnh Kiên Giang) ។
ព្រះអង្គបានរដ្ឋាភិបាលភូមាប្រទានព្រះបរមងារថា អគ្គមហាសទ្ធម្មជោតិកធជៈ (Agga Maha Saddhamma Jotikadhaja) ជាព្រះបរមងារដ៏ខ្ពង់ខ្ពស់មួយនៅប្រទេសភូមា ដើម្បីលើកតម្កើងនូវគុណសម្បត្តិរបស់ព្រះសង្ឃប្រទេសនានា ដែលបានចូលរួមក្នុងបុព្វហេតុផ្សាយព្រះធម៌ និងផ្ដល់បញ្ញាញាណ នៅក្នុងប្រទេសកាន់ពុទ្ធសាសនាក្នុងពិភពលោក ៕


Comments are closed.