មន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង ប្រកាស​ឲ្យ​ប្រើពាក្យ “Khmer” ជំនួស​ពាក្យ “Khơme” (​ឃើ​មែ​) នៅក្នុង​លិខិត​រដ្ឋបាល​

462

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​មន្ទីរ​ជនជាតិ​ខេត្ត​ឃ្លាំង បានប្រកាស​ឲ្យ​សរសេរ​អក្សរ​សម្រាប់​ហៅ​ខ្មែរក្រោម​ជា​អក្សរ​យួន​ថា “Khmer” ជំនួស ឲ្យ​ពាក្យ “Kho’me” វិញ សម្រាប់​ប្រើប្រាស់​នៅក្នុង​លិខិត​រដ្ឋបាល​នៃ​រដ្ឋាភិបាល​យួន នៅក្នុង​ខេត្ត​ឃ្លាំង ។ ការចេញ​សេចក្ដីប្រកាស​នេះ ដោយសារ​នាពេល​កន្លងមក ជនជាតិ​យួន​បាន​សរសេរ​អក្សរ​យួន​ហៅ​ជនជាតិ ខ្មែរ​នៅ​កម្ពុជា​ក្រោម​ថា “Kho’me” [​ឃើ​-​មែ​] ឬ “Mien” [​មៀង​] ដែល​ពាក្យ​នេះ ត្រូវ​ពលរដ្ឋ​ខ្មែរក្រោម​ចាត់​ទុក្ខ ថា​ជា​ពាក្យ​ដែលមាន​ន័យ “​មាក់ងាយ​” ដល់​ប្រជា​ជាតិខ្មែរ ។​

សេចក្ដីប្រកាសដោយ គណៈ​ជនជាតិ (Ban Dan Toc) ខេត្ត​ឃ្លាំង ស្ដីពី​ការឯកភាព​ក្នុងការ​ប្រើប្រាស់​ពាក្យ "Khmer" នៅក្នុង​លិខិត​រដ្ឋ បាល​នៃ​រដ្ឋបាល​
សេចក្ដីប្រកាសដោយ គណៈ​ជនជាតិ (Ban Dan Toc) ខេត្ត​ឃ្លាំង ស្ដីពី​ការឯកភាព​ក្នុងការ​ប្រើប្រាស់​ពាក្យ “Khmer” នៅក្នុង​លិខិត​រដ្ឋ បាល​នៃ​រដ្ឋបាល​

យោងតាម​សេចក្ដីប្រកាស លេខ 106 / BDT – PTT & DB ចុះ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ដោយ គណៈ​ជនជាតិ (Ban Dan Toc) ខេត្ត​ឃ្លាំង “​ស្ដីពី​ការឯកភាព​ក្នុងការ​ប្រើប្រាស់​ពាក្យ “Khmer” នៅក្នុង​លិខិត​រដ្ឋ បាល​នៃ​រដ្ឋបាល​” បាន​បញ្ជាក់ថា​៖ “​គណៈកម្មការ​ជនជាតិ​សូម​ប្រកាស​ដល់​គ្រប់​ស្ថាប័ន និង​អង្គភាព​នៅក្នុង​ខេត្ត​ឲ្យ​បាន​ជ្រាបថា នៅពេល​ធ្វើលិខិត​រដ្ឋបាល​នាពេល​ក្រោយ សូម​ឯកភាព​ប្រើពាក្យ “Khmer” ដើម្បី​សំដៅលើ​ជនជាតិខ្មែរ នៅក្នុង​លិខិត​រដ្ឋបាល​នៃ​រដ្ឋាភិបាល​” ។​

​ធម្មតា​ឈ្មោះ​ជនជាតិខ្មែរ​នៅក្នុង​ភាសា​អង់គ្លេស​គេ​សរសេរថា “Khmer” តែ​ជនជាតិ​យួន​សរសេរ​នៅក្នុង​អក្សរ យួន​ជា ”Kho’me” វិញ ។ នៅក្នុង​ឯកសារ​បុរាណ​របស់​យួន ជនជាតិ​យួន​បាន​ប្រើ​នាមសព្ទ​សម្រាប់​សម្គាល់ ជនជាតិខ្មែរ​ថា “​កាវ​-​ម៉ៀង​” (Cao Miên = 高棉) ឬ “​កាវ​-​ម៉ាង​” (Cao Man) ។ មុន​ឆ្នាំ ១៩៧៥ នៅក្នុង សម័យ​សាធារណរដ្ឋ​វៀតណាម ជនជាតិ​យួន​បាន​ហៅ​ខ្មែរក្រោម​ឈ្មោះ​ជា​ភាសា​យួន​ជាច្រើន​ទៀត ដូចជា Cul, Cur, Việt gốc Miên, Thổ ជាដើម ។​

​កាលពី ៣៦ ឆ្នាំមុន គណៈកម្មាធិការ​លេខាធិកា​រ​មជ្ឈិមបក្ស​នៃ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​យួន ក៏​ធ្លាប់​បានចេញ សេចក្ដីណែនាំ​មួយ លេខ 117-CT/TU ចុះ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ១៩៨១ និង​ក្រោយមក ប្រធាន​គណៈកម្មាធិការ គណៈរដ្ឋមន្ត្រី នៃប្រទេស​វៀតណាម ក៏​បានចេញ​សេចក្ដីណែនាំ​មួយទៀត លេខ 122-CT ចុះ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៨២ ណែនាំ​ឲ្យ​ជនជាតិ​យួន​សរសេរ​ឈ្មោះ​សម្រាប់​ហៅ​ជនជាតិខ្មែរ​ថា “Khơ-me” មិនមែន​សរសរ​ពាក្យ “Khmer” ទេ ។ សេចក្ដីណែនាំ​កាលនោះ រដ្ឋាភិបាល​យួន​បាន​ឲ្យ​ប្រើពាក្យ “Khơ-me” ជំនួស​ពាក្យ người Miên, người Thổ, người Việt gốc Miên, người Khờ-me, người Man, người Mọi ជាដើម ។​

សូមបញ្ជាក់ថា មន្ទីរ​ជាតិ​ខេត្ត​ឃ្លាំង ជា​សាខា​ប្រចាំខេត្ត​ឃ្លាំង​របស់​ស្ថាប័ន​ក្រសួង​ជនជាតិ​របស់​រដ្ឋាភិបាល បក្ស​កុ​ម្មុនិ​ស្ត​យួន ។ ក្រសួង​នេះ​ជា​ស្ថាប័ន​តំណាង​ជនជាតិភាគតិច​ទាំង ៥៣ នៅក្នុង​ប្រទេស​វៀតណាម ក្នុងនោះ មាន​ជនជាតិខ្មែរ ឬ​ខ្មែរក្រោម ផងដែរ ដែល​រដ្ឋាភិបាល​យួន​ចាត់ទុកថាជាជនជាតិភាគតិច​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​ហៅ និង​ទទួលស្គាល់ ខ្មែរក្រោម ថា​ជា​ជនជាតិដើម ៕

………………………

អត្ថបទស្ដីពីខ្មែរក្រោមនៅលើគេហទំព័រ wikipedia

Comments are closed.