បរិច្ចាគលុយជួយកសាងវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីអ្វី?

0 158

ដោយ សារព័ត៌មាន ព្រៃនគរ

តើ​លោក ត្រឹម បេ ជា​នរណា​?៖
​បើ​យោងតាម​គេហទំព័រ​ វេទិកា​ពាណិជ្ជកម្ម  (Diễn Đàn Doanh Nghiệp ) វៀតណាម​បាន​រាយការណ៍​ថា លោក ត្រឹម បេ (Trầm Bê) កើត​ឆ្នាំ ១៩៥៩ ដែលមាន​អត្តសញ្ញាណ​បណ្ណ​លេខ 020620491 ជា​ជន​ជាតិចិន (Dân tộc: Hoa) សញ្ជាតិ​វៀតណាម (Quốc tịch: Việt Nam) កើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ឬ ខេត្ត​ត្រា​វិញ ។ ទោះបី លោក ត្រឹម បេ​បានដាក់ នៅក្នុង​អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម​ថា ជា​ជន​ជាតិចិន​ក៏ដោយ តែ​ពលរដ្ឋ​ខ្មែរក្រោម ទូទៅ​បាន​ស្គាល់​លោក​ថា ជា​ជនជាតិខ្មែរ តាមរយៈ​ការសាងសង់​វត្ត​អារាម​នានា នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ។​

Tranbe

លោក ត្រឹម បេ ដែលមាន​ស្រុកកំណើត នៅ​ភូមិ​បឹង​រ៉ា​យ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) ដែល​បច្ចុប្បន្ន​លោក​មាន​តំណែង និង​ជា​ម្ចាស់​ភាគហ៊ុន​ជាច្រើន មានដូចជា គណៈកម្មការ​មូលធន​ប​ត្រ (SSC) នៃ​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ធនាគារ Sacombank, ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ធនាគារ​ភឿង​ណា​ម (Ngân hàng Phương Nam) ជា​ប្រធាន​គណៈ កម្ម​ការប្រតិបត្តិ​ក្រុមហ៊ុន​មូល​ធនបត្រ​ភឿង​ណា​ម (Công ty chứng khoán Phương Nam) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​ត្រី​វ​អាន (Chủ tịch HĐQT Bệnh viện Triều An) ។​ល​។  ការកាន់កាប់​តំណែង​ជាច្រើន​ដូច្នេះហើយ បានធ្វើ​ឲ្យ​គ្រួសារ​លោក​ក្លាយខ្លួនជា​មហា​គ្រូ​សារ សម្បូរ​ណ៍​ទៅដោយ​ភោគទ្រព្យ​ច្រើន​ស​ន្ធឹ​សន្ធាប់ ហើយក៏​ត្រូវបានគេទទួលស្គាល់ និង​ចាត់ទុកថា លោក​ជា​មហាសេដ្ឋី​ខ្មែរ នៅឯ​ដែនដី​កម្ពុជា​ក្រោម​។​

ចំណាយលុយ​ជួសជុល ឬ​កសាង​វត្ត​… ចង់​ធ្វើ​អ្វី​ក៏បាន​?៖
​ រយៈពេល​ចុងក្រោយ​នេះ កេរ្តិ៍ឈ្មោះ​របស់ លោក ត្រឹម បេ បាន​ល្បី​នៅក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម តាមរយៈ​ការកសាង​ព្រះវិហារ​វត្ត​មួយចំនួន នៅ​ស្រុក​ថ្កូវ ដូចជា វត្ត​ប​ង្រៃ​ចាស់ ជា​វត្ត​នៅ​ស្រុកកំណើត​របស់គាត់​, វត្ត​ដីក្រហម ជា​វត្ត​ព្រះតេជព្រះគុណ ត្រឹង យន់ អ​តី​តៈ​មេគណ​ខេត្ត​ព្រះ​ត្រពាំង​, វត្ត​ផ្នោ​ដូង ជា​វត្ត​ដែលមាន​ព្រះ​ឧបជ្ឈាយ៍​ចាស់ទុំ​ដ៏​មាន​ឥទ្ធិពល និង​បច្ចុប្បន្ន កំពុង​កសាង​ព្រះវិហារ​វត្ត តា​ដេ​វ ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ដែលជា​វត្ត​របស់​ព្រះ​តេជ ព្រះ​គុណ ថាច់ អង ព្រះ​មេគណ​ខេត្ត ព្រះ​ត្រពាំង​បច្ចុប្បន្ន ។​

ផ្ទាំងរូបថតក្រុមគ្រួសារលោក ត្រឹម បេ ដាក់តាំងនៅចំកណ្តាលផ្លូវឡើង ទៅកាន់ព្រះវិហារ វត្តផ្នោដូង
ផ្ទាំងរូបថតក្រុមគ្រួសារលោក ត្រឹម បេ ដាក់តាំងនៅចំកណ្តាលផ្លូវឡើង ទៅកាន់ព្រះវិហារ វត្តផ្នោដូង

​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​បាន​សម្តែង ការមិន​ពេញចិត្ត​ចំពោះ​ការធ្វើ​បុណ្យ​កសាង​វត្ត​អារាម ផ្ដាច់មុខ​របស់គាត់​នៅ​កម្ពុជា​ក្រោម ដោយ​ពួកគេ​ចាត់ទុកថា លោក ត្រឹម បេ ធ្វើបុណ្យ ដើម្បី​មុខមាត់ និង​យក​ព្រះសង្ឃ​ដែលមាន​ឋានៈ​ធំៗ ធ្វើជា​បង្អែក​តែប៉ុណ្ណោះ​។ ព្រោះ លោក ត្រឹម បេ មិនបាន​កសាង​វត្ត​អារាម​ណា ដែល​ក្រីក្រ​គ្មាន​ព្រះវិហារ​ឡើយ ឃើញតែ​កសាង​ព្រះវិហារ​វត្ត​ណា ដែលមាន​ព្រះសង្ឃ​មាន​ឋានៈ​ខ្ពស់ៗ ដូចជា​ព្រះ​មេគណ​ជាដើម ។
​អ្វីដែល​ ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម រិះគន់​ជាខ្លាំង​នោះ គឺ​រាល់​វត្ត​អាម​រាម ដែល​ត្រូវបាន​លោក ត្រឹម បេ ធ្វើការ​ជួសជុល ឬ​កសាងឡើង​ជាថ្មី​នោះ គឺ​សុទ្ធតែ​បានដាក់​រូបថត គំនូរ​រូបចម្លាក់​ក្រុមគ្រួសារ និង​វង្ស​ត្រកូល​របស់គាត់ នៅ​ទីតាំង​សំខាន់ៗ ដូចជា​នៅលើ​ជញ្ជាំង​ព្រះវិហារ ខាងមុខ​ព្រះវិហារ ជុំវិញ​សងខាង​ព្រះវិហារ ជាដើម​។ ប៉ុន្តែ​អ្វីដែល​ហួសចិត្ត​ជាងនេះទៀត​នោះ គឺ​ខ្លោងទ្វារ ដែលជា​ទូទៅ​ខ្លោងទ្វារ គេ​សម្គាល់​តែ​ម្យ៉ាង​គត់ គឺ​សម្រាប់​ដាក់​តែ​ឈ្មោះ​នាម​វត្ត​ប៉ុណ្ណោះ តែ​នៅពេលនេះ ខ្លោង​ទា្វរ​វត្ត​អារាម​មួយចំនួន ដែល​លោក​កសាងឡើង ត្រូវបាន​ជំនួស​ដោយ​ដាក់ឈ្មោះ​ក្រុមគ្រួសារ​លោក ត្រឹម បេ ទៅវិញ​។​
​ ចំណែក​នៅ​វត្ត​ផ្នោ​ដូង ស្រុក​ថ្កូវ​វិញ ព្រះសង្ឃ​បាន​រិះគន់ លោក ត្រឹម បេ ថា​បាន​ឲ្យ​គ្រឿងចក្រ​មក​គោះ និង​រុះរើ​ព្រះវិហារ​បុរាណ​វត្ត​មួយ​នេះ ហើយ​បាន​យក​ដី​ក្នុង​ខឿន ព្រះវិហារ​ចាស់​ទៅ​ចាក់​ធ្វើ​ផ្នូរខ្មោច ឪពុកម្ដាយ​របស់គាត់ តាម​អ្វីមួយ ដែល​គ្រួសារ​មួយ​នេះ​ហៅថា « ដើម្បី​ភាពត្រជាក់ត្រជុំ » ដល់​គ្រួសារ​របស់ ខ្លួន ។ ព្រះសង្ឃ​មានការ​អាក់អន់​ចិត្តនឹង លោក ត្រឹម បេ និង គណៈ កម្ម​ការ​វត្ត​ផ្នោ​ដូង​យ៉ាងខ្លាំង ដោយ​លើកឡើងថា ព្រះវិហារ​ចាស់​នោះ មិន​សម នឹងត្រូវ​បាន លោក ត្រឹម បេ គោះ​ចោល​ឡើយ ព្រោះ​ព្រះវិហារ​ចាស់ នោះបាន​សាងសង់ឡើង ដោយ​ឈើ និង​នៅ​រឹងមាំ នៅឡើយ​។​
​បើទោះជា​មានការ​ត្អួ​ញ ​ត្អែ​រ និង​ប្រតិកម្ម​ជា​សាធារណៈ ពី​សំណាក់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​យ៉ាងនេះ​ក្តី ប៉ុន្តែ​ព្រះចៅអធិការ​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ ព្រោះ​ខ្លាច​ម្ចាស់​ទាន​គេ​អាក់សទ្ធា និង​មិន​ធ្វើបុណ្យ​តទៅទៀត​។​
​សូម្បីតែ​ស្តេច​កសាង​វត្ត ក៏​មិន​ហ៊ាន​ឆ្លាក់​ឈ្មោះ ឬ​ដាក់​រូបថត នៅមុខ​ខ្លោងទ្វារ​៖
​ បន្ទាប់ពី​បណ្តាញសារព័ត៌មាន​នានា បាន​ចុះផ្សាយ​អំពី​បញ្ហា​នេះ​រួចមក ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធសាសនា បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ចាត់ទុកថា ទង្វើរបែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគោរព​ប្រតិបត្តិ​របស់​ពុទ្ធសាសនិក​ជន ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ពីមុនមក ក៏​មិន​ធ្លាប់មាន​ការធ្វើ​ដូច្នេះ​ឡើយ  ហើយ​បញ្ហា​នេះ នឹង​មិនអាច​ទទួលយក​បានទេ​។​

ខ្លោងទ្វារវត្តផ្នោដូង ដែលឆ្លាក់ឈ្មោះលោក ត្រឹម បេ
ខ្លោងទ្វារវត្តផ្នោដូង ដែលឆ្លាក់ឈ្មោះលោក ត្រឹម បេ

​ក្នុង​ការផ្តល់​បទសម្ភាសន៍​ជាមួយ នឹង​កាសែត​ក្នុងស្រុក ព្រះ​តេជគុណ យ៉ា​ញ់ ឡុង (Danh Lung) ជា​ព្រះចៅអធិការ​វត្ត​ចន្ទរង្សី​-​ក្រុង​ព្រៃនគរ និងជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​ព្រះពុទ្ធសាសនា​ វៀតណាម បាន​មាន​ពុទ្ធ​ដិ​កា​ថា​ការដែល​ឆ្លាក់​ឈ្មោះ សម្រាប់​រំ​ឮ​ក​ដល់​គុណ​នៃ​អ្នក​បាន​ចូលរួម​កសាង​វត្ត​អារាម គឺ​គ្មានអ្វី​ចំឡែក​នោះទេ​។ ជាធម្មតា​ឈ្មោះ​អ្នក​កសាង គេ​ច្រើន​សរសេរ​អក្សរ​តូចៗ ហើយ​ដាក់​នៅ​ទីកន្លែង​ណាមួយ ដែល​គេ​មើលទៅ​ឃើញថា សមរម្យ និង​មិន​ប៉ះពាល់​ដល់ទី​សក្ការៈបូជា​។ ការដាក់​តាំង​រូបភាព រូបចម្លាក់ និង​ឈ្មោះ​អ្នក​កសាង នៅ​ពីមុខ​ទីសក្ការៈ​បូជា​គឺ​វា​មើលទៅ​មិន​សម​ហេតុ​សម​ផល​ឡើយ​។ ព្រះពុទ្ធសាសនា​បង្រៀន​ឲ្យ​មនុស្ស​រស់នៅ​ល្អ មិន​បង្រៀន​ឲ្យ​មនុស្ស​មាន​អំនួត​អួតអាង ឬ​មោទនភាព ចំពោះ​អ្វីមួយ​ឡើយ​។
​ព្រះ​តេជគុណ ថាច់ សុខសាន្ត ព្រះចៅអធិការ​វត្ត​អង្គ​រាជ​បូរី ឬ​ហៅថា វត្ត​អង្គ និង​ជា​អនុ​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​ព្រះពុទ្ធសាសនា​វៀតណាម ក៏បាន​មាន​ពុទ្ធ​ដិ​កា​ថា ដោយ​គុណ​អំណាច​នៃ​ការកសាង​សមិទ្ធិផល​នានា បាន​ច្រើន​នៅក្នុង​វត្ត​។ ដូច្នេះ ប្រហែលជា​មានការ​ឯកភាព ពី​គណៈកម្មការ​វត្ត​ហើយ ទើប​ក្រុមគ្រួសារ​លោក ត្រឹម បេ ហ៊ាន​ដាក់តាំង​រូបថត រូបចម្លាក់​នៃ​ក្រុមគ្រួសារ​របស់លោក​។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការធ្វើ​ដូច្នេះ វា​មិន​សម​ភ្នែក​ឡើយ សម្រាប់​ពុទ្ធបរិស័ទ ដែល​ចូលទៅ​គោរព​បូជា ទី​ដែល​ដាក់តាំង​រូបចម្លាក់​នៃ​ក្រុមគ្រួសារ​របស់លោក ត្រឹម បេ​ នោះ​។​

ឈ្មោះក្រុមហ៊ុនមួយចំនួន ដែលលោក ត្រឹម បេ កំពុងកាន់កាប់ នាបច្ចុប្បន្ននេះ
ឈ្មោះក្រុមហ៊ុនមួយចំនួន ដែលលោក ត្រឹម បេ កំពុងកាន់កាប់ នាបច្ចុប្បន្ននេះ

​ចំណែក​ព្រះ​តេជគុណ ធិ​ត ញ៉ឹក​តឺ (Thích Nhật Từ) ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​ព្រះពុទ្ធសាសនា​វៀតណាម និង​អនុប្រធាន​នៃ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​វៀតណាម ប្រចាំ​ទីក្រុង​ព្រៃនគរ  ក៏បាន​មាន​ពុទ្ធ​ដិ​កា​ថា នៅក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ការកសាង​វត្ត​អារាម​មួយៗ គឺ​ពឹង​អាស្រ័យទៅលើ​ពុទ្ធបរិស័ទ ដែលជា​ចំណុះជើងវត្ត​របស់ខ្លួន​។ វត្ត​អារាម​ខ្លះ ម្ចាស់​ទាន​គេ​មាន​សទ្ធា និង​ធនធាន​ច្រើន ដូច្នេះ​គេ​ជួយ​កសាង​វត្ត​ផ្តាច់មុខ​។ រីឯ​វត្ត​ខ្លះទៀត គឺ​ត្រូវ​ការជួយជ្រោមជ្រែង ពី​សំណាក់​ពុទ្ធបរិស័ទ​រាប់ពាន់​គ្រួសារ​។ ដូច្នេះ ប្រការ​ដែលមាន​អ្នកចូលរួម​កសាង​យក​រូបថត​មក​ដាក់តាំង នៅ​ទីសក្ការៈ​សំខាន់ៗ ក្នុង​វត្ត វា​អាចធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​យល់ច្រឡំ​ថា វត្ត​នេះ​ជា​របស់លោក ក ឬ លោក ខ ជាដើម​។ ម្ចាស់​ទាន​គួរតែ​យល់ថា សទ្ធា​ដែល​យើង​ជួយ​កសាង​វត្ត ឬ​ធ្វើបុណ្យ​អ្វី​ក៏ដោយ គឺ​វា​ស្ថិតនៅលើ​ចិត្ត​របស់​យើង មិនមែន​ការដាក់​តាំង​រូបថត​របស់ខ្លួន ដើម្បី​មោទនា​ភាព​ថា យើង​បាន​កសាង​សមិទ្ធិផល​អ្វី​នោះទេ​។ ព្រោះ​វត្ត​អារាម គឺ​ជាទី​គោរពបូជា ជា​សាធារណៈ សម្រាប់​ពុទ្ធបរិស័ទ​ទូទៅ​។
​យល់ស្រប់​ទៅ នឹង​ការបញ្ចេញមតិ​របស់​ព្រះ​តេជគុណ​ខាងលើ​នេះដែរ ប្រវត្តិវិទូ លោក​បណ្ឌិត ង្វ៉ៀ​ង ញ៉ា (Nguyễn Nhã) បាន​មានប្រសាសន៍ថា ព្រះពុទ្ធសាសនា នៅ​ប្រទេស​វៀតណាម រាប់ពាន់​ឆ្នាំ​មកនេះ បើទោះបីជា​ការរួមចំណែក​កសាង​វត្ត​អារាម​ច្រើន​បំផុត​ក្តី ប៉ុន្តែ​ពុំមាន​ពុទ្ធសាសនិកជន​ណា​ហ៊ាន​ដាក់ឈ្មោះ នៅ នឹង​ច្រកចូល​របស់​ខ្លោងទ្វារ ឬ​ព្យួរ​រូបថត ដែលជា​កន្លែង​សំខាន់ៗ ដូច្នេះ​ឡើយ​។ បើទោះបីជា​ខ្លួន​បាន​កសាង​សមិទ្ធិផល នៅក្នុង​វត្ត​ជាច្រើន​ក៏ដោយ គឺ​គេ​គ្រាន់តែ​ដាក់ឈ្មោះ នៅក្នុង​បន្ទះ​តូច​មួយ​ប៉ុណ្ណោះ​។​
​ព្រះ​តេជគុណ លី ហុង ជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​សមាជិក​ក្រុមប្រឹក្សា​មជ្ឈិម​នៃ​ព្រះពុទ្ធសាសនា​វៀតណាម បាន​មាន​ពុទ្ធ​ដិ​កា​ថា បើសិនជា​លោក ត្រឹម បេ ចង់​រំ​ឮ​ក​ដល់​បុព្វការី​ជន​របស់ខ្លួន គឺ​លោក​អាចធ្វើ​ចេ​តី​យ៍ នៅ​ទីកន្លែង​ទីធ្លា​នៃ​បរិវេន​វត្ត ដើម្បី​ធ្វើ​ទីសក្ការៈ​បូជា​ដល់​អ្នកមាន​គុណ​ទាំងនោះ​។ ការធ្វើ​ដូច្នេះ យើង​អាច​ដាក់តាំង​រូបថត ឬ​ឆ្លាក់​អក្សរ​តាម​អ្វីដែល​ចង់បាន គឺ​មិនមាន​ទាស់ខុស​អ្វី​ឡើយ​៕​

Leave A Reply

Your email address will not be published.