ព្រឹទ្ធាចារ្យ ថាច់ សេ មួយជីវិត ដិតដាមនឹងកំណត់ត្រា កម្ពុជាក្រោម
ដោយ លី ឈូន
ព្រឹទ្ធាចារ្យ ថាច់ សេ ជាកុលបុត្រខ្មែរក្រោមមួយរូបដែលស្ទើរតែមួយជីវិតរបស់លោកបានចំណាយពេលចងក្រងកំណត់ត្រាកម្ពុជាក្រោម និងចូលរួមផ្ទាល់ក្នុងសកម្មភាពតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ។

បន្ទាប់ពីរបបកុម្មុយនិស្តុវៀតណាមឡើងកាន់កាប់អំណាចទាំងស្រុងនៅវៀតណាមខាងត្បូងគឺកម្ពុជាក្រោម ក្នុងឆ្នាំ ១៩៧៥ លោកត្រូវបានរបបនេះចាប់ដាក់ពន្ធនាគារអស់រយៈពេល ៥ ឆ្នាំ ។
រីឯកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជាក្រោម មានកម្រាស់ជាង ៥០០ ទំព័រ ដែលលោកបានខិតខំចងក្រង ក៏ត្រូវបានរបបកុម្មុយនិស្តុវៀតណាមកំទេចចោលដែរ។
ក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិក មានលំនឹងក្នុងគ្រួសារបន្តិច លោកបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍នានានៃកម្ពុជាក្រោមហើយបានចងក្រងបោះពុម្ពជាសៀវភៅដាក់ចំណងជើងថាទុក្ខខ្មែរក្រោម ដែលមានកម្រាស់ជាង ៣០០ ទំព័រ។
កំណត់ត្រាកម្ពុជាក្រោមរបស់លោក|មួយភាគធំបាន ជាមូលដ្ឋានសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោមយក ចងក្រងជាឯកសារក្នុងការទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅកម្ពុជាក្រោម។
ព្រឹទ្ធាចារ្យ ថាច់ សេយល់ឃើញថាយុវជនខ្មែរក្រោមគ្រប់រូបគួរ តែចេះដឹងនូវប្រវត្តិរបស់ខ្លួនឲ្យបានច្បាស់លាស់ទើបការតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្មែរក្រោមបានជោគជ័យតាមបំណងប្រាថ្នា ។
រូបរាងស្គម កម្ពស់សមសួន ភ្នែកជ្រៅបន្តិច ច្រមុះស្រួចល្មម សក់សរួញអង្គាដី អង្គុយនៅពីមុខកុំព្យូទ័រ ដៃចុចក្ដាចុច លាន់ ប៉ិកប៉ក់ ៗ មួយ ៗ ពេលខ្លះមានមិត្តភក្កិទៅលេងផ្ទះម្ដង ៗ ស្រែកសួរលោកជួនកាលលោកឆ្លើយតបដោយមិនងាកមើលមុខផង ។ ចំណែកភរិយារបស់លោកវិញ រអ៊ូថាពេលអញ្ជើញលោកពិសាបាយម្ដង ៗ ដូចអូសឬស្សីបញ្ច្រាស់ចុង ទំរាំតែបានលោកក្រោកចេញពីកៅអីកុំព្យូទ័។
ភរិយារបស់លោកថាលោកមិនមែនជាមនុស្សមិនរួសរាយទេ តែដោយសារលោកងុប់ងុលនឹងកំណត់ត្រាកម្ពុជាក្រោម របស់លោក លោកស្ទើរតែមិនចង់ដកភ្នែកចេញពីកញ្ចក់កុំព្យូទ័រឡើយ រាល់ពេលដែលគាត់ទំនេរពីការងារក្រៅផ្ទះ។
បុរសចម្លែកនេះគឺព្រឹទ្ធាចារ្យថាច់ សេដែលលោកហៅខ្លួនលោកថាស្មេរ នៅកម្ពុជាក្រោមគេហៅបុរសវ័យ ៧៥ ឆ្នាំម្នាក់នេះថាជាព្រះសង្ឃបាតុករដ៏ ក្លាហានជាលេខាធិការសង្ឃមួយអង្គដ៏ចំណាននិងជាពិធីករសំបូរវោហា។
ចំណែកអ្នកនៅអាមេរិក ហៅព្រឹទ្ធាចារ្យ ថាច់ សេថា ស្មេរ ឬ ក៏ កវីថាច់ សេវិចិត្ត តាមរយៈកំណត់ត្រាកម្ពុជាក្រោមជាសៀវភៅឈ្មោះ «ទុក្ខខ្មែរក្រោម» និងតាមរយៈបទចម្រៀងមនោសញ្ចេតនាប្រវត្តិកម្ពុជាក្រោម ដូចជាបទ «កំពង់ខ្ទឹងស្ទឹងលោហិត» បទ «វត្តកំពង់អន្លង់ស្នេហ៍កម្ម» និងបទ «ស្វាយទងជ្រលងទឹកភ្នែក» ជាដើមដែលបង្ហូរសូរសៀងដ៏ក្រអួនក្រអៅនៃកញ្ញាទូច ស៊ុននិច និងតារាចម្រៀងលាក់ឈ្មោះ សយ វិវឌ្ឍន៍ ។
លោកថាច់ សេថាប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថ្មី ៗ នេះថា សៀវភៅឈ្មោះ «ទុក្ខខ្មែរក្រោម» ដែលបោះពុម្ពនាឆ្នាំ ១៩៩៧ នៅអាមេរិកនេះ គឺការចងក្រងជាលើកទី ២ របស់លោកទេ ឯលើកទី ១ គឺចងក្រងឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលមានកម្រាស ៥០០ ទំពរ ។
ម្ចាស់វណ្ណកម្ម ទុក្ខខ្មែរក្រោមបន្តថា ក្នុងឆ្នាំ ១៩៧៥ បន្ទាប់ពីរបបកុម្មុយនិស្តុវៀតណាមឡើងកាន់កាប់អំណាចទាំងស្រុងនៅកម្ពុជាក្រោម លោកត្រូវបានរបបនេះចាប់ដាក់ពន្ធនាគារអស់រយៈពេល៥ ឆ្នាំ រីឯកំណត់ត្រាប្រវត្តិកម្ពុជាក្រោម មានកម្រាស់ជាង ៥០០ ទំព័រនេះ ក៏ត្រូវរបបកុម្មុយនិស្តុវៀតណាមកំទេចចោលដែរ។
លោក ថាច់ សេ៖«សៀវភៅហ្នឹងមិនមែនសរសេរតែម្ដងទេ គឺសរសេរពីរដងឯណោះ មួយដងមុនដំបូងមានកាត់តឯកសារ និងរូបភាពពីកាសែតនេះកាសែតនោះអីយកមកដាក់ ។ដល់ពេលតាំងវ៉ាងមានន័យថាត្រូវគេរឹបអូសហ្នឹងគឺសម័យដែលគេចាប់លោកផ្សឹកហ្នឹង មានព្រះតេជព្រះគុណ មេគណថាច់ ង៉ោស ព្រះតេជព្រះគុណ ថាច់ រាជ ព្រះតេជព្រះគុណថាច់ ភោគ និងព្រះតេជព្រះគុណថាច់ វ៉ាយជាដើមដែលជាថ្នាក់មន្ត្រីសង្ឃខេត្តព្រះត្រពាំងហើយបន្ទាប់មកគេបិទទ្វារសាលាគណ នឹងរឹបអូសយកអីវ៉ាន់ ដែលមានទាំងងឯកសាររបស់ខ្ញុំទាំងអស់ហ្នឹងទៅផង»។
ព្រឹទ្ធាចារ្យថាច់ សេ រំឭកថាកម្រងប្រវត្តិកម្ពុជាក្រោមមានកំរាស់ ៥០០ ទំព័រនេះ ក្រៅពីប្រវត្តិតស៊ូរបស់ដូនតាខ្មែរ ភាគច្រើនលោកកត់ត្រាប្រវត្តិតស៊ូរបស់ព្រះសង្ឃនិងជនរួមជាតិខ្មែរក្រោម ងើបឡើងធ្វើបាតុកម្មទាមទារឋានៈជាជនជាតិភាគតិចនៅកម្ពុជាក្រោម ពីរបបវៀតណាមសេរី ដែលធ្វើឡើងតាំងពីឆ្នាំតាំងពីចុងឆ្នាំ ១៩៦៩ ដល់ចុងឆ្នាំ ១៩៧០ នៅតាមខេត្តនានា និងទីក្រុងព្រៃនគរ ដែលវៀតណាមដាក់ឈ្មោះថ្មីថា ហូ ជីមីញ (Ho Chi Minh) |នៃកម្ពុជាក្រោម។
អ្នកនិពន្ធចាស់វស្សា ថាច់ សេ រំឭកបន្ថែមថាទំរាំតែបញ្ចប់បាននូវក្រងប្រវត្តិកម្ពុជាក្រោមមានកំរាស់ ៥០០ ទំព័រនេះ លោកត្រូវចំណាយពេលសន្សំឯកសារអស់ជាច្រើនឆ្នាំ និងមានការជួយជ្រោមជ្រែងពីរៀមច្បង និងមិត្តភក្តិជាច្រើននាក់ទៀតផង។
លោក ថាច់ សេ៖ «រឿងឯកសារសេចក្ដីប្រកាសអីហ្នឹងខ្ញុំសរសេរឡើងចាំដៃអស់ហើយបើភាសាបារាំងបានលោកគ្រូគៀង សូក គាត់ជួយបកប្រែ ហើយបើភាសាអង់គ្លេសនៅខ្ញុំ ចំណែកឯភាសាយួនភាសាខ្មែរអីនឹងយើងចាំទាំងអស់ហ្នឹង ។ ថាទៅអារឿងហ្នឹងមិនពិបាកទេចំពោះខ្ញុំ ខ្ញុំចាំទាំងអស់ហ្នឹង ខ្ញុំធ្វើតែម្នាក់ឯងតើ វាមានរបាយការណ៍ហើយស្រេច ពេលដែលខ្ញុំធ្វើជាលេខាធិការគណៈសង្ឃ គេរាយករណ៍មកខ្ញុំកត់ត្រាទុកទាំងអស់ហ្នឹង ដឹងទាំងអស់រឿងហេតុកើតនៅឯណា អ្នកណាឈ្មោះអីធ្វើអី ដឹងទាំងអស់បានន័យថាគឺជាអ្នកចូលប្រឡូកក្នុងរឿងនឹងតែម្ដង» ។
ស្មេរប៉ិនចងចាំ ថាច់ សេ រៀបរាប់ឲ្យដឹងទៀតថា រយៈពេលជិត ៤០ រស់នៅលើទឹកដីអាមេរិកនេះ ទោះដេក ដើរ អង្គុយ និងកំពុងធ្វើការក្ដី លោកតែងតែរំឭកនូវរឿងរ៉ាវកម្ពុជាក្រោមទុកក្នុងខួរក្បាលរបស់លោកជាប់ជានិច្ច។
ស្មេរខ្មែរក្រោមខ្ញីចាស់រូបនេះ បន្តថា នៅឆ្នាំ ១៩៩៧ លោកសម្រេចចិត្តចងក្រងប្រវត្តិកម្ពុជាក្រោមឡើងវិញ ដោយស្ដារឡើងវិញនូវប្រវត្តិតស៊ូរបស់ខ្មែរក្រោមទាំងពីដើមរៀងមកដល់បច្ចុបន្ន ទាំងការតស៊ូរបស់ខ្មែរក្រោមក្នុងស្រុក និងក្រៅស្រុក ហើយបោះពុម្ពជាសៀវភៅមានមានកម្រាស់ជាង ៣០០ ទំព័រ ដោយដាក់ឈ្មោះថា «ទុក្ខខ្មែរក្រោម» ។
ម្ចាស់កំណត់ត្រា «ទុក្ខខ្មែរក្រោម» បន្ថែមថាលោកចំណាយថវិកាអស់ ៥.០០០ (ប្រាំ ពាន់) ដុល្លាសម្រាប់បោះពុម្ពសៀវភៅចំនួន ២.០០០ (ពីរពាន់) ក្បាល ហើយទោះបីជាមិនបានទទួលមកវិញនូវកម្រៃថវិកាពេញលេញក៏ដោយ ក៏លោកសប្បាយចិត្តដែរ ព្រោះបានផ្សព្វផ្សាយទូលំទូលាយ ដល់ជនរួមជាតិខ្មែរឲ្យដឹងអំពីប្រវត្តិតស៊ូនិងទុក្ខលំបាករបស់ខ្មែរក្រោម ។
ឆ្លៀតឱកាសនេះ ម្ចាស់កំណត់ត្រា «ទុក្ខខ្មែរក្រោម» បានពញ្ញាក់អារម្មណ៍បន្ថែមថា ពេលនេះលោកកំពុងសរសេរបន្ថែមទៀតនូវប្រវត្តិកងពលស្ម័គ្រស្លាប់របស់លោកសឺង ង៉ុកថាញ់ឈ្មោះថាកងពលម៉ាយហ្វកដែលស្ម័គ្រចិត្តទៅជួយកម្ពុជាដេញពួកវៀតកុងឈ្លានពានកម្ពុជា ហើយពួកទាហានខ្មែរក្រោមទាំងនោះជាច្រើននាក់បានបូជាជីវិតក្នុងសមរភូមិ តែគ្មានខ្មែរកម្ពុជាណាមួយនឹកនាដល់ ឡើយ ។
លោក ថាច់ សេ៖ «នៅខូឡឹមបឹស (Columbus) នឹងខ្ញុំលេងកុំព្យូទ័រមុនដំបូងគេបង្អស់ ហើយនៅឆ្នាំ ១៩៩៧ ហើយរឿងរ៉ាវអីខ្ញុំចាំទាំងអស់ហ្នឹង ចំពោះកាសែតអីដែលយើងអានកាលនៅស្រុកនឹង នៅទីណាមានរឿងអីដែលខ្ញុំបានធ្វើដូចជារឿងបាតុកម្មអីហ្នឹងខ្ញុំនៅចាំទាំងអស់ហើយឈ្មោះគណៈកម្មការ ឈ្មោះអ្នកចាត់តាំងកម្មវិធីអ្វី ៗ ខ្ញុំនៅចាំ ។ ព្រោះថាខ្ញុំជាលេខារាល់អង្គរប្រជុំ រាល់សកម្មភាពតស៊ូរបស់ខ្មែរក្រោម ដូច្នេះហើយខ្ញុំចាំរឿងទាំងអស់ដែលកើតឡើងចំពោះខ្មែរក្រោម» ។
លោក ថាច់ សេ កើតនៅ ថ្ងៃសៅរ៍ ខែអាសាធ ឆ្នាំរកា ស័ប្តស័ក ព. ស.២៤៨៩ ត្រូវនិងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ១៩៤៥ នាភូមិចុង មិសថ្មី ឃុំដំបូកបី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មី ត្រាវិញ (Tra Vinh) កម្ពុជាក្រោម ។
ឪពុកឈ្មោះ ថាច់ ឈឹម ម្ដាយឈ្មោះ កៀង ធីថៀក និងមានបងប្អូន ៨ នាក់គឺ (ប្អូនប្រុស ៤នាក់គឺ សេង សឿក សោម សាង និងប្អូនស្រី៣នាក់គឺ ថេ ថួក ថាង) ។
លោក ថាច់ សេ រៀបការជាមួយនឹងលោកស្រី ប៊ុន ថូ ឆ្នាំ ១៩៨៣ និងមានកូន ៣ នាក់ គឺ ឈ្មោះ ចាន់ ថា (ស្រី) កើត ឆ្នាំជូត ១៩៨៤, ចន្ទ តារា (ស្រី) កើតឆ្នាំឆ្លូវ ១៩៨៥ និង វាសនា (ប្រុស) កើតឆ្នាំរោង ១៩៨៨ ។
សព្វថ្ងៃ ព្រឺទ្ធាចារ្យ ថាច់ សេ រស់នៅទីក្រុង កូឡុមប៊ី (Columbus) រដ្ឋអូហៃយោ (Ohio) សហរដ្ឋអាមេរិក ហើយលោកជាប្រធានសភា តំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមូលដ្ឋាននៅអាមេរិក ។
ការសិក្សា៖
- ឆ្នាំ ១៩៥៧ បានរៀនចប់ បឋមសិក្សា ។ ឆ្នាំ១៩៧៣ -១៩៧៥ រៀនចប់មហាវិទ្យាល័យ វ៉ាងហាញ់ នៅក្រុងព្រៃនគរ ។
- ឆ្នាំ ១៩៨៣-១៩៨៥ បានរៀនចប់នៅសហគមន៍វិទ្យាល័យ ហ្វក់ឡែន នៃរដ្ឋអូរេហ្គិន សហរដ្ឋ អាមេរិក Portland Community College of Oregon, the United State of American) ។
- ឆ្នាំ ១៩៥៩ ជាកសិករ ។
ការសាងផ្នួស៖
- ឆ្នាំ ១៩៦២ បួសនេន ។ ឆ្នាំ ១៩៦៦ បួសភិក្ខុនៅ វត្តបទុមឈូកសរ ចុងមិសថ្មី ក្នុងសំណាក់ ព្រះឧបជ្ឍាយ៍ ថាច់ ថាញ់ នៃវត្តលាយលក្ខកងចក្ក (ត្រពាំងវែង) ។ មាននាមបញ្ញត្តិថា ថិរចិត្តោភិក្ខុ ។
សមកម្មភាពតស៊ូនៅក្នុងសង្គមខ្មែរក្រោម៖
- ថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៦៤ អគ្គលេខាធិការសាលាគណ នៃ គណៈពុទ្ធសាសនាថេរវាទ ខេត្តព្រះត្រពាំង ។
- ថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៦៩ សង្ឃាធិការនៃក្បួនបាតុកម្មទាមទារនាទីខ្មែរជាជនជាតិភាគតិច នៅខេត្ត ព្រះត្រពាំង ។
- ថ្ងៃទី១៣ ខែវិច្ឆិកា ១៩៦៩ សមាជិកក្រុមសារព័ត៌មាន នៃគណៈកម្មាធិការកណ្តាលដឹកនាំព្រះ សង្ឃខ្មែរកំណើតនៅយួនខាងត្បូងតស៊ូទាមទារ ដើម្បីរក្សានូវនាទីជាជនជាតិភាគតិច ដឹកនាំ ដោយ ព្រះគ្រូធម្មវិរិយោ គឹម សាង ។
- ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៧០ លេខាធិការគណៈកម្មាធិការ កណ្តាល នៃគណៈពុទ្ធសាសនា ថេរវាទមជ្ឈមណ្ឌល។
- ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧៣ លេខាធិការ នៃគណៈកម្មការសង្គ្រោះជនភៀសខ្លួនខ្មែរ ដោយ សារសង្គ្រាម ។
- ថ្ងៃទី ២២ ខែកញ្ញ ឆ្នាំ ១៩៧៤ អគ្គលេខាធិការគណៈកម្មាធិការ កណ្តាល នៃគណៈពុទ្ធសាសនា ថេរវាទមជ្ឈមណ្ឌល ។
- ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ អគ្គសង្ឃាធិការ នៃក្បួនបាតុកម្មទាមទារឲ្យ អាជ្ញាធរយួនខេត្ត ព្រះត្រពាំង (វិញបិញ) ដោះលែងព្រះសង្ឃខ្មែរជាងពីររយអង្គត្រូវចាប់ផ្សឹក ហើយកំពុងត្រូវឃុំឃាំង នៅក្នុងមន្ទីរកំណែពលខេត្ត ។
ជាប់គុកយួន៖
- ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧៥ ត្រូវយួនកុម្មុយនិស្តចាប់ដាក់គុកនៅខេត្តព្រែកឫស្សី (Can Tho) ។ បានចេញពីគុកវិញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨០ ។
ភៀសខ្លួនចេញពីកម្ពុជាក្រោម៖
- លោកបានភៀសខ្លួនទៅដល់ជំរំជនភៀសខ្លួន នៅប្រទេសថៃថ្ងៃនៅ ទី ០៩ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៨០ ហើយបានទៅតាំងទីលំនៅ នៅសហរដ្ឋអាមេរិក នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ១៩៨២ ។
សកម្មភាពខ្មែរក្រោមនៅក្រៅប្រទេស៖
- ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៨៣ លោកបានធ្វើជាប្រធានសមាគមខ្មែរក្រោម រដ្ឋអូរេហ្គិន សហរដ្ឋអាមេរិក ។
- ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៨៣ ជានិពន្ធនាយកព្រឹត្តិបត្រ សំឡេងខ្មែរក្រោម នៅសហរដ្ឋអាមេរិក និងជាលេខាធិការនៃមហាសន្និបាតសកលខ្មែរកម្ពុជាក្រោម លើកទី ៣ ទី ៤ និង ទី ៥ ។
- ឆ្នាំ ១៩៩៧ បានចងក្រង និងបោះពុម្ពសៀវភៅឯកសារស្ដីអំពីកម្ពុជាក្រោមដែលមានឈ្មោះថា “ទុក្ខខ្មែរក្រោម” ។
- នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០៤ មហាសន្និបាតសកលលើកទី ៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅ នៅទីក្រុង ឃេមឌិន រដ្ឋនីវឈឺស៊ី សហរដ្ឋអាមេរិក ក្នុងគោលបំណង ពិនិត្យ សកម្មភាព កន្លងមក កំណត់បេសកកម្មថ្មី និងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃសហព័ន្ធ លោក ថាច់ សេ ត្រូវបានជាប់ឆ្នោតជាប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងជួរថ្នាក់ដឹក នាំ ជាគណៈកម្មការនាយកសម្រាប់អាណត្តិកាលទី ៣ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៨ ។ ក្នុងអាណត្តិទី ៤ និង ទី ៥ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០១៦ លោកនៅតែត្រូវបានគេបោះឆ្នោត ឲ្យធ្វើជាប្រធានសភា តំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដដែល រហូតមកដល់សព្វថ្ងៃ ។
ទាក់ទិននឹងរឿងរ៉ាវរបស់លោក ថាច់ សេ នេះ ប្រធានសភាព្រឹទ្ធាចារ្យសហព័ន្ធខ្មែរកម្ពុជាក្រោមគឺលោកចៅ រៀបលោកលើកឡើងថា លោកថាច់ សេជាសហស្ថាបនិកបង្កើតឡើងនូវអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយលោកខ្លះខ្នែងណាស់ចំពោះការរៀបចំឯកសារនានាក្នុងបុព្វហេតុទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោកចៅ រៀប បន្ថែមថា លោកថាច់ សេថែមទាំងជាកវីដ៏ពូកែមួយរូបក្នុងការតែងបទចម្រៀងមនោសញ្ចេតនាទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាក្រោមទៀតផង ។
លោកចៅ រៀប៖ «គោលដៅអីបើយើងដាក់ឲ្យធ្វើអ្វី គាត់ធ្វើទាល់តែហើយ ចំណែកបញ្ហាច្បាប់ទម្លាប់ឯកសារអ្វីទាក់ទងនឹងសហព័ន្ធហ្នឹងណា គាត់តែងតែធ្វើដោយហ្មត់ចត់មិនបង់ចោលទេ ។ គេចូលចិត្តរឿងរៀបចំ ឯកសារច្បាប់ទម្លាប់អ្វី ៗ ទាំងអស់ហ្នឹង ហើយក្រៅពីហ្នឹងការនិពន្ធបទចម្រៀងហ្នឹងគាត់ធ្វើបាន ហើយល្អណាស់ រឿងនិពន្ធបទចម្រៀងហ្នឹង គេនិពន្ធឱ្យខ្ញុំបានពីរបទដែរ» ។
ស្រដៀងគ្នានេះដែរបុរសខ្មែរក្រោមវ័យ ៧០ មួយរូប ឈ្មោះ ថាច់ ភឿន រស់នៅទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា លោកជាអ្នកស្រុកជាមួយនឹងលោក ថាច់ សេ ។ លោក ភឿន ថាលោកថាច់ សេក្លាហានណាស់ លោកចូលរួមបាតុកម្មទាមទារឋានៈជនជាតិភាគតិចសម្រាប់ខ្មែរក្រោមទាំងពីធ្វើនៅខេត្តព្រះត្រពាំង រហូតដល់ទីក្រុងព្រៃនគរ ។
បុរសខ្មែរក្រោមវ័យ ៧០ ម្នាក់នេះ បន្ថែមថា លោក ថាច់ សេ មានតួនាទីជាច្រើននៅក្នុងស្ថាប័នសង្ឃខ្មែរកម្ពុជាក្រោម គឺលោកជាលេខាធិការសង្ឃផង និងជាអ្នកសារព័ត៌មានផងក៏មាន ហើយលោក ថាច់ សេមិនដែលបោះចោលបង់ការងារជាប្រយោជន៍ខ្មែរក្រោមនោះទេ។
លោក ថាច់ ភឿន៖ «លោកថាច់ សេនៅចុងមិស គាត់នៅស្រុកជាមួយខ្ញុំ នៅចំណុះជើងវត្តជាមួយគ្នាបើនៅធ្វើការនៅសហព័ន្ធខ្មែរកម្ពុជាក្រោមគាត់នៅខាងសភា» ។ ថាច់ សេ គាត់រៀននៅវត្តកំពង់ជាមួយគ្នា គាត់បួសរហូតទៅនៅទីក្រុងក៏គាត់បួសដែរ ។ ថាច់ សេហ្នឹងគាត់ក្លាហានតើ ហើយរឿងនយោបាយយើងធ្វើជាមួយគ្នាកាលនៅកម្ពុជាក្រោមហ្នឹង គាត់ធ្វើនយោបាយរហូតហ្នឹងគាត់មិនដែលឈប់ទេ» ។
លោកព្រឹទ្ធាចារ្យថាច់ សេ ពោលថា ហេតុដែលលោកខិតខំចងក្រងប្រវត្តិកម្ពុជាក្រោម ព្រោះថាវាឆន្ទៈជួយជំរុញឲ្យការតស៊ូទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនៅកម្ពុជាក្រោម របស់យុវជនកុលបុត្រខ្មែរក្រោមនឹងបានទទួលបានជោគជ័យតាមបំណងប្រាថ្នា ៕