សេចក្ដីប្រកាសព័ត៌មាន អំពី លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានជាប់ឆ្នោតជាប្រធានប្រតិបត្តិថ្មី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន| VOKK
លោក ប្រាក់ សេរីវុធ ជាអនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានគណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមឯកភាគសំឡេង ១០០% បោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពីអតីតប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ត្រូវដកតំណែងតួនាទីជាប្រធានប្រតិបត្តិកាលពីខែមករា ឆ្នាំ ២០១៧ កន្លងមក ។ ការបោះឆ្នោតជ្រើសរើស លោក ប្រាក់ សេរីវុធ ឲ្យធ្វើជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវត្តខ្មែរ សុរិយារង្សី នាទីក្រុងភីឡាដែលផ្សា រដ្ឋផែនស៊ីវេញ៉ា សហរដ្ឋអាមេរិក ។

ខាងក្រោមនេះជាខ្លឹមសារដើមនៃសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម៖
សេចក្ដីប្រកាសព័ត៌មាន
លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានជាប់ឆ្នោតជាប្រធានប្រតិបត្តិថ្មី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ទីក្រុងហ្វីឡាដែលហ្វីយ៉ា រដ្ឋផែនស៊ីលវ៉ានីញ៉ា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ – សហព័ន្ធខ្មែរកម្ពុជា ក្រោមសូមធ្វើសេចក្តីប្រកាសនៅថ្ងៃនេះថា លោក ប្រាក់ សេរីវុឌ្ឍ ដែលជាអនុប្រធាននៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ទទួលបន្ទុកកិច្ចការបរទេស តាំងពីឆ្នាំ ២០០៤ ត្រូវបានគណ:កម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជា ក្រោមបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទក្នុងកិច្ចប្រជុំនៅទីក្រុងហ្វីឡាដែលហ្វីយ៉ា ជាប្រធានប្រតិបត្តិថ្មីចាប់ពី ពេលនេះតទៅ ។ លោក ប្រាក់ សេរីវុឌ្ឍ ត្រូវបានជំនួសលោក ថាច់ ង៉ុក ថាច់ ដែលជាអតីតប្រធានប្រតិបត្តិ ដែលត្រូវបានគណ:កម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបោះឆ្នោតដកចេញកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ដូចមានសេចក្តីប្រកាសសម្រេចទទួលស្គាល់ដោយលោក ថាច់ វៀន អធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម “№ 07/KKF,Ch/17” ចំពោះការដកលោក ថាច់ ង៉ុក ថាច់ ចេញពីប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ ។
លោក ប្រាក់ សេរីវុឌ្ឍ បានទទួលសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រពីសាកល វិទ្យាល័យ Fullerton រដ្ឋកាលីហ្វ័រនីញ៉ានៅឆ្នាំ ១៩៨៨ ។ លោកបានបញ្ចប់ថ្នាក់ហ្វឹកហ្វឺន ផ្នែកដឹកនាំក្រុងឡងប៊ីច វគ្គសិក្សា ២០០១ ។ លោកក៏ធ្លាប់ធ្វើជាជំនួយការឲ លោក Robert K. Dornan ដែលជាតំណាងរាស្ត្រនៃរដ្ឋសភាសហរដ្ឋអាមេរិក ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩៦ ។ ពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៣ លោកជាអនុប្រធាន និងជាប្រធានប្រតិបត្តិ នៃសហគមន៍ខ្មែរ (អង្គការមិនយកកម្រៃ) នៅទីក្រុង ឡងប៊ីច ។ ពីឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៥ លោកជាអ្នកជំនួយការ ឲលោកស្រី Laura Richardson ដែល ជាចៅសង្កាត់មណ្ឌលទី ៦ នៃទីក្រុងឡងប៊ីច ។ ចាប់តាំងតែពី ឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ ក្នុងអំឡុងពេល ដែលលោក ប្រាក់ សេរីវុឌ្ឍ ធ្វើការពេញម៉ោងសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួន លោកក៏បានស្ម័គ្រចិត្តឆ្លៀតបំរើការងារសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ចាប់តាំងពីឆ្នាំ ២០០៥ មក លោក ប្រាក់ សេរីវុឌ្ឍ ក៏សម្រេចចិត្ត បោះបង់ចោលការងារមានប្រាក់ខែនៅសាលាក្រុងឡងប៊ីច ដើម្បីបន្តសេចក្តីស្រមៃនិងក្តីអាណិតអាសូរចំពោះ ខ្មែរក្រោម ដោយស្ម័គ្រចិត្តចូលបម្រើការងារពេញម៉ោងឲសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឋាន:ជាអនុប្រធានប្រតិបត្តិ ។
ដោយយោងទៅលើបទពិសោធន៍ផ្នែកដឹកនាំ និងប្រវត្តិរូបដ៏ទូលំទូលាយផ្នែកនយោបាយពិភពលោក និងអំពីសិទ្ធិមនុស្ស លោក ប្រាក់ សេរីវុឌ្ឍ នឹងអាចជួយដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមប្រកបដោយប្រសិទ្ធ ភាពក្នុងការទាមទារសិទ្ធិសេរីភាពសម្រាប់ខ្មែរក្រោម នៅកម្ពុជាក្រោមដែលមិនសូវមានអ្នកដឹងឮច្រើនលើ ឆាកអន្តរជាតិ ។
ទាក់ទងអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ថាច់ សាមី (២៥៣) ២២៨ ៥៣៧៣ (ភាសាអង់គ្លេស)
ព្រះតេជព្រះគុណ ត្រឹង ថាច់យុង ) ៤០៨) ៣៨៦ ៩៣១៩ (ភាសាខ្មែរ)
លោក ត្រឹង សារុង (+៣៩) ៣៤២ ២២៨៤ (ភាសាខ្មែរ)
………………………………………………………….
Comments are closed.