ទូត​ខ្មែរ​ នៅ​វៀតណាម​ រុញ​ការទទួលខុសត្រូវ​ដាក់គ្នា​ ករណី​អាជ្ញាធរ​យួន​ដកហូត​លិខិតឆ្លងដែន​ព្រះសង្ឃ​ដើមកំណើត​ខ្មែរក្រោម​

0 333

ដោយ ស៊ឺន ចែងចើន

ពី​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ នៅ​វេលា​ម៉ោង​ ៦ និង​ ៣០​ នាទី​រសៀល​ ថ្ងៃទី​ ១១​ កម្ភៈ​នេះ​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ហូ​ ជី​ម៉ិញ​ (ព្រៃនគរ​) បាន​ណែនាំ​ឲ្យ​ព្រះតេជព្រះគុណ​ សឺន​ ទី​ ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ នៅទី​​ក្រុង​ហាណូយ​ នៃ​ប្រទេស​វៀតណាម​ សុំ​រក​កិច្ច​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម​ ដើម្បី​ប្រគល់​លិខិតឆ្លងដែន​ជូន​ព្រះអង្គ​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ ដកហូត​ កាលពី​ថ្ងៃទី​ ២ កុម្ភៈ​ មក​ ។

ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ។ រូបៈ Internet
ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ។ រូបៈ Internet

ការធ្វើអន្តរាគមន៍​ ពី​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ធ្វើឡើង​ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​ ម្សិលមិញ​នេះ​ បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ស្ថានទូត​វៀតណាម​ ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ (OHCHR​) អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ (Human​ Rights​ Watch​) និង​ដាក់​ទៅកាន់​បណ្តា​ស្ថានទូត​មួយចំនួន​ទៀត​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ តែ​ត្រូវ​បាន​ដកហូត​ដោយ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​ ។

ព្រះតេជព្រះគុណ​ សឺន​ ទី​ ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ពី​វត្ត​ចតុ​មុខា​រតនារាម​ ពាម​បួន​ (កូន​ក្អែក​) ដែល​ជាវ​ត្ត​កំណើត​របស់​ព្រះអង្គ​កំពុង​គង់នៅ​ជា​បណ្តោះអាសន្ន​ថា​ នៅ​រសៀល​ថ្ងៃទី​ ១១​ កុម្ភៈ​ ថា​ ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​ បាន​ទាក់ទង​មក​ព្រះអង្គ​ដោយ​ផ្ទាល់​ ដើម្បី​សួរនាំ​អំពី​មូលហេតុ​ នៃ​ការ​ដកហូត​លិខិតឆ្លងដែន​ ពី​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង​ ។ ព្រះតេជព្រះគុណ​ សឺន​ ទី​ បន្ត​ថា​ ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ព្រៃនគរ​ បាន​ណែនាំ​ឲ្យ​ព្រះអង្គ​សរសេរ​លិខិតស្នើ​សុំ​ធ្វើអន្តរាគមន៍​ដោយ​ផ្ទាល់ខ្លួន​ព្រះអង្គ​ ហើយ​ផ្ញើ​ទៅ​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ ។

គួរ​ជម្រាប​ជូន​ថា​ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​និមន្ត​ទៅ​ស្រុកកំណើត​របស់​ព្រះអង្គ​ ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ​ នៅ​ខេត្ត​ឃ្លាំង​ ទឹកដី​កម្ពុជាក្រោម​ កាលពី​ថ្ងៃទី​ ២៤​ មករា​ ។ លុះដល់​ថ្ងៃទី​ ២ ខែកុម្ភៈ​ ព្រះអង្គ​ក៏​ត្រូវ​អាជ្ញាធរ​យួន​នៃ​ខេត្ត​ឃ្លាំង​ កោះហៅ​ទៅ​សួរចម្លើយ​ ជុំវិញ​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ចែកចាយ​ព័ត៌មាន​ ស្តី​ពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដោយ​អាជ្ញាធរ​វៀតណាម​ ចាត់ទុកថា​ ជា​ករណី​ខុសច្បាប់​ នៅក្នុង​ប្រទេស​របស់​ខ្លួន​ ។ ក្រោយ​ចំណាយពេល​មួយ​ល្ងាច​ពេញ​ ដើម្បី​សួរនាំ​ករណី​ពាក់ព័ន្ធ​រួចមក​ ព្រះអង្គ​ត្រូវ​បា​នន​គបាល​ដកហូត​លិខិតឆ្លងដែន​ និង​ថែមទាំង​មាន​លក្ខ័​ណ្ឌ​ផេ្សង​ៗ ដែល​ជា​ការ​បង្គាប់​ និង​បង្ខំឲ្យ​ព្រះ​អនុវត្ត​តាម​ ។ ដោយ​យល់ថា​ ព្រះអង្គ​ជា​ប្រជា​ពល​រដ្ឌ​ខ្មែរ​ និង​កាន់​លិខិតឆ្លងដែន​ ដែល​ចេញ​ដោយ​សមត្ថកិច្ច​កម្ពុជា​ ពោល​គឺ​ព្រះអង្គ​ជា​ជនបរទេស​ មិនមែន​ជា​ជនជាតិ​វៀតណាម​ ទេ​ ។ ដូច្នេះ​ ព្រះអង្គ​មិនបាន​អនុវត្ត​តាម​ ជាហេតុ​នាំ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ នៅតែ​បន្ត​រក្សាទុក​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ រហូតមកដល់​បច្ចុប្បន្ន​ ។

ក្រោយពី​ករណីនេះ​ កើត​ឡើង​ភ្លាម​ៗ ព្រះតេជព្រះគុណ​ សឺន​ ទី​ ក៏បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ព្រៃនគរ​ និង​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ ដែរ​ ។ ប៉ុន្តែ​ មិន​ទទួល​បាន​លទ្ធផល​ឡើយ​ ដោយសារតែ​លេខទូរស័ព្ទ​ និង​អ៊ីមែល​ ដាក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ស្ថាន​ទូក​ ហៅ​មិន​ចូល​ និង​សរសេរ​អ៊ី​ម៉ែ​លផ្ញើ​ទៅ​ តែ​គ្មាន​ការ​លើក​ឆ្លើយតប​ ។ ដោយ​អស់​លទ្ធភាព​ ទើប​ព្រះអង្គ​ ​សុំរក​​កិច្ច​អន្តរាគមន៍​ ពី​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​ ។

ជា​រឿយ​ៗ ព្រះសង្ឃ​ និង​ពលរដ្ឋខ្មែរ​ក្រោម​ តែងតែ​ត្រូវ​អាជ្ញាធរ​នៃ​អាណានិគម​យួន​ កោះហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ ដោយ​ចោទ​ពី​បទ​ប្រឆាំង​ នឹង​រដ្ឋាភិបាល​ ឬមាន​ទំនាក់ទំនង​ នឹង​ខ្មែរក្រោម​ នៅ​ក្រៅប្រទេស​ ៕

Leave A Reply

Your email address will not be published.