សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បើក​កិច្ច ប្រជុំ​ដំណាច់ឆ្នាំ​នៅ​ខែធ្នូ នៅ​រដ្ឋ Washington

301

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៥ នៅខែធ្នូ ខាងមុខនេះ នៅរដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកពិភាក្សាអំពី សមិទ្ធផលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមួយឆ្នាំកន្លងមក និងឡើងគម្រោងសម្រាប់បេសកម្ម ឆ្នាំថ្មី ។ នេះបើយោងតាមលិខិតជូនដំណឹងមួយចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ ដោយ លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។

យោងតាមលិខិតនេះបានបញ្ជាក់ថា៖ ” យើងខ្ញុំមានសេចក្តីសោមនស្សសូមនិមន្ត និងអញ្ជើញលោក លោក ស្រីជាគណៈ កម្មការនាយក, តំណាងទទួលខុសត្រូវគ្រប់ស្ថាប័ននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ប្រធានទ្វីប, ប្រទេស, រដ្ឋ និង ស្រុកជុំវិញ ពិភពលោក សូមនិមន្ត និងអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែធ្នូ ឆ្នាំ ២0១៥ នៅទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ។

សន្និបាតនឹងត្រូវទំនុងបំរុង និងរៀបចំដោយសមាជិក សមាជិកា និងអ្នកគាំទ្រសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំរដ្ឋ Washington ។

កិច្ចប្រជុំប្រចាំឆ្នាំ ជាឱកាសដែលតំណាងនីមួយៗបានពិគ្រោះផ្តល់យោបល់លើចំណុចសំខាន់ៗ ដូចជា គោលនយោបាយ “ដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម” យោងតាមសេចក្ដីប្រកាសជាសកលស្ដីពី សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ក្រៅពីនេះ គណៈកម្មការនាយក, តំណាងទទួលខុសត្រូវគ្រប់ស្ថាប័ននៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ប្រធានទ្វីប, ប្រទេស, រដ្ឋ និងស្រុកជុំវិញពិភពលោក នឹងឡើងធ្វើសេចក្ដីរាយការណ៍ដល់អង្គប្រជុំអំពីសមិទ្ធិផល ដែលខ្លួនបាន ធ្វើក្នុង មួយឆ្នាំកន្លងទៅ នេះ និងចេញផែនការថ្មីសម្រាប់អនុវត្តក្នុងឆ្នាំថ្មី ផងដែរ ។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីគម្រោងការរៀបចំមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមដែល នឹងប្រព្រឹត្ត ទៅនៅក្នុងខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការ នាយក សហព័ន្ធខ្មែរកម្ពុជា ក្រោម សម្រាប់អាណត្តិកាល ទី ៦ ពីឆ្នាំ ២០១៦ ដល់ ២០២០ ។

កម្មវិធីពិស្តារនឹងជម្រាបជូននាពេលក្រោយ មុនពេលសន្និបាត ។

អាស្រ័យហេតុនេះ សូមព្រះតេជព្រះគុណ លោក លោកស្រី យុវជន យុវតី មេត្តាទាក់ទងមក៖

១. លោក តាំង ឡាត ទូរស័ព្ទ៖ ២៥៣ ២៧១ ១៤៩៣
២. លោក ថាច់ សាមី ទូរស័ព្ទ៖ ២៥៣ ២២៨ ៥៣៧៨

Comments are closed.