សភាអ៊ឺរ៉ុបនឹងលើកយកបញ្ហាខ្មែរក្រោម ទៅពិភាក្សា

0 132

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​អ៊ឺរ៉ុប ដែលមាន​សមាជិក មកពី​ប្រ ទេស​បារាំង ហូ​ឡង់ អាល្លឺម៉ង់ បែ​ល​ហ្ស៊ី​ក អ៊ីតាលី កាណាដា និង​ប្រទេស​កម្ពុជា បានធ្វើ​បាតុកម្ម​នៅមុខ ការិយាល័យ​សភា​អ៊ឺរ៉ុប នាទី​ក្រុង​ព្រូ​សែ​ល ប្រទេស បែ​ល​ហ្ស៊ី​ក ដើម្បី​ជម្រុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​វៀតណាម និង​ទាមទារ​ឲ្យ​វៀតណាម​ដោះ លែង ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ដែល​អាជ្ញាធរ​វៀតណាម​ទើបតែ​ប្រកាស សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់ ពន្ធនាគារ ពី ១០ ខែ​ទៅ ៦ ឆ្នាំ កាលពី​ខែកញ្ញា កន្លងទៅនេះ ។ បាតុកម្ម​នេះ មានការ​ចូលរួម​ពី​ព្រះសង្ឃ និង​គ្រហស្ថ​ប្រមាណ ជា ១៥០ រូប ក្នុងនោះ មាន​មន្ត្រី​អង្គការ UNPO ផងដែរ ។​

ខ្មែរក្រោមធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ ។
ខ្មែរក្រោមធ្វើបាតុកម្មនៅមុខសភាអ៊ឺរ៉ុប ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ ។

លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា មន្ត្រីសភា​អ៊ឺរ៉ុប​បាន​សន្យា ជាមួយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា គេ​នឹង​យក​បញ្ហា​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​នេះ ទៅ​ពិភាក្សា​ជាមួយ ថ្នាក់ លើ​ដើម្បី រក​វិធី​ជួយ​ដល់​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម ចាប់​ដាក់គុក នាពេល កន្លងមក ។​

​លោក ថាច់ វៀន បាន​ថ្លែងថា​៖

“​បាទ ! គាត់​សន្យាថា នឹង​យក​រឿង​យើង​ហ្នឹង ទៅពិនិត្យ​ជូនទៅ​ចោ​ហ្វា​យ​នាយ​ធំ​របស់គាត់ ។ គាត់​នឹង ជួយ ពិនិត្យ ដោះស្រាយ សាកល្បង​ដោះស្រាយ​បញ្ហា​យើង​ហ្នឹង ។ បាទ ! រឿង​នយោបាយ គេ​សន្យា តែ​លទ្ធផល យើង​ដឹង​ទាំងអស់គ្នា​ហើយ ។ រឿង​នយោបាយ​មិនមែន​ដូច​ម៉ែ​ទៅ ផ្សារ​មកវិញ​យួរ ម៉ក​ន្ត្រ​ក ទេ ។ អាហ្នឹង តាម កាលៈទេសៈ​ទៅទៀត​” ។​

លោក ថាច់ វៀន បាន​បន្តទៀតថា លោក​នៅ​មិនទាន់​ដឹងថា ពេលណា​ទើប​សភា​អ៊ឺរ៉ុប​អាចជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​វៀតណាម ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នោះទេ តែ​លោក​បាន​បញ្ជាក់ថា សភា​អ៊ឺរ៉ុប មាន​ឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​រដ្ឋា​ភិ បាល បក្សកុម្មុយនិស្ត​វៀតណាម ដោយ​កាលពី​ឆ្នាំ ២០០៨ ព្រះសង្ឃ ៥ អង្គ​នៅ​ខេត្ត​ឃ្លាំង ត្រូវបាន​រដ្ឋាភិបាល វៀតណាម​ដោះ លែង ចេញពី​គុក ក៏​អាស្រ័យ​មាន​អន្តរាគមន៍​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​សភា​អ៊ឺរ៉ុប​នេះ ដែរ ។​

​លោក ថាច់ វៀន បាន​ថ្លែងថា​៖

“​រឿង​យើង​មក​ទីនេះ មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង ពី​ឆ្នាំ ២០០៨ ដែល​ព្រះសង្ឃ [​ខ្មែរក្រោម​] យើង ៥ អង្គ ជាប់ [​គុក​] ពី​រឿង​បាតុកម្ម ២០០៧ នៅ​ខេត្ត​ឃ្លាំង​ហ្នឹង គឺមាន ៥ អង្គ​ជាប់គុក​ហ្នឹង ……​លោក​បាន​រួច​ពី ពន្ធនាគារ ហ្នឹង គឺ​ដោយសារ​អន្តរាគមន៍​របស់​សហ​ព័ន្ធ [​ខ្មែរ​កម្ពុជា​ក្រោម​] នៅ​សភា​អ៊ឺរ៉ុប​ហ្នឹង​” ។​

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​ក្រុមបាតុករ​ថា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នឹង ខិតខំ​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ដែលមាន​បញ្ហា​មកពី ការរំលោភ​សិទ្ធិមនុស្ស​ពី សំណាក់ រដ្ឋា ភិ​បាល​វៀតណាម​នៅ​កម្ពុជា​ក្រោម និង​នៅ​ប្រទេស​កម្ពុជា ឲ្យ​បាន មក​តាំង​ទីលំនៅៗ​ទី ៣ ដូចដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ធ្លាប់បាន​ជួយ​ដល់​ព្រះសង្ឃ​មុនៗ​ដែរ ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

“​យើង​នឹង​បន្ត​ការដោះស្រាយ ដល់​ព្រះសង្ឃ ដល់​បងប្អូន​ខ្មែរក្រោម​ដែលមាន​បញ្ហា នៅ​ស្រុក​មិនបាន និង​នៅ ប្រទេស​កម្ពុជា​មិនបាន ដើម្បី​សម្រួល​ឲ្យ​ពួកគាត់ ឲ្យ [​ព្រះសង្ឃ​] គ្រប់​អង្គ​ទាំងនោះ មាន​សិទ្ធិសេរីភាព ដូចជា​ព្រះ តេជ​ព្រះ​គុណ ដូចជា​បងប្អូន​យើង ដែល​បាន​ដោះស្រាយ ជា​បន្តបន្ទាប់​គ្នា​មក​រស់នៅ​ក្នុងប្រទេស អ៊ឺរ៉ុប ក៏ដូចជា​ប្រ ទេស​អាមេរិកកាំង កាណាដា និង​អូស្ត្រាលី​” ។​

​លោកស្រី រស់​ចន្ទ សេ​ដា​តា (Roshane Saidattar) ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង បាន​ថ្លែងប្រាប់​អ្នក យក​ព័ត៌មាន​វិទ្យុ សំឡេង កម្ពុជា​ក្រោម នៅ​កន្លែង​ធ្វើបាតុកម្ម​ថា លោកស្រី​មក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ ខ្មែរក្រោម ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាប់​ដាក់ពន្ធនាគារ ។​

​លោកស្រី​បាន​បន្តទៀតថា រដ្ឋាភិបាល​វៀតណាម​បាន​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ ហើយ​ថែមទាំង​ជិះ ជាន់ ធ្វើបាប​ព្រះសង្ឃ​ខ្មែរក្រោម ជា​ម្ចាស់​ស្រុក​ថែមទៀត ។​

​លោក រស់​ចន្ទ សេ​ដា​តា បាន​និយាយថា​៖

“…​ខ្ញុំ​មក​ថ្ងៃនេះ គឺ​ដើម្បី​ចូលរួម​បាតុកម្ម​ឲ្យ​រដ្ឋាភិបាល​ប្រទេស​យួន ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ប្រជា ពលរដ្ឋ ដែល​រដ្ឋាភិបាល​វៀតណាម បាន​យកទៅដាក់​ពន្ធនាគារ​ដែ​ល​មាន ៦ រូបនោះ ពី ព្រោះ​យើង​ជា​ខ្មែរ ទាំងអស់គ្នា យើង​រស់​នៅលើ​ទឹកដី​ខ្មែរ ដែល​វៀតណាម​បាន​ឈ្លា​ន ពាន​មក លើ ទឹកដី​ខ្មែរ ។ យក​ទឹក ដី​ខ្មែរ ហើយ ៗ​មក​គាប សង្កត់ លើ​ប្រជារាស្ត្រ​ខ្មែរ​ទៀត ។ យើងខ្ញុំ ជា​ខ្មែរ ទាំងអស់គ្នា មានការ​ឈឺចាប់ ពីព្រោះ មិន​ចង់​ឲ្យ​ពួក​សាសន៍ ដទៃ​មក​ធ្វើបាប ជាតិ​សាសន៍ យើង ដូច្នេះ​បានឡើយ​ទេ ។ ជាពិសេស គឺ​សម័យ ឥឡូវ​មាន​សិទ្ធិ មនុស្ស​ដែល គេ​ការពារ [​មនុស្ស​] ទាំង​ពិភពលោក ប្រជារាស្ត្រ​ទាំងអស់គ្នា​គេ រស់នៅ​មាន សេរីភាព រឿង​អ៊ី​ខ្មែរ​មិនមាន សិទ្ធិ​សេរី ភាព​រស់នៅ​ដូច​គេ​ដូច​ឯង ដោយសារតែ​មានការ​ស​ង្ក​ត់​នៅ ប្រទេស មួយ ដែល​ចង់បាន លោភលន់ វាតទី​យក​ប្រទេស​ខ្មែរ ធ្វើជា​ប្រទេស​ខ្លួនឯង ។ ហើយ​មិន​ត្រឹម តែ​ប៉​ណ្ណឹ​ង​ទេ គេច​ង់ បំបាត់ ពូជសាសន៍​ខ្មែរ យើង​ទៀត ។ ដូច្នេះ យើងទាំងអស់គ្នា​មិន​ឲ្យ ជាដាច់ខាត ….” ។​

ព្រះតេជព្រះគុណ ទ្រី​វ សុ​ណាវ និមន្ត​មកពី​ប្រទេស​បារាំង មាន​ស្រុកកំណើត​នៅ​ស្រុក​ជ្រោ​យញរ ខេត្ត ឃ្លាំង បាន​ថ្លែងថា ព្រះអង្គ​មានជំនឿថា សភា​អ៊ឺរ៉ុប​នឹង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​មាន​សេរី ភាព វិញ​ជាមិនខាន ។​

“​ពរ ! អាត្មា​សង្ឃឹម​មុះ​មុត ពីព្រោះ​សភា​អ៊ឺរ៉ុប​នេះ គេ​បានមក​ទទួល​ញត្តិ​នៅ​កន្លែង​បាតុកម្ម​នៅក្នុង​ទី​មុខ សហគមន៍ [​សភា​] អ៊ឺរ៉ុប​នេះ ។ គេ​ប្ដេជ្ញា​ជម្រុញ​ឲ្យ​វៀតណាម​ហ្នឹង​ដោះលែង​ព្រះសង្ឃ​ជាមិនខាន​” ។​

ព្រះតេជព្រះគុណ លឹម សិរ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ដែល​បាន​និមន្ត​ចូលរួម​ធ្វើបាតុកម្ម ដែរនោះ បាន​ថ្លែងថា ព្រះអង្គ មានការ​ឈឺចាប់​ព្រោះ​បានឃើញ​ព្រះសង្ឃ​ខ្មែរក្រោម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ធ្វើទុក្ខបុកម្នេញ ។ ព្រះ​តេជ ព្រះ​គុណ លឹម សិរ បាន​បន្តទៀត ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នឹងត្រូវ​បាន រដ្ឋាភិបាល​វៀត ណា​ម​ដោះលែង​ជា មិន​ខាន ដរាបណា ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ធ្វើការ​តស៊ូ ជារឿយៗ ។​

“​ទោះបី យើង​មិន​សង្ឃឹម ក៏​យើង​ត្រូវតែ​សង្ឃឹម​ដែរ ពីព្រោះ ឲ្យ​តែ​យើង​ព្យាយាម នាំគ្នា​ធ្វើបាតុកម្ម ជា​ហូរហែរ ទៅ យូរ និង ឆាប់​គង់​អង្គការសហប្រជាជាតិ គេ​នឹង​គាំទ្រ​យើង ហើយ​គេ​នឹង​ជួយ​យើង ជាក់​ជា មិន​ខាន ។ ឲ្យ​តែ​យើង​ព្យាយាម ឲ្យ​តែ​យើង​បានធ្វើ កុំ​តែ​យើង​អត់​ធ្វើ ឲ្យ​យើង​ធ្វើ​ញយៗ គង់តែ​បាន​” ។​

​កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់ ទោស​ព្រះសង្ឃ ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ បង្ក​ឲ្យ​មាន ការខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស ដើម្បី​ប្រឆាំង រដ្ឋាភិបាល​វៀត ណា​ម ។​

អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ នៅក្នុងតុលាបក្សកុម្មុយនិស្តវៀតណាម ខេត្តឃ្លាំង នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

ករណី​ទាំងនេះ​គឺ នៅ​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវ បាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀត ណា​ម ។​

ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong A ) ឃុំ វិញ​ត្រាច់ ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម សម្រេច ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột) ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ​
៤.​លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La) ១០ ខែ​

ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ ទៅ​ក្រៅប្រទេស មុន ពេល វៀតណាម​ចាប់ខ្លួន ។​

​យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រ កាន់​ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការ សម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញ ទៅ​ក្រៅ ប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀត ណា​ម​” ។​

​សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត សេរី​តា សេក​ឲ្យ ជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។ អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ៕​

Leave A Reply

Your email address will not be published.