សង្ខេប​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ២០២១ អំពី​ករណី​ឃាតកម្ម មកលើពលរដ្ឋខ្មែរក្រោម

0 184

ដោយ ស៊ឺន ចែងចើន

នៅក្នុងឆ្នាំ​ ​២​០​២​១​ ​​មាន​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ត្រូវ​បាន​ជនជាតិ​យួន​វាយសម្លាប់​ ​ដោយសារតែ​រង​ការរើសអើង​ជាតិសាសន៍​ ​និង​ករណី​វាយ​ធ្វើ​ទារុណកម្ម​ក្នុង​ពេល​កំពុង​ជាប់ឃុំ​នៅ​ពន្ធ​នាគា​រ​ ​រួម​ទាំង​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ ​នៅ​ប្រទេស​កម្ពុជា​ ​តែ​សមត្ថកិច្ច​កម្ពុជា​ ​នៅមិនទាន់​រក​ឃើញ​ជនដៃដល់ ដែលជា​ម​ន្រ្តី​នគរបាល​ ​នៅឡើយ ​។​ ​ តើករណីឃាតកម្មលើពលរដ្ឋខ្មែរក្រោម បានកើតឡើង ដោយរបៀបណា? លោក ស៊ឺន ចែងចើន ធ្វើសេចក្តីសង្ខេប អំពីរឿងរ៉ាវទាំងអស់នេះ ដូចតទៅ ៖        

សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរក្រោម​ ​កាលពី​ឆ្នាំ​ ​២​០​២​០​ ​ដោយ​ម​ន្រ្តី​នគរបាល​ ​មកដល់​ត្រឹម​ចុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​អស់​រយៈពេល​ ​១​ ​ឆ្នាំ​ ​៣​ ​ខែ​ហើយ​ ​ដែល​សមត្ថកិច្ច​កម្ពុជា​ ​នៅតែ​មិនទាន់​ចាប់​ឃាត​ក​ ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ​ដើម្បី​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះនៅ​ឡើយ​ ​។​

ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​ត្រូវ​បាន​មន្រ្តី​នគរបាល​ជា​អ្នកជិតខាង​បាញ់សម្លាប់​ ហាក់​នៅ​ឆ្ងាយ​នៅឡើយ បើ​ទោះជា​ឃាតក​ត្រូវ​បាន​គេ​ស្គាល់​មុខមាត់ ​និង​អត្តសញ្ញាណ ជាច្រើន​រួចហើយ​ក្តី ។

គួរ​រម្លឹក​ថា ពលរដ្ឋខ្មែរ​ក្រោម លោក សុខ សុធន ហៅ កេន អាយុ ៣៤ មុខរបរ​ជាជាង​កាត់សក់ ត្រូវ​បាន​ជន​ដៃដល់​ដែល​ជា​មន្រ្តី​នគរបាល​បាញ់ ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លាប់ភ្លាម​ៗ នៅ​ហ្នឹង​កន្លែង វេលា​ម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុង​សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​ការ​បាញ់ប្រហារ​នោះ ជន​ដៃដល់​បានឡើងជិះ​ម៉ូតូ​ គេចខ្លួន​បាត់ស្រមោល​រហូតដល់​សព្វថ្ងៃ ។

ជន​ដៃដល់​ត្រូវ​បាន​គេ​ដឹង​ថា ​មានឈ្មោះ លី ថា​រិយ ។ ក្រោយ​ការ​បាញ់ប្រហារ​រួច រូបថត​ជន​ដៃដល់​ ដែល​មាន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​នគរបាល​ជាតិ និង​មាន​ឋានន្តរ​ជា​អនុសេនីយ៍ទោ ឬសក្តិ ២ ត្រូវ​បាន​លាតត្រដាង ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ។

លោក សុខ សុធន ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​ មាន​ឪពុក​ម្តាយ​ជាខ្មែរ​មក​ពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ប៉ុន្តែ​លោក​មានកំណើត​កើតជា​ នៅក្នុង​ប្រទេស​កម្ពុជា ។

លោក​មានមុខ​របរ​ជាជាង​កាត់សក់​ និង​បាន​ជួលផ្ទះ​គេ​បើកហាង​កាត់សក់​មួយ​កន្លែង នៅ​ក្នុងខណ្ឌ​ទូល​គោក ហើយ​លោក​ត្រូវ​បាន​ជនល្មើស​បាញ់សម្លាប់​ នៅ​ខាងមុខ​ហាងកាត់សក់​របស់លោក​តែម្តង ។

ជុំវិញ​ករណី​ឃាតកម្ម​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ធ្លាប់បានថ្លែងប្រាប់​សារព័ត៌មាន​ព្រៃនគរ​ កាលពី​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ថា សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ជនល្មើស​បាន​នៅឡើយ ។ ជន​ដៃដល់ ​គឺជា​មន្រ្តី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ហើយ​ជន​ដៃដល់​ក៏​ត្រូវ​បានបណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាល​ជាតិ​ផង​ដែរ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ឆាយ គឹម​ខឿន ។

ចំណែក​អ្នកនាំពាក្យ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បញ្ជាក់​បន្ថែម​ នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ថា ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុងតែ​រក​ឃាតក​នៅឡើយ ។ លោក​អះអាង​ថា ក្រុម​ជំនាញ​មិនដែល​បោះបង់​ករណី​ឃាតកម្ម​នេះ ​ចោល​នោះ​ទេ ។

គួរ​បញ្ជាក់​ថា លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​នៅ​កម្ពុជា កាលពី ខែតុលា ឆ្នាំ ២០២០ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដៃដល់ ដែល​បាន​បាញ់សម្លាប់​លោក សុខ សុធន មក​ផ្តន្ទា​ទោស​ទៅតាមច្បាប់ ។

ជនរងគ្រោះ​លោក សុខ សុធន និង ​ភរិយា​មានកូន​ចំនួន ៤ នាក់​នៅក្នុងបន្ទុក ។ ក្រោយពី​បាត់ បង់​ស្វាមី​ដែល​ជា​បង្គោល​ដ៏​រឹងមាំ​ នៅក្នុង​គ្រួសារ អ្នកស្រី សុ​ខម៉េ​ង ដែល​ជា​ភរិយា ត្រូវ​ទទួលរ៉ាប់រង​មើលថែ​ទាំ​ចិញ្ចឹម​បីបាច់​កូនស្រី​ទាំង ៤ ដែល​មាន​អាយុ​ចន្លោះ​ពី ១ ឆ្នាំ ដល់ ១១ ឆ្នាំ​តែម្នាក់ឯង ។

ឥឡូវ​! ​យើង​ងាក​មក​តាមដាន​ករណី​ឃាតកម្ម​ ​ដែល​បាន​កើតឡើង​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ឯ​ដែនដី​កម្ពុជាក្រោម​ ​វិញ​ម្តង​ ​។​ ​អំពើ​ឃាតកម្ម​ ​ដែល​មាន​ទម្រង់​បែប​ព្រៃផ្សៃ​ ​បាន​កើតមាន​ផ្ទួនៗ​ ​គ្នា​ ​នៅ​កម្ពុជាក្រោម​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​ ​ក្នុង​នោះ​ ​ក៏មាន​ករណី​ស្លាប់​ដោយ​អា​ថ៍​កំបាំង​ផង​ដែរ​ ​។​

ករណី​ដំបូង​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ក្រុម​ឃាត​ក​ ​ជា​ជនជាតិ​យួន​ ​បាន​ចាក់សម្លាប់​ទៅលើ​កម្មករ​ខ្មែរក្រោម​ ​៤​ ​នាក់​ ​ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ ​បណ្តាលឲ្យ​មនុស្ស​ ​២​ ​ស្លាប់​ ​និង​ ​២​ ​នាក់​ទៀត​ ​រង​របួសធ្ងន់​ ​។​

ចំពោះ​ ​ព្រឹត្តិការណ៍​កើតឡើង​នៃ​ការ​ប្រើ​ហិង្សា​កាប់​សម្លាប់​នេះ​ ​កម្មករ​ខ្មែរក្រោម​ ​៤​ ​នាក់​ ​ដែល​ធ្វើការ​នៅ​ខេត្ត​ទទួល​តា​មោក​ ហើយ​វៀតណាម​ ​ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​បិ​ញ​យឿ​ង​ ​ត្រូវ​ជនជាតិ​យួន​មួយ​ក្រុម​ ​លើកគ្នា​ព្រួត​វាយ​បណ្តាលឲ្យ​ស្លាប់​កម្មករ​ខ្មែរក្រោម​ ​២​ ​នាក់​ ​ស្លាប់​ភ្លាម​ៗ​ ​នៅនឹង​កន្លែង​កើតហេតុ​ ​ហើយ​ ​២​ ​នាក់​ផ្សេងទៀត​ ​រង​របួសធ្ងន់​បញ្ជូន​មក​ស​ង្រ្គោះ​បន្ទាន់​ ​នៅ​មន្ទីរពេទ្យ​ ​។​

កម្មករ​ខ្មែរក្រោម​មួយ​រូប​ ​ឈ្មោះ​ ​គឹម​ ​តឹង​ ​ស្ថិតនៅ​ក្នុង​ហេតុការណ៍​ឃាតកម្ម​នោះ​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ ​ថា​ ​មនុស្ស​ពីរ​នាក់​ ​ដែល​ត្រូវជា​មា​ ​និង​ក្មួយ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ ​ព្រួត​វាយសម្លាប់​ ​ពីសំណាក់​ជនជាតិ​វៀតណាម​មួយ​ក្រុម​ ​ក្រោយ​ចេញ​ក​ពី​ម្ម​វិធី​ជប់លៀង​លាគ្នា​ ​ដើម្បី​ត្រឡប់ទៅ​ស្រុក​ ​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​។​

សាក្សី​ ​ជា​កម្មករ​ខ្មែរក្រោម​ ​ដដែល​រូប​នេះ​ ​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការវាយប្រហារ​លើ​កម្មករ​ខ្មែរក្រោម​ ​ដែល​បណ្តាលឲ្យ​ស្លាប់​ពីរ​នាក់​ បាន​កើត​ឡើង​​នៅ​យប់​ថ្ងៃ​ទី​ ​១​១​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ដោយសារតែ​ពួកគេ​និយាយ​គ្នា​ជា​ភាសាខ្មែរ​ ​នៅ​ក្នុង​ពិធីជប់លៀង​មួយ​ ​ហើយ​ក្រុម​ជនជាតិ​យួន​ទាំងនោះ​ ​គិតថា​ ​ជា​ការ​និយាយដៀមដាម​ដាក់​ពួកគេ​ ​ក៏​ព្រួតគ្នា​វាយ​ចាក់​ឲ្យ​ស្លាប់​កម្មករ​ខ្មែរក្រោម​ ​២​ ​នាក់​ ​និង​រង​រង​របួសធ្ងន់​ ​២​ ​នាក់​ ​។​

ស្រដៀងគ្នា​នេះ​ដែរ​ ​កម្មករ​ខ្មែរក្រោម​ម្នាក់ទៀត​ ​ឈ្មោះ​ ​សឺ​ន​ ​ហៀង​ ​អះអាង​ថា​ ​អំពើ​វាយ​តប់​កាប់​សម្លាប់​ខ្មែរក្រោម​បែប​នេះ​ ​ធ្លាប់​កើតមានឡើង​ជារឿយៗ​ ​ចំពោះ​ពលករ​ចំណាកស្រុក​ខ្មែរក្រោម​ ​ព្រោះ​ជនជាតិ​វៀតណាម​ទាំងនោះ​ ​មាន​ចរិត​ស្អប់​ខ្មែរក្រោម​ ​ទាំង​ពីដើម​រៀងមក​ ​។​ ​កម្មករ​រូប​នេះ​ ​លើកឡើង​ថា​ ​ការ​ណី​ឃាតកម្ម​នេះ​ ​បង្កឡើង​ ​ដោយសារ​កម្មករ​ជនជាតិ​វៀតណាម​ទាំងនោះ​ ​រើសអើង​ ​និង​ប្រកាន់​ពូជសាសន៍​ ​មក​លើ​ខ្មែរក្រោម​ ​។​

សូម​បញ្ជាក់​ថា​ ​យុវជន​ខ្មែរក្រោម​ ​២​ ​រូប​ ​ដែល​រង​អំពើ​ហិង្សា​វាយ​កាប់​ចាក់​ពីសំណាក់​ជនជាតិ​យួន​នោះ​ ​ម្នាក់​ឈ្មោះ​ ​ថា​ច់ ​ចំរើន​ ​អាយុ​ ​២​៥​ ​ឆ្នាំ​ ​និង​ម្នាក់ទៀត​ឈ្មោះ​ ​ថា​ច់ ចៀ​ង​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​តា​អោ​ក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​។​ ​

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​វាយសម្លាប់​នេះ​ ​សមត្ថកិច្ច​វៀតណាម​ ​នៅ​ខេត្ត​ទួល​តា​មោក​ ​នៅ​ថ្ងៃ​ទី​ ​១​៣​ ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ឲ្យដឹង​ថា​ ​ពួកគេ​ចាប់បាន​ជន​ដៃដល់​ជា​ជនជាតិ​វៀតណាម​ទាំងនោះ​រួចហើយ​ ​។​ ​ក្រុម​ជនល្មើស​មាន​ស្រុកកំណើត​នៅ​ខេត្ត​ក្រមួនស​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ ​ថា​ ​ខេត្ត​ ​គៀង​ ​យ៉ាង​ (K​i​e​n​g​ ​G​i​an​g​) ​។​ ​នគរបាល​វៀតណាម​ ​អះអាង​ថា​ ​ពួកគេ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​ដើម្បី​ផ្តន្ទាទោស​ជន​ដៃដល់​ ​ទៅ​តាមច្បាប់​ ​។

ជិត​ ​៥​ ​ខែក្រោយ​មក​ ​នៅ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ ​យុវជន​ខ្មែរក្រោម​រងគ្រោះ​ម្នាក់ទៀត​ ​បាន​ស្លាប់​ដោយ​ការ​វាយ​ធ្វើ​ទារុណកម្ម​ ​ក្នុង​ពេល​កំពុង​ជាប់ឃុំ​ ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព​លលា​វ​ ​ដោយសារតែ​នៅ​លើ​សាកសព​ជនរងគ្រោះ​មានស្នាម​ធ្វើ​ទារុណកម្ម​ជាច្រើន​កន្លែង​ ​។

ករណី​ស្លាប់ចុងក្រោយ នៅ​ខេត្ត​ព​លលា​វ​ នេះ បើតាមសាច់ញាតិ​របស់យុវជនរងគ្រោះ បានចោទ​មន្ត្រី​ពន្ធ​នាគា​រ​ ថា​ ​ធ្វើ​ទារុណកម្ម​បណ្ដាលឲ្យ​ក្មួយប្រុស​ខ្លួន​ស្លាប់​ ​។​ ជនរងគ្រោះ​ជា​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​អាយុ​ ​២​៥​ ​ឆ្នាំ​ ​រស់នៅ​ ​ភូមិ​ព្រែ​កណ្ដាល​ ​ឃុំ​ស្នែ​ត​ ​ទីក្រុង​ព​លលា​វ​ ​ខេត្ត​ព​លលា​វ​ (Ấ​p​ ​G​i​ồn​g​ ​G​i​ữ​a​ ​A​, Xã ​V​ĩn​h​ ​T​rạc​h​ Đôn​g​, ​T​h​àn​h​ ​P​h​ố Bạc ​L​i​êu, Bạc ​L​i​êu) ​បាន​ស្លាប់​ក្នុង​ពេល​មន្ត្រី​ពន្ធ​នាគា​រ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ ​នៅ​មន្ទីរពេទ្យ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​ដែល​ត្រូវជា​ម្ដាយមីងបង្កើត​របស់​ជនរងគ្រោះ​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹង​ថា​ ក្មួយប្រុស​របស់​គាត់​ ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព​លលា​វ​ ​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធ​នាគា​រ​អស់​រយៈពេល​ ​៣​ ​ខែ​មក​ហើយ​ ​។​ ​ប៉ុន្តែ​ ​មិន​បញ្ជាក់​ថា​ ​យុវជន​រូប​នោះ​ ​បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ​ ​។​

សាច់ញាតិ​របស់​ជនរងគ្រោះ​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា ឆ្នាំ ២០២១​ ​មន្ត្រី​ពន្ធ​នាគា​រ​ខេត្ត​ព​លលា​វ​ ​បាន​ទាក់ទង​មក​ក្រុម​គ្រួសារ​ ​ឲ្យទៅ​មើល​ជនរងគ្រោះ​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ​។​ ​ប៉ុន្តែ​ ​ពេល​ប្អូនប្រុស​របស់​ជន​រងគ្រោះ​ ​ទៅដល់​មន្ទីរពេទ្យ​ ​បែរជា​ឃើញ​សាកសព​ជនរងគ្រោះ​ ​ត្រូវ​ក្រុម​គ្រូពេទ្យ​ធ្វើ​កោ​សល្យ​វិច័​យរួច​ទៅ​ហើយ​ ​ដោយ​ឃើញ​មានស្នាម​ថ្នេរ​ដេរ​វះកាត់​ ​នៅ​លើ​ពោះ​ក្មួយ​របស់​គាត់​ទៅវិញ​ ​។​​

ក្រុម​គ្រួសារ​សាច់ញាតិ​របស់​យុវជន​ខ្មែរក្រោម​ខាងលើ​ ​បាន​សួរនាំ​មន្ត្រី​ពន្ធ​នាគា​រ​ ​និង​នគរបាល​ ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ​ប៉ុន្តែ​ ​ពួកគេ​បដិសេធ​ពុំ​ផ្តល់​ព័ត៌មាន​លម្អិត​ ​អំពី​ករណី​ស្លាប់​កូន​របស់​គាត់​នោះ​ឡើយ​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​បាន​បន្ថែម​ថា​ ​នៅ​ពេល​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹង​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ​ក៏​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​ ​ឲ្យ​ប្រគល់​សាកសព​មក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅផ្ទះ​ ​។​ ​ដំបូង​ឡើយ​ ​ក្រុម​អាជ្ញាធរ​បាន​សន្យា​ថា​ ​នឹង​ដឹក​សព​ក្មួយ​របស់​គាត់​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ព្រមទាំង​ចាត់​ឲ្យ​មាន​អ្នកតំណាង​ចូលរួម​ផង​ ​។​ ​ប៉ុន្តែ​ ​នៅពេលដែល​សមត្ថកិច្ច​ដឹក​សាកសព​មកដល់​ផ្ទះ​ ​បែរជា​បង្ខំឲ្យ​ឪពុក​ ​ដែល​ជា​មនុស្ស​ថ្លង់​ ​និង​ត្រចៀកធ្ងន់​ (​ស្តាប់​មិន​លឺ​តែម្តង​) ​និង​ម្តាយ​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ផង​នោះ​ ចុះហត្ថលេខា​លើ​កំណត់ហេតុ​មួយ​ ​ដែលគេ​មិន​ច្បាស់​ថា​ ​កំណត់ហេតុ​នោះ​ ​មានខ្លឹមសារ​យ៉ាងណា​ទេ​ ​និង​ផ្តល់​ប្រាក់សំណង​ចំនួន​ ​៥​ ​លាន​ដុ​ង​ ​ឬ​ស្មើ​ប្រមាណ​ ​២​២​០​$ ​ប៉ុណ្ណោះ​ ​។​

អ្នកស្រី​ ​ថា​ច់ ​ធី​ ​យ៉ា​ញ​ ​បាន​អះអាង​ថា​ ​សព​យុវជន​ឈ្មោះ​ ​ផា​ន​ ​តឿ​ង​ ​ត្រូវ​រង​អំពើ​ហិង្សា​ ​ដោយ​អ្នកស្រី​កត់​សម្គាល់​ឃើញ​ថា​ ​មាន​ស្លាកស្នាម​ជាំ​ ​និង​មាន​ហូរ​ឈាម​ច្រើន​ត្រង់​កញ្ចឹងក​ ​ជាដើម​ ​។​

ទាក់​ទង​នឹង​ករណីនេះ លោក​ ​ប៊ុន​ ​មុនី​ ​ហៅ​ ​ថា​ច់ ​ឡែ​ន​ ​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចំនួន​ ​៧​ ​អង្គភាព​ ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃលែង​ ​ចំពោះ​សោកនាដកម្ម​ ​ដែល​បាន​កើតឡើង​ ​ម្តង​ហើយ​ម្តងទៀត​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ដែល​មានកូន​ស្លាប់​យ៉ាង​អា​ថ៍​កំបាំង​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។​ ​លោក​ថា​ ​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រងគ្រោះ​ ដោយសារតែ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាច្រើន​នាក់​បាន​ស្លាប់​ ​និង​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដ៏​កាច​សាហាវ​នេះ​ ​និង​ក៏​កំពុង​ប្រឈម​មុខ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ ​ដោយសារតែ​អាជ្ញា​វៀតណាម​ ​ដាក់​ចេញ​នូវ​វិធានការ​រាំង​ខ្ទប់​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ថ្នាក់​មូលដ្ឋាន​ ​បាន​ឆ្លៀតឱកាស​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​បន្ថែម​ទៀត​ ​។​

លោក​ ​ប៊ុន​ ​មុនី​ ​លើកឡើង​ថា​ ​នេះ​មិនមែន​ជា​ករណី​លើកទីមួយ​ទេ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ស្លាប់​ក្នុង​ភាព​អា​ថ៍​កំបាំង​ ​និង​ដោយ​មិន​ដឹង​មូលហេតុ​ នោះ​ទេ​ ​។​ ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​បើក​ការស៊ើបអង្កេត​ករណី​ស្លាប់​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​។​ ​លោក​ក៏បាន​ អំពាវនាវ​ដល់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ស្នើ​ទៅ​ស្ថាន​ប័​ន​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ ​ឲ្យ​ឈប់​ធ្វើ​ទុក​បុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ផង​ ​។​​

ជុំវិញ​ករណី​នេះដែរ​ ​លោក​ ​ម៉ៅ​ ​មុនី​ ​ជា​អនុប្រធាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​បាន​ជំរុញ​ ​និង​ពាវ​នា​វ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ​ឲ្យបាន​ពេញលេញ​ក្នុង​ការគោរព​អនុសញ្ញា​ ​និង​ពិធីសារ​បន្ថែម​ ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ទារុណកម្ម​ ​។​ ​លោក​ថា​ ​វៀតណាម​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ ​ផ្តល់​សច្ចាប័ន​ទទួលយក​ច្បាប់អន្តរជាតិ​ ​ស្ដីពី​ប្រឆាំង​អំពើ​ទារុណកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​ ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ហើយ​បាន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​ ​លើ​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ​ ​នៅ​ឆ្នាំ​ ​២​០​១​៥​ ​។​​

សូម​បញ្ជាក់​ថា​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​បាន​អនុម័ត​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ ​និង​ការប្រព្រឹត្ត​មក​លើ​ខ្លួន​ ​ឬ​ទណ្ឌកម្ម​ឯទៀត​ ​ដែល​ឃោរឃៅ​ ​អមនុស្សធម៌​ ​ឬ​ ​បន្ថោក​បន្ទាប​ ​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​១​៩​៨​៤​ ​និង​បាន​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​ ​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​១​៩​៨​៧​ ​ដោយមាន​ប្រទេស​មួយ​ចំនួន​ ​នៅ​លើ​សកលលោក​ ​រួម​ទាំង​ប្រទេស​វៀតណាម​ផង​ បាន​ទទួលស្គាល់​ ​និង​បាន​ចូល​ជា​ភាគី​មួយ​នៃ​អនុសញ្ញា​ខាងលើ​នេះ​ ​។​

គួរ​ជម្រាប​ជូន​ថា​ ​ទាក់ទង​នឹង​ករណី​ស្លាប់​របស់​យុវជន​ខ្មែរក្រោម​ ​នៅ​ក្នុង​មន្ទីរឃុំឃាំង​នេះ​ដែរ​ ​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​១​៩​ ​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ហ្វិ​ញ​ ​ចុង​ (​H​u​y​n​h​ C​h​un​g​) ​អាយុ​ ​១​៩​ ​ឆ្នាំ​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ក៏​ស្លាប់​ដោយ​មានស្នាម​ជាំ​ ​នៅ​លើ​ដងខ្លួន​ដែរ​ ​ហើយ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ ​យកទៅ​វះ​ពោះ​ ​និង​ក្បាល​ ​ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ម្ដាយ​ឪពុក​ជនរងគ្រោះ​នោះ​ឡើយ​ ​។​ ​រដ្ឋាភិបាល​វៀតណាម​ ​នៅ​ពេល​នោះ​ ​បាន​ម​បំភ្លឺ​ករណី​នេះ​ថា​ ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ ​ឬ​ដាច់​សរសៃឈាម​ ​ដែល​ភាសា​អង់គ្លេស​ហៅថា​ស្ត្រូ​ក​ (​Stroke​) ​។​

យុវជន​ខ្មែរក្រោម​ ហ្វិ​ញ​ ​ចុង​ ​បាន​ចូលធ្វើជាទាហាន​យួន​ ​នៅ​ក្នុង​បន្ទាយ​យោធភូមិភាគ​ទី​ ​៩​ ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ​ឬ​ក្វឹ​ង​ឃូ​ជិន​ (Qu​an​ K​h​u 9) ​នា​ខេត្ត​ដុ​ង​ថា​ប​ (​ខេត្ត​ផ្សា​ដែក​) ​ហើយ​ត្រូវ​ស្លាប់​យ៉ាង​អាថ៌កំបាំង​ ​ដោយ​សាកសព​របស់​យុវជន​ជនរងគ្រោះ​ ​ត្រូវ​ទាហាន​យួន​វះកាត់​ ​តាំងពី​ពោះ​ដល់ក​ ​និង​ក្បាល​ ​ព្រមទាំង​មានស្នាម​ជាំ​ពេញ​ដងខ្លួន​ផង​ ​។​ ​ក្រុម​គ្រួសារ​សព​របស់​យុ​វ​ជនរងគ្រោះ​រូប​នោះ​ ​អះអាង​ថា​ ​ជា​ករណី​ត្រូវ​គេ​សម្លាប់​ ​និង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន​ ​និង​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ ​និង​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​ ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ហ្វិ​ញ​ ​សា​ញ់ ​ត្រូវជា​ឪពុក​របស់​យុវជន​ ហ្វិ​ញ​ ​ចុង​ ​ដែល​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ទៅ​ធ្វើជា​ទាហាន ​ក្នុង​គោល​នយោបាយ​បំពេញ​កាតព្វកិច្ច​យោធា​នោះ​ ក៏បាន​ទទួលមរណៈភាព​ ក្រោយ​ពី​ការ​ស្លាប់​កូនប្រុស​របស់​លោក​ជាង​ ​៨​ ​ខែ​ ​ដោយសារ​រង​ការ​ប្រឈម​នឹង​សម្ពាធ​ផ្លូវចិត្ត​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​មិន​ស្វែងរក​យុត្តិធម៌​ជូន​កូន​របស់​លោក​ ព្រមទាំង​មិន​ផ្ដល់​ជា​សំណង​រដ្ឋប្បវេណី​ ​ដូច​អ្វី​ដែល​ខ្លួន​ ​បាន​សន្យា​ដល់​គ្រួសារ​របស់​លោក​នោះ​ ​។​

ករណី​ធ្វើ​ទារុណកម្ម​ចុងក្រោយ​នេះ​ ​គឺ​នៅ​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​២​០​២​១​ ​កើត​ទៅលើ​កម្មករ​ខ្មែរក្រោម​ ចំណាកស្រុក​ម្នាក់​ ​ឈ្មោះ​ ទ្រឿ​ង​ វ៉ាំ​ង​ ប៊ិ​ញ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​នៅ​ភូមិ​បឹង​ស្នៀត​ ​ឃុំ​ដៃ​ន​ង​ ​ស្រុក​អណ្ដូង​ទឹក​ ខេត្ត​ឃ្លាំង​ ​ត្រូវ​កង​សន្តិសុខ​ប៉ុស្តិ៍​យាម​រក្សា​គ​ម្លា​ត​សង្គម​ ​ក្នុង​សង្កាត់​មួយ​ ​ក្នុង​ខេត្ត​ដូន​ណៃ ​ព្រួតគ្នា​វាយដំច្រំធាក់​ ​បណ្ដាលឲ្យ​បាក់ដៃ​ម្ខាង​ ​និង​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ ​។​ ​ហេតុការណ៍​ ​ដែល​ឈាន​ទៅដល់​ការ​វាយ​ធ្វើ​ទារុណកម្ម​នេះ​ ​ដោយសារតែ​ក្រុម​សន្តិសុខ​វៀតណាម​ ​យកលេស​ថា​ ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្លោះប្រកែកគ្នា​ ​នៅ​ក្នុង​ម៉ោង​បំរាមគោចរ​ ​ចន្លោះ​ពី​ម៉ោង​ ​៦​ ​យប់​ដល់​ ​៦​ ​ព្រឹក​ ​។​

គួរ​កត់សំគាល់​ថា​ ​នៅ​ប្រទេស​វៀតណាម​ ​ជារឿយៗ​ ​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​តែង​ចេញផ្សាយ​របាយការណ៍​ជាបន្តបន្ទាប់​ ​ស្តីពី​ស្ថានភាព​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស​ ​នៅ​តាម​ពន្ធ​នាគា​រ​ ​ក្នុង​ប្រទេស​កុម្មុ​យ​និ​ស​មួយ​នេះ​ ​។​ ​របាយការណ៍​របស់​ ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ​ ​រក​ឃើញ​ថា​ អ្នកទោស​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ត្រូវ​គេ​វាយ​ធ្វើបាប​ ​ធ្វើ​ទារុណកម្ម​តាម​រួប​ភាព​ផ្សេងៗ​ ​ដូចជា​ ​ឃុំ​អ្នកទោស​ក្នុងគុក​ងងឹត​ ​ដាក់ឃុំឃាំង​អ្នកទោស​ក្នុង​បន្ទប់​ចង្អៀត​ ​គ្មាន​អនាម័យ​ ​អំពើ​ទារុណកម្ម​អ្នកទោស​ និង​អ្នកទោស​ ​ពោល​ ​គឺ​ម​ន្រ្តី​ពន្ធ​នាគា​រ​បើកដៃ​ឲ្យ​អ្នកទោស​គ្រប់គ្រង​អ្នកទោស​ដូចគ្នា​នៅ​តាម​បន្ទប់​ ​និង​តាម​អគារ​ពន្ធ​នាគា​រ​ ​ជាដើម​ ​។​

ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ក៏បាន​រក​ឃើញ​ដែរ​ថា​ ​ឆ្នាំ​គុក​បាន​វាយ​ធ្វើបាប​អ្នកទោស​ដែរ​ ​រីឯ​នគរបាល​ ​នៅ​តាម​មូលដ្ឋាន​ ​ក៏បាន​វាយ​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ​ ​ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​មុន​បញ្ជូន​ទៅ​តុលាការ​ ​។​ ​ក្រៅពី​នេះ​ ​ក៏​មានអំពើ​ទារុណកម្ម​ផ្សេងៗ​ ​ទៀត​ ​នៅ​ក្នុង​ពន្ធ​នាគា​រដែ​រ​ ​ដូចជា​វាយដំ​ច្រំ​ទាត់​ ធាក់​ ​និង​ទះកំផ្លៀង​ ​ជាដើម​ ​៕

Leave A Reply

Your email address will not be published.