សង្ខេបព្រឹត្តិការណ៍ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២១
ដោយ ស៊ឺន ចែងចើន
ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ (Covid-19) ជាសាកល បានបន្តរាតត្បាតនៅតាមបណ្ដាប្រទេសនានាលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ ២០១៩ ។ វិបត្តិនេះ បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង មកលើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម អស់រយៈពេល ៧២ ឆ្នាំហើយនោះ ។ តើនៅក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ កម្មករចំណាកស្រុកខ្មែរក្រោមប្រឈមបញ្ហាអ្វីខ្លះ? ចំណែកសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម តើពួកគេរងការគាបសង្កត់ និងរឹតត្បិតអ្វីខ្លះ អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩? លោក ស៊ឺន ចែងចើន ធ្វើសេចក្តីសង្ខេប អំពីរឿងរ៉ាវទាំងអស់នេះ ហើយកញ្ញា ឈូ លីនាថ រាយការណ៍រំឭកឡើងវិញ អំពីព្រឹត្តិការណ៍ទាំងអស់នេះ ជូនលោកអ្នកនាង បានជ្រាប ដូចតទៅ ៖
បញ្ហាខ្វះស្បៀង ការជាប់គាំងនៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់ ការរិតបន្តឹងការធ្វើដំណើរ នៅតែជាប្រធានបទក្តៅ នឹងកំពុងបន្តរងបញ្ហាប្រឈមខ្លាំងជាងមុនតទៅទៀត នៅក្នុងប្រទេសវៀតណាម ស្របពេល មានសេចក្តីរាយការណ៍ថា ប្រទេសកុម្មុយនិស្តមួយនេះ ជាមធ្យមមានករណីឆ្លងថ្មី ជិត ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ ។
ទោះជាបែបនេះក្តី រាល់បញ្ហាប្រឈមតែងមានដំណោះស្រាយ ជាក់ស្តែង នាអំលុងពេលបិទខ្ទប់ យុវជនខ្មែរក្រោម បានចែករំលែកស្បៀងអាហារ ដល់អ្នកដែលប្រឈមជាងខ្លួន នៅតាមតំបន់មួយចំនួន នៅដែនដីកម្ពុជាក្រោម ដែលកំពុងជួបវិបត្តិខ្លាំង ។
យុវជនខ្មែរក្រោម ជាកម្មករចំណាកស្រុក ដែលធ្លាប់តែជួយកម្មកររួមគ្នា និងពលរដ្ឋខ្មែរក្រោម ចំពោះវិស័យរំលោភសិទ្ធិការងារ រំលោភសិទ្ធិមនុស្សនោះ ពួកគាត់កំពុងតែខ្នះខ្នែង បេះពីមាត់ពង្រាត់ពីក និងបានជំនួយពីសប្បុរសជនខ្លះផង យកទៅជួយជាស្បៀងអាហារដល់កម្មករខ្មែរក្រោម រាប់ពាន់នាក់ ដែលកំពុងរងការខ្វះស្បៀងអាហារ ព្រោះគ្មានការងារធ្វើ និងពលរដ្ឋខ្មែរក្រោម រាប់ពាន់គ្រួសារទៀត ដែលកំពុងរងការអត់ឃ្លានក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ។ ប្រទេសវៀតណាម ធ្វើការរាំងខ្ទប់តំបន់មួយចំនួន ដែលរងការប្រឈមឆ្លងជំងឺកូវីដ-១៩ ដោយមិនឲ្យពលរដ្ឋចល័តឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ជាហេតុធ្វើឲ្យកម្មករខ្មែរក្រោម រាប់ពាន់នាក់ ត្រូវបាត់បង់ការងារធ្វើ និងមិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន ដោយត្រូវស៊ូទ្រាំនៅឆ្ងាយផ្ទះទាំងអត់ឃ្លាន ។ កម្មករចំណាកស្រុកខ្មែរក្រោម ដែលបាត់បង់ការងារធ្វើ ព្រោះតែជំងឺកូវិ-១៩ វាយលុកនោះ ភាគច្រើនជាកម្មករសំណង់ ហើយពួកគេធ្វើការងារក្រៅប្រព័ន្ធ ដោយគ្មានថៅកែទទួលរ៉ាប់រងឡើយ ។
សកម្មជនខ្មែរក្រោម លោក ថាច់ កឿង ដែលធ្វើការនៅទីក្រុង ព្រៃនគរ លើកឡើងថា អំណោយមនុស្សធម៌ ដែលលោកចែកជូនទៅដល់កម្មករចំណាកស្រុក ដែលកំពុងខ្វះខាតហើយនៅជិតកន្លែងលោកធ្វើការនាទីក្រុង ព្រៃនគរ និងចែកជូនដល់ពលរដ្ឋក្នុងភូមិស្រុករបស់លោក គឺជាអំណោយបានមកពីសប្បុរសជនខ្មែរ នៅក្នុងស្រុក និងក្រៅស្រុក ។
ស្រដៀងគ្នានេះដែរ យុវជនចំណាកស្រុកខ្មែរក្រោមម្នាក់ទៀត លោក យឿង ខាយ ធ្វើការនៅរោងចក្រផលិតគ្រឿងសង្ហារិមមួយ នៅខេត្តដូនណៃ លើកឡើងថា អំណោយដែលលោកចែកជូនដល់កម្មករចំណាកស្រុក និងប្រជាជនខ្មែរក្រោម ដែលមានវ័យចំណាស់ គ្មានការងារធ្វើទាំងនេះ គឺជាអំណោយបានមកពីសប្បុរសជន នៅសហរដ្ឋអាមេរិក ។ យុវជន យឿង ខាយ ក៏បានសម្តែងការអភ័យទោសផងដែរ ចំពោះអំណោយ ដែលមិនបានចែកជូនឲ្យដល់ដៃកម្មករគ្រប់គ្នានោះទេ ត្បិតអំណោយទាំងនេះមានកម្រិត ម្យ៉ាងទៀតកម្មករខ្លះនៅឆ្ងាយ ៗ ពីទីតាំងលោកស្នាក់នៅ ហើយមិនអាចចាកចេញទៅបាន ដោយសារតែការរាំងខ្ទប់ តែលោកសន្យាថា នឹងព្យាយាមចែកជូនឲ្យបានដល់ដៃគ្រប់ៗគ្នា ។
ករណីស្រដៀងគ្នានេះ ក៏កើតមានឡើង ទៅលើកម្មករខ្មែរក្រោម នៅក្នុងទីក្រុងព្រៃនគរ នាំគ្នាផ្ទុះការតវ៉ាចង់ចាកចេញពីតំបន់បិទខ្ទប់ ដោយសារបញ្ហាខ្វះស្បៀង ។ កម្មករខ្មែរក្រោមទាំងនោះ ស្ថិតនៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់ នាំគ្នាប្រមូលផ្ដុំ នៅមុខប៉ុស្តិ៍យាមប្រចាំការរបស់សមត្ថកិច្ច (សម្រាប់ត្រួតពិនិត្យដំណើរចេញ-ចូលក្នុងមណ្ឌលចត្តាឡីស័ក) ដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់ស្បៀងអាហារដល់ពួកគេ ក្រោយពីអាជ្ញាធរវៀតណាម បានយករបាំងបិទខ្ទប់មិនឲ្យពួកគេចេញពីតំបន់ ដែលកំពុងរស់នៅ ។ ការផ្ទុះការតវ៉ានោះ ក៏បានទាមទារឲ្យមានដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលដែរ ។ ក្រុមកម្មករតវ៉ាលើកឡើថា ពួកគេលែងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយស្បៀងអាហារ ដោយខ្លួនឯងហើយ បន្ទាប់ពីរដ្ឋអំណាចនៃប្រទេសកុម្មុនិស្តវៀតណាមមួយនេះ បិទខ្ទប់តំបន់ខាងត្បូងទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលប្រមាណជាង ៣ ខែ ។ កម្មករខ្មែរក្រោម ក៏បានព្រមានផងដែរថា ប្រសិនបើរដ្ឋាភិបាលមិនឆាប់ដោះស្រាយបញ្ហានៃការទាមទារនេះទេនោះ ពួកគេ នឹងសម្រុកចាកចេញពីទីក្រុងព្រៃនគរ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេជាក់ជាមិនខានឡើយ ។
កម្មករខ្មែរក្រោម ប្រមាណជិត ១ ពាន់នាក់ នៅទីក្រុងព្រៃនគរ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ បាននាំគ្នាចេញមកតវ៉ាករណីត្រូវអាជ្ញាធរដាក់ពួកគេឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងបរិវេណរោងចក្រ និងផ្ទះជួលអស់រយៈពេលជាង ៣ ខែ និងបន្តរាំងខ្ទប់មិនឲ្យកម្មករចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ កម្មករ ដែលចូលរួមការតវ៉ានោះ សុទ្ធតែលើកឡើងដូចៗ គ្នាថា វិធានការរបស់អាជ្ញាធរវៀតណាម ដែលដាក់ឲ្យពួកគេ ស្ថិតនៅដាច់ដោយឡែក អូសបន្លាយជាង ៣ ខែមកនេះ បានធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល និងខ្វះខាតស្បៀងអាហារ ខណៈប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលវៀតណាម ក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ មិនដល់ដៃពលរដ្ឋ ដែលជាជនរងគ្រោះពិតប្រាកដនោះឡើយ ។ ប៉ុន្តែ ការតវ៉ានោះ ត្រូវបាននគរបាលវៀតណាម រារាំង មិនឲ្យចាកចេញពីមណ្ឌលចត្តាឡីស័កនោះទេ ។
កម្មករខ្មែរក្រោមម្នាក់ ដែលចូលរួមការតវ៉ានោះ ឲ្យដឹងថា មូលហេតុដែលពួកគេចេញតវ៉ា នៅតំបន់បិទខ្ទប់នោះ គឺក្នុងគោលបំណងស្នើសុំអាជ្ញាធរផ្តល់ជំនួយស្បៀងអាហារ ពីព្រោះស្បៀងបម្រុងទុករបស់ពួកគេដាច់អស់ហើយដោយសារតែបាត់បង់ការងារធ្វើជាកម្មកររោងចក្រ និងគ្មានប្រាក់ចំណូល ក្រោយរដ្ឋាភិបាលបានដាក់បម្រាម អំឡុងពេលនៃការបិទខ្ទប់ ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ កម្មករខ្មែរក្រោមរូបនេះ បន្តថា ពួកគេទាំងអស់គ្នា សុទ្ធតែបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ នៅក្នុងការប្រមូលផ្ដុំគ្នាតវ៉ានេះ ប៉ុន្តែ គ្មានជម្រើសអ្វីល្អប្រសើរជាងនេះឡើយ ដូច្នេះ ពួកគេត្រូវបង្ខំចិត្តរួមគ្នាតវ៉ា ដើម្បីឲ្យអាជ្ញាធរវៀតណាម ដោះស្រាយបញ្ហាខ្វះខាតម្ហូបអាហារ និងស្នើជួយអន្តរាគមន៍ ចំពោះម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលឲ្យមានការបញ្ចុះតម្លៃ ឬលើកការបង់ថ្លៃបង់ផ្ទះជួល ។
កម្មករ ដែលចូលរួមតវ៉ានិយាយថា ក្នុងករណីរដ្ឋអំណាចវៀតណាម មិនដោះស្រាយបញ្ហានេះទេ ពួកគេស្នើឲ្យអាជ្ញាធរ ត្រូវតែដករបាំងការពារចេញពីផ្លូវ ដើម្បីពួកគេបានវិលត្រឡប់ទៅស្រុកកំណើតវិញ បើពុំនោះទេ ពួកគេនឹងព្យាយាមទម្លុះរបាំងប៉ូលិសបិទផ្លូវនោះ ដោយខ្លួនឯង ។
ជាការឆ្លើយតបនឹងការទាមទាររបស់កម្មករនេះ អាជ្ញាធរមូលដ្ឋាន នៅស្រុកកូឈីនៃក្រុងព្រៃនគរ បានចេញមកសម្របសម្រួលផ្ទាល់ នៅទីតាំងប្រមូលផ្តុំរបស់កម្មករ ដោយបានប្រកាសតាមឧគ្ឃោសនស័ព្ទ ប្រាប់ក្រុមអ្នកតវ៉ា ដែលពាក់ម៉ាសនាំគ្នាឈរស្រែកយ៉ាងកងរំពងរួមគ្នានោះ ថា អាជ្ញាធរសូមអំពាវនាវដល់កម្មករមានការអត់ធ្មត់ ហើយត្រូវបំបែកគ្នា បញ្ឈប់សកម្មភាពតវ៉ា និងវិលត្រឡប់ទៅកាន់បន្ទប់ជួលរៀងៗ ខ្លួន ហើយចាត់ឲ្យមានអ្នកតំណាង ចូលរួមកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមកម្មករ ដែលឈរតវ៉ានោះ មិនព្រមឡើយ និងនៅតែបន្តស្រែកកាន់តែខ្លាំង ដោយទាមទារឲ្យផ្ដល់ដំណោះស្រាយសមរម្យនៅនឹងកន្លែងដល់ពួកគាត់ ។
ខ្ញុំ សូមបិទបញ្ចប់ការសង្ខេបបញ្ហាតវ៉ាជុំវិញរឿងដាច់ស្បៀង និងវិធានការបិទខ្ទប់របស់អាជ្ញាធរវៀតណាម ដោយក្រឡេកទៅមើលរឿងរ៉ាវទាក់ទងនឹងរឿងកូវីដ-១៩ នេះដដែល តែពាក់ព័ន្ធនឹងករណីអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញក្រុមអ្នកតស៊ូមតិ ដើម្បីសេរីភាពខ្មែរក្រោម ដោយយកឱកាសកូវីដ-១៩ ជាលេស ដើម្បីគាបសង្កត់ ។
ខណៈដែលពលរដ្ឋខ្មែរក្រោម កំពុងរងគ្រោះដោយសារការបែងចែកជំនួយមិនស្មើភាពគ្នា ក្នុងអំឡុងពេលបិទខ្ទប់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នៅដែនដីកម្ពុជាក្រោម អ្នកតស៊ូមតិ ដើម្បីសេរីភាពរបស់ខ្មែរក្រោម មួយចំនួន ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម អះអាងថា ខ្លួនកំពុងរងគ្រោះបន្ថែមទៀត ព្រោះត្រូវរងការគំរាមកំហែងដោយការគាបសង្កត់ទាំងការស្នាក់នៅ និងមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។
យុវជន យ៉ាញ ម៉ិញក្វាង គឺជាជនរងគ្រោះមួយរូប រស់នៅក្នុងខេត្តឃ្លាំង ដែលតែងតែផ្សព្វផ្សាយសេចក្តីប្រកាស ស្តីអំពីសិទ្ធិមនុស្ស និងព័ត៌មានផ្សេងៗ អំពីទុក្ខលំបាករបស់ខ្មែរក្រោម នៅលើបណ្ដាញសង្គម ។ លោកលើកឡើងថា ក្រោយពីអាជ្ញាធរវៀតណាមរឹតបន្តឹងការធ្វើដំណើរ លោកបានទៅស្នើសុំលិខិតធ្វើដំណើរពីអាជ្ញាធរ ដើម្បីចេញទៅធ្វើការងាររកប្រាក់ចិញ្ចឹមជីវិត ព្រោះលោកមិនមានការងារធ្វើបីខែមកហើយ ប៉ុន្តែ អាជ្ញាធរបានបង្ខំឲ្យលោកលុបអ្វី ដែលលោកបានចែករំលែក នៅក្នុងបណ្ដាញសង្គមឲ្យអស់ ដោយអះអាងថា ប្រសិនបើលោកទុក្ខអ្វី ដែលលោកបានចែករំលែកនោះ អាជ្ញាធរនឹងមិនចេញលិខិតឲ្យបានធ្វើដំណើរទៅប្រកបកិច្ចការអ្វីនោះទេ ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានទៅប្រាប់ម្ចាស់ក្រុមហ៊ុន ដែលលោកធ្លាប់ធ្វើការមិនឲ្យទទទួលលោកធ្វើការទៀតនោះដែរ ប្រសិនបើលោកមិនលុបព័ត៌មាន ឬវីដេអូ ដែលោកបានចែករំលែកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ លោកបញ្ជាក់បន្ថែម ថា កន្លងមកអាជ្ញាធរបានកោះហៅទៅសាកសួរ និងឃាត់រូបលោកទុកផងដែរ ទាក់ទងនឹងការចែករំលែកនេះ ។
ស្ត្រីខ្មែរក្រោមម្នាក់ទៀត ក៏បានអះអាងថា ត្រូវបានអាជ្ញាធរវៀតណាម គាបសង្កត់ដែរនោះ គឺ អ្នកស្រី សុង ចិន្តា រស់នៅក្នុងខេត្ត លង់ហោរ ទីដែលមានរឿងចំរូងចំរ៉ាស់ករណីសង់សាលាឆទាន ។ អ្នកស្រី ឲ្យដឹងថា អ្នកស្រីបានជួលផ្ទះគេ ដើម្បីស្នាក់នៅ និងធ្វើការនៅទីក្រុង ព្រៃនគរ ប៉ុន្តែ ក្រោយពីជំងឺកូវីដរាតត្បាតខ្លាំង អ្នកដែលរស់នៅក្នុងក្រុងព្រៃនគរ គឺត្រូវបិទខ្ទប់ មិនអាចទៅប្រកបរបរចិញ្ចឹមជីវិតអ្វីបាននោះទេ ។ អ្នកស្រីបន្ថែមថា ក្រៅពីស្នាក់នៅផ្ទះជួលដោយមិនមានការងារចិញ្ចឹមជីវិតហើយនោះ អាជ្ញាធរបានប្រាប់ទៅម្ចាស់ផ្ទះ ដែលអ្នកស្រីជួលនោះ មិនឲ្យអ្នកស្រីស្នាក់នៅបន្តទៀត ដោយចោទថា អ្នកស្រីជាជនបះបោរ ។ បើតាម អ្នកស្រី សុង ចិន្ដា អាជ្ញាធរយួន មានការរើសអើងជាមួយអ្នកស្រី គឺដោយសារអ្នកស្រីជួយជ្រោមជ្រែងរឿងសង់សាលាឆទាន នៅក្នុងភូមិកន្រែង ក្នុងខេត្តលុងហោរ ដែលជាស្រុកកំណើតរបស់នាង ។
បើទោះជាប្រឈមជាមួយការគំរាមកំហែង ការបំភិតបំភ័យ និងរឹតត្បិតសិទ្ធិសេរីភាពក្តី ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម កាន់តែច្រើនឡើង ហ៊ានចេញមុខផ្សព្វផ្សាយ និងសៀវភៅអំពីសេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម តាមបណ្ដាញសង្គម ក្នុងមួយរយៈកាលចុងក្រោយនេះ ៕