មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា នឹងធ្វើ​មហាសន្និបាត​វិសាមញ្ញ​លើក​ទី ៣ ដើម្បី ពង្រឹងសមត្ថភាព និង​គុណភាព​របស់ខ្លួន​

0 405

ដោយ ស៊ឺន ចែងចើន | VOKK

​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃអាទិត្យ​ទី ២១ ខែមករា ២០១៨ ខាងមុខនេះ នឹង​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួន​ដើម្បី «​ពង្រឹង​ការងារ និង​បង្ហាញ​សកម្មភាព​សមាគម​» ។​

លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម (ឆ្វេង) ។ រូបថតៈ ស៊ឺន ចែងចើន
លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម (ឆ្វេង) ។ រូបថតៈ ស៊ឺន ចែងចើន

​អង្គ​មហាសន្និបាត​វិសាមញ្ញ​លើក​ទី ៣ នឹង​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាជិក សមាជិកា​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​អញ្ជើញ​មកពី​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន បាន​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ដឹងថា គោលបំណង​នៃ​ការធ្វើ​មហាសន្និបាត​វិសាមញ្ញ គឺ​ដើម្បី​រៀបចំ​នូវ​រចនាសម្ព័ន្ធ និង​ធ្វើ​បច្ចុប្បន្នភាព​របស់​មិត្តសមាគម​ឡើងវិញ ដើម្បី​ឲ្យ​ស្របទៅតាម​ការកំណត់​ដោយ​ច្បាប់​របស់​ក្រសួងមហាផ្ទៃ ។​

បើតាម​លោក ប៊ុន មុនី រយៈពេល ១ ឆ្នាំ​កន្លងទៅ ពោល គឺ​នៅក្នុង​ឆ្នាំ ២០១៧ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សកម្មភាព​ជាច្រើន ដោយ​ក្នុងនោះ​សម្រេចបាន​នូវ​សមិទ្ធិផល​មាន​ជាអាទិ៍ បញ្ជាក់ជូន​នូវ​លិខិតបទដ្ឋាន​ផ្សេងៗ ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់​តាម​សេចក្តី​តម្រូវការ​របស់​ខ្លួន ។ ការធ្វើសកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ដោះស្រាយ​នូវ​រាល់​កង្វះ​ខាត់ ដែល​ពលរដ្ឋ​ខ្មែរក្រោម បាន​ជួប​ប្រឈម​ខ្លាំង ។ ជាពិសេស រាល់​សកម្មភាព​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​បាន​ឆ្លើយតប​ទៅ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ទាន់ពេលវេលា ។ ក្រៅពីនេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល​នូវ​គ្រប់​បញ្ហា ដែល​ពលរដ្ឋ​ខ្មែរក្រោម កំពុងតែ​ជួប​ប្រឈម ។​

សម្រាប់​គម្រោង​ផែនការ​ណ៍ និង​ទិសដៅ នៅក្នុង​ឆ្នាំ ២០១៨ នេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ ៥ ចំណុច ដើម្បី​អនុវត្ត មានដូចជា​៖

  • ​សិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ។​
  • បន្ត​ផែន​ការណ៍​រៀបចំ​ធ្វើ​ប័ណ្ណសមាជិក និង​លិខិតបញ្ជាក់​បទដ្ឋាន​ផ្សេងៗ ។​
  • រៀបចំ​ផែន​ការណ៍​អប់រំ ជួយ​ទ្រទ្រង់​សមាជិក សមាជិកា ដែល​ពុំមាន​មានលទ្ធភាព​គ្រប់គ្រាន់ ឲ្យ​កូនចៅ​បន្ត​ការសិក្សា ។​
  • ចលនា​វប្បធម៌ និង​ប្រពៃណី ។​
  • រៀបចំ​សកម្មភាព​មនុស្សធម៌ ពិនិត្យ​ជម្ងឺ ដល់​សមាជិក សមាជិកា ក្នុងពេល​សមស្រប​ណាមួយ ។​

​គួរ​ជម្រាបជូន​ថា មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បង្កើតឡើង​មុនដំបូង​បង្អស់ នៅ​ឆ្នាំ ១៩៣៧ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក​ឧកញ៉ា ឡឹម ឯម និង​សហការី​របស់លោក នៅឯ​ដែនដី​កម្ពុជា​ក្រោម ។ ការបង្កើត​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នេះ​ឡើង គឺ​ដើម្បី​បំពេញ​នូវ​អត្ថប្រយោជន៍​ដល់​ជន​រួម​ឈាម​ខ្មែរក្រោម ក្នុង​គោលបំណង​ផ្សារភ្ជាប់​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមាគម​នេះ ធ្វើ​សកម្មភាព​រហូតដល់​ឆ្នាំ ១៩៧៥ ហើយក៏​ត្រូវ​ផ្អាក​មកវិញ ក្នុង​ចន្លោះ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​សម័យ​រដ្ឋ​កម្ពុជា ។​

​លុះ​ក្រោយ​ថ្ងៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​បង្កើតឡើង​វិញ ក្រោម​គំនិត​ជួយ​ផ្តួចផ្តើម​របស់លោក សឺ​ន យិន លោក គឹម ភៀន លោក ច័ន្ទ សុខា លោក ថាច់ សាង លោក គៀង សាំង​ឈើ​ន លោក គឺ​ម ញ៉ លោក អ៊ុយ សុភ័ក្ត្រ លោក ថាច់ សឿន លោក ហែម ឫទ្ធី អ្នកស្រី ហែម សោភា លោក ថាច់ ឡាង ព្រមទាំង​ឥស្សរជន​ខ្មែរក្រោម​មួយចំនួនទៀត ។​ល​។ បានធ្វើ​ឲ្យ​សមាគម​នេះ ប្រសូត​ឡើង​ពេញលក្ខណៈ​ច្បាប់​សាជាថ្មី នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ៕

Leave A Reply

Your email address will not be published.