សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា​ធ្វើ​មហាសន្និបាត​សាមញ្ញ ជ្រើស​ប្រធាន​ថ្មី​អាណត្តិ​ទី ៥

754

ដោយ ស៊ឺន ចែងចើន|វិទ្យុសំឡេងកម្ពុជាក្រោម

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម (UKKBS) មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា នៅ​រសៀល ថ្ងៃអាទិត្យ ២៥ តុលា ២០១៥ ម្សិលមិញ​នេះ បានរៀបចំ​មហាសន្និបាត​សាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី សម្រាប់​អាណា​ត្តិ​ទី ៥ (​មាន​រយៈពេល ៤ ឆ្នាំ​ក្នុង​មួយ​អាណត្តិ​) ។​

ទិដ្ឋភាពមហាសន្និបាត​សាមញ្ញ​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពមហាសន្និបាត​សាមញ្ញ​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

មហាសន្និបាត​សាមញ្ញ​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រព្រឹត្តទៅ នៅ​សាលា​គណ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះតេជព្រះគុណ យ៉ាន់ ថា​ត់ ព្រះចៅអធិការ​វត្ត​សិរីសោភា ហៅ​វត្ត​អង្គ​តា​ម៉ិ​ញ និង​ព្រះតេជព្រះគុណ ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បុ​ទុម​វ​តី រួមទាំង​មានការ​ចូលរួម​ពី​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា សា​មា​ជិ​ក សមាជិកា ចំនួន ១០៣ អង្គ​/​រូប ។​

អង្គពិធី ប្រព្រឹត្តទៅ​រយៈពេល​មួយ​ល្ងាច ចាប់ពី​ម៉ោង ១:៣០ នាទី រហូតដល់​ម៉ោង ៥ ល្ងាច ដោយមាន​កម្មវិធី​បែងចែក​ទៅតាម​លំដាប់លំដោយ តាមរបៀប​វារៈ​ដែល​បានរៀបចំ​ទុក មានដូចជា កិច្ច​ស្វាគមន៍​ភ្ញៀវកិត្តិយស​ជិត​ឆ្ងាយ របាយការណ៍​អំពី​លទ្ធផល​ការងារ​អាណត្តិ​ទី ៤ ចំណាប់អារម្មណ៍ របស់​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បុ​ទុម​វ​តី ការប្រកាស​លាលែង​ពី​តំណែង​របស់​គណៈកម្មកា​រ​ចាស់ ការ​ឧ​ទេ្ទ​សនាម​បក្ខ​ភាព​ឈរឈ្មោះ​បោះឆ្នោត​ថ្មី និង​ការឃោសនា​ស្លឹក​ឆ្នោត​របស់​បេក្ខជន​ឈរឈ្មោះ ។​ល​។

​នៅក្នុង​អាណត្តិ​ថ្មី​នេះ មាន​បេក្ខជន​ឈរឈ្មោះ សម្រាប់​ជ្រើសរើស​ធ្វើជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មាន ៧ អង្គ​/​រូប ។ បេក្ខជន​រួមមាន​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ ដែល​សុទ្ធសឹង​តែមាន​ដើមកំណើត មកពី​ដែនដី​កម្ពុជា​ក្រោម ។ បេក្ខជន​ទាំង​៧ អង្គ​/​រូបនោះ រួមមាន ទី ១ ភិក្ខុ សឺ​ន សុ​ផា​រិន្ទ ទី ២ ភិក្ខុ ត្រឹង ដង ទី ៣ ភិក្ខុ សោ​ណ ធា​រី ទី ៤ ភិក្ខុ ឌឿ​ង វិជ័យ ទី ៥ ភិក្ខុ ថាច់ ស្នាល ទី ៦ ភិក្ខុ យឿន សុខ​យ៉ឹ​ង និង​ទី ៧ លោក ស៊ី ស័ក្តិ​បូ​រិ​ន ។

បេក្ខជន​ ៧ អង្គ​/​រូប ឈរឈ្មោះបោះឆ្នោត សម្រាប់​ជ្រើសរើស​ធ្វើជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
បេក្ខជន​ ៧ អង្គ​/​រូប ឈរឈ្មោះបោះឆ្នោត សម្រាប់​ជ្រើសរើស​ធ្វើជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
គណៈកម្មការចាស់​ ឡើងប្រកាសលាលែងពីតំណែង ។ រូបថតៈ ស៊ឺន ចែងចើន
គណៈកម្មការចាស់​ ឡើងប្រកាសលាលែងពីតំណែង ។ រូបថតៈ ស៊ឺន ចែងចើន

​ក្រោយពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត អាន​ជីវប្រវត្តិ​សង្ខេប​របស់​បេក្ខជន​ចប់សព្វគ្រប់​រួចមក ។ បេក្ខជន​ថ្មី ដែល​ឈរឈ្មោះ​សម្រាប់​ប្រជែង​យក​តំណែង​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ឡើង​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​រៀងៗ ខ្លួន ។ ជា​បន្ត​ទៅនេះ សូម​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម តាមដាន​ការឃោសនា​ស្វែងរក​សំឡេងឆ្នោត​របស់​បេក្ខជន​ទាំង ៧ អង្គ​/​រូប ។ ដោយ​ចាប់ផ្តើម​ពី​បេក្ខជន​ដំបូង​គេ​គឺ ភិក្ខុ សឺ​ន សុ​ផា​រិន្ទ បេក្ខជន​ដែល​បានបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ធម្ម​វិន័យ​ថ្នាក់​ឯក ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​សិក្សាធិការ​នៃ​សម្ព័ន្ធ​សមណ​និ ស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដូចតទៅ ៖

​យើង​ងាក​មក​ស្តាប់​ការឃោសនា​របស់​បេក្ខជន ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដូច​បេក្ខជន ខាងលើ​ដែរ តែ​តួនាទី​បច្ចុប្បន្ន​ជា​ប្រធានការិយាល័យ​វប្បធម៌​នៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា ក្រោម ។ សូម​ស្តាប់​បេក្ខជន​លេខ​រៀង​ទី ២ ភិក្ខុ ត្រឹង ដង តើ​ព្រះអង្គ មាន​គោលនយោបាយ អ្វីខ្លះ ដើម្បី​ទាញយក​សំឡេងគាំទ្រ ពី​សមាជិក សមាជិកា ចូលរួម​បោះឆ្នោត​ទាំង ១០៣ អង្គ​/​រូប​៖

​បេក្ខជន​ទី​លេខ​រៀង​ទី ៣ ដែល​ធ្វើ​ឲ្យ​ផ្ទុះសំណើច កក្រើក​កម្មវិធី​ទាំងមូល និង​ជា​បេក្ខជន​មាន​ជំនាញ​ផ្នែក ព័ត៌មានវិទ្យា ឬ IT ហើយ​បច្ចុប្បន្ន​មានមុខ​តំណែង​ជា​សហប្រធាន​ការិយាល័យ​ទ្រទ្រង់​នៃ​សម្ព័ន្ធ​សមណ​និ ស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នោះ​គឺ​ភិក្ខុ សោ​ណ ធា​រី ។ បេក្ខជន​អង្គ​នេះ មាន​គោលនយោបាយ​ជា​ចម្បង នោះ​គឺ​ស្វែងរក​ថវិកា បើសិនជា​ព្រះអង្គ បានការ​ផ្តល់​ទុកចិត្ត​ឲ្យ​ធ្វើជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត ខ្មែរ​កម្ពុជា​ក្រោម ។

​មិន​ខុសពី​បេក្ខជន សោ​ណ ធា​រី នោះដែរ ភិក្ខុ ឌឿ​ង វិជ័យ បេក្ខជន​លេខ​រៀង​ទី ៤ ក៏មាន​គោលនយោបាយ តែមួយគត់ នោះ​គឺ​ស្វែងរក​ថវិកា ដើម្បី​ទ្រទ្រង់​សម្ព័ន្ធ បើ​ព្រះអង្គ​ជាប់​ជា​ប្រធាន ។ បេក្ខជន ដែលមាន​សង្ឃ ដីកា​ហ្មត់ចត់ ម៉ឹងម៉ាត់ និង​មោះមុត​នោះ ទើបតែ​បញ្ចប់​បាក់​ឌុប ហើយ​មាន​គម្រោង​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បាន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ខ្លួន​យ៉ាង​ដូច្នេះ ៖

​ចំណែក បេក្ខជន​មួយអង្គ ដែល​បាន​បញ្ជ​ប់​ការសិក្សា​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឬ​គរុកោសល្យ​ឆ្នាំ​ទី ៣ នៅឯ​ទឹកដី​កម្ពុជា​ក្រោម ហើយ​បច្ចុប្បន្នកំពុង​រៀន នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ផ្នែក​ភាសា អង់គ្លេស ឯណេះ​វិញ ក៏​មិនធម្មតា​ដែរ ។
​ដោយ​មើលឃើញ​ពី​តម្លៃ​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ មួយ កាន់តែ​រីកចម្រើន​ប្រសើរ​ជាង​មុន ។ ជាពិសេស​រៀមច្បង​ជា​ថ្នាក់ដឹកនាំ​មុនៗ បាន​ដឹកនាំ​អង្គការ​មួយ នេះ សម្រេច​គោលដៅ និង​សមិទ្ធិផល​សំខាន់ៗ ដូច​បាន​គ្រោងទុក ។ បេក្ខជន ដែល​មិនសូវ​វោហា​ស័ព្ទ​ដូច​បេក្ខជន ដែល​បាន​ឃោសនា​មុនៗ នេះ មាន​លេខ​រៀង​ទី ៥ ព្រះនាម ថាច់ ស្នាល បាន​ប្តេជ្ញា​ខ្ពស់ ក្នុងការ​ដឹកនាំ អង្គការ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​កាន់តែ​រីកចម្រើន ឆ្ពោះទៅមុខ បន្ថែមទៀត បើ​ព្រះអង្គ​បាន​ធ្វើជា​ប្រធាន​ក្នុង​អាណត្តិ​ទី ៥ នេះ ៖

​ធ្លាប់​ចូលរួម​សង្គម​យ៉ាងសកម្ម​ទាំង​នៅឯ​កម្ពុជា​ក្រោម រហូត​និមន្ត​មក​ប្រទេស​កម្ពុជា ក៏​នៅតែ​ចូលរួម​បម្រើ សង្គម​ដដែល ។ ក្នុង​តំណែង​ជា​ប្រធាន​ដំណាង​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម នៅ​កុដិ ១៧ នៃ​វត្ត​បុ​ទុម​វ​តី បេក្ខជន​លេខ​រៀង​ទី ៦ ភិក្ខុ យឿន សុខ​យ៉ឹ​ង ក៏មាន​គោ​លន​យោ​យ​បាយ មិន​ខុសពី​បេក្ខជន​លេខ​រៀង​ទី ៥ ដែរ ។ ពោលគឺ នៅពេល​ព្រះអង្គ​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះអង្គ នឹង​ដឹកនាំ​អង្គការ​សម្ព័ន្ធ​ឲ្យ​កាន់តែ​ប្រសើរ​ជាង ឬ​លើសពី​ថ្នាក់ដឹកនាំ អាណត្តិ​មុនៗ ៖

បេក្ខជន​ចុងក្រោយបង្អស់​មាន​លេខ​រៀង​ទី ៧ ឈ្មោះ ស៊ី ស័ក្តិ​បូ​រិ​ន ។ បេក្ខជន​រូបនេះ មាន​លក្ខណៈពិសេស ប្លែក​ជាង​បេក្ខជន​ទាំង ៦ រូប​ខាងលើ ខុសប្លែក​ពី​គេ​ត្រង់​ថា លោក​ជា​គ្រហស្ថ​តែ​ម្នាក់​គត់ ដែល​ឈរឈ្មោះ សម្រាប់​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត តំណែង​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ជាមួយ នឹង​បេក្ខជន​ទាំង ៦ ដែល​សុទ្ធតែជា​ព្រះសង្ឃ ។ យ៉ាងណា​ក៏ដោយចុះ លោក ស៊ី ស័ក្តិ​បូ​រិ​ន ហាក់ដូច​មិនមាន​សង្ឃឹម​ទាល់តែសោះ ក្នុងការ​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ ។ លោក​មានប្រសាសន៍ ទៅកាន់​អ្នកចូលរួម​បោះឆ្នោត​ថា បេក្ខជន​ដែលជា​ព្រះសង្ឃ បាន​ទាញយក​ប្រជាប្រិយភាព និង​សំឡេង ឆ្នោត​ពី​លោក​អស់ហើយ ។ សូម​ស្តាប់​ប្រសាសន៍​របស់លោក ៖

​បន្ទាប់ពី​បេក្ខជន ឡើង​ប្រកាស​ឃោសនា ស្វែងរក​សំឡេងឆ្នោត​រៀងៗ ខ្លួន​ចប់សព្វគ្រប់​រួចមក ។ លោក សា​ម៉ោ​រ៉ា លេខាធិការ​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត បាន​ពន្យល់​អំពី​និ​តី​វិធី​នៃ​ការបោះឆ្នោត យ៉ាង​ដូច្នេះ ៖

​ពិធី​បោះឆ្នោត ក៏បាន​ចាប់ផ្តើម ដោយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បាន​ហៅ​ឈ្មោះ​អ្នកបោះឆ្នោត ម្តងម្នាក់ៗ ដែល​សរុប​អ្នកមាន​វត្តមាន ចូលរួម​បោះឆ្នោត​ទាំងអស់ ១០៣ អង្គ​/​រូប រហូតដល់​ចប់ ៖

លោក សឺន សែត ប្រធានក្រុមប្រឹក្សាភិបាលនៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺន សែត ប្រធានក្រុមប្រឹក្សាភិបាលនៃ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត បាន​បើក​ហឹប​ឆ្នោត ដើម្បី​រាប់​សន្លឹកឆ្នោត ។ ហើយក៏​បានប្រកាស លទ្ធផល យ៉ាង​ដូច្នេះ ៖

​ជា​លទ្ធផល បេ​ក្ខេ​ជន​មាន​លេខ​រៀង​ទី ១ គឺ ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ បាន​ជាប់​ជា​ប្រធាន សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណ​ត្តិ្ក​ទី ៥ នេះ ។ ព្រះអង្គ​បានទទួល​សំឡេង គាំទ្រ​ចំនួន ៥៧ សំឡេង នៃ​សំឡេងឆ្នោត​សរុប ១០៣ សំឡេង ។​
​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​សម្តែង​នូវ​សេចក្តី​រី​រាយ ត្រេកអរ​ជាខ្លាំង ក្រោយពី​លទ្ធផល​បង្ហាញថា ព្រះអង្គ​បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​សម្ព័ន្ធ​អាណ​ត្តិ្ក​ទី ៥ ។ តាមរយៈ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ព្រះ​តេជ ព្រះ​គុណ សឺ​ន សុ​ផា​រិន្ទ បាន​ថ្លែងអំណរគុណ ទៅកាន់​អ្នកចូលរួម​បោះឆ្នោត ដែល​បានផ្តល់​ការទុកចិត្ត មកលើ​ព្រះអង្គ ។ ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ ក៏បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ថ្មី សម្រាប់​អាណត្តិ​ថ្មី នៅពេលដែល​ព្រះអង្គ​ចូលកាន់​តំណែង​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត ខ្មែរ​កម្ពុជា​ក្រោម ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ៖

​សូមបញ្ជាក់ថា ភិក្ខុ ឯ​កប្ប​ញ្ញោ សឺ​ន សុ​ផា​រិន្ទ ជា​ព្រះសង្ឃ​ខ្មែរក្រោម មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើទាល (Giong Dau) ឃុំ​ក្រសាំង (Hoa An) ស្រុក​កំពង់​ស្ពាន (Cau Ke) ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ។ ព្រះអង្គ​បាន​សាង ផ្នួស​នា​ឆ្នាំ ១៩៩៧ នៅក្នុង​ខណ្ឌសីមា វត្ត​ម​ជ្ឈិ​មា​រាម ហៅ​វត្ត​កណ្ដាល ជា​វត្ត​ខ្មែរ​មួយ​នៅ​ស្រុកកំណើត របស់ ព្រះអង្គ ។ ឆ្នាំ ២០០៥ ព្រះអង្គ​បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កម្ពុជា និង​បន្ទាប់មក ព្រះអង្គ​បាន និមន្ត​ចេញពី​ប្រទេស​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​ថែមទៀត ។ ក្រោយពី​បានបញ្ចប់​ការសិក្សា​ថ្នាក់ អនុបណ្ឌិត​នៅ​ប្រទេស​ថៃ ព្រះអង្គ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ចូលធ្វើការ​ស្ម​គ្រ​ចិត្ត​ឲ្យ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ជាប់ឆ្នោត​ជា​ប្រធាន នៅ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ៕

ខាងក្រោមជារូបថត ការបោះឆ្នោតអាណត្តិកាលទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

_DSC0058 _DSC0064 _DSC0065 _DSC0066 _DSC0069 _DSC0086 _DSC0089 _DSC0092 _DSC0093 _DSC0102 _DSC0103 _DSC0104 _DSC0107 _DSC0113 _DSC0144 _DSC0196 _DSC0203 _DSC0231 _DSC0235 _DSC0240 _DSC0244 _DSC0258 _DSC0259 _DSC0265 _DSC0271 IMG_7377 IMG_7378 IMG_7394

Comments are closed.