មហាសន្និបាតសកល នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លើកទី ៩ បោះឆ្នោតជ្រើសរើសគណៈកម្មការនាយក អាណត្តិកាលទី ៣ ឆ្នាំ ២០១២ – ឆ្នាំ ២០១៦
សេចក្ដីកំណត់ហេតុនៃអង្គមហាសន្និបាតរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១១ និង ១២ ខែសីហា ឆ្នាំ ២០១២
ថ្ងៃសៅរ៍ ទីដប់មួយ ខែសីហា ឆ្នាំពីរពាន់ដប់ពីរ ទីក្រុងហាមិតុន, ប្រទេសកាណាដា
-ពិធីករ៖ ដោយលោក លី ចឿន
-ម៉ោង៖ ៨ និង ៣០ នាទី ព្រឹក ម៉ោងនៅទីក្រុងហាមិតុន, ប្រទេសកាណាដា
សមសភាពគណៈកម្មការនាយករួមមាន៖
លោក តោ គិម ថុង អធិបតី
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ
ព្រះតេជ ព្រះគុណ ធីធី ធម្មោ ព្រះអគ្គលេខាធិការ
លោកព្រឹទ្ធាចារ្យ ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ
លោក ថាច់ សេ ប្រធានសភាតំណាង
លោក ត្រឹង ម៉ាន់ រិន នាយកផែនការ
លោក ត្រឹង យ៉ាប់ នាយករដ្ឋបាល
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិ ផ្នែកកិច្ចការបទេស
លោកស្រី សឺង ធី ណិត ប្រធានស្ត្រី
លោក ចៅ សេរី ប្រធានយុវជន
លោក ចៅ សេរី ហេរញ្ញឹក
លោក សឺង ហួរ អធិបតីរង
លោក បណ្ឌិត ឃូភើ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ និង លោក ថាច់ វៀន តំណាងទ្វីបអឺរ៉ុបពីប្រទេសបារាំង រួមនឹងប្រធានតំបន់, សាខា, ទីក្រុងព្រមទាំងសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក, កាណាដា, បារាំង ជាដើម ប្រមាណជិត ២០០ នាក់ ។
-ឧទ្ទេសនាមភ្ញៀវកិត្តិយដោយ លោក ថាច់ សារុម ប្រធានសហព័ន្ធប្រចាំប្រទេសកាណាដា ។
-ស្វាគមន៍ភ្ញៀវកិត្តិយសដោយលោក ថាច់ ដែក ប្រធានគណៈកម្មការ វត្តខ្មែរកម្ពុជាក្រោម នៅទីក្រុងហាមិតុន នៃប្រទេសកា ណាដា ។
-ស្វាគមន៍ភ្ញៀវកិត្តិយសរបស់ លោក កៀង គីម ប្រធានសមាគមខ្មែរក្រោមប្រចាំក្រុងតូនរ៉នតូន ប្រទេសកាណាដា ដោយមានយោបល់ ខ្លី គឺសួរសុខទុក្ខបងប្អូន ជនរួមជាតិ នៅគ្រប់ទិសទី ។
-គោរពទង់ជាតិ ដោយអ្នកស្រី គឹម រស្មី (កែវ កញ្ញា) ចំរៀងដោយផ្ទាល់ ។
-គោរពវិញ្ញាណក្ខ័ន្ធវីរបុរស ច្រៀងផ្ទាល់ដោយ អ្នកស្រី ថាច់ ឡេនី ។
-បណ្ឌិត Cooper ទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីសិទ្ធិមនុស្ស និងសកម្មភាពសហព័ន្ធនៅអាស៊ី ក្នុងនោះ មានការចូលរួមប្រជុំវេទិកាអាស៊ានជាដើម កាលពីខែមិថុនាកន្លងទៅ ។ លោក បណ្ឌិតបានបញ្ជាក់ថា ថ្មីៗនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបជាមួយព្រះសង្ឃជាសមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ និងជួបនឹងមន្ត្រីក្រសួងការបរទេសនៅកាណាដា កាលពីថ្ងៃទី ៧ – ៨ ខែសីហា នេះ ជាពិសេស បានថ្លែងអំណរគុណ និងរាយការណ៍បន្ថែមអំពីការសុំចូលជាសមាជិកស្ថាប័នសេដ្ឋកិច្ច និង សង្គមកិច្ច នៃអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ ។
-លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធ ធ្វើរបាយការណ៍រយៈពេល ៤ ឆ្នាំកន្លងទៅ គឺចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១២ ក្នុងនោះបានបង្ហាញ រូបថតនៃសកម្មភាពជាច្រើន… ដូចជាថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីសិទ្ធិមនុស្ស, មន្ត្រីក្រសួងការបរទេស, និងស្ថាប័នអន្តរជាតិមួយចំនួនផងដែរ ។
លោកប្រធានប្រតិបត្តិបានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម មានសេចក្តីសង្ឃឹម គឺ ដោយបងប្អូនជនរួមជាតិទាំងអស់មានទឹកចិត្តតស៊ូ និងមានគុណធម៌ក្នុងការតស៊ូ ដោយមាន សច្ចៈ ខន្តី កតញ្ញូ ក្នុងខ្លួនរៀងៗខ្លួន ។ ហើយលោក ថាច់ ង៉ុក ថាច់ មានក្តីសង្ឃឹមដោយឈរទាំងលើគោលជំហរគឺ ធ្វើត្រូវគិតត្រូវនឹងគោលការណ៍អន្តរជាតិ ។ បន្ថែមពីនោះ លោកប្រធានប្រតិបត្តិបានអំពាវនាវចំពោះសមាជិក-កាទាំងអស់ ចូលរួមគាំទ្រចលនាសហព័ន្ធទាំងអស់គ្នា ដើម្បីជំរុញឱ្យចលនាតស៊ូទទួលបានជោគជ័យ ។ ជាពិសេសបងប្អូនខ្មែរក្រោម ត្រូវតែចេះរួបរួមគ្នានិងសាមគ្គីគ្នាជាថ្លុងមួយដើម្បីផលប្រយោជន៍តែមួយ។
-លោក ត្រឹង យ៉ាប់ នាយករដ្ឋបាលសហព័ន្ធបានធ្វើរបាយការណ៍អំពីថវិកាចំណូល និងចំណាយជំនួស លោក ចៅ សេរី ហេរញ្ញិកកសហព័ន្ធ ។
វេទិកាសំណួរ—ចម្លើយ៖ ស្តីពីអង្គការសេដ្ឋកិច្ច និងសង្គមកិច្ច នៃអង្គការសហប្រជាប្រជាតិ…. ។
លោក ថាច់ ង៉ុក ថាច់ និងលោក បណ្ឌិត ឃូភើ បានបកស្រាយអំពីផលប្រយោជន៍នៃអង្គការអន្តរជាតិមួយនេះ ហើយពេលនេះយើងមិនបានជាប់ជាសមាជិកក៏ពិតមែន តែយើងអាចនៅមានឱកាស និងមានសង្ឃឹម ព្រោះប្រទេសមហាអំណាចគេបានបោះឆ្នោតគាំទ្រយើង ក្នុងនោះមានសហរដ្ឋអាមេរិក និង បារាំងជាដើម…។

ពេលល្ងាច៖
ដឹកនាំដោយ៖ លោកព្រឹទ្ធាចារ្យ ឡឹម ខាយ
លោក ថាច់ សេ ប្រធានសភាតំណាងអ្នកតែងតាំងច្បាប់ និងជាចែងលក្ខន្តិកៈសម្រាប់សហព័ន្ធបានអាននូវច្បាប់បោះឆ្នោត និងប្រ កាសអំពីសមសភាពបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី ៩ ជូនអង្គមហាសន្និបាត…។
លោក តោ គិម ថុង អធិបតី បានប្រកាសរំលាយគណៈកម្មការចាស់ដើម្បីជ្រើសរើសគណៈកម្មការថ្មី ។
បេក្ខជនឈរឈ្មោះបោះឆ្នោតនិងការប្តេជ្ញាចិត្ត សម្រាប់អាណត្តិទី ៣
ទី ១-លោក ចៅ រៀប បានថ្លែងប្តេជ្ញាចិត្តថា នឹងបន្តសកម្មភាពបន្ថែមទៀតដើម្បីធ្វើឱ្យខ្មែរក្រោមរស់….។
ទី ២ – លោក ថាច់ សេ ប្រធានសភាតំណាង មានមោទន ភាពបានចងក្រងសៀវភៅមួយក្បាលក្រោមចំណងជើងថា ទុក្ខខ្មែរក្រោម ។
ទី ៣ – លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងអំពីប្រវត្តិនៃការតស៊ូរបស់សហព័ន្ធ….ការតស៊ូរបស់សហព័ន្ធនឹងបានទទួលជោគជ័យនាពេលឆាប់ៗខាងមុខ ។
ទី ៤ – លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា យើងខ្ញុំកើតក្នុងត្រកូលជាតិនិយម… កាលណាយើងមានមោទនភាពថា យើងជាខ្មែរក្រោម គឺ ខ្មែរក្រោម យើងមិនស្លាប់ទេ…. មានតែសហព័ន្ធមួយគាត់ ដែលជម្រុញឱ្យយួនជិតទល់ច្រក…. យើងនឹងចូលស្រុកក្នុងពេលខាងមុខឆាប់ៗខាងមុខ…។
-ទី ៥ – លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៍ថា មិនចង់ឃើញខ្មែរក្រោមស្លាប់បន្តទៀត…. ជៀសវាងមិនឱ្យខ្មែរក្រោម និង ខ្មែរស្លាប់ដោយសារយួន ឬ សត្រូវ……ចង់ឃើញវត្តមានខ្មែរក្រោម លើឆាកអន្តរជាតិ…
-ទី ៦-លោក ត្រឹង យ៉ាប់ មានប្រសាសន៍ថា មូលហេតុអ្វីខ្មែរក្រោមវេទនានៅកម្ពុជាក្រោម… ស្រាវជ្រាវសួរចាស់ទុំអំពីប្រវត្តិខ្មែរក្រោម… សូមបងប្អូន ជនរួមជាតិងើបឈរឡើងដើម្បីទាមទារសិទ្ធិសេរីភាពពីវៀតណាម ។
ទី ៧-លោក សឺង ហួរ បងប្រុសលោក សឺង ទួន អតីតប្រធានប្រតិបត្តិ…. ប្រសាសន៍ថា សិទ្ធិមនុស្សលើពិភពលោក គឺជាសិទ្ធិរបស់ខ្មែរក្រោម ។
ទី ៨ – លោក ថាច់ វៀន ពីអឺរ៉ុប រៀបរាប់អំពីប្រវត្តិផ្ទាល់ខ្លួននៃការសិក្សា និងស្ម័គ្រចិត្តបម្រើសហព័ន្ធតាំងពីដំបូង… ព្រមទាំងធ្វើរបាយការណ៍អំពីសកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទ្វីបអឺរ៉ុប….។
លោក ថាច់ សេ ប្រកាសអំពីតំណាងប្រទេស និងតំណាងសាខា ឬ សមាជិក សមាជិកានៃសហព័ន្ធ នៅតាមបណ្តាប្រទេស, ទ្វីប, រដ្ឋនានាជុំវិញភិភពលោក មានសិទ្ធិបោះឆ្នោតជ្រើសរើសបោះឆ្នោតគណៈកម្មការនាយកសហព័ន្ធ ។
គណៈកម្មការរៀបចំការបោះឆ្នោតអាណត្តិទី ៣ រួមមាន៖
ទី ១ – លោក យស សារុន ជាប្រធាន
ទី ២ – លោក ត្រឹង ជី ជាអនុប្រធាន
ទី ៣ – លោក ថាច់ ស៊ីចាន់ អគ្គពិនិត្យ
ទី ៤ – លោកស្រី ថាច់ សុផល សមាជិក
ទី ៥ – លោក សុខ នីម លេខាធិការ
ទី ៦ – លោក ថាច់ គារ សមាជិក
ទី ៧ – លោក ឡឹម ខាយ ឃោសនិក
លោក ឡឹម ខាយ ប្រកាសលទ្ធផលនៃការបោះឆ្នោត៖
លោក ថាច់ វៀន ទទួលសំឡេងឆ្នោត ចំនួន ៦៩ សន្លឹក
លោក ថាច់ ង៉ុក ថាច់ ទទួលបានសំឡេង ចំនួន ៨៧ សន្លឹក
លោក ចៅ រៀប ទទួលបានសំឡេង ចំនួន ៦៤ សន្លឹក
លោក ថាច់ សេ ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក ប្រាក់ សេរីវុឌ្ឍ ទទួលបានសំឡេងចំនួន ៦៧សន្លឹក
លោក ត្រឹង ម៉ាន់រិន ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក ត្រឹង យ៉ាប់ ទទួលបានសំឡេង ចំនួន ៦៥ សន្លឹក
លោក សឺង ហួរ ទទួលសំឡេងចំនួន ៥៨ សន្លឹក
ព្រះតេជព្រះគុណ ធីធី ធម្មោ បានមានថេរដីកាចាប់អារម្មណ៍ជុំវិញអង្គមហាសន្និបាត និងត្រេកអរចំពោះទឹកចិត្តព្រះសង្ឃ និងសមា ជិក សមាជិកា ដែលមានស្មារតីស្នេហាជាតិដើម្បីទាមទារសិទ្ធិសេរីភាព…. ជាពិសេស ព្រះតេជព្រះគុណ ធីធី ធម្មោ បានសង្កត់ធ្ងន់ថា ព្រះសង្ឃ ក៏មានតួនាទីចូលរួមចំណែកក្នុងការកិច្ចសង្គមជានិច្ច កាល ។ ក្រៅពីនោះ ព្រះតេជព្រះគុណ ធីធី ធម្មោ បានបង្ហាញអំពីសកម្មភាពដែលព្រះអង្គ បាននិមន្តទៅចូលរួមបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងបាងកក និងដំណើរទស្សនកិច្ចនៅកម្ពុជាក្រោមកាលពីពេលថ្មីៗនេះ ។
អង្គមហាសន្និបាតសកល លើកទី ៩ បានបញ្ចប់នៅថ្ងៃទី ១ នាវេលាម៉ោង ០៥ និង ៣០ នាទីល្ងាច ប្រកបដោយភាតរភាព និងស្មារតីស្នេហាជាតិខ្ពស់ ។
ថ្ងៃអាទិត្យ ទី ១២ ខែសីហា ឆ្នាំ ២០១២
-ចាប់ផ្តើមពីម៉ោង ០៩ និង ៣០ នាទីព្រឹក
លោក ចៅ សេរី ប្រធានយុវជនខ្មែរក្រោមឡើងអាននូវសាររបស់លោក សឺង សម្រេច អគ្គនាយកព័ត៌មានសហព័ន្ធផ្តាំផ្ញើនូវខ្លឹមសារ សំខាន់ៗ សម្រាប់អង្គមហាសន្និបាត ជាពិសេសបានលើកយកនូវចំណងជើងកំណាព្យមួយដែលជាស្នាដៃនិពន្ធរបស់លោក សឺង សម្រេច មានចំណងជើងថា ពេលដែលត្រូវយំ…។
សមសភាពគណៈកម្មការនាយកថ្មី អាណត្តិកាល ឆ្នាំ ២០១២-២០១៦
ទី ១-លោក ថាច់ វៀន អធិបតី ។
ទី ២-លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ ។
ទី ៣-លោក ថាច់ សេ ប្រធានសភាតំណាង ។
ទី ៤-លោក ថាច់ ង៉ុក ថាច់ នាយកប្រតិបត្តិ ។
ទី ៥-លោក សឺង ហួរ អគ្គលេខាធិការ ។
ទី ៦-លោក ត្រឹង ម៉ាន់រិន នាយកផែនការ ។
ទី ៧-លោក ត្រឹង យ៉ាប់ នាយករដ្ឋបាល ។
ទី ៨-លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិកិច្ចបរទេស ។
ទី ៩-ព្រះតេជព្រះគុណ ធីធី ធម្មោ នាយកអន្តរសាសនា ។
ទី ១០-លោកស្រី សឺង ធី ណិត នាយកស្ត្រីខ្មែរក្រោម ។
ទី ១១-លោក ចៅ សេរី នាយកយុវជនខ្មែរក្រោម ។
ទី ១២-លោក តោ គិម ថុង អតីតអធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
បន្ទាប់ពីគណៈកម្មការនាយកថ្មី បានសច្ចានិងផ្ទេរតំណែងរួចហើយ លោក អធិបតី ថាច់ វៀន បានប្តេជ្ញាចិត្តនឹងខិតខំពុះពារគ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិរួមទាំងសហការ ជាមួយនឹងគណៈកម្មការនាយកចាស់ដើម្បីបន្តគោលដៅ នៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ព្រមទាំងព្រះសង្ឃ ជយន្តោ ប្រោះព្រំពរជ័យជូនដល់គណៈកម្មការនាយកថ្មី ។
-លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈកម្មការនាយកថ្មី ត្រូវខិតខំប្រឹងប្រែងបន្តកិច្ចការរឿងវាសនាខ្មែរក្រោម គឺទិសដៅនិងគោលបំណងតែមួយ… ហើយលោកប្រធានសភាព្រឹទ្ធាចារ្យបានបន្ថែមសង្កត់ធ្ងន់ថា “ក្តាមរឹងដោយសារសំបកពីក្រៅ រីឯមនុស្សរឹងប៉ឹងដោយសារចិត្ត ។
-ព្រះតេជព្រះគុណ ធីធី ធម្មោ នាយកអន្តរសាសនា បានមានថេរដីកា លើកទឹកចិត្តដល់គណៈកម្មការថ្មី និងប្រកាសតែងតាំងព្រះសង្ឃមួយចំនួន ដើម្បីធ្វើជាសហការីចំពោះអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងនោះ រួមមាន៖
ព្រះតេជព្រះគុណ ត្រឹង កុយ នៅសហរដ្ឋអាមេរិក
ព្រះតេជព្រះ គុណ អៀង ភីរុន នៅសហរដ្ឋអាមេរិក
ព្រះតេជព្រះគុណ មាស សាវឿន ប្រធានសមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ រួមនឹងព្រះសង្ឃខ្មែរក្រោមនៅប្រទេសឥណ្ឌា, សេរីលង្កា និងភូមា… ជាដើម ។
-លោកស្រី សឺង ធី ណិត នាយកស្ត្រីខ្មែរក្រោម បានមានប្រ សាសន៍ចាប់អារម្មណ៍រាល់កិច្ចការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាពិសេសលោកស្រីមានមោទនភាពយ៉ាងខ្លាំង ដែលការតស៊ូរយៈពេលកន្លងមកបានធ្វើឱ្យកូនចៅខ្មែរក្រោម នៅបរទេសចេះនិយាយភាសាខ្មែរ និងទទួលស្គាល់ខ្លួនឯងជាខ្មែរក្រោម….។
-វេទិកាសំនួរ និង ចម្លើយ ជុំវិញការវិវឌ្ឍរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមលើឆាកអន្តរជាតិ… ជាពិសេសអង្គមហាសន្និបាតលើកទី ៩ បានសង្កត់ធ្ងន់ជុំវិញព្រឹត្តិ ការណ៍នៅវត្តសេរីសេកស្ថិតក្នុងស្រុកជ្រោយញរ ខែត្រឃ្លាំង កម្ពុជាក្រោម ដែលអាជ្ញាធរយួនគំរាមកំហែងចាប់ព្រះសង្ឃផ្សឹកកាលពីចុង ខែកក្កដា ឆ្នាំ ២០១២ នេះជាអាទិ៍ ។
-លោក យស សារុន អនុប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធ ក៏បានអំពាវនាវ ចំពោះសមាជិក សមាជិកា នៃសហព័ន្ធ និងបងប្អូនជនរួមជាតិនៅជុំវិញពិភពលោក មេត្តាអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០១២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅថ្ងៃទី ១៥-១៦ ខែធ្នូ ខាងមុខ នៅទីក្រុងឆាឡាត់ រដ្ឋណតកូឡូឡាញណា សហរដ្ឋអាមេរិក ឱ្យបានច្រើនកុះករ ជាពិសេសប្រធានតំបន់, ប្រធានសាខានៅជុំវិញពិភពលោកដើម្បីធ្វើរបាយការណ៍ និងស្តាប់ផែនការថ្មីសម្រាប់ទិសដៅនៃដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ។
អង្គមហាសន្និបាតសកលលើកទី ៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសបិទកម្មវិធីក្រោមអធិបតីភាព លោក ថាច់ វៀន អធិបតី សម្រាប់អាណត្តិកាលឆ្នាំ ២០១២-២០១៦ នៅវេលាម៉ោង ១ និង ៣០ នាទីល្ងាច នាថ្ងៃអាទិត្យ ទី ១២ ខែសីហា ឆ្នាំ ២០១២ ប្រ កបដោយបរិកាសភារតភាព និងមោទនភាពជាតិខ្ពស់ចំពោះការជោគជ័យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងចលនាតស៊ូដោយអហិង្សាដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណាយួនកុម្មុយនិស្តបច្ចុប្បន្ន ។
ក្រុងហាមិតុន, ប្រទេសកាណដា,
ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១២
អ្នកកំណត់ហេតុអង្គមហាសន្និបាត
ព្រះភិក្ខុ សឺង យ៉ឹង រតនា