សារប្រគេន និងជូនពរ ឆ្នាំថ្មី ឆ្នាំសកល ២០១៤ របស់នាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម
ខ្ញុំព្រះករុណា សូមថ្វាយបង្គំ ចំពោះព្រះមហាថេរ និងព្រះ ថេ រានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។
សូមចំរើនពរចំពោះសហការីទាំងអស់ និងលោក លោក ស្រី ប្រិយមិត្តទាំងអស់ ជាទីស្រឡាញ់រាប់អាន ។

នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៤នេះ តាង នាម ឱ្យ នាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរ កម្ពុជា ក្រោម មាន កិត្តិយស សូមប្រគេន និងជូននូវ សារជូន ពរឆ្នាំថ្មី ដល់ ព្រះ ថេរា នុត្ថេរៈគ្រប់ព្រះអង្គ និងបង ប្អូនជន រួម ជាតិទាំង អស់ ជាពិសេស បងប្អូនជនរួម ជាតិខ្មែរក្រោម ដែលកំពុង រស់ នៅ ក្រោមការគាប សង្កតបំបិទសិទ្ធិសេរីភាព និង ជំនឿសាសនា ពីរបប គ្រប់គ្រង នៃសាធារណរដ្ឋសង្គម និយមវៀតណាម សព្វថ្ងៃ ប្រកបដោយសិរីសួស្តី សុភមង្គល វិបុលសុខ មហាប្រ សើរ និង សិទ្ធិសេរីភាព គ្រប់ប្រការ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេននិងជូន នូវសេច ក្តីថ្លែង អំណរ គុណជាពន្លឹកចំពោះការខិតខំ ប្រឹង ប្រែង យ៉ាងមមាញឹក របស់ព្រះ តេជព្រះគុណគ្រប់ អង្គ និងសហការីគ្រប់រូប ក្នុងការបំពេញតួនាទី ដោយ ស្ម័គ្រព្រះទ័យ និងស្ម័គ្រចិត្តក្នុង ការ ងាររចនាបថ និងផ្សព្វ ផ្សាយ នូវគេហទំព័រ វិទ្យុសំឡេង កម្ពុជា ក្រោម, គេហទំព័រសារព័ត៌មាន ព្រៃនគរ ព្រមទាំងក្នុង សកម្មភាព ចូលរួមចំណែកដទៃទៀត នៃក្របខណ្ឌផល ប្រ យោជន៍ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម នៃបុព្វហេតុទឹកដីកម្ពុជាក្រោម ដ៏សែនស្រណោះរបស់យើងទាំងអស់គ្នា ។
ដូចជាព្រះតេជព្រះគុណ និងសហការីទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា ការងារក្នុងនាយកដ្ឋាន ព័ត៌មាន របស់យើង គឺ មិន មែន ជាការងារប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំឆ្នាំទេ ប៉ុន្តែគឺជាការងារប្រចាំថ្ងៃ ឬហៅថា ជាការងារ ប្រចាំ ២៤ម៉ោងក៏បាន ។ ការងារនេះ មិនខុសពីចុងចុងភៅធ្វើ ម្ហូបរាល់ពេលបាយ ស្លរត្រូវមាត់គេបានម្តងហើយ ត្រូវតែនឹករកមុខ ម្ហូបថ្មី សម្រាប់ពេលបាយក្រោយទៀត ។ ខ្ញុំព្រះករុណា អាត្មាភាព បានដឹងច្បាស់ថា ទាំងអ្នកស្ម័គ្រចិត្ត ទាំងអ្នកបានទទួល កម្រៃបន្តិចបន្តួច ប្រសិនបើគ្មានទឹកចិត្ត មនសិការ ស្នេហាជាតិ និងសាសនា បើគ្មានការឈឺចាប់ បើគ្មានការអាណិត អាសូរចំពោះបងប្អូនរួមលោហិតដ៏អភព្វ បើគ្មានសទ្ធា ជ្រះថ្លាក្នុង ការបរិច្ចាគពេលវេលានិងធនធានផ្ទាល់ខ្លួន ដោយមិនចង់ បានអ្វី ត្រឡប់មក វិញទេនោះ យើងទាំងអស់ គ្នាប្រាកដ ជាមិន អាចបំពេញ ការ ងារនេះបានឡើយ ។
ទោះជាពេលនេះ វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ មិនទាន់បានជ្រួតជ្រាប នៅគ្រប់ទីកន្លែង ក៏ពិត មែន ប៉ុន្តែតាម រយៈ ការទំនាក់ទំនងជាមួយបងប្អូនយើង នៅកម្ពុជាក្រោម បានឱ្យដឹងថា គឺជាសំឡេង នៃសេចក្តីសង្ឃឹមតែ មួយ គត់សម្រាប់ខ្មែរក្រោម និង មោទនភាព របស់យើងទាំងអស់គ្នាផងដែរ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងជូននូវកិត្តិយស ដែលទទួលបាននេះ ចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជា ទីគោរពសក្ការៈ និងសហការីទាំងអស់ សូមថ្លែងនូវសេចក្តីកោតសរសើរ និងសេចក្តីសង្ឃឹមដ៏កក់ក្តៅ ថាព្រះ ថេរានុត្ថេរគ្រប់ ព្រះអង្គ និងសហការីទាំងអស់ ក្នុងការខិត ខំប្រឹង ប្រែងតទៅទៀត ដើម្បីមូលហេតុដ៏ត្រឹមត្រូវ ចំពោះមាតុភូមិកម្ពុជាក្រោម និងប្រកបដោយកិត្តិយសដ៏ថ្លៃថ្លានេះ ។
ខ្ញុំព្រះករុណា អាត្មាភាព សូមប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០១៤ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសហ ការីគ្រប់ រូប ព្រម ដោយបងប្អូនរួមជាតិទាំងអស់ សូមបានប្រកបដោយសិរីសួស្តី ជ័យមង្គល និងបានសេចក្តីសុខ សេចក្តីចំរើន គ្រប់ ប្រការ ចូលកើត មានដល់ព្រះសង្ឃ និងលោក លោកស្រី គ្រប់ពេលវេលា ជាពិសេស មានសាមគ្គីភាព ដើម្បីរក្សានូវព្រលឹង ជាតិ មាតុភូមិកម្ពុជាក្រោម ជាទី សេ្នហានៃយើងទាំងអស់គ្នា។
សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសហការីទាំងអស់ ព្រមទាំងបងប្អូនរួមជាតិ ព្រះមេត្តា និងមេត្តាទទួលនូវ សេចក្តីគោរព និងស្រ ឡាញ់ រាប់អានដោយស្មោះ និងយ៉ាងកក់ក្តៅបំផុត ពីខ្ញុំព្រះករុណា អាត្មាភាព ។
ធ្វើនៅទីក្រុងសាន់ហូស្សេ, ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣
ខ្ញុំព្រះករុណា អាត្មាភាព
សឺង យ៉ឹង រតនា
នាយកព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម