សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

239

ខ្ញុំព្រះករុណា សូម​ថ្វាយបង្គំ ចំពោះ​ព្រះ​មហាថេរ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។​

​សូម​ចំរើនពរ​ចំពោះ​សហការី​ទាំងអស់ និង​លោក លោកស្រី ប្រិយមិត្ត​ទាំងអស់ ជាទី​ស្រឡាញ់​រាប់អាន ។​

​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៥ នេះ តាងនាម​ឱ្យ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFID ) មាន កិត្តិយស សូម​ប្រគេន និង​ជូន​នូវ​សារ​ជូនពរ​ឆ្នាំ​ថ្មី ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជន​រួម ជាតិ​ទាំង អស់ ជាពិសេស បងប្អូន​ជនរួមជាតិ​ខ្មែរក្រោម នៅក្នុង​មាតុភូមិ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​របប​គ្រប់គ្រង​កុ​ម្មុយ​និ​ស្ត ផ្តាច់ការ​វៀតណាម​សព្វថ្ងៃ ប្រកបដោយ​សុខ សុភមង្គល និង​សិទ្ធិសេរីភាព គ្រប់ប្រការ ។​

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។

ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន​និង​ជូន​នូវ​សេចក្តី​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង មមាញឹក របស់​ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ និង​សហការី​គ្រប់រូប ក្នុងការ​បំពេញ​តួនាទី​ដោយ​ស្ម័គ្រ​ព្រះទ័យ និង​ស្ម័គ្រចិត្ត យ៉ាងសកម្ម និង​ផ្សព្វផ្សាយ​នូវ​គេហទំព័រ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK), គេហទំព័រ​សារព័ត៌មាន ព្រៃនគរ​, ទូរទស្សន៍ ព្រៃនគរ អន​ឡាញ (PTV Online) ព្រមទាំង​ក្នុង​បេសកកម្ម ចូលរួមចំណែក​ដទៃទៀត នៃ​ក្របខណ្ឌ​ផលប្រយោជន៍​ដ៏ ថ្លៃថ្លា ឧត្តុង្គឧត្តម នៃ​បុព្វហេតុ​ទឹកដី​កម្ពុជា​ក្រោម របស់​យើងទាំងអស់គ្នា ។​

ដូចជា​ព្រះតេជព្រះគុណ និង​សហការី​ទាំងអស់គ្នា​បាន​ជ្រាប​ស្រាប់​ហើយ​ថា ការងារ​ក្នុង​នាយកដ្ឋាន​ព័ត៌មាន​របស់ យើង គឺ​មិនមែនជា​ការងារ​ប្រចាំ​សប្តាហ៍​, ប្រចាំខែ​, ប្រចាំឆ្នាំ​ទេ ប៉ុន្តែ​គឺជា​ការងារ​ប្រចាំថ្ងៃ ឬ ហៅថា ជា​ការងារ​ប្រចាំ ២៤ ម៉ោង ក៏បាន ។ ខ្ញុំព្រះករុណា អាត្មាភាព បានដឹង​ច្បាស់​ថា ទាំង​អ្នកស្ម័គ្រចិត្ត ទាំង​អ្នក​បានទទួល​កម្រៃ បន្តិចបន្តួច ប្រសិនបើ​គ្មាន ទឹកចិត្ត​មនសិការ​ស្នេហា​ជាតិ បើ​គ្មាន​ការឈឺចាប់ បើ​គ្មាន​ការអាណិតអាសូរ ចំពោះ​បងប្អូន​រួម​លោហិត​ដ៏​អភព្វ បើ​គ្មាន​ការ លះបង់​ពេលវេលា និង ធនធាន​ផ្ទាល់ខ្លួន​ទេ យើងទាំងអស់គ្នា​ប្រាកដជា​មិនអាច​បំពេញការងារ​ទាំ​ង​នេះ​បានឡើយ ។​

ទោះជា​ពេលនេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង សារព័ត៌មាន ព្រៃនគរ មិនទាន់បាន​ជ្រួតជ្រាប​នៅ​គ្រប់​ទីកន្លែង​ក៏​ពិត មែន ប៉ុន្តែ​តាមរយៈ​ការទាក់ទង​ជាមួយ​បងប្អូន​យើង​នៅ​កម្ពុជា​ក្រោម បានឱ្យដឹងថា គឺជា​សំឡេង និង សារព័ត៌មាន​តែមួយគត់ ដែលជា​អ្នក​អាច​ពាំ​នាំនូវ​ដំណឹង​ពិត​នៃ​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម​ឲ្យ​សហគមន៍ជាតិ និង​អន្តរជាតិ​នៅក្រៅ​ប្រទេស​បានដឹង​បាន​ឮ ។​

​ម្យ៉ាងទៀត អ្វីដែល​នាយកដ្ឋាន​ព័ត៌មាន​ខំប្រឹង​ធ្វើការ​ផ្ដោតលើ​ការផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​រហូតមក​ដល់ពេលនេះ ក៏​ដោយសារ​យល់ឃើញថា យើង​ជា​អ្នកមាន​កំណើត​កើត​នៅ​ដែនដី​កម្ពុជា​ក្រោម ជា​កូនកំព្រា​គ្មាន​មេ​គ្មាន​បា​ថែរក្សា គ្មាន​ប្រ ទេស​នឹង​គេ ដោយ​មាតុភូមិ​របស់ខ្លួន​ត្រូវបានធ្វើ​អាណានិគម​ដោយ​រដ្ឋាភិបាល​វៀតណាម បើ​យើង​មិន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ ដោយ​ខ្លួនឯង​ទេ វា​ពិតជា​គ្មាន​អ្នកណាម្នាក់​គេ​មកជួយ​យើង​នោះឡើយ ។​

​ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន និង​ជូន​នូវ​កិត្តិយស ដែល​ទទួលបាន​នេះ ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង សហការី​ទាំងអស់ សូម​ថ្លែង​នូវ​សេចក្តី​កោតសរសើរ និង​សេចក្តីសង្ឃឹម​ដ៏​កក់ក្តៅ​ថា ព្រះ​ថេ​រា​នុ​ត្ថេ​រ​គ្រប់​ព្រះអង្គ និង​សហការី ទាំងអស់ ក្នុង​ការខិតខំ​ប្រឹងប្រែង​តទៅទៀត ដើម្បី​មូលហេតុ​ដ៏​ត្រឹមត្រូវ ចំពោះ​មាតុភូមិ​កម្ពុជា​ក្រោម និង​ប្រកបដោយ កិត្តិយស ដ៏​ថ្លៃថ្លា​នេះ ។​

​ខ្ញុំព្រះករុណា អាត្មាភាព សូម​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៥ ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ស ហការី​គ្រប់រូប ព្រម​ដោយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកបដោយ​សិរី​សួស្តី និង​បាន​សេចក្តីសុខ សេចក្តីចំរើន គ្រប់ប្រការ ជាពិសេស សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សជាតិ ដូចជា សេរីភាព​នៃ​ការបញ្ចេញមតិ សិទ្ធិ​នៃ​ការប្រតិបត្តិ​សាសនា ការរក្សា​វប្បធម៌ ប្រពៃណី ជាដើម ចូល​កើតមាន​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ទាំង អស់​គ្រប់ពេលវេលា ព្រោះថា ការដែល​បានទទួល​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នោះ ព្រះសង្ឃ និង​បងប្អូន​អាចមាន​សិទ្ធិ​ការពារ ថែរក្សា និង​លើកតម្កើង អត្តសញ្ញាណ​ជាតិខ្មែរ​ឲ្យ​បាន​គង់​វង់ រុងរឿង​នៅ​ដែនដី​កម្ពុជា​ក្រោម ជាទី​សេ្ន​ហា​ដ៏​សែន​កំស​ត់នៃ​យើងទាំងអស់គ្នា ។​

​សូម​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​សហការី​ទាំងអស់ ព្រមទាំង​បងប្អូន​ជនរួមជាតិ ព្រះមេត្តា​និង​មេត្តា​ទទួល​នូវ សេចក្តី​គោរព និង​ស្រឡាញ់​រាប់អាន​ដោយស្មោះ​យ៉ាង​កក់ក្តៅ​បំផុត ពី​ខ្ញុំព្រះករុណា អាត្មាភាព ។​

ធ្វើ​នៅ​សហរដ្ឋអាមេរិក​, ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៤

​ខ្ញុំព្រះករុណា អាត្មាភាព​

​សឺ​ង យ៉ឹ​ង រតនា

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFID)​

Comments are closed.