​សេចក្តីសង្ខេប ​អំពី​សាវតារ​នៃ​ការ​បង្កើត​ UN​DRIP​ ​និង​ខ្លឹមសារ​របស់​វា

​សេចក្តីសង្ខេប ​អំពី​សាវតារ​នៃ​ការ​បង្កើត​ UN​DRIP​ ​និង​ខ្លឹមសារ​របស់​វា​

ដោយ យាង សុធារិន្ទ

​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ UN​DRIP​ (​United Nations​ ​Declaration​ ​on the Right​s o​f​ ​Indigenous​ ​People​s) ​គឺជា​ឧបករណ៍​ ​អន្តរជាតិ​ ​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​០​៧​ ​។​

UN​DRIP​ ​ត្រូវ​បាន​ចាប់ផ្តើម​ផ្តួចផ្តើម​គំនិត​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​ ​១​៩​៨​២​ ​ក្រោយ​ពី​មាន​ ​របាយការណ៍​សិក្សា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ ​លោក​ ហូ​សេ​ ​អា​ ​ម៉ា​ទី​នេ​ស​ កូ​បូ​ (José R. ​Mart​in​e​z​ ​Cob​o) ​ដែល​ជា​អ្នករាយការណ៍​ពិសេស​ ​នៃ​អនុ​គណៈកម្មការ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ការ​បង្ការ​ការរើសអើង​ ​និង​ការពារ​ជនជាតិ​ភាគតិច​ ​។​ ​ការសិក្សា​នោះ​បាន​ ​រក​ឃើញ​ថា​ ​ជនជាតិ​ដើម​នៅ​លើ​ពិភពលោក​បាន​ជួបប្រទះ​នូវ​ការរើសអើង​ជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ ​។​ ​ក្រោយ​ពី​របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គម​ ​នៃ​អង្គការសហប្រជាជាតិ​ (​E​CO​SO​C) ​បាន​បង្កើត​ក្រុម​ការងារ​ស្តីពី​ប្រជាជន​ជនជាតិ​ដើម​ ​ហើយ​នៅ​ឆ្នាំ​ ​១​៩​៨​៥​ ​ក្រុម​ការងារ​នេះ​ក៏បាន​ធ្វើ​សេចក្តីព្រាង​ ​នៃ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិ​ជន​ ​ជាតិ​ដើម​នេះ​ឡើង​ ​។​

​ក្រោយ​ពី​មានការ​ពិគ្រោះ​យោបល់​ជា​ច្រើនលើកច្រើនសា​ ​ទីបំផុត​នៅ​ឆ្នាំ​ ​២​០​០​៦​ ​សេចក្តីព្រាង​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ត្រូវ​បាន​ទទួលយក​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ (​United Nations​ ​Human Right​s ​Council​) ​រួច​ត្រូវ​បាន​មហាសន្និបាតអង្គការសហប្រជាជាតិ​បោះ​ ​ឆ្នោត​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​០​៧​ ​ដោយ​មានសំឡេង​បោះឆ្នោត​គាំទ្រ​ ​ចំនួន​ ​១​៤​៤​ ​ប្រទេស​ ​ក្នុង​នោះ​ក៏មាន​ប្រទេស​វៀតណាម​ផង​ដែរ​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​ដែល​មាន​ជិត​ ​៥​០​០​ ​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ប្រមាណ​ ​៩​០​ ​នៅ​ទូទាំង​ពិភពលោក​ ​ត្រូវ​បានការ​ពារ​ដោយ​សេចក្តីប្រកាស​នេះ​ ​។​

  • ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​មាន​ទាំងអស់​ ​៤​៦​ ​មាត្រា​ ​ដែល​ចែង​អំពី​សិទ្ធិ​សេរីភាព​ជា​ ​មូលដ្ឋាន​ជាច្រើន​របស់​ជនជាតិ​ដើម​ ​ដែល​រួម​មាន​ ​៖​
  • ​សិទ្ធិ​ស្វ័យ​សម្រេច​ ​ឬ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​
  • សិទ្ធិ​រក្សា​ ​និង​ពង្រឹង​ស្ថាប័ន​នយោបាយ​ ​ច្បាប់​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​វប្បធម៌​ ​និង​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ជីវភាព​នយោបាយ​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​របស់​រដ្ឋ​
  • ​សិទ្ធិ​រស់នៅ​ប្រកបដោយ​សេរីភាព​ ​សន្តិភាព​ ​និង​សន្តិសុខ​ជា​ពលរដ្ឋ​ ​និង​មិន​ត្រូវជា​កម្មវត្ថុ​នៃ​ ​អំពើ​ប្រល័យពូជសាសន៍​ ​ឬ​អំពើ​ហិង្សា​ណាមួយ​
  • ​សិទ្ធិ​រស់រាន​មានជីវិត​ ​បូរណភាព​រាងកាយ​ ​និង​បញ្ញា​ ​ស្មារតី​
  • ​សិទ្ធិ​មិន​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយបង្ខំ​ពី​ដីធ្លី​ ​ឬ​ដែនដី​របស់​ខ្លួន​
  • សិទ្ធិ​ប្រតិបត្តិ​ ​និង​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ​នូវ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ជា​វប្បធម៌​របស់​ខ្លួន​ ​រួម​មាន​សិទ្ធិ​ក្នុង​ការ​ថែរក្សា​ ​ការពារ​ ​និង​អភិវឌ្ឍ​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ ​វប្បធម៌​របស់​ខ្លួន​ដែល​មាន​ពី​អតីតកាល​ បច្ចុប្បន្ន​ ​និង​អនាគត​ ​ដូចជា​តំបន់​បុរាណ​វិទ្យា​ ​តំបន់​ ​ប្រវត្តិ​សា​ស្រ្ត ​បុរាណវត្ថុ​ ​រចនាបថ​ ​ពិធីបុណ្យ​ ​បច្ចេកវិទ្យា​ សិល្បៈ ​ទស្សនីយភាព​ ​ការសំដែងសិល្បៈ​ ​និង​អក្សរ​សា​ស្រ្ត
  • សិទ្ធិ​បង្ហាញ​ ​ប្រតិបត្តិ​ ​អភិវឌ្ឍ​ ​និង​បង្រៀន​ប្រពៃណី​ខាង​ជំនឿ​ ​និង​សាសនា​របស់​ខ្លួន​ ​ពិធីបុណ្យ​ ​និង​ទំនៀមទម្លាប់​ផ្សេងៗ​ ​ហើយ​មាន​សិទ្ធិ​រក្សា​ការពារ​ ​និង​មាន​សិទ្ធិ​ជា​ ​ឯកជន​ក្នុង​ការប្រើប្រាស់​ទីកន្លែង​សាសនា​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មាន​សិទ្ធិ​ប្រើប្រាស់​ ​និង​គ្រប់គ្រង​វត្ថុ​សម្រាប់​ពិធីបុណ្យ​នានា​ ​និង​មាន​សិទ្ធិ​នាំ​អដ្ឋិធាតុ​ត្រឡប់មក​កាន់​ដែនដី​ ​កំណើត​
  • សិទ្ធិ​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ​ ​ប្រើប្រាស់​ ​អភិវឌ្ឍ​ ​និង​ផ្ទេរ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​នូវ​ ​ប្រវត្តិ​សា​ស្រ្ត ​ភាសា​ ​ច្បាប់ទំលាប់​ ​ទស្សនវិជ្ជា​ ​ប្រព័ន្ធ​នៃ​ការ​សរសេរ​ ​និង​ប្រវត្តិ​សា​ស្រ្ត ​ព្រមទាំង​ធ្វើ​ការកំណត់​ឈ្មោះ​ ​និង​រក្សា​ឈ្មោះ​របស់​ពួកគេ​ដោយខ្លួនឯង​ ​សម្រាប់​ទីកន្លែង​ ​សហគមន៍​ ​និង​បុគ្គល​ ​សិទ្ធិ​បង្កើត​ ​និង​គ្រប់គ្រង​ស្ថាប័ន​ ​និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ដោយ​ផ្តល់​ការអប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់​ក្នុង​លក្ខណៈ​សមស្រប​ ​និង​វិធិ​សា​ស្រ្ត​តាម​វប្បធម៌​នៃ​ការ​បង្រៀន​ ​និង​រៀនសូត្រ​របស់​ពូក​គេ​
  • សិទ្ធិ​ទទួល​បាន​នូវ​ការអប់រំ​គ្រប់​កំរិត​ ​និង​គ្រប់រូប​ភាព​នៃ​ការអប់រំ​របស់​រដ្ឋ​ដោយ​គ្មាន​ការ​ ​រើសអើង​
  • ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ទៅតាម​វប្បធម៌​ផ្ទាល់ខ្លួន​
  • សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ខ្លួន​ ​និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​ ​រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិនមែន​ជា​របស់​ជនជាតិ​ដើម​ដោយ​គ្មាន​ការរើសអើង​
  • ​សិទ្ធិ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​រាល់​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ ​សិទ្ធិ​របស់​ពួកគេ​តាមរយៈ​តំណាង​ដែល​ជ្រើសតាំង​ដោយ​ពួកគេ​ផ្ទាល់​ស្របតាម​នីតិវិធី​ ​របស់​ខ្លួន​
  • សិទ្ធិ​រក្សា​ ​និង​បង្កើត​ស្ថាប័ន​ជនជាតិ​ដើម​ដែល​មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នានា​
  • សិទ្ធិ​រក្សា​ ​និង​បង្កើត​ប្រព័ន្ធ​ ​ឬ​ស្ថាប័ន​នយោបាយ​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​ដើម្បី​ធានា​ ​បាន​នូវ​មធ្យោបាយ​ក្នុង​ការ​ចិញ្ចឹមជីវិត​ ​និង​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ដោយសេរី​ ​នូវ​គ្រប់​សកម្មភាព​ជា​ប្រពៃណី​ ​និង​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​
  • សិទ្ធិ​ទ​ទូល​បាន​នូវ​ដំណោះស្រាយ​ ​និង​យុត្តិធម៌​
  • ​សិទ្ធិ​ទទួល​បាន​សេវាកម្ម​សង្គមកិច្ច​ ​និង​សុខាភិបាល​គ្រប់បែប​យ៉ា់​ង​ដោយ​គ្មាន​ការ​រើស​ ​អើង​
  • សិទ្ធិ​លើ​ដីធ្លី​ ​ដែនដី​ ​និង​ធនធាន​ដែល​មាន​ ​ឬ​បាន​កាន់កាប់​ ​ឬ​ប្រើ​បា្រស់ ​ឬ​បាន​ទទួល​ ​ជា​ប្រពៃណី​ ​សិទ្ធិ​ជា​ម្ចាស់​ប្រើប្រាស់​ ​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​ដីធ្លី​ ​និង​ធនធាន​ដែល​ខ្លួន​មាន​
  • សិទ្ធិ​ទទួល​បាន​ដំណោះស្រាយ​តាមមធ្យោបាយ​ផ្សេងៗ​ដែល​រួម​ទាំង​ការ​ធ្វើ​ឱ្យ​ដូចដើម​​វិញ​ ​ឬ​ត្រូវ​ផ្តល់​សំណង​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​និង​ស្មើភាព​សម្រាប់​ដីធ្លី​ ​ទឹកដី​ ​និង​ធនធាន​ ​នានា​ដែល​ជនជាតិ​ដើម​ភាគតិច​មាន​ ​ឬ​បាន​កាន់កាប់​ ​ឬ​បាន​ប្រើប្រាស់​ជា​ប្រពៃណី​ ​ហើយដែល​ត្រូវ​បាន​ដកហូត​យក​ ​បាន​កាន់កាប់​ ​បាន​ប្រើប្រាស់​ ​ឬ​បាន​ធ្វើ​ឱ្យ​អន្តរាយ​ ​ដោយ​គ្មាន​ការ​យល់ព្រម​ដោយសេរី​ ​និង​មិនបាន​ប្រាប់​ឱ្យ​ដឹង​ជាមុន​ដល់​ជនជាតិ​ដើម​ ពាក់ព័ន្ធ​
  • សិទ្ធិ​រក្សា​ ​គ្រប់គ្រង​ ​ការពារ​ ​និង​អភិវឌ្ឍ​មរតក​វប្បធម៌​ ​ចំណេះ​ដឹង​ជា​ប្រពៃណី​ ​ការសំដែង​នូវ​វប្បធម៌​ជា​ប្រពៃណី​ ​ក៏ដូចជា​ការ​បង្ហាញ​ឱ្យ​គេ​ដឹង​អំពី​វិទ្យា​សា​ស្រ្ត ​បច្ចេកវិទ្យា​ ​និង​វប្បធម៌​របស់​ពួកគេ​ ​រួម​មាន​ទាំង​ធនធានមនុស្ស​ ​ធនធាន​ព​ន្ធុ ​គ្រាប់​ពូជ​ ​ឱសថ​ ​ចំណេះ​ដឹង​ខាង​រុក្ខជាតិ​ ​និង​សត្វព្រៃ​ ​ប្រពៃណី​និយាយផ្ទាល់មាត់​ ​អក្សរ​សា​ស្រ្ត ​រចនាបថ​ ​កីឡា​ ​ល្បែង​ប្រពៃណី​ សិល្បៈ​សំដែង​ ​និង​ទស្សនីយភាព​
  • សិទ្ធិ​រក្សា​ ​គ្រប់គ្រង​ ​ការពារ​ ​និង​បង្កើត​ឡើងវិញ​នូវ​កម្មសិទ្ធិ​បញ្ញា​លើ​មរតក​វប្បធម៌​ ​ចំណេះ​ដឹង​ជា​ប្រពៃណី​ ​និង​ការសំដែង​វប្បធម៌​ប្រពៃណី​
  • ​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​បែងចែក​ដោយ​ព្រំដែន​អន្តរជាតិ​ ​មាន​សិទ្ធិ​រក្សា​ ​និង​បង្កើត​ ​ទំនាក់ទំនង​ ​កិច្ច​ប្រាស្រ័យ​ ​សហការ​គ្នា​ ​រួម​ទាំង​ ​សកម្មភាព​នានា​ក្នុង​គោលបំណង​ខាង​ ​ជំនឿ​សាសនា​ ​វប្បធម៌​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​ ​សង្គមកិច្ច​ជាមួយនឹង​សមាជិក​ផ្ទាល់​ ​របស់​ពួកគេ​ ​និង​ជាមួយ​អ្នកដទៃ​ទៀត​ដែល​នៅ​ក្រៅ​ព្រំដែន​
  • សិទ្ធិ​ក្នុង​ការ​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ ​និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋ​ ​និង​តាមរយៈ​កិច្ច​ ​សហការ​អន្តរជាតិ​ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​នេះ​
  • ​សិទ្ធិ​ទទួល​បាន​នូវ​សេចក្តី​សម្រេច​ដោយ​ឆាប់រហ័ស​តាមរយៈ​នីតិ​វីធិ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ចំពោះ​ដំណោះស្រាយ​លើ​ជំលោះ​ ​និង​វិវាទ​ជាមួយ​រដ្ឋ​ ​ឬ​ភាគី​ផ្សេងទៀត​ ​ក៏ដូចជា​វិធី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ចំពោះ​រាល់​ការរំលោភ​សិទ្ធិ​បុគ្គល​ ​និង​សិទ្ធិ​សមូហភាព​ ​។​

​ក្រៅពីនោះ​ក៏​នៅ​មាន​សិទ្ធិ​មួយ​ចំនួន​ទៀត​ដូចជា​

  • ​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​
  • សិទ្ធិ​រួចផុត​ពី​ការរើសអើង​គ្រប់រូប​ភាព​
  • សិទ្ធិ​មិន​ស្ថិត​ក្នុង​កម្មវត្ថុ​ ​នៃ​ការ​បង្ខំ​ឱ្យ​រស់នៅ​លាយឡំ​ក្នុង​សហគមន៍​ផ្សេង​ ​ឬ​ការ​បំផ្លាញ​វប្បធម៌​របស់​ខ្លួន​ឡើយ​
  • ​សិទ្ធិ​ស្ថិតនៅ​ជា​សមាជិក​សហគមន៍​ជនជាតិ​ដើម​ ​ឬ​សង្គមជាតិ​ស្របតាម​ប្រពៃណី​ ​និង​ទំនៀមទម្លាប់​របស់​សហគមន៍​ ​និង​សង្គមជាតិ​
  • មាន​សិទ្ធិ​ចំពោះ​ភាព​ថ្លៃថ្នូរ​ ​និង​ភាព​ចំរុះ​នៃ​វប្បធម៌​ ​ប្រពៃណី​ ​ប្រវត្តិ​សា​ស្រ្ត ​និង​បំណង​ប្រាថ្នា​ ​ដែល​ត្រូវ​ឆ្លុះបញ្ចាំង​យ៉ាង​សមស្រប​នៅ​ក្នុង​ការអប់រំ​ ​និង​ព័ត៌មាន​ ​សាធារណៈ​
  • សិទ្ធិ​មិន​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការរើសអើង​ណាមួយ​នៃ​ពលកម្ម​ ​ដូចជា​ការងារ​ ​ឬ​ប្រាក់បៀវត្សរ៍​
  • សិទ្ធិ​ក្នុង​ការ​លើកកំពស់​លក្ខខណ្ឌ​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​ ​រួម​មាន​ដូចជា​ក្នុង​វិ​ស​័​យ​អប់រំ​ ​ការងារ​ ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ការ​បណ្តុះបណ្តាល​ឡើងវិញ​នូវ​លំនៅឋាន​ ​អនាម័យ​ ​និង​សុខភាព​
  • ​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ការ​សម្រេច​ចិត្ត​លើ​កម្មវិធី​សុខភាព​ ​លំនៅឋាន​ ​កម្មវិធី​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​ដែល​ប៉ះពាល់​ដល់​ពួកគេ​
  • សិទ្ធិ​ក្នុង​ការប្រើប្រាស់​ឱសថ​បុរាណ​របស់​ខ្លួន​ ​និង​រក្សា​វិធី​ប្រតិបត្តិ​ផ្នែក​សុខភាព​ ​រួម​ទាំង​ការ​អភិ​រក្ស​រុក្ខជាតិ​ ​សត្វ​ ​និង​រ៉ែ​ ​ដែល​ចាំបាច់​ ​សម្រាប់​ធ្វើ​ឱសថ​
  • សិទ្ធិ​ស្មើគ្នា​ចំពោះ​បទដ្ឋាន​សុខភាព​ខាង​រាងកាយ​ ​និង​ផ្លូវចិត្ត​កំរិត​ខ្ពស់​បំផុត​
  • ​សិទ្ធិ​រក្សា​ ​និង​ពង្រឹង​ទំនាក់ទំនង​ខាង​ជំនឿ​សាសនា​ជាមួយនឹង​ដីធ្លី​ ​ដែនដី​ ​ដែនទឹក​ ​ឆ្នេរសមុទ្រ​ ​និង​ធនធាន​ផ្សេងៗ​ទៀត​ដែល​មាន​ ​ឬ​កាន់កាប់​ ​និង​បាន​ប្រើប្រាស់​ជា​ ​ប្រពៃណី​ ​និង​ដើម្បី​លើកកំពស់​ការទទួលខុសត្រូវ​ចំពោះ​កូនចៅ​ជំនាន់​ក្រោយ​
  • សិទ្ធិ​ក្នុង​ការ​អភិ​រក្ស​ ​និង​ការពារ​បរិស្ថាន​ ​និង​សកម្មភាព​ផលិតកម្ម​លើ​ដីធ្លី​ ​ដែនដី​ ​និង​ធនធាន​នានា​
  • សកម្មភាព​យោធា​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាននៅ​លើ​ដីធ្លី​ ​ឬ​ដែនដី​របស់​ជនជាតិ​ដើមឡើយ​ ​ប្រសិនជា​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ ​សាធារណៈ​ពាក់ព័ន្ធ​ទេ​ ​ឬ​ប្រសិនជា​គ្មាន​ការ​យល់ព្រម​ដោយសេរី​ ​ឬ​តាម​ការ​ស្នើសុំ​ពី​ ​ជនជាតិ​ដើម​ពាក់ព័ន្ធ​នោះ​ទេ​
  • សិទ្ធិ​សម្រេច​ ​និង​បង្កើត​ផែនការ​អាទិភាព​ ​និង​យុទ្ធ​សា​ស្រ្ត​នានា​សម្រាប់​ការ​អភិវឌ្ឍ​ ​ឬ​ការប្រើប្រាស់​ដីធ្លី​ ​ឬ​ដែនដី​ ​និង​ធនធាន​ផ្សេងទៀត​
  • សិទ្ធិ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ ​ឬ​សមាជិកភាព​របស់​ខ្លួន​ផ្ទាល់​ស្របតាម​ទំនៀម​ ​ទម្លាប់​ ​និង​ប្រពៃណី​
  • សិទ្ធិ​ក្នុង​ការ​លើកកំពស់​ ​បង្កើត​ ​និង​រក្សា​រចនា​ស​ម្ព័ន្ធ​ស្ថាប័ន​របស់​ខ្លួន​ ​និង​ទំនៀមទម្លាប់​ ​សាសនា​ ​ប្រពៃណី​ ​នីតិវិធី​ ​និង​វិធី​ប្រតិបត្តិ​ជាពិសេស​របស់​ពួកគេ​
  • សិទ្ធិ​ចំពោះ​ការ​ទទួលស្គាល់​ ​ការគោរព​ប្រតិបត្តិ​ ​និង​ការ​អនុវត្ត​សន្ធិសញ្ញា​ ​កិច្ច​ព្រម​ ព្រៀ​ង​ ​និង​កិច្ចចាត់ចែង​ក្នុង​ន័យ​ស្ថាបនា​ដទៃទៀត​ដែល​បាន​សម្រេច​ឡើងជា​មួយ​រដ្ឋ​ ​ឬ​ជាមួយ​ឧត្តរាធិការី​ ព្រមទាំង​មាន​សិទ្ធិ​ឱ្យ​រដ្ឋ​ផ្តល់​កិត្តិយស​ ​និង​គោរព​សន្ធិសញ្ញា​ ​កិច្ចព្រមព្រៀង​ ​និង​កិច្ចចាត់ចែង​ក្នុង​ន័យ​ស្ថាបនា​ផ្សេងទៀត​ ​។​

​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​ក្រៅតែ​ពី​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ការពារ​ដោយ​សេចក្តីប្រកាស​ស្តីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ ​សិទ្ធិ​របស់​ពួកគេ​ក៏​ត្រូវ​បាន​បាន​ទទួលស្គាល់​ ​និង​ការពារ​ដោយ​ឧបករណ៍​ ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ផ្សេងៗ​ទៀត​ដែរ​ ​។​

​ជាក់ស្តែង​ ​មាត្រា​ ​១​ ​នៃ​ UN​DRIP​ ​ចែង​ថា​ ​«​ជនជាតិ​ដើម​ជា​សមូហភាព​ ​ឬ​ជា​បុគ្គល​ ​មាន​សិទ្ធិ​ ​ទទួល​បាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​ ​និង​ច្បាប់​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​នានា​»​ ​។​

​សេចក្តីប្រកាស​នេះ​ក៏បាន​ចែង​អំពី​កាតព្វកិច្ច​របស់​រដ្ឋ​ជា​ភាគី​ ​។​ ​មាត្រា​ ​៣​៨​ ​នៃ​សេចក្តី​ ​ប្រកាស​នេះ​ចែង​ថា​ ​«​រដ្ឋ​ទាំងឡាយ​ដោយមាន​ការ​ពិគ្រោះ​យោបល់​ ​និង​សហការ​ជាមួយ​ ​ជនជាតិ​ដើម​ ​ត្រូវ​ចាត់វិធានការ​សមស្រប​ ​រួម​ទាំង​វិធានការ​តាម​ផ្លូវច្បាប់​ផង​ ​ដើម្បី​សម្រេច​ ​គោលដៅ​ ​នៃ​សេចក្តីប្រកាស​នេះ​»​ ​។​

​ដើម្បី​តាមដាន​លើ​ប្រសិទ្ធ​ភាព​ ​និង​ធានា​លើកកំពស់​ការគោរព​ ​នៃ​ការ​អនុវត្ត​សេចក្តីប្រកាស​ ​នេះ​ អង្គការសហប្រជាជាតិ​បាន​បង្កើត​នូវ​យន្ត​ការ​មួយ​ចំនួន​ ​ក្នុង​នោះ​រួម​មាន​ ​វេទិកា​អ​ចិន្រ្តៃយ៍ អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិ​ដើម​ ​ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ UN​P​F​I​I​ (​United Nations​ ​Permanent​ ​Forum​ on ​Indigenous​ ​Issue​s) ​។​

UN​P​F​I​I​ ​គឺជា​ស្ថាប័ន​ផ្តល់​ប្រឹក្សា​យោបល់​ក​ម្រិ​ត​ខ្ពស់​ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គម​ ​នៃ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​០​០​ ​ដោយមាន​អាណត្តិ​ ​ដើម្បី​ដោះស្រាយបញ្ហា​របស់​ជនជាតិ​ដើម​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​វប្បធម៌​ ​បរិស្ថាន​ ​ការអប់រំ​ ​សុខាភិបាល​ ​និង​សិទ្ធិមនុស្ស​ ​។​

​វេទិកា​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​២​ ​មក​ ​ដែល​ ​ជាទូទៅ​មាន​ ​រយៈពេល​ ​១​០​ ថ្ងៃ​ ​នៅ​ទីស្នាក់ការ​កណ្តាល​អង្គការសហប្រជាជាតិ​នា​បុរី​ញូ​វ​យ៉​ក ​សហរដ្ឋ​ ​អាមេរិក​ ​និង​ពេលខ្លះ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ចូល​ថ្លែងការណ៍​នៅ​ក្នុង​វេទិកា​ UN​P​F​I​I​ ​នេះ​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៤​ ​ពោល​គឺ​បី​ឆ្នាំក្រោយ​ពី​បាន​ចូល​ជា​សមាជិក​ ​នៃ​អង្គការ​ប្រជា​ន​ ​និង​ប្រជាជាតិ​គ្មាន​ ​តំណាង​ UN​P​O (Un​represent​e​d​ ​Nation​s ​and​ ​People​s ​Organization​) ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​០​១​ ​។​

​ក្រៅពី​វេទិកា​ UN​P​F​I​I​ ​អង្គការសហប្រជាជាតិ​ក៏​នៅ​មាន​យន្ត​ការ​ចំនួន​ ​២​ ​ផ្សេងទៀត​ដើម្បី​ ដោះស្រាយបញ្ហា​របស់​ជនជាតិ​ដើម​ផង​ដែរ​ ​។​ ​យន្ត​ការ​ទាំងនោះ​មាន​យន្ត​ការ​អ្នកជំនាញ​ស្តីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ ​និង​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​៕