ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម និង​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

168

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​ពល​ខ្មែរក្រោម​មូលមតិ​គ្នា​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៦ ដំណាលគ្នា​នឹង​ការបង្កើត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ការប្ដូរ​ពី​សភា​កម្ពុជា​ក្រោម​ទៅជា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ មកដល់​ឆ្នាំ ២០១៤ នេះ ទង់ជាតិ​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​អាយុ ១៨ ឆ្នាំ​ហើយ ដែល​បានធ្វើ​សកម្មភាព តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ។ លទ្ធផល​ជា​វិជ្ជមាន​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដឹង​ឮថា “​ខ្មែរក្រោម​” ជា​នរណា និង ដែនដី “​កម្ពុជា​ក្រោម​” នៅ​កន្លែង​ណា ហើយ​ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ “​ខ្មែរក្រោម​” ថា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។ សមិទ្ធិផល ជោគជ័យ​មិន​ធ្លាប់មាន​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នេះ ក៏ដោយ​សារ ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ទូទាំង​ពិភពលោក​បានរួម​គំនិត​តែមួយ​គូស​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ដោយ មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​នយោបាយ​ក្នុងប្រទេស​កម្ពុជា  ។

យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន
យុវជនខ្មែរគូររូបទង់ជាតិកម្ពុជាក្រោម នៅលើផ្ទាល់នៅភ្នំពេញ ក្នុងពិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ដែលធ្វើនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ស៊ីន ចែងចើន

​យោងតាម​សៀវភៅ​ម​គ្គុ​ទ្ទេស “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​បោះពុម្ព​ដោយ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៩ បានបញ្ជាក់​អំពី​ទង់ជាតិ​កម្ពុជា​ក្រោម​យ៉ាងនេះ​ថា​៖

“​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។​ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់​” ។

កើតចេញពី​ទង់ជ័យ​ពុទ្ធសាសនា​៖

​ដោយសារ​ពុទ្ធសាសនា បាន​ផ្សារភ្ជាប់​នឹង​ជីវិត​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​តាំងពី​បុរាណកាល​មក និង ពុទ្ធ សាសនា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​នូវ “​អត្ត​ស​ញ្ញណ​ជាតិខ្មែរ​” ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​សព្វថ្ងៃ តាមរយៈ​វត្ត​អារាម​ជាឃ្លាំង​ផ្ទុក​នូវ​ខឿនវប្បធម៌​ជាតិ​នោះ ពលរដ្ឋ​ខ្មែរក្រោម​សម្គាល់ថា​ទង់ជ័យ “​ឆព្វណ្ណរង្សី​” របស់ ពុទ្ធសាសនា​ថា ជា​ទង់ជាតិ​របស់ខ្លួន ព្រោះ​នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរក្រោម​មិនដែល​បាន​លើក​ទង់ជាតិ​នៃ​ប្រទេស កម្ពុជា​ទេ ។

ទង់ឆព្វណ្ណរង្សីរបស់ពុទ្ធសាសនា ។
ទង់ឆព្វណ្ណរង្សីរបស់ពុទ្ធសាសនា ។

​លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក្នុង​កម្មវិធី​ផ្សាយ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៤ ថា ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​បង្កើតឡើង​ដោយ  រណសិរ្ស រំដោះ​កម្ពុជា​ក្រោម ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៦០ ម្ល៉េះ ។ លោក​បញ្ជាក់ថា កាលនោះ ក្រុម​ជនជាតិដើម​នៅ វៀតណាម មាន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម  ជនជាតិ​ចាម្ប៍​នៅ​ភាគ​កណ្ដាល​វៀតណាម និង​ជនជាតិ​ម៉ុង​តៃ​ញ៉ា នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​វៀតណាម​បានរួម​គ្នា​បង្កើត​ចលនា​តស៊ូ​មួយ ដើម្បី​រំដោះខ្លួន​ចេញពី​ការជិះជាន់​របស់ អាណានិគម​វៀតណាម  តែ​ខ្មែរក្រោម​មិនមាន​ទង់ជាតិ​តំណាង​ឲ្យ​ចលនា​របស់ខ្លួន​ទេ ខណៈដែល​ចាម្ប៍ និង​ម៉ុង​តៃ ញ៉ា មាន​ទង់ជាតិ​រៀងៗ​ខ្លួន ។ ពេលនោះ ក្រុម​ចលនា​របស់​ខ្មែរក្រោម​ក៏បាន​ចូល​វត្ត​សុំ​ទង់ជ័យ “​ឆព្វណ្ណរង្សី​” របស់​ពុទ្ធសាសនា​មក​ធ្វើជា​ទង់​របស់ខ្លួន ។ តែដោយសារ​ទង់​ពុទ្ធសាសនា​នេះ  ជា​ទង់ជ័យ​តំណាង​ឲ្យ​អ្នក​កាន់​ពុទ្ធ សាសនា​ទូទាំង​ពិភពលោក មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ខ្មែរក្រោម​ទេ ទើប​ក្រុម​ចលនា​បានសម្រេច​កាត់​យក បី​ពណ៌ “​ខៀវ លឿង ក្រហម​” ភាគ​ខាងលើ​នៃ​ទង់​ពុទ្ធសាសនា​មក​ធ្វើជា​ទង់​សម្រាប់​តំណាង​ឲ្យ​ចលនា​ខ្មែរក្រោម នាពេលនោះ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បញ្ជាក់ថា​៖

“​ដល់ពេល​ប្រជុំ​ទៅ គេ​សុទ្ធ​តែមាន​ទង់​គេ​មួយៗ តំណាង​ឲ្យ​ជនជាតិ​គេ​ទៅ  យើង​ខ្មែរក្រោម​ចូលប្រជុំ​នឹង​គេ រណសិរ្ស រំដោះ​កម្ពុជា​ក្រោម  មិនអាច​យក​ទង់​ខ្មែរ​ទៅ​លើក​បានទេ  ។ ប្រសិន​យក​ទង់ជាតិ​ខ្មែរ​ទៅលើ​កនៅ​ស្រុក​យួន​ហ្នឹង បើ រដ្ឋាភិបាល​ឆែកឆេរ​ចាប់បាន​មានទោស​ធ្ងន់​ណាស់  សម័យ​រដ្ឋាភិបាល ង៉ោ ឌិន យ៉េ​ម វា​កំពុងតែ​គាបសង្កត់​ខ្មែរ ខ្លាំង​ផង ។  ដល់​ទាល់ច្រក តាម​ឮ​ចាស់ទុំ​និយាយ  រក​ទង់ជាតិ​ឯណា​មិនបាន ក៏​ចូល​ទៅតាម​វត្ត​អារាម​ខ្មែរក្រោម ហ្នឹង  សុំ​ទង់​ព្រះពុទ្ធសាសនា​ពី​ព្រះសង្ឃ​ខ្មែរក្រោម​យើង​មួយ​ទៅ  ។ យើង​មិនអាច​លើក​ទង់​ពុទ្ធសាសនា​បានទេ  ព្រោះ​ជា​រឿង​នយោបាយ ជា​រឿង​រំដោះ​ប្រទេសជាតិ  ហើយ​ទង់​ព្រះពុទ្ធសាសនា​សម្រាប់​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា ។ យួន​ក៏មាន​ទង់​ព្រះពុទ្ធសាសនា ថៃ​ក៏មានដែរ ។ ដូច្នេះ កុំ​ឲ្យ​ច្របូកច្របល់​បាយបិណ្ឌ​បាត​បា​ត្រ​ហ្នឹង  អ្នកដឹកនាំ​ចលនា​តស៊ូ​រំដោះ​ខ្មែរក្រោម ក្នុង​ឆ្នាំ ១៩៦៥  តាម​ឮ​ចាស់ទុំ​និយាយ គឺថា បាន​ទង់​ហ្នឹងហើយ ក៏​ហែក មួយ​កំណាត់​មក ។ ហែក​មួយ​កំណាត់​ខាងលើ​ដែលមាន ៣ ពណ៌​ហ្នឹង  ។ បើ​បងប្អូន​មើល​មើល​ទង់​ព្រះពុទ្ធ ឃើញ​ស្នូ​ត ៣ ពណ៌ គឺ ពណ៌​លឿង ពណ៌​ក្រហម និង​ពណ៌​ខៀវ​ហ្នឹងហើយ ជា​ឫសគល់​ខាងដើម​” ។

​អត្ថន័យ​ពណ៌ “​ខៀវ លឿង ក្រហម​” នៅក្នុង​ពុទ្ធសាសនា​៖

យោងតាម​អត្ថបទ​ស្ដីអំពី​ប្រវត្តិ​ទង់ជ័យ​ពុទ្ធសាសនា ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​ស​ព្វា​វចនាធិប្បាយ (wikipedia) បានបញ្ជាក់​អំពី​អត្ថន័យ​នៃ​ពណ៌ “​ខៀវ លឿង ក្រហម​” ថា​៖

“​ពណ៌​ខៀវ  (​នី​លៈ​)  មានន័យថា ស្រឡាញ់​សេចក្ដី​ល្អ , ករុណា​ជាស​កល  ។
​ពណ៌​លឿង (​បិ​តៈ​) មជ្ឈិម​បដិបទា ឬ ផ្លូវកណ្ដាល  វៀរចាក​អំពី​អាក្រក់ សូន្យសុង ឬ សុញ្ញ​តៈ
​ពណ៌​ក្រហម (​លោ​ហិ​តៈ​) សេចក្ដីចម្រើន​ដោយ​ការប្រតិបត្តិ  សេចក្ដីសម្រេច  បញ្ញា គុណធម៌ ជោគ​លាភ និង សេចក្ដីថ្លៃថ្នូ​” ។​

​មិន​យក​ភ្លើង​ដុត​ប្រទេស​កម្ពុជា​៖

​ដោយបាន​ឆ្លងកាត់​បទពិសោធ និង​មេរៀន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ទាក់ទង​នឹង​រឿង​កម្ពុជា​ក្រោម​ឃើញថា អ្នក​ន​យោ បាយ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ  តែងតែ​លើកយក​បញ្ហា​ដែនដី​កម្ពុជា​ក្រោម​មក​ធ្វើជា​ល្បែង នយោបាយ​របស់ខ្លួន ដោយ​អ្នក​ទាំង​នោះបាន​អះអាងថា ខ្លួន​នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ​ឲ្យ​ខាន​តែ​បាន  តែ​គេ​សង្កេតឃើញថា មិនមាន​អ្នកនយោបាយ​រូប​ណា​ម្នាក់​ធ្វើបាន​សម្រេច​ដូច​អ្វីដែល​ខ្លួន​បាន​សន្យា​ទេ ។ ផ្ទុយទៅវិញ ការលើកឡើង​នេះ​បានត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ចោទ និង​វាយបក​ទៅ​រដ្ឋាភិបាល កម្ពុជា​ថា​បាន​បំពាន​ច្បាប់​អង្គការសហប្រជាជាតិ ដោយបាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង និង​ប្រឆាំង ប្រទេស​វៀតណាម  ខណៈដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ដូចគ្នា  ។​

ទង់ជាតិកម្ពុជាក្រោម (ស្ដាំបំផុត) លើកឡើងនៅមុខវត្តខេមររង្សី  ទីក្រុង San Jose រដ្ឋ California ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
ទង់ជាតិកម្ពុជាក្រោម (ស្ដាំបំផុត) លើកឡើងនៅមុខវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន

​ដោយមាន​បទពិសោធ​យ៉ាងនេះ ទើប លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា មេដឹកនាំ​ខ្មែរក្រហម ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៧០ បាន​លើកទ័ព​វៃ​សម្រុកចូល​ខេត្ត​មាត់ជ្រូក ដើម្បី​ដណ្ដើមយក ដែនដី​កម្ពុជា​ក្រោម​ពី​វៀតណាម​មកវិញ  ទើប​ធ្វើ​ឲ្យ​វៀតណាម​មាន​លេស​វៃ​បក​ចូល​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ បានសម្លាប់​ពលរដ្ឋ និង​ទាហាន​ខ្មែរក្រហម​ស្លាប់​យ៉ាង​រង្គាល រួច​បានធ្វើ​អាណានិគម​ប្រទេស កម្ពុជា​អស់​រយៈពេល ១០ ឆ្នាំ ហើយ​កាកសំណល់​អាណា​ម​និគម​នោះ​នៅសល់​តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា រហូតមកដល់​សព្វថ្ងៃ ។

​លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា​៖

“​រឿង​ខុសច្បាប់ ជ្រៀតជ្រែក​នៅក្នុង​បញ្ហា​ហ្នឹង ។ ឧទាហរណ៍​ជាក់ស្ដែង​រឿង​ខ្មែរក្រហម  ដែល​ខ្មែរក្រហម​ទៅ​វៃ​ថា​យក ទឹកដី​កម្ពុជា​ក្រោម គឺជា​ម្យោ​បាយ​របស់​យួន ។ អស់លោក​ណា​ថា ខ្មែរក្រហម​ស្អប់​យួន ក៏​យល់​តាម​ហ្នឹង​ទៅ ។ គេ ធ្វើ​ដើម្បី​ឲ្យ​យួន​មក​យក​ទឹកដី​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលបច្ចុប្បន្ន​ហ្នឹង​” ។​

លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​ទីមួយ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​អំពី​ហេតុផល​ដែល​នាំ​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​ទង់ជាតិ​កម្ពុជា​ក្រោម​ថា ព្រោះ​មាន​បទពិសោធ​ប្រវត្តិសាស្ត្រ​ដូច​បាន​រៀបរាប់​មក​ខាង លើ​នេះហើយ ទើប​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បង្កើត​ទៅជា​ទង់ជាតិ​មួយ​ដាច់ដោយឡែក​របស់ខ្លួន​សម្រាប់ តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក​ធ្វើ​ការតស៊ូ​តាមបែប “​ខ្លួន​ជាទី​ពឹង​របស់ខ្លួន​” ដោយ​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​នយោបាយ​ប្រទេស​កម្ពុជា និង​ដើម្បី​អាច​បង្ហាញ​វត្តមាន​របស់​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ ។  លោក បញ្ជាក់ថា ប្រសិនបើ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​ទង់ជាតិ​ប្រទេស​កម្ពុជា​ទៅធ្វើ​ការតស៊ូ​ផ្នែក​ការទូត​នៅក្នុង​ឆាក អន្តរជាតិ​នោះ  រហូតមកទល់​ពេលនេះ មិនមាន​អង្គការ​អន្តរជាតិ​ណាមួយ​បើកទ្វារ​ស្វាគមន៍​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចូលជួប ដើម្បី​លើកយក​បញ្ហា​កម្ពុជា​ក្រោម​មក​ជជែក​ទេ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​បញ្ជាក់ថា​៖

“​ប្រសិនបើ​ខ្មែរក្រោម​លើក​ទង់ជាតិ​ខ្មែរ  ទង់ជាតិ​ដែលមាន​ប្រសាទ​អង្គរវត្ត​កំពូល​បី​ហ្នឹង ធ្វើការ​តវ៉ា​នៅ​ក្រសួង​ការ បរទេស  នៅ​សហគមន៍​អឺរ៉ុប  នៅ​សេត​វិមាន នៅ​អ៊ី រឿង​យើង​ចប់​បណ្ដោយ ។ គេ​បិទទ្វារ​មិន​ឲ្យ​យើង​ចូល​ទេ ព្រោះ​អ៊ី  រឿង​យើង  គេ​ឲ្យ​ទៅ​ទារ​ដី​ពី លោក ហ៊ុន សែន ពី​រដ្ឋាភិបាល​ខ្មែរ ។ មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រសិនបើ ខ្មែរក្រោម លើក​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​តំណាង​ឲ្យ​ខ្មែរក្រោម តាំងពី​ឆ្នាំ ១៩៩៦ ចាប់តាំងពី​កកើត​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​ដើមដំបូង​មកដល់​ឥឡូវនេះ ប្រហែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង គ្មាន​ឃើញ​ពន្លឺ​អន្តរជាតិ ទទួលស្គាល់​ទេ ពីព្រោះ​រឿងនេះ​ជា​រឿង​ស្រុក​ខ្មែរ​” ។

​ដោយសារតែ​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គូស​ផ្លូវ​ន​យា​បាយ​បាន​ត្រឹមត្រូវ មាន​ផែនការ​ច្បាស់លាស់ និង​ធ្វើ ការ​ជា​ក្រុម​តាម​ឋានានុក្រម (​មិនមែនជា​លក្ខណៈ​អង្គការ​មួយ​មានតែ​អញ​ម្នាក់ឯង​) នោះ  បានធ្វើ​ឲ្យ​សហព័ន្ធ​ខ្មែរ កម្ពុ​ក្រោម​ធ្វើការ​បានទទួល​ផ្លែផ្កា​នៅក្នុង​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ដូច​ការរំពឹង​ទុក​មែន ។​

​តាម​ការបញ្ជាក់​ពី​លោក ប្រាក់ សេរី​វុ​ឌ្ឍ ផ្លែផ្កា​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បានជា​បន្តបន្ទាប់​នោះ មាន ដូចជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​ទូកប្រណាំង​អន្តរជាតិ (IDBF), សមាជិក​អង្គការ ប្រជាជាតិ​គ្មាន​តំណាង (UNPO), សមាជិក​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (Transnational Radical Party) ដែលជា​គណបក្ស​មួយ​មាន​ឥទ្ធិពល​នៅក្នុង​សភា​អឺរ៉ុប​, សមាជិក​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី បញ្ហា​ជនជាតិដើម (UNPFII) ដែល​បានធ្វើ​ឲ្យ​វត្តមាន​របស់​ខ្មែរក្រោម​បាន​លេចមុខ​នៅក្នុង​អង្គការសហប្រជាជាតិ មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ។ ការ​បាន​ចូល​ជា​សមាជិក UNPFII នេះ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​បាន​ចូល​ថ្លែងការណ៍​ស្ដីពី​បញ្ហា​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ជូន​អង្គការសហប្រជាជាតិ នា​បុរី New York រៀងរាល់ឆ្នាំ នៅក្នុង​ខែឧសភា ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​វៀ​ត​ណា​ម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ ក្រោម​ម្ចាស់​ស្រុក ។​

“​ក្រោយមក ពួកយើង ត្រូវបាន​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង New York អនុ​ញ្ញ​ត​ឲ្យ​យើង​ចូលប្រជុំ​នៅក្នុង​អង្គ ការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០០៤ ដែល​រហូតមកដល់​ឥឡូវនេះ​បាន ១០ ឆ្នាំ ហើយ ។ ប្រជុំ​រាល់​ឆ្នាំ ។ លោក Kofi Annan ជា​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ  មុននឹង​គាត់​ផុត​តំណែង​បាន​ជួយ​ឲ្យ​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ធ្វើ​មហាសន្និបាត​មួយ​អនុញ្ញាត​ឲ្យ​ជនជាតិដើម​បាន​ទៅ​ប្រជុំ​ជា​ផ្លូវការ​ក្នុង​មួយឆ្នាំ​បាន​ម្ដង នៅ​រវាង​ពាក់ កណ្ដាល​ខែឧសភា​” ។​

​ទាក់ទង​នឹង​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នឹងត្រូវ​ធ្វើជា​ប្រចាំ និង​ធ្វើជា​តំណ​មនុស្ស​នោះ  ថ្មីៗ​នេះ គណៈកម្មការ​ទីប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ លោក តោ គិ​ម ថុង និង លោក សឺ​ង សម្រេច បានចេញ​សារ លិខិត​មួយ​បញ្ជាក់​អំពី​គោលជំហរ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា  ការដែល​ត្រឹមតែ​ត្អូញត្អែរ​ពី​វាសនា​កំសត់​របស់ ខ្មែរ​ការសោកស្តាយ​មរ​ត​កកេរ​ដូនតា ការសម្ដែង​ទុក្ខ សោកស្រណោះ អាឡោះអាល័យ​ចំពោះ​អតីតកាល​ដ៏​រុងរឿង នៃ​មហានគរ​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​បានដែរ ។

​សារលិខិត​នេះ​បញ្ជាក់ថា​៖

“​ដោយ​សង្ខេប ការងារ​ចំពោះមុខ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ប្រឈម​គឺ​៖

​ទីមួយ​៖ សហព័ន្ធ​ខ្មែរ​ក​ម្អុ​ជា​ក្រោម​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំ​ហ៊រ​ដូចតទៅ

  • ​ក​) ជៀសវាង​ការបែកបាក់​កម្លាំង​សាមគ្គី​ជាតិ ដោយ​គោរព​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុ​ទស្សនៈ ហើយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គការ នយោបាយ​ខែ្មរ​ក្រោម​ផ្សេងៗ ក្រៅពី​សហព័ន្ធ ។​
  • ​ខ​) មិន​ចូលរួម  ឬ បំរើ​គណបក្សនយោបាយ​ណាមួយ​នៅ​កម្ពុជា​ឡើយ ។ ប៉ុន្តែ​សហព័ន្ធ​នឹង​ធ្វើការ​ទំនាក់ ទំនង​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​ខ្មែរ​ទូទៅ ក្នុង​វិស័យ​លើក​តំកើង​សាសនា វប្បធម៌ អក្សរសាស្ត្រ ភាសា សាស្ត្រ និង​សិក្សាអប់រំ ដោយ​ប្រកាន់​ថា យើង​មានអំបូរ​ជាមួយគ្នា ។​

​ទី​ពីរ​៖ ដើម្បី​បន្ត​ផ្តល់​សេចក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម សហព័ន្ធ​មិនអាច​ព្រងើយកន្តើយ ដោយមាន​ឮ​មោទនភាព​ហួសហេតុ ចំពោះ​អ្វីៗ​ដែល​យើង​ធ្វើបាន​នោះឡើយ ។  ផ្ទុយទៅវិញ យើង​ត្រូវ យកចិត្ត​ទុក ដាក់​លើ​ការងារ​អ្វីដែល​យើង​ធ្វើ​មិនទាន់បាន និង​ខិតខំ​រក​វិធី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ។  យើង​រាល់គ្នា​ក្នុង គ្រួសារ​សហព័ន្ធ​ប្រាកដ​ជាមាន​មាន​ឆន្ទៈ និង​សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ដោះស្រាយ​បញ្ហា និង ឧបសគ្គ​នានា ដែលមាន​ចំពោះមុខ ។ ការងារ​នេះ ទាមទារ​ការរក្សា​ទំនាក់ទំនង​ឱ្យបាន​ជិតស្និទ្ធ និង​ស្មារតី​ការងារ​ជា​ក្រុម គឺ TEAM WORK”  ៕

Comments are closed.