ប្រវត្តិ​បុរី​ព្រៃនគរ នៅ​រាជធានី​ភ្នំពេញ​

0 223

ដោយ គឹម សាវតា

ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា សំណង់ផ្ទះ​ល្វែង និង​បុរី​ជាច្រើន បាន​រីកដុះដាល ដោយ មានការ​សាងសង់ ជា បន្តបន្ទាប់ ប៉ុន្តែ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ច្បាស់​ជា​ចាំ​ច្បាស់​ជាងគេ គឺ​បុរី​មួយ​ឈ្មោះថា បុរី​ព្រៃនគរ ព្រោះថា​បុរី​មួយ​នេះ ប្រមូលផ្តុំ​ដោយ​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន​គ្រួសារ​រស់នៅ និង​មាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន ក៏បាន​បោះទីតាំង នៅ​ទីនោះ​ផងដែរ ។ តើ​បុរី​ព្រៃនគរ មាន​ទីតាំង នៅ​កន្លែង​ណា​? និង​ថា​តើ បុរី​ដែល​ភាគច្រើន​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​នោះ មាន​ប្រវត្តិ​យ៉ាងណា​? ។​

ច្រកចូល​​ទីស្នាក់ការ​​កណ្តាល​​នៃសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបៈ សារព័ត៌មាន ព្រៃនគរ
ច្រកចូល​​ទីស្នាក់ការ​​កណ្តាល​​នៃសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​លោក អៀង កុសល គឺជា​ពលរដ្ឋ​ខ្មែរក្រោម​មួយរូប ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត ក្នុង​ខេត្ត​ព្រះ​ត្រពាំង​មក​នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ១៩៨៣ ដោ​យមក​រស់នៅ ក្នុង​រាជធានី​ភ្នំពេញ ។ តែ​រស់​នៅបាន ១ ឆ្នាំ លោក​ក៏បាន​ទៅ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។ លុះដល់​ឆ្នាំ ១៩៩៣ លោក បាន​វិល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយមាន​តួនាទី​ជា​មន្ត្រី​យោធា ។ ការរស់នៅ​របស់លោក​ហាក់ដូចជា មិនមាន​កន្លែង​ស្នាក់អាស្រ័យ​ជាក់លាក់​នោះទេ រហូតមកដល់​ឆ្នាំ ២០០៥ លោក​អាចមាន​ទីលំនៅ​ច្បាស់លាស់ ក្នុង​រាជធានី​ភ្នំពេញ​នោះ គឺ​លោក​បាន​ទិញ​ដី ដែល​សហគមន៍​លក់​ជូន​ពលរដ្ឋ​ខ្មែរក្រោម ក្នុងតម្លៃ​សមរម្យ​អាច​ឲ្យ​លោក​មានលទ្ធភាព ។ កន្លែង​ដែល​លោក​ទិញ​ដី​នោះ មាន​ឈ្មោះថា បុរី​ព្រៃនគរ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក អៀង កុសល «២០០៥ ខ្ញុំ​មក​រស់នៅ​ទឹកដី​ហ្នឹងហើយ តាមពិត​ខ្ញុំ​ធ្វើ ខ្ញុំ​ចាប់ផ្ដើម​រៀបចំ​សន្សំ​លុយ ម្ដង​បន្តិច ម្ដង​បន្តិច យកមក​ធ្វើ​ផ្ទះថ្ម​តែម្ដង​» ។​

​បុរស​វ័យ​ជាង ៦០ ឆ្នាំ​រូបនេះ បន្តថា នៅពេលដែល​លោក​មក​រស់នៅក្នុង​បុរី​ព្រៃនគរ​នេះ គឺមាន​អារម្មណ៍​កក់ក្ដៅ​ដោយសារតែ​ពេល​លោក​មក​រស់នៅ គឺ​ភាគច្រើន​អ្នក​ដែល​រស់នៅ​ទីនោះ គឺជា​ពលរដ្ឋ​ដែល​មកពី​ដែនដី​កម្ពុជា​ក្រោម ដូចគ្នា ។​

​លោក អៀង កុសល «​មិន​អី​ទេ សុទ្ធតែ​គ្នា​យើង រស់នៅ​ត្រឹមត្រូវ​អត់​មាន​ភ័យខ្លាច ហើយ​ទី ១ ទៀត ក្មេង​ទំនើង​អី​ក៏​អត់​មាន ហើយ​ចោរលួច​ចោរប្លន់​អី​ក៏​អត់​សូវ គឺ​រស់នៅ​សុខសាន្ត​តាំងពី​ហ្នឹង​មករ​ហូត​» ។​

លោក អៀង កុសល ពលរដ្ឋខ្មែរក្រោម បច្ចុប្បន្នកំពុងរស់នៅបុរី​ ព្រៃនគរ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រូបៈ សារព័ត៌មាន ព្រៃនគរ
លោក អៀង កុសល ពលរដ្ឋខ្មែរក្រោម បច្ចុប្បន្នកំពុងរស់នៅបុរី​ ព្រៃនគរ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​បុរស​ដែលមាន​សម្បុរ​ស មាឌធំ​រូបនេះ​បន្ថែមថា ក្រោយពី​លោក​បាន​ចេញពី​ស្រុកកំណើត ក្នុង​ខេត្ត​ព្រះ​ត្រពាំង ហើយ​មក​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា​នេះ គឺ​លោក​មិនមាន​ដី ឬ កេរដំណែល​អ្វី​នៅ​ដែនដី​កម្ពុជា​ក្រោម​នោះទេ ហើយ​លោក​បានចាត់ទុក​ផ្ទះ នៅក្នុង​បុរី​ព្រៃនគរ​នេះ គឺ​ដូចជា​ស្រុកកំណើត​របស់លោក ព្រោះ​លោក​នឹងមិន​ត្រឡប់​ទៅ​រស់​ស្រុកកំណើត​វិញ​ដែរ គឺ​រស់នៅក្នុង​បុរី ដែល​សំបូរ​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​នេះ ជា​រៀងរហូត ។​

​លោក អៀង កុសល «ខ្ញុំ​អត់​មាន​ទេ អត់​មាន​គិតថា​ចាកចេញ​ទៅណា​ទៀត​ទេ ដោយសារ​អី កន្លែង​ខ្ញុំ​ហ្នឹង​គឺ​រស់នៅ​ដោយ​សុខសាន្ត តាំងពី​ផ្លូវច្បាប់ តាំងពី​អី​ស្រួល ខ្ញុំ​អត់​មាន​គិត​ចង់​ចាកចេញ​ទេ ពិតមែនតែ​ផ្ទះ​ខ្លី​តូច ក៏​ខ្ញុំ​អត់​ចង់​ចេញ​ទៅណា​ផ្សេងទៀត​ទេ​» ។​

ផ្ទះ​ក្នុង​បុរី​ព្រៃនគរ​នេះ ភាគច្រើន​ជា​ផ្ទះថ្ម មាន​ទទឹង​ជាង ៤ ម៉ែត្រ និង​បណ្ដោយ​ប្រហែល ១០ ម៉ែត្រ និង​មាន​ផ្លូវ​ខ្លះ​ក្រាល​បេតុង និង​ខ្លះទៀត​ក្រាល​ថ្ម និង​មាន​អង្គការ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ចាំ​ជួយ​គាំពារ​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ផងដែរ ។​

 ​អ្នកស្រី កង រែក ពលរដ្ឋ​ខ្មែរក្រោម​មួយរូប​ទៀត ដែល​រស់នៅក្នុង​បុរី ព្រៃនគរ ដែរនោះ បាន​ប្រាប់​អ្នកយកព័ត៌មាន វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដែរ​ថា ដំបូង​ឡើយ អ្នកស្រី​រស់នៅ​សំណង់​អនាធិបតេយ្យ​មួយ នៅ​ម្ដុំ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ហៅថា​ពេទ្យ​លោកសង្ឃ ប៉ុន្តែ ដោយ​ពិបាក​រស់នៅ ហើយ​អ្នកស្រី​បានដឹងថា មាន​ពលរដ្ឋ​ខ្មែរក្រោម​ច្រើន​រស់នៅក្នុង បុរី​ព្រៃនគរ នេះ អ្នកស្រី​ក៏បាន​សន្សំ​ប្រាក់​ទិញ​ដី ដើម្បី​ធ្វើ​ផ្ទះ​ក្នុង​បុរី​នេះ​ផងដែរ ។​

​អ្នកស្រី កង រែក «​ដូច​ថា​ជួយ​សម្រុះសម្រួល ដូច​ថា​យើង​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់គ្នា​អីចឹង ស្រុះស្រួល​គ្នា​រកស៊ី ជួបជុំគ្នា​សប្បាយ​អរ​អីចឹង ធ្វើ​កម្មវិធី​អី​ម្យ៉ាងៗ មាន​កម្ពុជា​ក្រោម​មក​អ៊ូអរ​សប្បាយ​» ។​

អ្នកស្រី កង រែក ពលរដ្ឋខ្មែរក្រោម បច្ចុប្បន្នកំពុងរស់នៅបុរី​ ព្រៃនគរ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រូបៈ សារព័ត៌មាន ព្រៃនគរ
អ្នកស្រី កង រែក ពលរដ្ឋខ្មែរក្រោម បច្ចុប្បន្នកំពុងរស់នៅបុរី​ ព្រៃនគរ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​លោក សឺ​ន យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលជា​អ្នករៀបចំ​បង្កើត​បុរី​ព្រៃនគរ​ដំបូងបង្អស់​បានបញ្ជាក់​ប្រាប់ថា ៖ «​នៅទីនេះ ដែល​យើងខ្ញុំ​ដាក់ឈ្មោះថា សហគមន៍​ឥត​លំនៅដ្ឋាន​ដោយសារតែ​បងប្អូន​យើង (​ខ្មែរក្រោម​) សុទ្ធតែ​នៅផ្ទះ​ជួល យើង​អត់​មានផ្ទះ ដូច​បងប្អូន​មួយចំនួន​ដែល នៅតាម​ចិញ្ចើមផ្លូវ គាត់​នៅតែ​ផ្ទះ​ជួយ​អីចឹង ក៏​យើង​រួម​មតិ​គ្នា​មក បង្កើតជា​សហគមន៍ ដែល​ដាក់ឈ្មោះថា សហគមន៍​ឥត​លំនៅដ្ឋាន ។ ក្រោយពី​នោះ យើង​ក៏​សន្សំ​ប្រាក់​ទៅតាម​គោលការណ៍​របស់​អង្គការ សមាគម​យើង​ហ្នឹង ក្រោយមក​យើង​បាន​ទិញ​ដី​នៅ​កន្លែង​នេះ ៥ ហិច​តា​នៅ​ឆ្នាំ ២០០០ ហ្នឹង ហើយ​យើង​ក៏​រៀបចំ​រចនាសម្ព័ន្ធ នៅទីនេះ ដោយមាន URC (​អង្គការ​) គាត់​អ្នក​ជួយ​គូស​ប្លង់ សម្រាប់​ឲ្យ​យើង ហើយ​យើង​សហការ​ជាមួយ​សាលាក្រុង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង ដែល​ឥត​លំនៅដ្ឋាន គាត់​អត់​មានផ្ទះ​ហ្នឹង គាត់​មានលទ្ធភាព ដើម្បី​ទិញ​ដី​ហ្នឹង​សាងសង់​ផ្ទះ​» ។​

​លោក សឺ​ន យឿ​ង បន្តថា បន្ទាប់ពី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ លើដី​ចំនួន ៥ ហិកតារ​នេះ គឺ​បែងចែក​បាន​ដីឡូត៍​ចំនួន ៧៦០ ឡូត៍​ស្មើនឹង ៧៦០ គ្រួសារ ដោយ​លក់​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងតម្លៃ ១៦៥ ដុល្លា​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឡូត៍ ក្រោយមកទៀត​ក៏​រៀបចំ​ចាក់ដី​បំពេញ ព្រោះ​តំបន់​នោះ ជា​តំបន់​លិច​ទឹក ។​

​លោក សឺ​ន យឿ​ង «ដល់ពេល​យើង​រៀបចំ​គណៈកម្មការ និង​បងប្អូន​ប្រជាពលរដ្ឋ រក​ឈ្មោះថា យើង​ដាក់ថា​យ៉ាងម៉េច​នៅ​កន្លែង​នេះ ហើយដោយ​យោង​ថា សុទ្ធតែ​ខ្មែរក្រោម​ទាំងអស់ យើង​ក៏​ដាក់ថា បុរី​ព្រៃនគរ រហូតមកដល់​ពេលនេះ​» ។​

លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន
លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន

​តែ​ទោះជា​យ៉ាងណា បើតាម​លោក សឺ​ន យឿ​ង រហូតមកដល់​ពេលនេះ មាន​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​កន្លែង​ផ្សេង ដោយ​មូលហេតុ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​សព្វថ្ងៃ​មា ន​តែ​ប្រមាណ ៣៧០ គ្រួសារ​ប៉ុណ្ណោះ ។​

​ក្រៅពី​បុរី ព្រៃនគរ ប្រជាពលរដ្ឋ​ទូទៅ នៅក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា បាន​សំគាល់​កន្លែង​មួយ​ថា មាន​ពលរដ្ឋ​ខ្មែរក្រោម រស់នៅ​ច្រើន​ផ្សេងទៀត ដូចជា ម្ដុំ​ផ្សារ​សាមគ្គី ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ម្ដុំ​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ជាដើម ៕

Leave A Reply

Your email address will not be published.