សហព័ន្ធនិងយុវជនខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរ ដែលកោះហៅយុវជនទៅសម្លុតបំភ័យ
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម និងយុវជនខ្មែរក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ដែលបានកោះហៅយុវជនខ្មែរក្រោម ទៅសួរចម្លើយរឿងពួកគេពាក់អាវយឺត មានផែនទី និងទង់ជាតិកម្ពុជាក្រោម ក្នុងពេលពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ។ ពាក់ព័ន្ធនឹងរឿងនេះដែរ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ស្នើឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ជាបន្ទាន់ ចំពោះការធ្វើទុក្ខបុកម្នេញយុវជនខ្មែរកម្ពុជាក្រោម ។

យ៉ាងហោចណាស់ក៏មានយុវជនខ្មែរកម្ពុជាក្រោមចំនួន ១០នាក់ ត្រូវបានអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានកោះហៅទៅសួរចម្លើយម្ដងម្នាក់ៗទាក់ទងនឹងរឿងពាក់អាវយឺតមានផែនទីខ្មែរ និងទង់ជាតិកម្ពុជាក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមថា ជាការគាបសង្កត់សិទ្ធិប្រារព្ធទិវាសិទ្ធិនារី និងសិទ្ធិជនជាតិដើម។ យុវជនខ្មែរក្រោមត្រូវបានមន្ត្រីប៉ូលិសវៀតណាមសម្លុត និងគំរាមឲ្យឈប់ធ្វើសកម្មភាពស្ម័គ្រចិត្ត និងការតស៊ូមតិរបស់ពួកគេ។ ប៉ូលិសវៀតណាមក៏បានរឹបអូស និងដកហូតផែនទីខ្មែរក្រោម និងអាវយឺតដោយអះអាងថា សម្ភារៈទាំងនោះជារបស់ខុសច្បាប់។
សេចក្ដីថ្លែងការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញកាលពីថ្ងៃទី២៦ មីនា ស្នើឲ្យវៀតណាមបំពេញកាតព្វកិច្ចជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងបញ្ឈប់ការប្រើប្រាស់ការសងសឹកទៅលើខ្មែរក្រោមដោយគ្រាន់តែពួកគេប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ សហព័ន្ធក៏ស្នើឲ្យវៀតណាមគោរពសិទ្ធិ និងការពារខ្មែរក្រោមរួមមានសិទ្ធិសំដែងមតិសិទ្ធិបង្កើតសមាគម និងសិទ្ធិប្រមូលផ្តុំ និងស្នើឲ្យសហគមន៍អន្តរជាតិកត់សម្គាល់ការរំលោភសិទ្ធិមនុស្សនិងចូលរួមលើកកម្ពស់ និងការពារសិទ្ធិរបស់ជនជាតិដើម។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ សឹង យ៉ឹងរតនា មានថេរដីកាថា ប៉ូលិសវៀតណាមក្រៅតែពីគំរាមកំហែងខ្មែរក្រោមពួកគេក៏ចង់បំបែកបំបាក់សាមគ្គីភាពខ្មែរក្រោមកុំឲ្យមានទំនាក់ទំនងគ្នា ពីខេត្តមួយទៅខេត្តមួយទៀត។ ព្រះអង្គមានថេរដីកាដូច្នោះ ដោយសារតែអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំងបានកោះហៅយុវជនខេត្តនេះ ដែលបានទៅចូលរួមក្នុងទិវាសិទ្ធិនារី នៅខេត្តព្រះត្រពាំង មកសាកសួរនឹងគំរាមឲ្យឈប់ធ្វើសកម្មភាពតស៊ូមតិ។
ព្រះភិក្ខុ សឹង យ៉ឹងរតនា៖ «ការពិតទៅខ្មែរក្រោមជាជនជាតិដើមគាត់រស់នៅលើទឹកដីកំណើតគាត់មានសិទ្ធិសេរីភាពក្នុងទទួលយកនូវអត្តសញ្ញាណជាតិរបស់ខ្លួន ជាពិសេសប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ នៃទឹកដីកម្ពុជាក្រោមដែលផែនទីកម្ពុជាក្រោម និងទង់ជាតិក្តីជានិមិត្តសញ្ញារបស់ពលរដ្ឋខ្មែរក្រោម ដូច្នោះហើយពួកគាត់ពាក់អាវយឺតក្នុងកម្មវិធី គ្មានអ្វីខុសច្បាប់ទេ»។
ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិប្រមូលផ្ដុំរបស់យុវជនខ្មែរក្រោមនេះដែរ យុវជន តោង ហ្វាងជឿង ថាវៀតណាមកំពុងព្រួយបារម្ភពីសន្ទុះនៃការងើបឡើងទាមទារសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ដូច្នោះទើបវៀតណាមចង់កាច់បំបាក់ការតស៊ូរបស់ខ្មែរក្រោម។ យុវជន តោង ហ្វាងជឿង ដែលត្រូវវៀតណាមផាកពិន័យរឿងប្រើប្រាស់បណ្ដាញសង្គមចែកចាយព័ត៌មានស្ដីពីសិទ្ធិជនជាតិដើមថាយុវជនខ្មែរក្រោមនឹងមិនបាក់ស្បាត នឹងរងការធ្វើទុក្ខបុកម្នេញរបស់វៀតណាមនោះទេ។
យុវជន តោង ហ្វាងជឿង៖ «យុវជនខ្មែរកម្ពុជាក្រោមពួកប្អូននឹងនៅតែធ្វើជាបន្តធ្វើកម្មវិធីទាំងអស់នោះ គឺនៅតែធ្វើ និងបន្តបណ្ដុះបណ្ដាលបងប្អូនដែលទើបតែចូលថ្មីហ្នឹងកុំឲ្យមានការភ័យខ្លាច កុំឲ្យបាក់ស្បាត។ ទង្វើវៀតណាមជាការភ័យខ្លាចខ្មែរក្រោមមានការសាមគ្គីទេ»។
អាជ្ញាធរវៀតណាមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្កើនការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោម។ ពលរដ្ឋខ្មែរក្រោមជាច្រើននាក់ត្រូវបានអាជ្ញាធរវៀតណាមកោះហៅទៅគំរាមកំហែងរឿងប្រើប្រាស់បណ្ដាញសង្គម និយាយប្រវត្តិសាស្ត្រខ្មែរក្រោមនិងចែកចាយឯកសារអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ចំណែកឯព្រះសង្ឃខ្មែរក្រោមក៏ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំងបានរឹតត្បិតការប្រតិបត្តិព្រះពុទ្ធសាសនាដែរ។ កន្លងទៅអ្នកជំនាញអង្គការសហប្រជាជាតិស្តីពីជនជាតិដើមក៏បានដាក់សំណួរទៅរដ្ឋាភិបាលវៀតណាមជុំវិញការចោទប្រកាន់នៃការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ប៉ុន្តែវៀតណាមមិនទាន់ឆ្លើយតបទៅឡើយទេ។ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកក៏បានជំរុញឱ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញសិទ្ធិសាសនាខ្មែរក្រោមដែរ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង ដើម្បីសាកសួរជុំវិញរឿងចោទប្រកាន់យុវជនខ្មែរក្រោមថា ប្រព្រឹត្តល្មើសច្បាប់វៀតណាមនៅឡើយទេ កាលពីថ្ងៃទី២៩ មីនា។
ទោះបីជាយ៉ាងណាកន្លងទៅវៀតណាមបានបដិសេធរបាយការណ៍ក្រសួងការបរទេសអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិដែលរកឃើញថា វៀតណាម បានរំលោភសិទ្ធិមនុស្សនិងសាសនា។ បច្ចុប្បន្នវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិបីឆ្នាំ ចាប់ពីដើមឆ្នាំ២០២៣តទៅ។
មុនត្រូវបានគេបោះឆ្នោតគាំទ្រជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានសន្យានឹងលើកស្ទួយវិស័យសិទ្ធិមនុស្ស។ ទាក់ទងនឹងរឿងអាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមនេះដែរ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើងថា គ្រាន់តែពាក់អាវយឺតដើម្បីចូលរួមទិវាសិទ្ធិនារីអន្តរជាតិ ទោះបីអាវនោះមានអ្វីបោះពុម្ពលើក៏ដោយ ក៏មិនត្រូវចាត់ទុកជាបទល្មើសដែរ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានធ្វើបាបយុវជនខ្មែរក្រោម ដោយសារតែការរើសអើង និងរំលោភសិទ្ធិជាអចិន្ត្រៃយ៍។ លោកស្នើឲ្យវៀតណាមឈប់យាយី និងសម្លុតបំភ័យខ្មែរក្រោមដោយសារតែពួកគេប្រើប្រាស់សិទ្ធិសេរីភាពហើយត្រូវសុំទោសយុវជនខ្មែរក្រោម៕