សហព័ន្ធខ្មែរ​​កម្ពុជា​​ក្រោម និង​​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​​សហគមន៍​​អន្តរជាតិ ឲ្យ​ប្រើ​ឥទ្ធិពល​​ជំរុញ​​ឲ្យ​វៀតណាម​​ គោរព​សិទ្ធិមនុស្ស

0 240

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​សហគមន៍​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជំរុញ​ឲ្យរដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិមនុស្ស សាសនា​ និង​​សិទ្ធិជន​ជាតិ​ដើម ។ សំណើ​នេះ ធ្វើ​ឡើង​ស្របពេល​ដែល​ប្រទេស​អូស្រ្តាលី​បាន​ជួប​សន្ទនា​នឹង​ភាគី​វៀតណាម​ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស កាលពី​សប្តាហ៍​មុន ។

លោក ហ្វីល រ៉ូបឺតសុន (Phil ​Robertson) នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ។ រូបៈ AP
លោក ហ្វីល រ៉ូបឺតសុន (Phil ​Robertson) នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ។ រូបៈ AP

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស​ (Human Rights Watch) បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​បញ្ឈប់​​ការ​​រំលោភ​​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និងឈប់ធ្វើទុក្ខបុកម្នេញ​ជនជាតិដើម ។ ​សំណើនេះ ធ្វើឡើង​ស្រប​ពេល​ ដែលរដ្ឋាភិបាល​ អូស្ត្រាលី ​និងវៀតណាម​ បាន​ចាប់ផ្តើម​កិច្ចសន្ទនា​ លើកទី ១៧ ​​ស្តីពី​បញ្ហា​​សិទ្ធិមនុស្ស​នៅប្រទេស​វៀតណាម កាលពីសប្តាហ៍មុន ។

សេចក្តីថ្លែងការណ៍​របស់​អង្គការសិទ្ធិមនុស្ស (Human Rights Watch) ចេញពី​សប្តាហ៍​មុន​បញ្ជាក់ថា​ ប្រទេសអូស្រ្តាលីគួរ​ប្រើប្រាស់ឥទ្ធិពល​របស់ខ្លួន ដើម្បីដាក់​គំនាប​​លើ​​​រដ្ឋាភិបាល​វៀតណាម ​ឲ្យធ្វើសកម្មភាពជាចំបង​មួយ​ចំនួន ​ដើម្បី​ស្តារឡើងវិញ នៃ​កំណត់​ត្រា​​ ស្តី​ពីសិទ្ធិមនុស្ស​ដ៏អាក្រក់​របស់​វៀតណាម ។ សេចក្តីថ្លែងការណ៍​បន្ត​ថា ​ពលរដ្ឋ​វៀតណាម​ ត្រូវរងការធ្វើ​ទុក្ខបុក​ម្នេញ​ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន ​និងសិទ្ធិ​​នយោបាយ ដូច្នោះ ​អូស្រ្តាលី​ ត្រូវ​តែ​ទាមទារ​វៀតណាម​​ ឲ្យ​ដោះលែង​​​អ្នកទោស​នយោបាយ​ទាំងអស់​​​ ព្រមទាំងធ្វើច្បាប់​ព្រហ្មទណ្ឌ​​របស់ប្រទេសនេះ​ ឲ្យមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ។​​

អង្គការសិទ្ធិមនុស្ស (Human Rights Watch) រកឃើញថា យ៉ាងហោចណាស់ក៏មាន​មនុស្សចំនួន ១៤៦ នាក់​កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​តែការ​ប្រើប្រាស់សិទ្ធិមូលដ្ឋាន និងការប្រើ​ប្រាស់​បណ្តាញ​សង្គម ។ ​ក្នុងចំណោម​ជាងមួយ​រយ​ករណីនោះ ​យ៉ាងហោច​ណាស់​​ក៏មានជាង ៣០​ ករណី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ។​ ទំនាក់ទំនងពាណិជ្ជកម្មអូស្រ្តាលី និងវៀតណាម បានកើន​ឡើង​​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ។ អូស្រ្តាលី​ក្លាយ​ជា​ដៃគូពាណិជ្ជកម្ម​កំពូល​ទី ១០​ របស់​វៀតណាម ។ ​ទោះបីជាយ៉ាងណា ​ប្រមុខ​ការ​ទូតអូស្រ្តាលី ​ដែលបាន​មកទស្សនកិច្ច​នៅវៀតណាម​ កាលពីវិច្ឆិកា កន្លង​ទៅ​ មិន​បានលើក​ពីបញ្ហាសិទ្ធិ​ទៅជជែកនឹងមន្រ្តីវៀតណាម​ នោះទេ​ ។

នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil ​Robertson) ​ប្រាប់វិទ្យុ​អាស៊ីសេរី​ កាលពីសប្តាហ៍មុនថា​ រដ្ឋាភិបាល​វៀតណាម ​​ក្រៅពីធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្លួនឯង​​​ រដ្ឋាភិបាលកុម្មុយនីសយ៍មួយនេះ ក៏បាន​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ដើមខ្មែរ​ក្រោម​ ផងដែរ ។ លោក ហ្វីល រ៉ូបឺតសុន​ ថា​​ វៀតណាម​ធ្វើបាប​ពលរដ្ឋខ្មែរ​ក្រោម ដោយ​គ្មាន​ស្រាកស្រាន​ឡើយ ។ វៀតណាម​ បាន​គាប​សង្កត់ខ្មែរក្រោម​មិនឲ្យសំដែលមតិរឿង វប្បធម៌ជនជាតិដើម​ សិទ្ធិសាសនា​ និងគាប​ឲ្យខ្មែរក្រោម ទទួល​យក​ និងសម្របសម្រួល​ការរស់នៅតាម​បែបជនជាតិ​វៀតណាម ។​ លោក ហ្វីល រ៉ូបឺតសុន បន្ថែមទៀតថា អាជ្ញាធរវៀតណាមក៏ចាត់វិធានការ​បែបរើសអើង​នឹង​ពលរដ្ឋ​ខ្មែរក្រោម ដែលរងការរំលោភបំពានសិទ្ធិដីធ្លី​ ហើយព្យាយាម​ទាមទារ​សិទ្ធិ​កាន់កាប់​មក​វិញ ដោយសារតែពួកគេបានធ្វើ​កសិកម្មលើដីនោះ​ជាច្រើនឆ្នាំមកហើយ ។ ​

យ៉ាងហោច​ណាស់​ក៏​មាន​កសិករ​ខ្មែរ​ក្រោម​ម្នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ដាក់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និង​ពីរ​នាក់​ទៀត​អាចនឹងត្រូវ​គេចាប់​ដាក់ពន្ធនាគារ​ ដោយសារតែ​ពួកគេតវ៉ា​អហិង្សា​ទាមទារ​ដីស្រែ​ ដែល​ក្រុម​អាជ្ញាធរ​វៀតណាម​រឹបអូស​ទាំងគ្មាន​សំណងត្រឹមត្រូវតាមច្បាប់ ។ លោក ​ហ្វីល រ៉ូបឺត​សុន មើលឃើញទៀតថា ​អាជ្ញាធរ​វៀតណាម កំពុង​មិនទុកចិត្តខ្លួនឯង ហើយចាត់​ទុកការ​ទាមទារ​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​របស់​ពលរដ្ឋខ្មែរ​ក្រោមថា ជា​ចេតនា​ចង់​បង្កើត​តំបន់ស្វយ័ត ​ឬចង់បានឯករាជ្យ ។ ​លោកថា​ វៀតណាមមិន​ទុកចិត្តខ្មែរ​ក្រោម​ឡើយ​​​ ពីព្រោះខ្មែរក្រោម ​ជាជនជាតិ​ផ្សេងគ្នា​ បណ្តាលឲ្យវៀតណាម ត្រូវតែ​ត្រួតត្រា​លើ​ពលរដ្ឋខ្មែរក្រោម ។​

ពាក់ព័ន្ធនឹង​សំណើ​របស់​អង្គការ​សិទ្ធិមនុស្ស ​(Human Rights Watch) នេះដែរ ប្រធាន​នាយកដ្ឋានព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ស្នើសុំឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ប្រើ​ឥទ្ធិពល​របស់ពួកគេ ​អន្តរាគមន៍​ទៅ​វៀតណាម​ ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​៖ «សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​សូម​អំពាវនាវ​ឲ្យ​អន្តរជាតិ​​ដែលមាន​​ពាណិជ្ជកម្ម​នឹង​វៀតណាម​ជួយ​ធ្វើ​អន្តរាគមន៍​ករណី​ដែល​ពលរដ្ឋខ្មែរ​ក្រោម​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ដាក់​ពន្ធនាគារ និង​បានរឹតត្បឹត​សិទ្ធិសេរីភាព​ពលរដ្ឋខ្មែរ​ក្រោម​ជាម្ចាស់​ស្រុក​ជនជាតិ​ដើម»

សំណើ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និងសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ​ធ្វើឡើង​ដោយសារ​តែ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ​​ វៀតណាមចាប់ផ្តើម​ធ្វើទុក្ខ​បុក​​ម្នេញ​​លើ​ពលរដ្ឋខ្មែរក្រោម​ស្ទើគ្រប់​វិស័យ​ ។​

អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង កាល​ពី​ថ្ងៃ​ទី ១៤ ខែតុលា បាន​ចាប់​ខ្លួន​លោក ថាច់ រីន ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បង្ហោះ​រូបភាព​មេ​ដឹក​នាំ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ អតីត​មេ​ដឹក​នាំ​វៀតណាម ។ បច្ចុប្បន្នវៀតណាម កំពុងដា​ក់ពន្ធនាគារ​លោក​ ដើម្បីរង់ចាំការកាត់ទោស ។​ សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ បដិសេធ​ការចោទ​ប្រកាន់​របស់វៀតណាម​ ហើយថា​ ការចាប់ខ្លួន​លោក ថាច់ រីន នេះ ​គឺដោយសារតែ​លោក​ផ្សព្ធផ្សាយ​ចំណេះដឹង​ពី​សិទ្ធិ​ជនជាតិ​ដើម ​។

ករណី​ អាជ្ញាធរ​វៀតណាម ​ឃុំ​ខ្លួនលោក ​ថាច់ ​រីន ​ក្នុងពន្ធនាគារ​នេះ មិន​មែន​ជា​ករណី​ទី​មួយ​ទេ ។ អាជ្ញាធរ​វៀតណាម កាល​ពី​ថ្មីៗ នេះ ក៏​បាន​ចាប់​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​ត្រូវអាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់ថា ​ជាប់ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​មួយ ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី តំណាង​ខ្មែរ​ក្រោម ​អះអាង​ថា លោក ហ្វិន វ៉ាំងឌែប មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​លេស​ដោយសារ​តែលោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គម ហ្វ៊េសប៉ុក (Facebook) ។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគាររយៈ​ពេល​ពីរ​ឆ្នាំ ។

អាជ្ញាធរ​វៀតណាម ក៏​បាន​សម្លុត​គំរាម​កំហែង​យុវជនខ្មែរ​ក្រោម​ជា​ច្រើន​រូប ដោយ​ឲ្យ​បញ្ឈប់​ផ្សព្ធផ្សាយ​កា​រទាមទារ​សិទ្ធិជា​ជនជាតិ​ដើម និង​ផ្តល់​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស​ រឿង​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរក្រោម ។ អាជ្ញាធរ​វៀតណាម កំពុងតែ​ទាមទារ​យុវជន​ខ្មែរ​ក្រោម​ទាំង​នោះ​ ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ​រឿង​ពួក​គេ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្សព្ធផ្សាយ​ច្បាប់អន្តរជាតិ​ ស្តីពី​ជនជាតិ​ដើម ៕

Leave A Reply

Your email address will not be published.