សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត វិទ្យុ ទូរទស្សន៍ និង​សារ​ព័ត៌មាន​ តាម​បណ្ដាញ​អ៊ិនធឹណិត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដល់​ខ្មែរ​ក្រោម

0 394
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​បង្កើត​វិទ្យុ ទូរទស្សន៍ និង​សារ​ព័ត៌មាន​ តាម​បណ្ដាញ​អ៊ិនធឹណិត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​ជា​ជន​ជាតិ​ដើម ។ ក្រៅ​ពី​ផ្តល់​ព័ត៌មាន​ពិត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម សារ​ព័ត៌មាន​តាម​បណ្ដាញ​អ៊ិនធឹណិត​នេះ ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់ ជម្រាប​ព័ត៌មាន​ជូន​សហគមន៍​អន្តរជាតិ​ឲ្យ​ដឹង ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម បង្ក​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម​ផង​ដែរ ។
ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា និង​អ្នក​យក​ព័ត៌មាន (VOKK) នៅ​ទីស្នាក់ការ មាន​មូលដ្ឋាន​នៅ​ទីក្រុង សានហូសេ (San Jose) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប៖ VOKK
ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា និង​អ្នក​យក​ព័ត៌មាន (VOKK) នៅ​ទីស្នាក់ការ មាន​មូលដ្ឋាន​នៅ​ទីក្រុង សានហូសេ (San Jose) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប៖ VOKK
វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង​សារព័ត៌មាន​ព្រៃនគរ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ពាំនាំ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​ ទៅ​ឱ្យ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​ការត្រួតត្រា​របស់​របប​កុម្មុយនិស្ត​វៀតណាម ។ សព្វ​ថ្ងៃ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ដូច​ជា ហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ដើម្បី​ផ្សព្វផ្សាយ ព័ត៌មាន​បន្ត​ពី គេហទំព័រ (VOKK) និង​សារ​ព័ត៌មាន​ព្រៃនគរ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម ងាយ​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ តាម​បណ្តាញ​សង្គម ។ សហព័ន្ធ​ កាល​ពី​ពេល​ថ្មីៗ ក៏​បាន​បង្កើត​កម្មវិធី​ព័ត៌មាន​ប្រចាំ​សប្ដាហ៍​ថ្មី​មួយ ផ្សាយ​តាម​បណ្ដាញ​សង្គម (Facebook) ដែល​មាន​ឈ្មោះថា “​អរុណ​សួស្ដី​កម្ពុជា​ក្រោម​” ។ កម្មវិធី​នេះ ផ្សាយ​រាល់​ថ្ងៃ​អាទិត្យ នៅ​ម៉ោង ៧ ព្រឹក ដែល​មាន​រយៈ​ពេល​មួយ​ម៉ោង ។ “​អរុណ​សួស្ដី​កម្ពុជា​ក្រោម​” សង្ខេប​ព័ត៌មាន និង​ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍ កើត​ឡើង​នៅ​កម្ពុជា​ក្រោម រួម​ទាំង​នៅ​ជុំវិញ​ពិភពលោក និង​សកម្មភាព​តស៊ូ​មតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ផ្តល់សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ។ ព័ត៌មាន​ទាំង​នេះ ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ទំព័ រ(Facebook) ដែល​មាន​អាសយដ្ឋានwww.facebook.com/vokk.net។
អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​និពន្ធ​នាយក (VOKK) និង​ព្រៃ​នគរ ព្រះភិក្ខុ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​ថា សារ​ព័ត៌មាន​តាម​បណ្ដាញ​អ៊ិនធឹណិត ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង និង​ព័ត៌មាន ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ ក្រោម​របប​ដែល​កំពុង​លាក់​បាំង​ព័ត៌មាន​ពិត៖ «សារ​ព័ត៌មាន​ព្រៃ​នគរ និង​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​នេះ គ្មាន​ព័ត៌មាន​ណា​មួយ​ជា​ព័ត៌មាន​ឯករាជ្យ ។ ផ្សាយ​ដំណឹង​ពិត​ស្ដីពី​កម្ពុជា​ក្រោម ។ យើង​សារ​ព័ត៌មាន (VOKK) និង​ព្រៃ​នគរ​តែងតែ​យក​ព័ត៌មាន​ពិត ​ពី​កម្ពុជា​ក្រោម​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ» ។
ព្រះភិក្ខុ ថាច់ ប្រីជា គឿន បន្ត​ទៀត​ថា កម្មវិធី​ព័ត៌មាន​របស់​សហព័ន្ធ​បាន​ផ្តល់​កម្លាំង​ចិត្ត សេចក្ដី​ក្លាហាន​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជា​ចន្លុះ​បំភ្លឺ​ផ្លូវ ហើយ​នឹង​ក្លាយ​ជា​យាន​នាំឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​អាច​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយខ្លួន​ឯង​នៅ​ថ្ងៃ​អនាគត៖ «ព័ត៌មាន​យើង​ជា​ព័ត៌មាន​ពិត​សម្រាប់​បំរើ​ខ្មែរ​ក្រោម ។ យើង​និយាយ ពី​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​កម្ពុជា​ និយាយ​ពី​ខេត្ត​ព្រះ​ត្រពាំង​អ៊ីចឹង​ទៅ គាត់​មិន​ធ្លាប់​ឮ ដូច​ជា ពួក​គាត់​ភ្ញាក់​ខ្លួន ។ ពួក​គាត់​ដឹង​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​ខ្លួន តែ​យួន​ហ្នឹង​មក​ដាក់​អាណានិគម​យក​ទៅ​កែ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ» ។
វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ត្រូវ​បាន​សហព័ន្ធ​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០១ ចំណែក​ឯ​សារ​ព័ត៌មាន​ព្រៃ​នគរ ត្រូវ​បាន​សហព័ន្ធ​បង្កើត​ឡើង កាល​ពី​ឆ្នាំ ២០០៨ ដែល​ដំបូង​ឡើយ​បោះ​ពុម្ព​ជា​កាសែត​នៅ​កម្ពុជា ។ សារព័ត៌មាន​ទាំងពីរ​នេះ មាន​មូលដ្ឋាន​នៅ​ទីក្រុង សានហូសេ (San Jose) រដ្ឋ​កាលីហ្វរនីញ៉ា (California) និង​មាន​បុគ្គលិក ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក ។ បុគ្គលិក​ទាំងនោះ ធ្វើការ​ងារ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ ។ លោក​អ្នក​នាង​អាច​ចូល​ទៅ​ស្ដាប់ ទស្សនា និង​អាន​ព័ត៌មាន​របស់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ដែល​មាន​អាសយដ្ឋាន www.vokk.net និង​សារព័ត៌មាន​ព្រៃនគរ ដែល​មាន​អាសយដ្ឋាន www.preynokornews.info
ពាក់ព័ន្ធ​នឹង​កម្មវិធី​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម ​មួយ​ចំនួន​ប្រាប់​អាស៊ី​សេរី​ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពិត​ជា​ច្រើន​ បន្ទាប់​ពី​បាន​ទស្សនា និង​ស្ដាប់​កម្មវិធី​ទាំង​នោះ ហើយ​ព័ត៌មាន​ទាំង​នោះ ​បាន​កែប្រែ​ស្ថានភាព​រស់​នៅ​របស់​ពួក​គេ ។​ យុវជន​ខ្មែរ​ក្រោម លោក តោ ហ្វាងចឿង ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​មាន​ប្រសាសន៍​ថា ក្រោយ​លោក​បាន​តាម​ដាន និង​ស្ដាប់​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក​យល់​ដឹង​ច្រើន​ពី​បញ្ហា​សិទ្ធិមនុស្ស ហើយ​ហ៊ាន​ងើប​ឡើង​តស៊ូ​ទាមទារ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត៖ «សិទ្ធិមនុស្ស​ហ្នឹង យើង​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​យើង ជា​ពិសេស យើង​បាន​ដឹង​ព័ត៌មាន ការ​ភ័យ​ខ្លាច​របស់​យើង​វា រសាយ» ។
យុវជន តោ ហ្វាងចឿង មិន​បាន​លាក់​ទុក​ចំណេះ​ដឹង​ក្រោយ​ពី​លោក​ស្តាប់ និង​ទស្សនា​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ ។ លោក​ក៏​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម (Facebook) ផ្ទាល់​ខ្លួន​របស់​លោក​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ រហូត​ដល់​អាជ្ញាធរ​វៀតណាម បាន​ផាក​ពិន័យ​លោក ជា​ច្រើន​រយ​ដុល្លារ ។ បច្ចុប្បន្ន វៀតណាម​បន្ត​ទាមទារ​ប្រាក់​ពិន័យ​ទាំង​នោះ ទោះ​បី​ជីវភាព​របស់​យុវជន​ខ្មែរ​ក្រោម កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ ជំងឺ Covid-19 ក៏ដោយ​ចុះ ។ ទោះ​បី​យ៉ាង​ណា យុវជន តោ ហ្វាងចឿង បដិសេធ​មិន​សង​ប្រាក់​ពិន័យ នោះ​ទេ ពី​ព្រោះ​លោក​បញ្ជាក់​ថា លោក​និយាយ​តែ​ពិត ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម ​។
របាយការណ៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ ២០២០ របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​វៀតណាម​នៅលេខ ១៧៥ ក្នុងចំណោម ប្រទេស ១៨០ ។ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ឲ្យ​ដឹង​ថា សារ​ព័ត៌មាន​នៅ​វៀតណាម ធ្វើ​តាម​តែ​បញ្ជា​របស់​របប​កុម្មុយនិស្ត​វៀតណាម ហើយ​មាន​តែ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង ​ប្លុកហ្គើ (Bloggers) ជា​ប្រភព​ផ្តល់​ព័ត៌មាន​ពិត ប៉ុន្តែ ​ពួក​គេ​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ។ យ៉ាង​ហោច​ណាស់​ក៏​មាន អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​វៀតណាម​ចំនួន ២៥ នាក់​ត្រូវ​បាន​តុលាការ​វៀតណាម​​ចាប់​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​ពួក​គេ​ក៏​រង​ការបំពាន​ផ្សេងៗ ទៀត​ដែរ ។​
ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​នៅ​វៀតណាម​នេះ ដែរ ព្រះភិក្ខុ ថាច់ ប្រីជា គឿន និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​រិះរក​មធ្យោបាយ​បង្កើត កម្មវិធី​ផ្សេងៗ ទៀត ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម រស់​នៅ​លើ​ទឹក​ដី​កំណើត ដែល​កំពុង​ស្រេក​ឃ្លាន ការ​ពិត ។ បច្ចុប្បន្ន សហព័ន្ធ​ក៏​កំពុង​ចង​ក្រង​សៀវភៅ និង​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀតៗ បន្ថែម​ទៀត ជា​ជំនួយ​ស្មារតី និង​ចំណេះ​ដឹង​ដល់​ខ្មែរ​ក្រោម ដើម្បី​ពួក​គេ​អាច​អាន និង​សិក្សា ចៀស​វាង​វៀតណាម​បំភ័ន្ត​ប្រវត្តិ​ពិត​របស់​ទឹក​ដី​កម្ពុជា ៕
Leave A Reply

Your email address will not be published.