យុវជន​ខ្មែរ​ក្រោម ត្រូវអាជ្ញាធរយួនកោះ​ហៅ​ទៅ​សួរ​នាំ​ រឿង​បង្ហោះ​វីដេអូ អំពី​អង្ករ​ក្លែងក្លាយ

0 137
ដោយ ស៊ឺន ចែងចើន
យុវជន​ខ្មែរក្រោម​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី ២៩ ឧសភា ត្រូវ​បាន​អាជ្ញាធរ​យួន ស្រុក​ផ្នោ​ដាច់ (Cầu Ngang​) នៃ​ខេត្ត​ព្រះត្រពាំង កោះហៅ​ទៅ​សួរចម្លើយ បន្ទាប់ពី​លោក​ធ្វើការ​ផ្សាយ​ផ្ទាល់ (Live​) នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ ថាច់ កឿង (Thach Cuong​) ថា អាជ្ញាធរ​យួន​ចែក​អង្ករ​ក្លែងក្លាយ (អង្ករ​ប្លាស្ទិក​) ជូន​អ្នកភូមិ​ខ្មែរក្រោម ។ នៅក្នុង​វីដេអូ​ឃ្លី​ប យុវជន​ខ្មែរក្រោម​រូប​នេះ យក​អង្ករ​ពិត និង​អង្ករ ដែល​សង្ស័យ​ថា មាន​ផ្ទុក​សារ​ធា​តុ​ផ្លា​ស្ទិច មក​ធ្វើ​ពិសោធន៍​ដោយ​លីង​ក្នុង​ខ្ទះ ដើម្បី​ចង់​ដឹង​ថា អង្ករ​នោះ​ពិត ឬក្លែងក្លាយ ។
យុវជន​ខ្មែរ​ក្រោម​ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង យួនដូរ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ហៅ​សាកសួរ រឿង​បង្ហោះ​វីដេអូ អំពី​អង្ករ​ក្លែងក្លាយ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង
យុវជន​ខ្មែរ​ក្រោម​ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង យួនដូរ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ហៅ​សាកសួរ រឿង​បង្ហោះ​វីដេអូ អំពី​អង្ករ​ក្លែងក្លាយ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង
ក្រោយពី​សាកសួរ​ពេញ​មួយ​ព្រឹក​រួចមក អាជ្ញាធរ​យួន បាន​ចោទប្រកាន់​យុវជន ថាច់ កឿង ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​អាជ្ញាធរ និង​ស្ថាប័នរដ្ឋ​អំណាច​យួន ។ យុវជន​ខ្មែរក្រោម ដែល​រង​ការចោទប្រកាន់​នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​យ៉ាង​ខ្លី​ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ និង​បង្គាប់​ឲ្យ​លោក​ទៅ​ជួប​មន្រ្តី​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ត្រា​វិញ នៅ​ថ្ងៃទី ២ មិថុនា ដើម​សប្តាហ៍​ក្រោយ ។
យុវជន​ដដែល​រូប​នេះ បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​បង្ខំឲ្យ​​សរសេរ​លិខិត​សារភាព​ទទួលស្គាល់​ទោសកំហុស និង​បង្ខំឲ្យ​លោក​ចេញ​វីដេអូ​ឃ្លី​បសុំ​ទោស នៅ​លើ​ហ្វេសប៊ុក ព្រមទាំង​បង្ខិតបង្ខំ​ឲ្យ​លោកលុបចេញ​នូវ​វីដេអូ ដែល​លោក​ធ្វើតេស្ត​អង្ករ​ក្លែងក្លាយ​នោះទៀតផង ។
គួរ​ជម្រាប​ជូន​ថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ យុវជន​រូប​នេះ ក៏​តំណាង​ឲ្យ​ពលករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​រដ្ឋាភិបាល​យួន​កុម្មុយនិស្ត អនុញ្ញាត​ឱ្យ​ខ្មែរក្រោម ដែល​ធ្វើការងារ​នៅ​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំ​ខាន់​ៗ ដូចជា បុណ្យចូលឆ្នាំ​ថ្មី និង​បុណ្យ​សែនដូនតា ជាដើម ៕
លិខិតកោះហៅ ចេញដោយនគរបានយួន ស្រុកផ្នោដាច់
លិខិតកោះហៅ ចេញដោយនគរបានយួន ស្រុកផ្នោដាច់
លិខិតបង្គាប់​ឲ្យ​លោក​ ថាច់ កឿង ទៅ​ជួប​មន្រ្តី​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ត្រា​វិញ ដើម្បីបង់ប្រាក់ពិន័យ
លិខិតបង្គាប់​ឲ្យ​លោក​ ថាច់ កឿង ទៅ​ជួប​មន្រ្តី​នៃ​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ត្រា​វិញ ដើម្បីបង់ប្រាក់ពិន័យ
Leave A Reply

Your email address will not be published.