ចលនា​សិទ្ធិមនុស្ស​មុន​ដំណើរ​ទស្សនកិច្ច​របស់ លោក ត្រឿ​ង តឹង សាង មក​សហរដ្ឋអាមេរិក​

0 112

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

(​សហរដ្ឋអាមេរិក​) ចលនា​ទាមទារ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ដាក់​សម្ពាធ​ដល់ រដ្ឋាភិបាល​វៀត ណា​ម​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ និង​ឲ្យ​ធ្វើកំណែទម្រង់​សិទ្ធិមនុស្ស ត្រូវបាន​ពលរដ្ឋ​អាមេរិក កំណើត​វៀត ណា​ម​រៀបចំឡើង​យ៉ាង​សស្រាក់សស្រាំ មុន​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ អាមេរិក របស់​ប្រមុខរដ្ឋ វៀតណាម ត្រឿ​ង តឹង សាង នៅ​ថ្ងៃទី ២៥ ខែកក្កដា ខាងមុខនេះ ។ ថ្មីៗ​នេះ ក្រុម​មេ​ដឹក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ប្រកាសថា នឹង​គ្រោង​ដាក់​ញ្ញត្តិ​ទៅ​ប្រ​ធានា​ធិ​តី​សហរដ្ឋអាមេរិក ដើម្បី​ជម្រុញ​ឲ្យ មានការ​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។​

ពលរដ្ឋយួននៅអាមេរិកបាតុកម្មប្រឆាំងប្រមុខរដ្ឋវៀតណាម ង្វៀង មិន ត្រៀក នៅ Washington កាលពីឆ្នាំ ២០០៧ ។
ពលរដ្ឋយួននៅអាមេរិកបាតុកម្មប្រឆាំងប្រមុខរដ្ឋវៀតណាម ង្វៀង មិន ត្រៀក នៅ Washington កាលពីឆ្នាំ ២០០៧ ។

យ៉ាងហោចណាស់ មាន​លិខិត​អំពាវ​ចំនួន ២ ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ ក្នុងការ​ស្វែងរក​សំឡេងគាំទ្រ​ពី មនុស្ស​រាប់ពាន់នាក់​នៅ​ទូទាំង​ពិភពលោក  ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា លើក យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម មក​ជជែក​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម​ជាជាង​បញ្ហា​ពាណិជ្ជកម្ម ។​

​សេត​វិមាន​បាន​សង្កត់ធ្ងន់់ថា ពេលនេះ ល្មម​ដល់​ពេលដែល​ប្រធានាធិបតី អូ​បា​ម៉ា ត្រូវ​ជម្រុញ​ឲ្យ​វៀតណាម​ធ្វើ កំណែទម្រង់​សិទ្ធិមនុស្ស មុនពេល​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ហាណូយ ។​

​លិខិត​អំពាវនាវ​ដែល​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ Democracy for Vietnam បានទាមទារ​ឲ្យ លោក អូ​បា​ម៉ា ប្ដេជ្ញាចិត្ត​ជម្រុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក និង​ត្រូវ​រក្សា​គោលជំហរ​កាន់ជើង​ខាង​ក្រុម​ចលនា ប្រជាធិបតេយ្យ​នៅ​វៀតណាម ដូចជា លោក កូវ វី ហា វៅ (Cù Huy Hà Vũ) អ្នកសរសេរ​ប្លក់ ដេ​វ កៃ (Điếu Cày) និង អ្នកនិពន្ធ​បទ​ចម្រៀង វៀត​ខាង (Viet Khang ) ជាដើម អ្នក​ដែល​ត្រូវបាន​វៀតណាម​ចាប់​ដាក់គុក ព្រោះ​គ្រាន់ តែ​អ្នក​ទាំងនេះ ហ៊ាន​បញ្ចេញ​មតិផ្ទុយ​នឹង​រដ្ឋាភិបាល ។​

លោក ង្វៀង ដិ​ន ថាំង (Nguyễn Đình Thắng) នាយក​ប្រតិបត្តិ  BPSOS បាន​ឲ្យ​ដឹងថា​៖

“​ប្រធានាធិបតី អូ​បា​ម៉ា បាន​និយាយថា នឹង​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ជាមួយនឹង លោក ត្រឿ​ង តឹង សាង ពេល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ជួន​គ្នា​នៅ​ថ្ងៃទី ២៥ ខែកក្កដា នេះ ។ ទិសដៅ​របស់​យើងខ្ញុំ គឺ​ចលនា​ឲ្យ​លោក អូ​បា​ម៉ា លើកយក​ករណី​ជាក់ស្ដែង​មួយចំនួន ប្រសើរ​ជាការ​និយាយ​រួមៗ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម ។ យើងខ្ញុំ ចង់​ឲ្យ​សេត​វិមាន​មាន​បញ្ជី​ឈ្មោះ​អ្នកទោស​មនសិការ​មួយ​ដាច់ដោយឡែក និង​អំពាវនាវ​ឲ្យ​ប្រធានាធិបតី អូ​បា​ម៉ា ជម្រុញ​ឲ្យ​ប្រមុខរដ្ឋ​វៀតណាម​ដោះលែង​អ្នកទោស​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះ ។ ពេលនេះ យើងខ្ញុំ ចង់​ជម្រុញ​ឲ្យ​ដោះស្រាយ​បញ្ហា​ដែល​លេចធ្លោ ៣ ករណី គឺ បញ្ហា លោក កូវ វី ហា វៅ (Cù Huy Hà Vũ) , Blogger ដេ​វ កៃ (Điếu Cày) និង តា ផុង តឹង (Tạ Phong Tần)  ” ។​

​លិខិត​អំពាវនាវ​នោះ បាន​ចោទប្រកាន់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ថា នៅតែ​បង្ក្រាប​អ្នក​បញ្ចេញមតិ​ខ្វែងគំនិត​ជាមួយ​រដ្ឋា ភិ​បាល​, ចាប់​ក្រុម​អ្នកសរសេរ​ប្លក់ និង​អ្នក​ចលនានយោបាយ​ដាក់ពន្ធនាគារ ។ ក្រៅពី​រដ្ឋាភិបាល​បង្កើន​ការ​រឹតបន្តឹង អិន​ធើ​ណិ​ត​, គាបសង្កត់​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ , សេរីភាព​ការបង្កើត​សមាគម និង​សេរីភាព​ជួបជុំ​របស់​ប្រ ជា​ពលរដ្ឋ ជាដើម ។​

​គិត​ចាប់តាំងពី​ដើមឆ្នាំ​មកដល់​មកដល់ពេលនេះ មាន​អ្នក​ចលនា​ប្រជាធិបតេយ្យ​នៅ​វៀតណាម ប្រមាណ ៥០ នាក់ ត្រូវ​ចាប់​ដាក់ពន្ធនាគារ ។​

​អ្នក​ដែល​បាន​ចុះហត្ថលេខា​គាំទ្រ​លិខិត​អំពាវនាវ​នេះ បាន​សំណូមពរ​ឲ្យ​មេដឹកនាំ​សហរដ្ឋអាមេរិក ឆ្លៀតឱកាស ពេលដែល​ប្រមុខរដ្ឋ​វៀតណាម​មក​ទស្សនកិច្ច​នេះ ត្រូវដាក់​លក្ខខណ្ឌ​ឲ្យ​ច្បាស់លាស់​បង្ខំ​ឲ្យ​វៀតណាម​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ខាង​វិស័យ​ការពារ​សិទ្ធិមនុស្ស ។ ពួកគេ​បាន​លើកឡើងថា ទំនាក់ទំនង​អាមេរិក និង​វៀតណាម នឹង​បាន រឹងមាំ លុះណាតែ​ត្រូវមាន​ការគោរព​សិទ្ធិមនុស្ស​និង​យុត្តិធម៌​សង្គម​ជា​ចម្បង​នៅក្នុង​ប្រទេស​វៀតណាម ។
​ក្រៅពី​លិខិត​អំពាវនាវ​នេះ ក៏​នៅមាន​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​នៅ​សហរដ្ឋអាមេរិក សរសេរ​លិខិត​ដោយ ផ្ទាល់ដៃ ផ្ញើ​ជូនទៅ​មេដឹកនាំ​កំពូលៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​សំណូមពរ​ឲ្យ លោក អូ​បា​ម៉ា លើកយក​បញ្ហា​សិទ្ធិ មនុស្ស​មក​ជជែក​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម នៅ​សេត​វិមាន ក្នុង​សប្ដាហ៍​ខាងមុខនេះ ។​

​នៅ​ថ្ងៃទី ២២ ខែកក្កដា ខាងមុខនេះ ប្រតិភូ​ប្រមាណ ២០ រូប ជា​តំណាង​ឲ្យ​ស្ថាប័ន​សាសនា​ផ្សេងៗ​គ្នា ដែល​ត្រូវ បាន​រំលោភបំពាន​នៅ​វៀតណាម នឹង​ជួបជុំគ្នា​នៅ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ជម្រាប​អំពី​បញ្ហា​ជិះជាន់ សាសនា​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម និង​សំណូមពរ​ឲ្យ​សមាជិកសភា​សហរដ្ឋអាមេរិក ជម្រុញ​ឲ្យ​មានការ​ដោះ លែង​អ្នកទោស​សាសនា​នៅ​វៀតណាម ផងដែរ ។

​ចំណែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ផ្ញើ​ញ្ញត្តិ​ទៅ​ឲ្យ​ប្រធានាធិបតី បា​រ៉ា​ក អូ​បា​ម៉ា រួចហើយ ។ ក្នុង​ញ្ញត្តិ​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក ដាក់​សម្ពាធ​ទៅ​វៀតណាម ដើម្បី​ដោះ លែង ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​វត្ត​សិរី​តាសេក ដែល​ត្រ​វ​បាន​វៀត ណា​ម​ចាប់​ផ្សឹក និង​ដាក់គុក កាលពី​ថ្ងៃទី ២០ ខែឧសភា កន្លងទៅនេះ  ។ ក្រៅពីនេះ ក៏បាន​ជម្រុញ​ឲ្យ​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម ម្ចាស់​ស្រុក ផងដែរ ។

​ក្រៅពី​ការធ្វើ​លិខិត​អំពាវនាវ  ក៏មាន​ការធ្វើ​បាតុកម្ម​នៅមុខ​សេត​វិមាន ខណៈដែល​មេដឹកនាំ​វៀតណាម និង សហ រដ្ឋ​អាមេរិក​ជួបគ្នា ផងដែរ ។ ប្រភព​បាន​ឲ្យ​ដឹងថា នឹងមាន​មនុស្ស​រាប់ពាន់​នាក់មក​ពី​រដ្ឋ​នានា ក្នុង​ទឹកដី​សហរដ្ឋ អាមេរិក និង​ប្រទេស​កាណាដា ជួបជុំគ្នា​នៅ​រដ្ឋធានី Washington ដើម្បី​ប្រឆាំងនឹង​ការបំពាន រំលោភសិទ្ធិ​មនុស្ស របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម និង​ដើម្បី​ទាញ​ការយកចិត្តទុកដាក់​ពី​មតិ​អន្តរជាតិ​អំពី​ប្រវត្តិ​នៃ​ការរំលោភ សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម ។​

​នេះ​ជា​លើក​ទី ១ ហើយ ដែល លោក សាង បានមក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ប្រមុខរដ្ឋ និង ជា​លើក​ទី ២ ដែល​ប្រមុខរដ្ឋ​វៀតណាម បានមក​បំពេញ​ទស្សនកិច្ច​រដ្ឋធានី Washington ។​

​កាលពី ខែមិថុនា ឆ្នាំ ២០០៧ ប្រមុខរដ្ឋ​វៀតណាម ង្វៀង មិន ត្រៀក បានមក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ នៅ​សហរដ្ឋអាមេរិក និង​មាន​បាតុកម្ម​ដ៏​ធំ​នៅមុខ​សេត​វិមាន ដើម្បី​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ផងដែរ ៕​

Leave A Reply

Your email address will not be published.