ហ៊ុន សែន អះអាង​ជាថ្មី​ថា កម្ពុជា​មិនអាច​ទាមទារ​ទឹកដី​ដែល​បាត់បង់​មកវិញ​បានទេ​

0 76

ដោយ ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ អះអាង​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​មិនអាច​ទាមទារ​យក​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេសជិតខាង​បាន​ទ្បើ​យ គឺ​មិន​ដូច​ទៅនឹង​ការលើក ឡើង​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នោះទេ ។

ខ្មែរក្រោមលើកទង់ជាតិនៅប្រទេសអូស្ត្រាលី ។
ខ្មែរក្រោមលើកទង់ជាតិនៅប្រទេសអូស្ត្រាលី ។

ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមុខ​រដ្ឋាភិបាល ប្រកាសថា កម្ពុជា​មិនអាច​យក​ទឹកដី​ខ្មែរ ដែល​បាត់បង់​ពី​អតីត​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មកវិញ​បាន​នោះទេ បើទោះជា​តាមផ្លូវ​ច្បាប់ ឬ ធ្វើសង្គ្រាម​ក្តី ។ ការលើក​ទ្បើង​របស់លោក ហ៊ុន សែន គឺ​ឆ្លើយតប​ទៅនឹង​សារ​នយោបាយ របស់​មេដឹកនាំ​គណបក្ស ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានប្រកាសថា ខ្លួន​នឹង​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ទ្បា​អេ ដើម្បី​យក​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ ពី​ប្រទេស​វៀតណាម​មកវិញ ប្រសិនបើ​គណបក្ស​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៥ នា​ថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ៖ “​ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង បន្ទាប់​ទៅ​ព្រះអង្គ​បាន​ផ្តួចផ្តើម​គំនិត​ផ្ទាល់​ព្រះអង្គ យក​ផែនទី​ទៅ​ដាក់​តម្កល់ នៅ​អង្គការសហប្រជាជាតិ ហេតុ​អី​បានជា​ព្រះអង្គ​ត្រូវធ្វើ​យ៉ាង​ដូច្នេះ ម៉េច​ក៏​ព្រះអង្គ​មិន​ប្តឹងទៅ​តុលាការអន្តរជាតិ​ឡាអេ តាំងពី​ជាន់​នោះ បាន​ទុក​ឲ្យ​លោក​ដល់​ឆ្នាំ ២០១៣ លោក​ទៅប្តឹង អញ្ចឹង​លោក​ឯង​ហ្នឹង​វា​ខ្លាំង​ជាង​សម្តេចឪ​ទៀត​ឬអី​” ។​

​លោក ហ៊ុន សែន ព្រមាន​ថា  ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះឆ្នោត ហើយ​ប្តឹង​ទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​ មកវិញ  នោះ​កម្ពុជា​អាច​នឹងមាន​សង្គ្រាម ៖ “​គេ​ថា គេ​មិន​ធ្វើសង្គ្រាម​ទេ គេ​យក​កោះត្រល់ គេ​យក​កម្ពុជា​ក្រោម គេ​យក​ព្រៃនគរ គឺ​ហូជីមិញ​សព្វថ្ងៃ ដែលមាន​ប្រជាជន ប្រជាជន​នៅក្នុង​ហូជីមិញ ច្រើនជាង​ប្រជាជន​ខ្មែរ​សព្វថ្ងៃ ព្រោះ​ក្រុង​នេះ​ធំ​ណាស់ ប្រជាជន​ប្រមាណ ១០ លាន ដូច ១៥ លាន​ផ្លា​យ ថ្លើមពាសមេឃ​ដល់​ប៉ុណ្ណឹង រួច​សង្គ្រាម​វា​មិនកើត​” ។​

​ទោះយ៉ាងណា លោក ហ៊ុន សែន គិតថា លទ្ធភាព​ឈ្នះឆ្នោត​របស់​គណបក្សប្រឆាំង គឺ​នៅ​ឆ្ងាយ​ណាស់ ។ លោក​ក៏បាន​បញ្ជា​ឲ្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ​ស័​របស់​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី ប្រមូល​ឯកសារ​ទាំងទ្បាយ ពាក់ព័ន្ធ​ការលើក​ទ្បើង​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ស្តីពី​បញ្ហា​ទាំងនេះ យកមក​ប្រែជា​ភាសា​អង់គ្លេស និង​បារាំង រួច​បញ្ជូនទៅ​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក​នានា ។​

​ជាមួយគ្នា​នោះ លោក ហ៊ុន សែន ប្រកាស​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍ ចាក់ផ្សាយ​ឡើងវិញ​នូវ​បទ​អន្តរាគមន៍​រយៈពេល​ជាង ៥ ម៉ោង របស់លោក​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​រដ្ឋសភា ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃ​បោះឆ្នោត ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ថ្លែងប្រាប់ សារព័ត៌មាន​ខ្មែរ ក្នុងស្រុក​កាលពី​ថ្ងៃ​ចន្ទ​ទី ១០ ខែម​ថុ​នា ថា  គណបក្ស​លោក​នៅតែ​ប្រកាន់​គោលការណ៍ ២ យ៉ាង ក្នុងការ​ទាមទារ​យក​ទឹកដី​កម្ពុជា​ពី​ប្រទេស​វៀតណាម ។ ទី ១ ផ្អែកទៅលើ​ច្បាប់ និង​ទី ២ ផ្អែកលើ​បទពិសោធន៍​កន្លងមក ដែល​គណបក្ស​លោក​ធ្លាប់​ដក​បង្គោល​ព្រំដែន នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដើម្បី​យក​ដីស្រែ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ ៖ “​អាស្រ័យទៅលើ​ឆន្ទៈ​នយោបាយ ក្រម​ខណ្ឌ​ច្បាប់ ការគាំទ្រ​ពី​អន្តរជាតិ និង​តុលាការ​ទីក្រុង​ឡាអេ តុលាការអន្តរជាតិ​តែប៉ុណ្ណោះ ដែល​យើង​យកមក​ដោះស្រាយ​បញ្ហា​តាម​បណ្តា​ព្រំ ដែន នេះ​” ។​

​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក កែម ឡី យល់ថា កម្ពុជា​នៅតែមាន​សង្ឃឹម​ក្នុងការ​ទាមទារ​យក​ទឹកដី​របស់ខ្លួន​មកវិញ បើទោះជា ២០០ ទៅ ៣០០ ឆ្នាំ​ទៅមុខ​ក្តី ។ លោក​អះអាងថា មាន​ហេតុផល ២ យ៉ាង ដែល​កម្ពុជា​អាចយ​កបាន ទី ១ ភ​ស្ថុ​តាង រួមមាន កត្តា​វិទ្យាសាស្ត្រ (​មាន​ប្រជាជន​ខ្មែរ​រស់នៅ​) វប្បធម៌ (​វត្ត​អារាម​) ភូមិសាស្ត្រ (​ជាប់​កម្ពុជា​) វិទ្យាសាស្ត្រ និង​ច្បាប់ទម្លាប់​ជាដើម ។ ហេតុផល​ទី ២ ការទាមទារ​តាមរយៈ​ការចរចា​ទ្វេភាគី ការចរចា​ក្នុង​ក្របខណ្ឌ​អាស៊ាន យន្តការ​ត្រីភាគី (​បារាំង វៀតណាម និង​កម្ពុជា​) និង​អង្គការសហប្រជាជាតិ ។​

​លោក​កែម ឡី បន្ថែមថា កាលពី​សម័យ​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ កម្ពុជា​មិនអាច​ទាមទារ​បាន ដោយសារ​កម្ពុជា​មិនទាន់មាន​កិច្ចព្រមព្រាង​ច្រើន​ដូច​សព្វថ្ងៃនេះ ។​

​នៅ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ក្រោម​ប្រធានបទ « តើ​ពលរដ្ឋ​ខ្មែរ​គួរ​គិតពី​អនាគត ហើយ​លែង​ខ្វល់​ពី​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​?» នា​រាត្រី​ថ្ងៃ​សុក្រ ទី ៧ ខែធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ លោក​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគ​ឯករាជ ជា​វាគ្មិន​កិត្តិយស​សម្រាប់​កម្មវិធី​មួយ​នេះ បាន​មានប្រសាសន៍ថា ភាគី​ប្រទេស​កម្ពុជា គួរ​ទុក​រឿង​ដែនដី​កម្ពុជា​ក្រោម  ជា​បញ្ហា​នៅក្រៅ​ប្រអប់ និង​ពលរដ្ឋ​ខ្មែរក្រោម គួរ​បង្កើតជា​ប្រជាជាតិ​ស្វ័យ​ត​មួយ​នៅលើ​ដែន ដី​កម្ពុជា​ក្រោម​ស្របតាម​លក្ខណសម្បត្តិ​ដែល​ខ្លួន​មាន ដូចជា​វប្បធម៌​, ប្រពៃណី និង សាសនា ជាដើម ។ លោក បណ្ឌិត ឡៅ ម៉ុង ហៃ បាន​បន្តទៀតថា ការ​បង្កើតជា​ប្រជា ជាតិ​ស្វ័យ​ត​នេះ  វា​អាច​នឹង​ឈានទៅដល់​ការបង្កើត​រដ្ឋ​កម្ពុជា​ក្រោម មួយ​នៅពេល​អានា គ​ត ។​

​លោក បណ្ឌិត ឡៅ ម៉ុង ហៃ បាន​មានប្រសាសន៍ថា​៖ “​តើ​បងប្អូន​កម្ពុជា​ក្រោម​អាច រួមគ្នា​កសាង​ជា​ប្រជាជាតិ​ស្វយ័ត​មួយ​បានទេ ? ប្រជាជាតិ​ស្វយ័ត ។ អ្វីខ្លះ​ជា​លក្ខណ សប្ប​ត្តិ​នៃ ប្រជាជាតិ​ហ្នឹង ? ប្រជាជាតិ​មាន​ប្រពៃណី មាន​វប្បធម៌ មាន​ភាសា សាសនា ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ ។ ប៉ុណ្ណឹង​អាច​កសាង ជា​ប្រជាជាតិ​មួយ​ខ្លួនឯង​នៅ ក្នុងប្រទេស វៀតណាម​ហ្នឹងឯង ។ ពង្រឹង​ខ្លួនឯង​ឲ្យ​ទៅជា​ប្រជាជាតិ ពង្រឹង​វប្បធម៌​ជា មូលដ្ឋាន យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។ ……​ពី​រឿង​វប្បធម៌ ពី​រឿង​អ៊ី​ហ្នឹង ដូចជា​ខាង កម្ពុជា​ក្រោម ដូចជា​នៅ​ខ្មែរ​ច្រើនជាង ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ផង ។​…… ហ្នឹង អាច​ទៅ មិនមែន​ដាច់ គ្នា​ទេ ក៏ប៉ុន្តែ​ឲ្យ​ទៅជា​មាន ស្វ​យ​ត​ភាព ទៅជា ប្រជាជាតិ​មួយ មិនទាន់​ទៅដល់​រដ្ឋ​ទេ ប៉ុន្តែ​វា​មាន ការ​វិវឌ្ឍន៍ ទៅដល់​អ​ញ្ចុ​ង ។ អ៊ីចឹង បាន​ខ្ញុំ​ថា គិត​ក្រៅ​ប្រអប់ ។ …”

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍​នៅ ក្នុង​វេទិកា​មួយ​នេះ​ដដែល ថា ក្នុង​ប្រវត្តិសាស្ត្រ គេ​មិនដែល​ឃើញ​មេដឹកនាំ​នៃ​ប្រទេស កម្ពុជា​រូប​ណា ដែល​បាន​ចូលទៅ​រំដោះ​ដែនដី​កម្ពុជា​ក្រោម​ឡើយ គឺ​មានតែ​ខ្មែរក្រោម​ទេ ដែល​បាន​លើកទ័ព​មក​វាយ​យួន​ចេញពី​ស្រុក​ខ្មែរ ។  លោក​បាន​បន្តទៀតថា ពលរដ្ឋ​ខ្មែរ ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម អាចមាន​លទ្ធភាព​បង្កើតជា “​ប្រជាជាតិ​ស្វ័យ​ត​” ឬ “​សិទ្ធិ ស្វ័យ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” បាន ដោយ​យោងតាម​សេចក្ដី​ប្រជា​សកល​ស្ដីពី សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម នៃ​អង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម  ត្រូវបាន​តំណាង​ដោយ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​នានា​ក្នុង​ពិភពលោក ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរ ក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។ បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO និង​ជា​សមាជិក នៃ​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​បញ្ហា​ជនជាតិដើម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UNPFII និង អង្គការ​អន្តរជាតិ ជាច្រើន​ទៀត ។ ឆ្លងកាត់​តាមរយៈ​ការចូល​ជា​សមាជិក នៃ​អង្គការ​ទាំង នេះ​ជម្រុញ​ឲ្យ​វត្តមាន​របស់​ខ្មែរក្រោម បាន​លេចធ្លោ​នៅក្នុង​អង្គការ​សហ ប្រជាជាតិ​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់មាន​សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម ។​

យោងតាម​សៀវភៅ “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” រៀបរៀង និង​បោះ ពុម្ព​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៩ បានបញ្ជាក់​ពី​ទិសដៅ​របស់ខ្លួន​ថា ដើម្បី​តស៊ូ​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ខ្មែរក្រោម ដែលជា​ជនជាតិដើម​នៅលើ​ដែនដី​កម្ពុជា​ក្រោម ។​

​ក្នុង​សៀវភៅ​ដដែល​បានបញ្ជាក់​អំពី​អត្ថន័យ “​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ថា “​យោងតាម​សេចក្តីប្រកាស​នា​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ស្តីអំពី​សិទ្ធិ​ជនជាតិដើម របស់​អង្គការសហប្រជាជាតិ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង មានន័យថា ជនជាតិ ដើម មាន​សិទ្ធិ​ជ្រើសរើស​ស្ថានភាព​នយោបាយ និង​របៀប​កសាង​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដោយ​សេរី ។​

-​យោងតាម​កាលៈទេសៈ លទ្ធផល​នៃ​ការតស៊ូ​ទាមទារ​សិទ្ធិ​នេះ នឹង​អាច​សម្រេច ទៅជា​បី​បែប​៖

  • ១-​រួមរស់ ក្នុង​រដ្ឋអំណាច​អាណានិគម ដោយមាន​ការគោរព​សិទ្ធិសេរីភាព ពេញលេញ គោរព​យុត្តិធម៌ និង​កិត្តិយស​ពូជសាសន៍ នៃ​ជនជាតិដើម ។ តួយ៉ាង ដូច​ស្ថានភាព នៃ​ជនជាតិ អ៊ី​ន​ឌា​ន នៅ​សហរដ្ឋអាមេរិក ។​
  • ២-​ស្វ័យភាព ក្នុងនោះ​ជនជាតិដើម មាន​រដ្ឋាភិបាល​គ្រប់​គ្រង់​ដោយ​ខ្លួនឯង ប៉ុន្តែ​ឋិ​ន​នៅក្រោម​លក្ខខណ្ឌ​របស់​អំ​ណា​ច​សហភាព (Federation or Union) តួ​យ៉ាងដូច​ស្ថានភាព នៃ​តំបន់ នូ​ណា​វុ​ត (Nunavut) នៅ​ប្រទេស​កណា​ដា ។​
  • ៣-​ឯករាជ្យ ក្នុងនោះ​ជនជាតិដើម មាន​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ខ្លួនឯង ដោយ​ម្ចាស់ការ​ពេញទី លើ​ផែនដី​របស់ខ្លួន តួ​យ៉ាងដូច​ស្ថានភាព​នៃ កូ​សូ​វ៉ូ នៅ​ប្រទេស​យូ​ហ្គូ​ស្លា​វី  ៕
Leave A Reply

Your email address will not be published.