លោក ហ៊ុន សែន និយាយ​ភាសា​យួន រំឭក​ពី​គុណបំណាច់​វៀតណាម រង​ការរិះគន់​លើ Facebook

0 152

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

នៅ​ថ្ងៃទី ២៧ ខែធ្នូ ជា​ថ្ងៃទី ២ នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន សែន ទៅ​ប្រទេស​វៀតណាម ។ នៅថ្ងៃនេះ លោក ហ៊ុន សែន បាន​ជួប​អតីត​កងទ័ព និង​មេបញ្ជាការ​វៀតណាម ប្រមាណ ៥០០ នាក់ អ្នក​ដែល​ធ្លាប់បាន​ចូល​វាយលុក​របប ប៉ុល ពត នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ។​

លោក ហ៊ុន សែន ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិវៀតណាម (VTV)  ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ ។
លោក ហ៊ុន សែន ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិវៀតណាម (VTV) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ ។

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក ហ៊ុន សែន បាន​និយាយ​ជា​ភាសា​យួន​រំឭក​ពី​គុណបំណាច់​របស់ វៀត ណា​ម ថា ពលរដ្ឋ កម្ពុជា​បានទទួល​លទ្ធផល រយៈពេល ៣៥ ឆ្នាំ ក្រោយពី​របប​ខ្មែរក្រហម ដួលរលំ​នេះ ក៏​អាស្រ័យ លើ​បំណាច់​នៃ​ការ ជួយសង្គ្រោះ​ពី​វៀតណាម ដែល​លោក​លើកឡើងថា ជា សគុណ មិនអាច​បំភ្លេច​បានឡើយ ។ លោក​បន្តថា ប្រសិនបើ​មិន មាន​កង ទ័ព​ស្ម​គ្រ​ចិត្ត​វៀតណាម​មក ជួយ​ទេ កម្ពុជា​មិន​រំដោះខ្លួន​ចេញ ពីរ​បប ប៉ុល ពត ឡើយ ។​

លោក ហ៊ុន សែន បាន​ថ្លែងថា​៖

“​ប្រសិនបើ​ពេលនោះ មិនមាន​ជំនួយ​ពី​កងទ័ព​ស្ម​គ្រ​ចិត្ត​វៀតណាម គឺ​កម្ពុជា​មិនអាច​រំដោះទឹកដី​បានទេ ។ ខ្ញុំ​គិតគូរ​ថា ប្រសិនបើ​ពេលនោះ មានតែ​កម្លាំង​កងទ័ព​របស់​ក​ម្ពុ​ជា វា​ត្រូវ​អូសបន្លាយ​ដល់​ទៅ ៥ ឆ្នាំ ។ តែបើ ៥ ឆ្នាំ ពលរដ្ឋ​កម្ពុជា​ស្លាប់​អស់ហើយ ។ ពេលនោះ វៀតណាម​ត្រូវ​តថ្លៃ​ខ្ពស់​ណាស់ មានន័យថា ត្រូវ​ព​លិ​ជីវិត ប្រ ជា​ពលរដ្ឋ កងទ័ព​វៀតណាម ត្រូវ​ចំណាយ​ទ្រព្យសម្បត្តិ​វៀតណាម ត្រូវ​ពលី​កម្ម​ខាង នយោបាយ និង​កិច្ចការ បរទេស​របស់​វៀតណាម ។ បញ្ហា​នេះ មិនអាច​បំភ្លេចចោល​បានឡើយ​” ។​

លោក ហ៊ុន សែន បាន​បន្ត​រំឭក​រឿង​ដើម​ថា លោក​ធ្លាប់បាន​ភៀសខ្លួន​ទៅ​វៀតណាម ហើយ​ត្រូវបាន​ជន ជាតិ​យួន​ដាក់ ឈ្មោះ ឲ្យ​លោក​ជា​ភាសា​យួន​ថា ម៉ា​យ ផុ​ក (Mai Phuc) ពេលដែល​លោក​មាន​អាយុ ២៥ ឆ្នាំ ។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖

“​ពេលនោះ គ្រូពេទ្យ បានដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ​ថា ម៉ា​យ​ផុ​ក អាយុ ២៥ ឆ្នាំ នៅ​ភូមិភាគ​យោធា X ។ ដូច្នេះ កាល នោះ ខ្ញុំ​មិនចេះ​និយាយ​ភាសា​យួន​ទេ ។ រំឭក​ដល់​រឿង​នោះ វា​ជា​រឿង​មួយ ធ្វើ​ឲ្យ​ខ្ញុំ ត្រូវតែ​ចងចាំ ដល់ទី​តាំង ដែល​ខ្ញុំ​ជា​អ្នក​បញ្ជាការ​” ។​

​នៅ​ថ្ងៃទី ២៧ នេះដែរ លោក ហ៊ុន សែន ក៏បាន​ចូល​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ូ ជី មិញ មេ​បក្សកុម្មុយនិស្ត វៀតណាម នៅ​រដ្ឋធានី​ហាណូយ ផងដែរ ។​

ទាក់ទង​នឹង លោក ហ៊ុន សែន និយាយ​ភាសា​យួន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​នេះ ត្រូវបាន​អ្នក​ប្រើ បណ្ដាញ សង្គម Facebook រិះគន់​ចំពោះ លោក ហ៊ុន សែន យ៉ាងខ្លាំង​ថា​ជា ទង្វើ​នេះ​មិន​សម នឹង​មេដឹកនាំ​ប្រទេសមួយ ឡើយ ។ ការរិះគន់​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​វីដេអូ​ឃ្លី​ប​មួយ​ដែល មាន​រយៈ ពេល​ប្រមាណ ៤ នាទី​កន្លះ ផ្សាយ​លើ​កញ្ចក់ ទូរទស្សន៍​ជាតិ​វៀតណាម (VTV) ហើយ​ត្រូវបាន​អ្នក​ប្រើ​បណ្ដាញ់​សង្គម Facebook យកមក​ផ្សព្វផ្សាយ​បន្ត ។​

​នាង ធី សុវណ្ណ​ថា ម្ចាស់​គេហទំព័រ I love Cambodia Hot News បានដាក់​វីដេអូ​ឃ្លី​ប​មួយ​នេះ​ឡើង លើ ទំព័រ Facebook របស់ខ្លួន ភ្ជាប់​ជាមួយ​ពាក្យ​រិះគន់ថា​៖

“​ហ៊ុន សែន កំពុង​គោរព និង រំឭក​ដឹងគុណ​យួន ទៀតហើយ​និយាយ​ឱនលំទោន ជា​ភាសា យួន​តែម្ដង​” ។​

អ្នក​ប្រើ Facebook ម្នាក់​ឈ្មោះ Souvarda Ly បាន​រិះគន់ថា​៖

“​ក្នុងនាម​ជា​មេដឹកនាំ​ម្នាក់​បែរ​ទៅ​និយាយ​ភាសា​គេ ខ្វះ​អ្នក​បក ប្រែ​មែន ? ឬ មិន​ទុកចិត្ត​អ្នកបកប្រែ ? មេដឹកនាំ​ប្រទេស​ភាគច្រើន ទោះបី ចេះ​ច្រើន ភាសា​យ៉ាងណាក៏ដោយ ក៏​គេ​មិន និយាយ ភាសា​អ្នកដទៃ ដោយ​ខ្លូន​ឯង​នៅមុខ​មហាជន​ហូរហែ​ដែរ គឺ​គេ រក្សា​ទំនៀម​ទំលាប់ ប្រពៃណី​យ​របស់ គេ​រៀងៗ ខ្លូន​”​។​

​អ្នក​ប្រើ Facebook ម្នាក់​ឈ្មោះ Sukun Dara បាន​សរសេរ​រិះគន់ថា​៖

“​មិនមែន​រំឭក​គុណ​ទេ គឺ​ទៅ​អូស ទាញ​យួន​មក​គាំទ្រ អំណាច​ខ្លួន ។ ក្នុងករណី​ប្រដាប់អាវុធ ណាមួយ​ងាយស្រួល​ពឹង​គេ​ទៀត ។ ព្រោះ ហ៊ុន សែន ដឹងថា​កៅអី​ខ្លួន​ចាប់ ផ្តើម​ក្តៅ ហើយ​” ។​

ទូរទស្សន៍​ជាតិ​យួន (VTV) បាន​ផ្សាយ​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល លោក ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស កម្ពុជា បាន​និយាយ​ភាសា​យួន នៅក្នុង​កិច្ចប្រជុំ​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ខណៈ​មិនដែល មាន​មេដឹកនាំ​នៃ​ប្រទេស​ណា មួយ​មក បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម ហើយ​និយាយ​ភាសា​ការ ទូត​ជា​ភាសា​យួន​ឡើយ ។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ លោក ហ៊ុន សែន ទៅ​វៀតណាម​នេះ ត្រូវបាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ចំអក​ឲ្យ​ថា ទៅ​ទទួល​ការបង្រៀន​ពី​មេដឹកនាំ​វៀតណាម ។​

​លោក សម រង្ស៊ី បាន​ថ្លែង​ដូចនេះ កាលពី​យប់​ថ្ងៃទី ២៥ ខែធ្នូ លើ​វេទិកា​នៅ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់ ឈរ​ស្ដាប់​លោក ថ្លែង​ពី​បញ្ហានយោបាយ​ប្រទេស និង​ករណី​របស់​កម្ម​ករ ។​

​លោក សម រង្ស៊ី បាន​ថ្លែងថា ការធ្វើដំណើរ​របស់ លោក ហ៊ុន សែន នៅ​វៀតណាម នៅ​ថ្ងៃទី​២៦ ខែធ្នូ គឺ​សមល្មម ដែល​លោក​ចង់ឃើញ លោក ហ៊ុន សែន មិន​ត្រឡប់មកវិញ ។ លោក​បន្តថា ប្រជាជន​កម្ពុជា លែង​គាំទ្រ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទៀតហើយ ។ លោក​សម រង្ស៊ី បាន​ថ្លែង​ចំអក​ឲ្យ លោក​ហ៊ុន សែន ដូចនេះ​ថា ៖

“​គាត់​មានការ​ព្រួយបារម្ភ គាត់​ទៅ​សួរ​ចៅហ្វាយ​គាត់​ថា​ធ្វើ​ម៉េច​ឥឡូវ​ហ្នឹង តាម​ខ្ញុំ​យល់ ប្រហែលជា​យួន​អត់​សប្បាយចិត្ត​ទេ ពីព្រោះ​យួន​បាន​បង្រៀន​គាត់ ថា​ឲ្យ​មក​បោក​បញ្ឆោត​ខ្មែរ តែ​ឥឡូវ​ខ្មែរ​ឈប់​ជឿ ឥឡូវ​ធ្វើ​ម៉េច​ទៅ​? អញ្ចឹង​បាន​យួន​ហៅ ហ៊ុន សែន ទៅ​បង្រៀន​ម្តងទៀត ប៉ុន្តែ​ត្រូវ​ការរៀន​យូរ​បន្តិច ប្រហែល​អត់​ឲ្យ​មកវិញ​ទេ នៅ​ទីនោះ​ទៅ នៅ​ស្រុក​យួន​ទៅ​។ ហើយ​បើ​នៅ​ស្រុក​យួន នៅ​ទៀ​តទៅ មិនបាច់​មកវិញ​ទេ ត្រូវតែ​រើស​នាយករដ្ឋមន្ត្រី​ថ្មី​”​។​

Leave A Reply

Your email address will not be published.