ខ្ញុំ ខែ្មរក្រោម
ដោយ ថាច់ វឿង
ចាប់តាំងពីថៃ្ងទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដល់ថែ្ងទី ៤ ខែមិថុនា ឆ្នាំ ២០១៩ ឆ្នាំនេះ ជាខួបគម្រប់ ៧០ ឆ្នាំ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ចំនួន ២១ ខេត្ត ផេ្ទរឲ្យរដ្ឋាភិបាលយួន បន្តរធ្វើអាណានិគមលើខែ្មរក្រោមរាប់លាននាក់ ជាព្រិត្តិការដ៏រន្ធត ដែលគ្មានការយល់ព្រមពីពលរដ្ឋខែ្មរក្រោមឡើយ ។ បន្ទាប់ពីទទួលបានសិទិ្ធបន្តរធ្វើអាណានិគមពីរដ្ឋាភិបាលបារាំង លើទឹកដីកម្ពុជាក្រោមមក រដ្ឋាភិបាលយួននាសម័យនោះ បានប្រើប្រាស់គ្រប់ឧបាយគល ដើម្បីរំលាយពូជសាសន៍ខែ្មរ ឲ្យរលាយចេញ ផុតពីដែនដីកម្ពុជាក្រោម និងផែនទីពិភពលោក ទាំងផែ្នក វប្បធម៌ អរយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ ទាំងផែ្នក អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ទាំងផែ្នក វត្តអារាម ព្រះពុទ្ធសាសនាខែ្មរ ដែលជាព្រលឹងជាតិខែ្មរ នៅលើដែនដីកម្ពុជាក្រោម យួនកាន់កាប់គ្រប់គ្រងលើគ្រប់វិស័យ ជ្រៀតចូលគ្រប់ច្រកល្ហកបំផ្លាញភស្តុតាងកេរដំណែលបុព្វបុរសខែ្មរ ផ្តាច់យកព្រលឹងខែ្មរបន្តិចម្តងៗ ធ្វើយួនឧបនីយកម្មគ្រប់រូបភាពក្នុងភូមិស្រុកខែ្មរទូរទាំងដែនដីកម្ពុជាក្រោម ប្រែក្លាយវប្បធម៍ខែ្មរឲ្យទៅជាយួន បំពុលយុវជនខែ្មរក្រោមជំនាន់ក្រោយ ដែលជាសសរទ្រូងរបស់ជាតិទៅអនាគត ឲ្យភ្លើតភ្លើនតាមសម័យនិយមភ្លេចជាតិកំណើតរបស់ខ្លួនថាជានរណា ធ្វើឲ្យខែ្មរចុះខ្សោយក្ររហេមរហាម លក់ទឹកដីឲ្យយួន ចំណាក់ស្រុកទៅធ្វើការជាកម្មករឡើងស្ងាត់ភូមិស្រុក កូនចៅល្ងិតល្ងង់មិនបានទៅរៀនសូត្រ ពីសម័យមួយ ទៅសម័យមួយ យួនបានព្យាយាមផ្លាស់ប្តូរឈ្មោះ ខេត្ត ខ័ណ្ឌ ក្រុង និគម ជនបទ ឲ្យក្លាយទៅជាឈ្មោះភាសាយួន បែងចែកខេត្តទាំង ២១ ឲ្យប្រាស់ចាកពីការពិតនៃប្រវត្តិសាស្រ្ត រួចហើយសរសេរប្រវត្តិសាស្រ្តកែ្លងក្លាយមួយថា ទឹកដីកម្ពុជាក្រោម ដូនតាយួនជាអ្នកកាប់ឆ្ការ និងជាអ្នករកឃើញ ដើម្បីបំភាន់មតិជាតិនិងអន្តរជាតិ ធ្វើឲ្យខែ្មរវងេ្វងវង្វាន់ភាំងភនមិនអាចសម្គាល់បានថាជាទឹកដីរបស់ខែ្មរឡើយ និងហាមខែ្មរក្រោមគ្រប់ ខេត្ត ក្រុងនិគម ជនបទទូរទាំងដែនដីកម្ពុជាក្រោម មិនឲ្យហៅឈ្មាះជាភាសាខែ្មរទៀតឡើយ ដាក់ព្រះពុទ្ធ សាសនាថេរវាទខែ្មរឲ្យនៅក្រោមការគ្រប់គ្រង របស់សមាគមពុទ្ធសាសនាមហាយានយួន តែងតាំងព្រះចៅ និង ប្រធានគណៈកម្មការវត្ត ជំនួសពុទ្ធបរិស័ទខែ្មរ ធ្វើត្រាជាអក្សរយួនប្រគល់ឲ្យវត្តខែ្មរប្រើប្រាស់ ធ្វើឆាយា និងសង្ឃដីកាប្រគល់ឲ្យព្រះសង្ឃខែ្មរកាន់ គ្រប់គ្រងព្រះពុទ្ធសាសនាថេរវាទខែ្មរយ៉ាងតឹងតែងជាទីបំផុត ដោយយួនមើលឃើញឥទ្ធិពលព្រះពុទ្ធសាសនានៅក្នុងសង្គមខែ្មរ បើកាន់កាប់ព្រះពុទ្ធសានាបានខែ្មរនិងរលាយបន្តិចម្តងៗ ទៅតាមនោះ ហាមប្រាមខែ្មរឲ្យមិនហៅពាក្យថា ខែ្មរកម្ពុជាក្រោម ឲ្យហៅថា ខែ្មរណាមបូ ផែនការរំលាយពូជសាសន៍ខែ្មរ នៅតែត្រូវអនុវត្តរហូតមកដល់សព្វថៃ្ងនេះ ។

ដើម្បីថែររក្សាពាក្យថា ខ្ញុំខែ្មរក្រោម (I am Khmer Krom) ឲ្យគង់វង្សឋិតនៅជាអមតៈ ក្នុងបេះដូងខែ្មរគ្រប់ៗរូប នៅដែនដីកម្ពុជាក្រោម ខែ្មរកម្ពុជាក្រោម បានតស៊ូបាត់បង់ជីវិតជាច្រើន រត់ចោលស្រុក និរាសព្រាត់ប្រាស ត្រូវយួនចាប់សម្លាប់អ្នកស្នេហាជាតិស្ទើរផុតពូជ ធ្វើទុក្ខទារុណកម្មក្នុងពន្ធនាគារ រហូតដល់ក្លាយខ្លួនជាមនុស្សវិកលចរិក ទាំងបព្វជិត ទាំងគ្រហស្ថ ព្រះតេជគុណ គឹម សាង លោក សឺង ង៉ុក ថាញ់ ព្រះតេជគុណ ថាច់ ពេជ្រ ព្រះមហា សឹន ថាន ព្រះតេជគុណ គឹម តុក ចើង សុទ្ធតែត្រូវបានសុគត និងស្លាប់យ៉ាងវេទនាបំផុត ព្រោះតែបុព្វហេតុជាតិ និងព្រះពុទ្ធសាសនា ដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត ។ ខ្ញុំគ្រាន់តែរៀបរាប់យ៉ាងសងេ្ខបប៉ុណោ្ណះ នៅមាន វីរសមណៈ វីរបុរស ជាច្រើនទៀត រហូតមកដល់ ៨ កុម្ភៈ ឆ្នាំ ២០០៧ សមណប្បបាតុករ រាប់រយអង្គបានចេញធ្វើបាតុកម្មទាមទារសិទ្ធិជាខែ្មរកម្ពុជាក្រោម ក្បាលម៉ាស៊ីននៃការដឹកនាំធ្វើបាតុកម្មនាពេលនោះរួមមាន ព្រះតេជគុណ លី សឿង, យ័ញ ទូល, គឹម មឿន, លី ហ្វាង និង ថាច់ ធឿង ត្រូវអាជ្ញាធរយួនពីបទបង្ខូចសណ្តាប់ធ្នាប់ចរាចរណ៍ និងបំផ្លាញសុន្តិសុខសង្គមត្រូវចាប់ដាក់ពន្ធនាគារ ធ្វើទុក្ខទារុណកម្មជាច្រើនឆ្នាំ ។ គ្រាន់តែបង្រៀនអក្សរសាស្រ្តខែ្មរ ដើម្បីរក្សាអត្តសញ្ញាណជាតិរបស់ខ្លួនឲ្យបានគង់វង្ស ព្រះតេជគុណ លីវ នី, ថាច់ ធឿន, លី ចិន្តា ត្រូវជាប់គុកម្នាក់ៗពី ៤ ទៅ ៦ ឈឺចាប់គ្មានថៃ្ងបំភេ្លចបានឡើយ ។
ដើម្បីថែរក្សាពាក្យថា ខ្ញុំខែ្មរក្រោម I am Khmer Krom ឲ្យឋិតនៅក្នុងដួងចិត្តខែ្មរជានិច្ច រាប់សតវត្សរ៍មកហើយ ខែ្មរកម្ពុជាក្រោមត្រូវបានគេជិះជាន់សង្កត់សង្កិនគ្រប់រូបភាព គ្មានអន្តរជាតិណាមួយដឹងឮឡើយ ខែ្មរក្រោមបង្កើតចលនាតស៊ូជាច្រើន ប៉ុនែ្តមិននៅឋិតេថេរយូរអងែ្វងឡើយ ក៏សាបសូន្យទៅវិញ ហើយក៏មិនដែលបានលេចមុខតស៊ូមតិលើឆាកអន្តរជាតិឡើយ ក្នុងទសវត្សរ៍ ទី ៨០ សហព័ន្ធខែ្មរកម្ពុជាក្រោមត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក ដោយអ្នកស្នេហាជាតិជាច្រើន ដែលបានភៀសខ្លួនរត់គេចចេញពីការធ្វើទុក្ខបុកមេ្នញនៃរបបយួនកុម្មុយនិស្តមករស់នៅក្រៅប្រទេស ដើម្បីតស៊ូមតិដោយអហិង្សាលើឆាកអន្តរជាតិ ទាមទារសិទិ្ធសម្រេចវាសនាខ្ខួនដោយខ្លួនឯង ជូនខែ្មរកម្ពុជាក្រោមដែលកំពុងតែរស់នៅលើមាតុភូមិកម្ពុជាក្រោមដ៏កំសត់ ឲ្យឆាប់បានរួចផុតពីនឹមត្រួតត្រាដ៏សាហៅព្រៃផៃ្សនេះ ។ ក្នុងរវាងឆ្នាំ ២០០៣, ២០០៤ ក្នុងអាណត្តិលោក សឹង ទួន ជាប្រធានប្រតិបត្តិ នៃសហព័ន្ធខែ្មរកម្ពុជាក្រោម លោក សឺង ទួន ជាបញ្ញវន្តមួយរូប ដែលមានទស្សនវិស័យ និងចក្ខុវិស័យវែងឆ្ងាយ លោកបានដឹកនាំគូសវាស សិក្សាស្រាវជ្រាវច្បាស់លាស់ ដឹកនាំការតស៊ូរបស់របស់ខែ្មរជ្រៀតចូលក្នុងប្រព័ន្ធរបស់អង្គសហប្រជាតិ និងអង្គល្បីៗជាច្រើន ដែលអាចជួយទាមទារឲ្យជនជាតិដើមបានរំដោះជាច្រើនប្រទេសមកហើយ ដូចជាអង្គការ UNPO ជាដើម ធើ្វឲ្យខែ្មរក្រោមល្បីល្បាញពាសពេញពិភពលោកទាំងមូល ត្រូវបានអន្តរជាតិទទួលស្គាល់ ខែ្មរជានរណា ហើយមកពីណា សកម្មភាពបានសម្រេចជោគជ័យជាស្ថាពរ អាចនិយាយបានថា ពាក្យថា ខ្ញុំខែ្មរក្រោម (I am khmer Krom) នៅឋិតថេរជារៀងរហូតលើភពផែនដីនេះ គ្មាននរណាអាចបំបាត់បានទៀតឡើយ ជារឿយៗ លោក សឺង ទួន តែងតែបានមានប្រសាសន៏ថា ការតស៊ូរបស់យើងមានច្រើនដំណាក់កាល ហើយដំណាក់កាលដំបូងបង្អស់គឺ ទាមទារសិទិ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯង និងសិទិ្ធជាជនជាតិដើម ដើម្បីឲ្យស្របតាមច្បាប់អន្តរជាតិ ពេល ដែលយើងទាមទារសិទិ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯង និងសិទិ្ធជនជាតិដើមបានសម្រេចហើយ យើង នឹងលើកយកដំណាក់កាលបន្តរបន្ទាប់ទៀត មកធ្វើការតស៊ូមតិទាមទារ រហូតដល់គោលរបស់យើងគឺ ទឹកដីកម្ពុជាក្រោម ។
នៅថៃ្ងទី ១០ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ គឺជាថៃ្ងទិវាសិទ្វិមនុស្សអន្តរជាតិ សហព័ន្ធខែ្មរកម្ពុជាក្រោម បានចេញសេចក្ដីប្រកាសមួយបង្គាប់ណែនាំ ទៅគ្រប់សាខា នៃ សហព័ន្ធខែ្មរកម្ពុជាក្រោមទាំងអស់ឲ្យរៀបចំប្រារព្វទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ ធ្នូ ជារៀងរាល់ឆ្នាំ និង បើកយុទ្ធនាការពាក់អាវយឺតដែលមានចំណងជើងថា ខ្ញុំខែ្មរក្រោម ដែលមានភាសាអងគេ្លសថា I am Khmer Krom ឲ្យបានទូលំទូលាយទាំងនៅក្នុងទឹកដីកម្ពុជាក្រោម និងនៅទូទាំងពិភពលោក ។ នៅថៃ្ងដែលប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ឆ្នូ លោក ម៉ៅ មុនី អនុប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម បានមានប្រសាសន៍ថា ការពាក់អាវយឺតដែលមានចំណងជើងថា ខ្ញុំខែ្មរក្រោម I am Khmer Krom នៅថៃ្ងទិវាសិទិ្វមនុស្សអន្តរជាតិ គឺជាការសំខាន់ណាស់ ដើម្បីជម្រុញឲ្យអន្តរជាតិ ស្គាល់ខែ្មរកម្ពុជាក្រោមកាន់តែច្បាស់ថែមទៀត លោកបានមានប្រសាសន៍បន្តរទៀតថា សូម្បីតែសិទិ្ធប្រារព្វទិវាអប់អរសាទរសិទ្ធិមនុស្សអន្តរជាតិ ក៏ខែ្មរក្រោមមិនអាចធ្វើបានផងទម្រាំអីតែសិទិ្ធផេ្សងៗទៀត ។
ចាប់តាំងពីពេលនេះតទៅ ខែ្មរកម្ពុជាក្រោម នៅគ្រប់ទិសទី និងរៀបចំអប់អរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ឆ្នូ ជារៀងរាល់ឆ្នាំ រហូតទាល់តែខែ្មរក្រោមបានទទួលសិទិ្ធសេរីភាពពេញលេញបរិបូរណ៍ នៅលើដែនដីកម្ពុជាក្រោម ៕