សម្រង់​ព័ត៌មាន​សំ​ខាន់​ៗ ស្ដីពី វប្បធម៌ ព្រះពុទ្ធ​សាសនា និង​វត្តអារាម នៅ​កម្ពុជាក្រោម ក្នុង​ឆ្នាំ ២០២០

0 714

ដោយ លី ឈួន

ព័ត៌មាន​ទាក់ទង នឹង​ព្រឹត្តិ​ការណ៍ ដែល​កើតឡើង នៅ​ដែនដី​កម្ពុជាក្រោម ក្នុង​ឆ្នាំ ២០២០ លោក​អ្នក​នាង​បាន​ស្តាប់​រួច​មក​ហើយ​នូវ​សេចក្តីរាយការណ៍ ពីករណីលោភសិទ្ធិ​មនុស្ស ​សេរីភាព​បញ្ចេញមតិ ​និង​ករ​ណីបញ្ហា​​ដី​ធ្លី ដែល​កើត​មាន​ឡើង នៅ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០២០ ។ ត​ទៅ​​នេះ សូម​ជូន​សង្ខេប​ព្រឹត្តិការណ៍ ​ពាក់ព័ន្ធ​ទៅ នឹង​ផ្នែក​វប្បធម៌ ព្រះពុទ្ធ​សាសនា និង​វត្តអារាម វិញ​ម្តង ។ សម្បត្តិ​វប្បធម៌ នៅ​កម្ពុជាក្រោម មាន​ច្រើន​ជា​អនេ​គ្ឃ មាន​ទាំង​ពី​ប្រាសាទបុរាណ វត្តអារាម ព្រៃភ្នំ បឹង ទន្លេ និង​សិល្បៈ តន្ត្រី ជាដើម ។ សម្រង់​ព័ត៌មាន ទាក់ទិន នឹង​រឿងរ៉ាវ​ពី វប្បធម៌ ព្រះពុទ្ធ​សាសនា និង​វត្តអារាម ដែល​វិទ្យុ​សំឡេង​កម្ពុជាក្រោម និង សារព័ត៌មាន​ព្រៃនគរ លើកយក​មក​ចុះផ្សាយ នៅពេល​នេះ គឺ​សម្រាប់​តែ​ព័ត៌មាន​សំ​ខាន់​ៗ ដែល​កើត​ឡើង​ថ្មី​ៗ និង រឿងរ៉ាវ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម រំលោភបំពាន​ក្នុង​ឆ្នាំ ២០២០ តែ​ប៉ុ​ណ្ណ៉ ។

​រូប​បដិមា​ព្រះវិស្ណុ​បុរាណ ដែលពលរដ្ឋខ្មែរក្រោមនៅ​ខេត្ត​ឃ្លាំង រកឃើញនៅ​ជិត​វត្ត​បួន​ព្រះ​ភ័ក្រ្ត
​រូប​បដិមា​ព្រះវិស្ណុ​បុរាណ ដែលពលរដ្ឋខ្មែរក្រោមនៅ​ខេត្ត​ឃ្លាំង រកឃើញនៅ​ជិត​វត្ត​បួន​ព្រះ​ភ័ក្រ្ត

ខ្មែរក្រោម ប្រទះឃើញ​រូប​បដិមា​ព្រះ​វិស្ណុ​បុរាណ នៅ​ខេត្ត​ឃ្លាំង​

​ពលរដ្ឋ​ខ្មែរក្រោម បាន​ប្រទះឃើញ​រូប​បដិមា​ព្រះ​វិស្ណុ ឬ ហៅថា ព្រះ​នារាយន៍ មួយអង្គ នៅ​កណ្ដាល​វាលស្រែ​ជិត​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ ក្នុងស្រុក​កំពង់ធំ ចូ​វ​ថា​ញ់ (Chau Thanh) នៅក្នុង​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី ថា សុក ត្រាំ​ង (Soc Trang) កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ។​

​រូប​បដិមា​ព្រះ​វិស្ណុ​ថ្ម​នេះ មាន​កំពស់​ប្រមាណ​ជា ​១,៥០ ​សម ព្រះ​ហ​ស្ថ​ទាំង​បួន បាក់​ត្រឹម​កែង​ព្រះ​ហ​ស្ថ ឯ​ព្រះបាទ​ទាំងពីរ​បាក់​ត្រឹម​ភ្លៅ ។​

​ព្រះ​បដិមា​នេះ ​ត្រូវបាន​គ្រឿងចក្រ​ជោក​ចេញពី​ស្រះស្រី​ក្បែរ​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ ក្នុងអំឡុង​ខែ​មិនា​ឆ្នាំ ២០២០ គឺ​នៅពេលដែល​គ្រឿងចក្រ​ស្ដារ​ស្រះស្រី ដើម្បី​កសាង​ជា​តំបន់​ទេសចរណ៍វប្បធម៌​ខ្មែរ ។ សិល្បករ ក្វាង លីន ដែលជា​ម្ចាស់​គម្រោង​សាងសង់​មណ្ឌល​ទេសចរណ៍ មានបំណង​ទាមទារ​យក​រូបសំណាក់​ព្រះ​វិស្ណុ​យកទៅ​តាំងនៅ​ក្នុង​សារមន្ទីរ នា​មណ្ឌល​ទេសចរណ៍​នេះ​វិញ​ បន្ទាប់ពី​លោក​កសាង​មណ្ឌល​ទេសចរណ៍​រួចរាល់ ។

​សម្រាប់​ពេលនេះ ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​បាន​តម្កល់​ព្រះ​បដិមា​ព្រះ​វិស្ណុ​ទុកជា​ទីសក្ការៈ​ នៅក្នុង​វត្ត​ព្រះ​បួន​ព្រះ ភ័ក្ត្រ​នៅឡើយ ។​

​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា​រឿងរ៉ាវ​កម្ពុជា​ក្រោម លោក ទៀ ថេ​ន សន្និដ្ឋានថា រូបសំណាក​ព្រះ​នារាយណ៍​នេះ​ស្ថិតក្នុង​រចនាបថ​បាពួន ចន្លោះ​ពី​សតវត្សរ៍​ទី ១០ និង​ទី ១១​ ។ ហើយ ទេវ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​ស្រុក​បាសាក់ ដែនដី​កម្ពុជា​ក្រោម​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី ២ ។

ខ្មែរក្រោម គោរព និង​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​​នូវ​វប្បធម៌​ខ្មែរ ក្នុង​ពិធីបុណ្យ ប្រពៃណីជាតិ​

កម្ពុជា​ក្រោម ស្ថិតក្រោម​នឹម​អាណានិគម​វៀតណាម ៧១ ឆ្នាំ​ហើយ គឺ​បន្ទាប់ពី​អាណានិគម​បារាំង សម្រេច​ដោយ​អត្តនោម័តិ នៅ​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ដើម្បី​ផ្ទេរ​ដែនដី​មួយ​នេះ ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​ប្រទេស​វៀតណាម ។​

​ពិតមែនតែ ស្ថិតក្រោម​ការគាបសង្កត់​របស់​អាណានិគម​វៀតណាម​គ្មាន​ល្ហែ តែ​សព្វថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅតែ​រក្សាបាន​យ៉ាង​ខ្ជាប់​ខ្ជូ​ន​នូវ វត្ត​ព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ សិល្បៈ និង​សម្លៀកបំពាក់ ។ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យ​ភ្ជុំបិណ្ឌ ឬ បុណ្យ​សែនដូនតា បុណ្យកឋិន និង​បញ្ចុះ​ខ័​ន្ឌ​សីមា​ជាដើម ព្រះសង្ឃ ពុទ្ធបរិស័ទ​ខ្មែរ​តែង​ធ្វើ​ពិធី​កម្ម តាម​ជ​នឿ​ខ្មែរ និង​ព្រះពុទ្ធសាសនា​មិនដែល​អាក់ខាន​ឡើយ ដូចជា​ធ្វើ​ពិធីសែនក្រុងពាលី និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត សម្ដែង​ធម្មទេសនា​ជាដើម ។ យាយ ៗ តា ៗ ស្វាធ្យាយ​ធម៌​រាល់​ព្រឹកល្ងាច នៅក្នុង​វត្ត​អារាម​រយៈពេល​កាន់បិណ្ឌ ១៤ ថ្ងៃ ចំណែក​ពិធីបុណ្យ​សែនដូនតា ក៏មាន​ពិធី​សែន​ទទួល​ដូនតា និង​ពិធី​សែន​ជូន​ដូនតា​ទៅ​ស្រុកកំណើត​វិញ​នៅ​ថ្ងៃ ១ រោច ខែ​កិត្តិ​ក​ផងដែរ ។

​នៅ​ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី ថា អាង យ៉ាង ( An Gian) លោកតា លាក​យាយ នៅតែ​រក្សា ស្លៀកសំពត់ ចងក្បិន ជាប្រចាំ ហើយ​ពេលនេះ នៅ​ស្ទើ​គ្រម់​ខេត្ត គ្រប់​ខ័​ណ្ឌ កំលោះ​ក្រមុំ​ទើប ធំ​ដឹងក្ដី ស្លៀក​ហូល សំពត់​ថ្មី​ឆ្នៃ​តាម​សម័យកាល​ល្អ​អត់​ខ្ចោះ​។

​យុវជន យុវតី ទាំងប្រុស ទាំងស្រី តាំង​ព្រះសង្ឃ​កវី និង​អ្នកមាន​ទ្រព្យធន នាំគ្នា​បង្កើត​ក្រុម​តន្ត្រី តែង​ចំរៀង​រៀបរាប់ អំពី​ប្រពៃណី និង​ប្រវត្តិ​ភូមិ​ស្រុក ដែនដី​កម្ពុជា​ក្រោម​ល្អ​អត់​ហ្មង ។

​ព្រះសង្ឃ​បណ្ឌិត​ទាំង​ឆ្ងាយ​ទាំង​ជិត​មូល​មិត្ត បង្កើន​ការសិក្សា​ដល់​បុត្រ​ខេមរា លុះ​ចប់​ឆ្នាំ​សិក្សា​ម្ដង ៗ មាន​បើក​ប្រឡង តូច​ផង ធំ​ផង ដើម្បី​លើកតម្កើង​អក្សរសាស្ត្រ​ជាតិ ។

​ចំណែក​ក្នុង​កម្ម​វី​ធី​បុណ្យ​អក អំបុក សំពះ ព្រះ​ខែ ជា​រៀងរាល់ឆ្នាំ ខ្មែរ​តែងតែ​ប្រារព្ធ​ពិធី​លយប្រទីប​ប្រណាំងទូក ង មាន​ទូក​ប្រុស ទូក​ស្រី អមដោយ​ទូក​ដឹក​ស្បៀង មាន​ទូក​គែហ៊ៅ ទូក​និង​ប៉ុកចាយ​ជាដើម ។ រីឯ​រាត្រី​ធី​បុណ្យ​អក អំបុក សំពះ ព្រះ​ខែ នៅលើ​គោក​តាម​មាត់ទន្លេ មាន​សិល្បៈ តន្ត្រី សម័យបុរាណ យីកេរ ល្ខោន កំដរ​បរិយាយ​កាស តាម​ទំនៀម​ខ្មែរ​បូរាណ​ត​រៀងដរាបមក ។​

​ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក អះអាងថា ការដែល​ខ្មែរក្រោម​រក្សាបាន​នូវ​អត្តសញ្ញាណ​របស់ខ្លួន បាន​គង់​វង់​ប៉ុណ្ណេះ ក៏​អាស្រ័យ​ដោយ​កម្លាំង​សាមគ្គី តស៊ូ ការពារ​គ្មាន​ស្រាកស្រាន្ត​ហ្នឹងឯង​ ។

ខ្មែរក្រោម​ប្រតិកម្ម នឹង​វៀតណាម ដែល​កាឡៃ​ប្រវត្តិ​ប្រណាំងទូក ង​ នៅ​កម្ពុជា​ក្រោម​

​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន បាន​ប្រតិកម្ម​ចំពោះ សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បោះពុម្ព​ដោយ​ក្រសួង​អប់រំ វៀតណាម កាលពីពេល​ថ្មីៗ នេះ ដែល​កាឡៃ​ប្រវត្តិ​ពិធី​ប្រណាំងទូក ង នៅ​កម្ពុជា​ក្រោម ។

​ប្រតិកម្ម​នេះ​ធ្វើឡើង ស្រប​ក្នុងឱកាស​ពលរដ្ឋ​ខ្មែរក្រោម ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្ត​ឃ្លាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា សុក ត្រាំ​ង (Soc Trang ) និង ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី ថា ត្រ វិញ (Tra Vinh) កាលពី​ថ្ងៃ ១៤ និង ១៥ កើត​ខែកត្តិក ត្រូវ​នឹង​ថ្ងៃទី ៣០ និង​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ នេះ ។

​អត្ថបទ​ហាត់​អាន​មួយ នៅក្នុង​សៀវភៅ «​ភាសា​ខ្មែរ​ថ្នាក់​ទី ៤» មាន​ចំណងជើង​ថា «​ប្រវត្តិ​ប្រណាំងទូក ង​» បានសរសេរថា​៖ «​ថ្ងៃមួយ ជិត​ដល់ពេល​ចង្ហាន់​ថ្ងៃត្រង់ តាម​ជ្លូវ​វិល​មកពី​បិណ្ឌបាត ស្រាប់​តែមាន​ភ្លៀង​ធំ​ខ្យល់​ខ្លាំង ទឹក​ជន់​លិចលង់ ។ ព្រះសង្ឃ​គ្រប់​អង្គ ពុំ​អាច​វិល​មក​ទាន់​ចង្ហាន់​ពេល​ថ្ងៃត្រង់ ។ ឃើញ​ដូច្នោះ ពុទ្ធបរិស័ទ​ក្នុងភូមិ ប្រណាំង​គ្នា​កាប់​ឈើ​ធ្វើ​ក្បូន ដើម្បី ជូន​ព្រះសង្ឃ​វិល​ទៅ​វត្ត ឲ្យ​ទាន់​ចង្ហាន់​ថ្ងៃត្រង់ ។ ទឹក​កាន់តែ​ជន់​ជោរ​ឥត​បង្អង់ ការធ្វើ​ក្បូន​ក៏​កាន់តែ​ប្រញាប់ប្រញាល់​ជាបន្ទាន់ ។ គេ​ទាំងឡាយ ប្រណាំងប្រជែង​គ្នា​ធ្វើ​ក្បូន​អុំ​យ៉ាង​ចំណាន នាំ​ព្រះសង្ឃ​ទៅ​វ​ត្គ​បាន​ទាន់ពេល​» ។​

​អត្ថបទ​ដដែល បាន​បន្ត​ដោយ​គូសបញ្ជាក់ថា «​ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បាន​ជូន​ព្រះសង្ឃ​ឆ្លង​ផុតពី​ភ្លៀង​ធំ ខ្យល់​ខ្លាំង ទៅដល់​វត្ត​ដោយ​សុវត្ថិភាព​នោះ រៀងរាល់ឆ្នាំ ប្រជាជន​ខ្មែរ តែង​ចាត់តាំង​ពិធី​ប្រណាំងទូក​តាម​ដង​ទន្លេ ជា​រៀងរហូត​» ។​

​យោងតាម ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែងថា សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គចន្ទ​ទី ១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធ​ភូ​បា ជា​ស្ដេចត្រាញ់ ស្រុក​បាសាក់ នៅ​កម្ពុជា​ក្រោម ។

​ស្ដេចត្រាញ់​នេះ រៀបចំ ឲ្យ​មាន​ទាហានជើងទឹក​ចែកជា ៣ ក្រុម ។ ក្រុមទី ១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ក្រុមទី ២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ហើយ​ក្រុមទី ៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព ។​

​របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់​ស្តេចត្រាញ់​កម្ពុជា​ក្រោម ដែល​ប​ញ្ញ​តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែ​ក​ត្តិ​ត​រដូវ​អកអំបុក​នោះ មន្ត្រី​ទាំង ៤ ទិស ត្រូវ​កេណ្ឌ​ទាហានជើងទឹក ទាំង​ជើងគោក​សមយុទ្ធ​មួយថ្ងៃ​មួយ​យប់​រាល់​ឆ្នាំ ។ ចំណែក​ទាហានជើងទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ​ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅមក​បាន​ស្រួល ។ ហើយក៏​ជាប់​ជា​ទំនៀម ទម្លាប់ ប្រណាំងទូក ដល់​សព្វថ្ងៃ ។​

​ទន្ទឹមនឹង​ប្រតិកម្ម​ចំពោះ​សៀវភៅ​សិក្សា ដែល​កាឡៃ​ប្រវត្តិ​ប្រណាំងទូក ង ពលរដ្ឋ​ខ្មែរក្រោម​ក៏​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​តែងតែ​យក​កីឡា​ប្រណាំងទូក ង ប្រពៃណី​ទំនៀម ទម្លាប់​ខ្មែរ​នេះ យកទៅ​ធ្វើ​អាជីវកម្ម ខុសរដូវ​កាលកំណត់​ជាដើម ហើយ​និង​ការមិន​ប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ពេញលេញ​ក្នុង​ពិធី​ប្រណាំងទូក​នេះ​ទៀ​ផង ។​

​ពលរដ្ឋ​ខ្មែ​ក្រោម លើកឡើងថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុង​គោលបំណង​លុបបំបាត់​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ កម្ពុជា​ក្រោម ។

វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​មួយ ដែលមាន​អាយុកាល​ជិត ១.៤០០ ឆ្នាំ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​រង​អគ្គីភ័យ​

អគ្គីភ័យ​ឆាបឆេះ​កុដិ​រត​ចំណាស់​មួយ​ខ្នង បណ្ដាល​ឲ្យ​ខូចខាត​ព្រះ​ពុទ្ធរូប​ជាច្រើន​អង្គ សម្ភារៈ និង​វត្ថុ​ដ៏​មានតម្លៃ​បំផុត​មិនអាច​កាត់ថ្លៃ​បាន អគ្គីភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី ១៦ មករា ឆ្នាំ ២០២០​។

​កុដិ​រត សល់​តាំងពី​សម័យ​បារាំង ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ សាងសង់​ពី​ឈើ ដំបូល​ប្រក់​ដោយ​ក្បឿង​បុរាណ រនាប​ក្ដារ ជញ្ជាំង​បាំង​ដោយ​ក្តារ​នៅ​ខាងក្នុង និង​ផ្នែក​ជាច្រើន​ទៀត ។ កុដិ​រត​នេះ ស្ថិតនៅក្នុង​វត្ត បិដក​ត្យា​រាម (​ក្នុងស្រុក​) ឋិត​នៅក្នុង​ភូមិ​ក្នុងស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុងធំ ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា ត្រា វិញ (Tra vinh) នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​វត្ត​បិដក​ត្យា​រាម (​ក្នុងស្រុក​) កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័នទី ២ នៃ ព​. ស​. ១១៨៤ គ​. ស​. ៦៤១ ដោយ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​ឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស ។ គិត​មកដល់​ឆ្នាំ ពុទ្ធសករាជ ២៥៦៤ គ្រឹ​ស្ត​សករាជ ២០២០ វត្ត​នេះ មាន​អាយុកាល ១៣៧៩ ឆ្នាំ​ហើយ ។​

​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ បណ្តាល​ឲ្យ​ឆេះ​កុដិ​រំលត់​មិន​ឈ្នះ តែ​មិនមាន​អ្នកស្លាប់​នេះ​ទេ ប៉ុន្តែ គេ​សង្ស័យថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។

ខ្មែរក្រោម​សោកស្ដាយ​ចំពោះ​ការបាត់បង់​ស្រះ​ប្រុស​ស្រះស្រី​ខេត្ត​ឃ្លាំង​

​ការកកើតឡើង​នៃ​គូ​ស្រះ​ប្រុស​ស្រះស្រី​នៅ​ស្រុក​កំពង់ធំ ដែល​វៀតណាម​ហៅ ថា យុង​ធើ​ម (Vung Thom) នា​ទឹកដី​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា សុក ត្រាំ​ង (Soc Trang) នេះ ក៏មាន​ដំណើររឿង​ស្រដៀង​គ្នា​នឹង​រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដូចជា​រឿង​គូ​ស្រះ​ប្រុស ស្រះស្រី​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ដែរ ។ គឺ​ដើម្បី​បំបាត់​នូវ​ទំនៀម​ទំលាប់​ស្រី​ចូល​ស្ដីដណ្ដឹង​ប្រុស​នេះឯង ។​

​ស្ត្រី​ដែល​ផ្ដើមគំនិត ដឹកនាំ​ការជីក​ស្រះ​នៅ​ស្រុក​កំពង់ធំ​នេះ​មាន​ឈ្មោះថា ទេព ដោយ​នាង​មាន​សម្រស់​ស្រស់ស្អាត​គ្មាន​ពីរ​ក្នុង​ខេត្ត ទើប​អ្នកស្រុក​ហៅ​នាង​ថា​ស្រី ទេព ឯ​ស្រះ​ក៏​ជាប់​ឈ្មោះ​ហៅថា ស្រះស្រី​ទេព ឬ ស្រះស្រី ដល់​សព្វថ្ងៃ ដែល​វៀតណាម​ប្រែ​ទៅជា យៀង ទៀង (Gieng Tien) ។​

​ស្រះស្រី នៅជាប់​ហ្នឹង​វត្ត​ព្រះ​បួន​ព្រះភ័ក្ត្រ រីឯ​ស្រះ​ប្រុស​មាន​ចម្ងាយ​ប្រមាណ ១ គម ពី​ស្រះស្រី ។ ក្នុងអំឡុង​ឆ្នាំ ២០០០ ស្រះ​ប្រុស​ត្រូវ​អាជ្ញាធរ​វៀតណាម យក​ធ្វើ​មន្ទីរឃុំឃាំង​របស់​ខេត្ត ដោយ​គ្មាន​មន្ត្រី​ខ្មែរ​ណា​ម្នាក់​អើពើ​ឡើយ ។​

​ចំណែក​ស្រះស្រី​អាជ្ញាធរខេត្ត​ឃ្លាំង​បាន​លក់​ឲ្យ សិល្បករ​ឈ្មោះ វ៉ាង លិ​ន (Quan Linh) យកទៅ​សាងសង់ ជា​តំបន់​ទេសចរណ៍វប្បធម៌​ខ្មែរ ។ ការសាងសង់​នេះ​បាន​ផ្ដើម​គំរោង​កាល ថ្ងៃទី ២០ ខែកុម្ភៈ ដើមឆ្នាំ​នេះ លើ​ផ្ទៃដី​ជាង ១០ ហិច​តា ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជា ២០០ (​ពីរ​រយ​) កោដិ​ដុង ស្មើនឹង​ប្រមាណ​ជា ១០ (​ដប់​) លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​មណ្ឌល​ស្រះស្រី​របស់​ខ្មែរក្រោម​នៅ​ស្រុក​កំពង់ធំ ខេត្ត​ឃ្លាំង ឱ្យទៅជា​តំបន់​ទេសចរណ៍វប្បធម៌​ខ្មែរក្រោម ឲ្យ​សម្រេច​ជា​ស្ថាពរ​នៅ​ដំណាច់ ២០២៥ ខាងមុខនេះ ។​

​យោងតាម​ប្លង​គំរោង សំណង់​នេះ មិនមាន​រចនាបទ​ខ្មែរ ឲ្យ​សម​ទៅ​ហ្នឹង​វប្បធម៌​ខ្មែរ​នោះទេ ។ ប្រធាន គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ថា ការបាត់បង់​ស្រះ​ប្រុស ស្រះស្រី មរតក​វប្បធម៌​ខ្មែរ​ដ៏​មានតម្លៃ​នៅ​ខេត្ត​ឃ្លាំង​នេះ គឺជា​មេរៀន​មួយ​សម្រាប់​ខ្មែរក្រោម​គ្រប់រូប ត្រូវ​រួបរួមគ្នា ខំប្រឹង​ថែរក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រាប់​ចាប់តាំងពី​ដើមឈើ ដែលមាន​ចំណាស់​ធំ ៗ ស្រះ​ទឹក ឬ ភ្នំ​ប្រវត្តិសាស្ត្រ ខ្ទម​អ្នកតា​បូរាណ វត្ត​អារាម និង​សិល្បៈ តន្ត្រី ជាដើម​ឲ្យ​បាន​គង់វង្ស ព្រោះ​វត្ថុ​ទាំងនេះ គឺ​បេតិកភណ្ឌ​ជាតិ វប្បធម៌​ជាតិ និង​ជា​ដួងព្រលឹង​ជាតិ​ ។

ពលរដ្ឋ​ខ្មែរក្រោម ថ្កោលទោស​សមាគម​ពុទ្ធសាសនា​វៀតណាម ​ដែល​បន្ត​ប្រើល្បិច​បន្សាប​ព្រះពុទ្ធសាសនា​ខ្មែរ នៅ​កម្ពុជា​ក្រោម

មានមតិ​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​ក្នុង និង​ក្រៅ​បណ្ដាញ​ព័ត៌មាន​សង្គម រិះគន់​ចំពោះ​អង្គ​សន្និសីទ​ទី ៩ ស្ដីពី​ព្រះពុទ្ធសាសនា​ខ្មែរក្រោម ព្រោះតែ​អង្គ​សន្និសីទ​នេះ​ចែក​ទង់ជាតិ​វៀតណាម ឲ្យ​ដល់​វត្ត​អារាម​ខ្មែរក្រោម ។ អ្នកតាមដាន​រឿងរ៉ាវ​ខ្មែរក្រោម ហៅ​ទង្វើ​នេះ​ថា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ស្អប់ខ្ពើម​ព្រះសង្ឃ​ខ្មែរក្រោម ។ ព្រោះ​ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន​មិន​ពេញចិត្ត​នឹង​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ឡើយ តែ​ធ្វើ​ម្ដេច​រស់នៅ​ក្រោម​អំណាច​គាបសង្កត់​របស់គេ ចេះតែ​ទ្រាំ​ទៅ ។​

​ការលើកឡើង​ទាំងនេះ បន្ទាប់ពី​សមាគម​ពុទ្ធសាសនា​វៀតណាម ប្រារព្ធ​សន្និសីទ​លើក ទី ៩ ស្តីពី​ព្រះពុទ្ធសាសនា​ខ្មែរក្រោម កាលពី​ថ្ងៃទី ១៧ និង ១៨ ខែធ្នូ​នេះ នៅ​វត្ត​ពុទ្ធសាសនា​មហាយាន​វៀតណាម​មួយ នៅក្នុង​ខេត្ត​លុង​ហោរ ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា វិញ​ឡុង Vinh Long) ។​

​អង្គ​សន្និសីទ ក្រៅពី​មន្ត្រី​សង្ឃ​ខ្មែរក្រោម មន្ត្រី​សង្ឃ​វៀតណាម​ជាច្រើនរូប ហើយ​និង​មន្ត្រី​រដ្ឋការ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចូលរួម​នោះ ក៏​នៅមាន​ព្រះចៅអធិការ​វត្ត​ខ្មែរក្រោម ទាំ​ជាង ៤០០ វត្ត​ចូលរួម​ផងដែរ ។ អង្គ​សន្និសីទ ដែល​សមាជិក​ចូលរួម​មិនសូវ​រាក់ទាក់​គ្នា​នេះ ក្រៅពី​អនុវត្ត​ផែនការ​ចាស់ ដូចជា​រៀបចំ​អាសនៈ​អតីត​មេដឹកនាំរ​បបគ​ម្មុនី​ស​វៀតណាម ឈ្មោះ ហូ ជី មិញ​ឱ្យ​ស្មើនឹង​អាសនៈ​ព្រះសម្មាសម្ពុទ្ធ និង​ការមិន​ប្រើ​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​នេះនោះ អង្គ​សន្ន​សីទ​បាន​អនុវត្ត​កម្មវិធី​ថ្មី​មួយទៀត គឺ​ការចែក​ទង់ជាតិ​វៀតណាម ដល់​វត្ត​ខ្មែរ​ប្រមាណ ៤៥៦ វត្ត ។ នៅ​កម្ពុជា​ក្រោម មាន​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​ចំនួន ៤៦១ វត្ត និង​ប្រជ​ន​ជន​ខ្មែរក្រោម​ប្រមាណ ជាង ៧ លាន​នាក់ ។

​អង្គ​សន្និសីទ​បាន​ផ្លាស់ប្ដូរ​ទម្លាប់ ពី​ការធ្វើ​សន្និសីទ ២ ឆ្នាំ​ម្ដង​ទៅជា​ធ្វើ ៥ ឆ្នាំ​ម្ដងវិញ ។​

​ពលរដ្ឋ​ខ្មែរក្រោម​លើកឡើងថា សមាគម​ពុទ្ធសាសនា​វៀតណាម គឺជា​សេនា​របស់​រណសិរ្ស​មាតុភូមិ​វៀតណាម ដែលជា​អង្គការ​ចាត់តាំង​នយោបាយ​របប​បក្សកុម្មុយនិស្ត​របស់​រដ្ឋាភិបាល​វៀត​ណា​ម សព្វថ្ងៃ ។ អង្គការ​នេះ បាន​អនុវត្ត​ក​ម្មិ​ធី​សន្និសីទ ស្ដីពី​ព្រះពុទ្ធសាសនា​ខ្មែរក្រោម រយៈពេល ១៦ ឆ្នាំ​មកហើយ ។ សំបក​ក្រៅ​របស់គេ គេ​ថា​គេ​ធ្វើ​ដើម្បី​ជួយ​អភិវឌ្ឍន៍ ព្រះពុទ្ធសាសនា​ខ្មែរក្រោម តែ​ភាព​ពិត​គឺ​គេ​ស្ទាបស្ទង់​រក​វិធីសាស្ត្រ ដើម្បី​បន្សាប និង​បំបាត់​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​តែប៉ុណ្ណោះ ។

វត្ត​អារាម​នានា នៅ​កម្ពុជា​ក្រោម ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី (​កូ​វីដ​-១៩)

​ក្នុង​កាលៈទេសៈ ជុំវិញ​ការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង​យ៉ាង​ដូច្នេះ វត្ត​អារាម នៅ​កម្ពុជា​ក្រោម ដែលជា​កន្លែង​សម្រាប់​ប្រារព្ធ​កម្មវិធី​តាមបែប​ព្រះពុទ្ធសាសនា និង ជំនឿ​របស់​ខ្មែរក្រោម ផង​នោះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​បន្ថែម ពីលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ឡើង​ជំងឺ​កូ​វីដ​-១៩ ។​

​វត្ត​អារាម​នៅ​ដែនដី​កម្ពុជា​ក្រោម​ខ្លះ ព្រះសង្ឃ​ផ្អាក​ការ​និមន្ត​ចេញទៅ​បិណ្ឌបាត នៅតាម​វេន ឬ ភូមិ​នីមួយៗ ដើម្បី​ការពារ​សុខភាព​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ក្នុង​គ្រា​បារម្ភ​ពី​ការឆ្លង​កូ​វីដ​-១៩ ។​

​នៅ​រៀងរាល់​ថ្ងៃឧបោសថសីល និង​ថ្ងៃ​បុណ្យទាន​ក្នុង​វត្ត​ម្តង ៗ ព្រះសង្ឃ​តែង អប់រំ​ពុទ្ធបរិស័ទ​ឲ្យ​មានការ​ប្រតិបត្តិ​ការពា​រ​ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បានល្អ ស្របតាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល ។​

​ក្រៅពី​ណែនាំ​អំពី​វិធានការ​ការពារ​ជម្ងឺ​កូ​វិដ ១៩ ដោយ​យ​ផ្ទាល់ ដល់​ពុទ្ធបរិស័ទ ព្រះសង្ឃ​ខ្មែរក្រោម​បាន​ចែករំលែក​ព័ត៌មាន​អំពី​វិធានការ​ការពារ​ជម្ងឺ​កូ​វិដ ១៩ តាម​បណ្តាញ​សង្គម​ដល់​ពុទ្ធបរិស័ទ​ផងដែរ ។​

​វត្ត​អារាម​ខ្លះទៀត​ក៏បាន​ចែករំលែក​សម្ភារៈ​ការ​កា​រ​ការពារ​ជម្ងឺ​កូ​វិដ ១៩ មានទឹក​អាកុល​លាងដៃ ម៉ាស ព្រមទាំង​ម្ហូបអាហារ ដល់​ពុទ្ធបរិស័ទ​ដែល​ក្រខ្សត់ ទៀតផង​។​

​ទោះជា​ក្នុង​កាលៈទេសៈ រ​ផ្ទុះឡើង​ណៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​វត្ត​អារាម​ខ្មែរក្រោម មិនបាន​បោះ​ពិធី​បុ​ណ្យ្រ​ប្រ​ពែ​ណី​ជាតិ​របស់ខ្លួន​មួយណា​ឡើយ ដោយ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម តែងតែ​ការពារ​ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​តាម​រូបមន្ត​ឱសថ​បូរាណ​ខ្មែរ​ជាប់​ជាប្រចាំ​។​
​ដោយ​អំណាច​ការការពារ​ល្អ និង​អំណាច​បុណ្យ​កុសល​របស់ខ្លួន​ផង រហូតមកដល់​ពេលនេះ ជំងឺ​កូ​វីដ​-១៩ មិនបាន​បៀតបៀន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ។​

​គិត​ត្រឹម​ថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០២០ ប្រទេស​វៀតណាម បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីត​-១៩ ចំនួន ១.៤៣៩ នាក់ អ្នកជា​សះស្បើយ​មាន ១.៣០៣ នាក់ និង​អ្នក​ស្លាប់មាន ៣៥ នាក់ ។

Leave A Reply

Your email address will not be published.