ក្រុម​អ្នកជំនាញ​អំពាវនាវ​ឱ្យ អភិរក្ស​ភាសា​ជនជាតិដើម​

235

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ក្រុម​អ្នកជំនាញ​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​ដើម្បី​អភិរក្ស​ភាសា​ជនជាតិដើម គណៈ​ដែល ភាសា​ទាំងនេះ កំពុងតែ​រង​ការគំរាមកំហែង​នៃ​ការ​រលាយ​សាបសូន្យ ។ ការអំពាវនាវ​នេះ​ធ្វើឡើង នៅ​នាយកដ្ឋាន​កិច្ចការ​សង្គម និង​សេដ្ឋកិច្ច នៃ អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក នៅក្នុង​កិច្ចប្រជុំ ចាប់ពី​ថ្ងៃ ទី ១៩ ដល់ ២១ ខែមករា ឆ្នាំ ២០១៦ ដែល​អ្នកជំនាញ​មកពី​ពិភពលោក​ដើម្បី​បញ្ជាក់​នូវ​ការ អនុវត្ត​ឲ្យ​បានល្អ និង​ផ្ដល់​អនុសាសន៍​ក្នុងការ​អភិរក្ស និង​ធ្វើ​ឲ្យ​មានជីវិត​ឡើងវិញ​នូវ​ភាសា​ជនជាតិដើម ។​

លោក Edward John ប្រធានជនជាតិដើមត្លាតិន (Tl'azt'en Nation) មកពីប្រទេសកាណាដា ។
លោក Edward John ប្រធានជនជាតិដើមត្លាតិន (Tl’azt’en Nation) មកពីប្រទេសកាណាដា ។

យោងតាម​សេចក្ដីប្រកាស​មួយ​ចុះ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៦ របស់​អង្គការសហប្រជាជាតិ​បញ្ជាក់ថា ក្នុង​ពិភពលោក​សព្វថ្ងៃ មាន​ភាសា​ផ្ទាល់មាត់​ប្រមាណ​ពី ៦.០០០ ទៅ ៧.០០០ ប៉ុន្តែ​ភាសា​មួយ​ក្នុងចំណោម ភាសា​ទាំងនេះ ត្រូវស្លាប់​ជា​រៀងរាល់​ពីរ​សប្តាហ៍ ។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក Lenny Montiel ជំនួយការ​អគ្គលេខាធិការ​សហ​សហ​ប្រជាជាតិ ទទួលបន្ទុក ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កិច្ចការ​សង្គម បាន​បញ្ជាក់ថា​៖ “​ការរក្សា​និង​ការ​ស្ទួយ​ភាសា​ជនជាតិដើម គឺជា​ការចាំបាច់​ក្នុងការ​រក្សា​បេតិកភណ្ឌ​របស់​យើង​” ។​

​លោក Edward John ប្រធាន​ជនជាតិដើម​ត្លា​តិ​ន (Tl’azt’en Nation) មកពី​ប្រទេស​កាណាដា និង​ជា សមាជិក​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII) បានលើកឡើង ថា​៖ “​រដ្ឋាភិបាល និង​ប្រទេស​ទាំងអស់ ត្រូវ​ធ្វើការ​ជាមួយនឹង​ជនជាតិដើម ដើម្បី​រក្សា​ភាសា​ទាំងនោះ​ឲ្យ​នៅរស់ ព្រោះ​នៅពេលដែល​ភាសា​ទាំងនោះ​ត្រូវ​បាត់បង់ ក្រសែ​នៃ​ការតភ្ជាប់​វប្បធម៌​ទាំងមូល​ជា​ផ្នែក​មួយ នៃ​អរិយ ធម៌ នឹងត្រូវ​បាត់បង់​ជា​រៀងរហូត​” ។​

នាង អាមី កាលីលី (Amy Kalili) នៃមធ្យមសិក្សាអប់រំភាសាម៉ាគូលឡាហាវ៉ៃ (Hawaii’s Educational Medium Makauila) ។
នាង អាមី កាលីលី (Amy Kalili) នៃមធ្យមសិក្សាអប់រំភាសាម៉ាគូលឡាហាវ៉ៃ (Hawaii’s Educational Medium Makauila) ។

ដោយ​កត់សម្គាល់​ឃើញថា ព័ត៌មាន និង ទំនាក់ទំនង​បច្ចេកវិទ្យា ជា​ឧបករណ៍​ដែលមាន​អនុភាព​សម្រាប់​លើកស្ទួយ​ភាសា​ជនជាតិដើម​នោះ លោក Craig Cornelius មកពី​ក្រុមហ៊ុន Google បាន​រៀបរាប់​អំពី​ការធ្វើការ​ជាមួយនឹង​ជនជាតិ​ជី​រូ​គី (Cherokee Nationa) ។ លោក​ថា ក្រុមហ៊ុន​របស់លោក បាន​បង្កើត គេហទំព័រ​សម្រាប់​ស្វែងរក (Web Search) និង Gmail ជា​ភាសា​ជូ​រូ​គី (Cherokee) ។ នាង តា​ទីណា ឌី​ហ្គៃ (Tatiana Degai) នៃ​ក្រុមប្រឹក្សា​អៃ​ថែ​ល​មីន (Itelmens) មកពី​តំបន់​កំចាត់​ការ (Kamchatka) នៃ​សហព័ន្ធរុស្ស៊ី ដែល​បានបញ្ជាក់​អំពី​របៀប​ផ្ញើ​សារ​តាមរយៈ WhatsApp និង តាមរយៈ​បទ​ចម្រៀង​ខា​រ៉ា​អូ​ខែ​អន​ឡាញ​ក្នុង​កម្មវិធី​អៃ​ថែ​ល​មីន (Itelmen) របស់​នាង​ថា វា​បាន​បំផុសគំនិត​ឲ្យ​យុវវ័យ​ចេះ​ប្រើប្រាស់​ភាសា​នោះ ។ ចំណែក​អា​មី កាលី​លី (Amy Kalili) នៃ​មធ្យមសិក្សា​អប់រំ​ភាសា​ម៉ា​គូ​ល​ឡា​ហា​វ៉ៃ (Hawaii’s Educational Medium Makauila) បាន​ពន្យល់ថា ការចាក់ផ្សាយ​តាម​ទូរទស្សន៍ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្ដាញ សង្គម វា​ជួយ​លើកស្ទួយ​ដល់​កម្មវិធី​ភាសា​ត្រាប់​សម្រាប់​កុមារ ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ក្រុម​ជនជាតិដើម បាន​បញ្ចេញ​នូវ​គំនិត​ផ្សេងៗ​គ្នា សម្រាប់​ការរក្សា​ភាសា​របស់​ពួកគេ​ឲ្យ​មានជីវិត​របស់​នៅ​ត​ទៅមុខទៀត និង​បាន​បង្កើតជា​អនុសាសន៍​មួយ ។ ពួកគេ​បាន​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក នៃ​អង្គការសហប្រជាជាតិ​ត្រូវ​ប្រកាស​ទិវា​អន្ដរជាតិ​មួយ​សម្រាប់​ភាសា​ជនជាតិដើម និង​កម្មវិធី​ទសវត្សរ៍​សម្រាប់​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការយល់ដឹង​ពី​តម្រូវការ​បន្ទាន់ ដើម្បី​រក្សា​ភាសា​ជនជាតិដើម​បាន​រុងរឿង និង​រស់រានមានជីវិត ។ ដូចគ្នានេះ​ផងដែរ ពួកគេ​បានផ្ដល់​អនុសាសន៍ ឲ្យ​បង្កើតជា​មូលនិធិ​សកល​មួយ សម្រាប់​គាំទ្រ​ដល់​ការផ្តួចផ្តើម​គំនិត​លើ​គំរោង​ផ្តោតលើ​ភាសា​ជនជាតិដើម ឲ្យ​មានការ​រីកចម្រើន និង​រស់​ឡើងវិញ ។ កិច្ចប្រជុំ​នេះ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សមាជិក អង្គការសហប្រជាជាតិ​ត្រូវអនុវត្ត លើ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ជាពិសេស សិទ្ធិ នៃ​ការលូតលាស់ ការ​ប្រើស​ប្រាស់ ការអភិវឌ្ឍ និង​ការផ្ទេរ​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​នូវ​ភាសា ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា វប្ប​ធ​ម៍ និង​ប្រពៃណី​តមាត់​របស់​ជនជាតិដើម ។​

ជា​បញ្ហា​បន្ទាន់​មួយ នៅក្នុង​កិច្ចប្រជុំ​នេះ ពួកគេ​ក៏បាន​អំពាវនាវ​ដល់ អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្ប​ធ​ម៍​របស់​អង្គការ​សហ​ប្រជា​តិ​ជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO) កំណត់​នូវ​គោលការណ៍​ជា​អាទិភាព​មួយ ក្នុងការ​អភិរក្ស និង​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ភាសា​ជនជាតិដើម និង​ផ្តួច​ផ្តើមគំនិត​ឲ្យ​មាន​កម្មវិធី​អនុវត្ត​ជាក់ស្តែង​មួយ​នៅក្នុង​គោលបំណង​ទាំងនេះ ។ អង្គការ​យូណេស្កូ (UNESCO) គួរតែ​អនុវត្ត​នូវ​គោលនយោបាយ​ជា​សកល​មួយ​ស្តីពី​កិច្ចសន្យា​មួយ​ជាមួយនឹង​ជនជាតិដើម និង​រួមទាំង​ការធ្វើ​ឲ្យ​រស់​ឡើងវិញ និង​ការលើកកម្ពស់​នូវ​ភាសា​ជនជាតិដើម ជា​របៀបវារៈ​មួយ​នៅក្នុង​ស​ន្និ​សី​ទូទៅ​របស់​អង្គការ​អង្គការ​យូណេស្កូ ។​

​កិច្ចប្រជុំ​នេះ ក៏បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ជនជាតិដើម​ថា ជា​អ្នក​បញ្ជូន​ដ៏​សំខាន់​នូវ​ភាសា​ជនជាតិដើម​ទៅ​មនុស្ស​ជំនាន់​ក្រោយ នាពេល​អនាគត ហើយ​អំពាវនាវ​ដល់​គណៈកម្មាធិកា​រ​ទទួលបន្ទុក​ខាង ស្ត្រី ឲ្យ​ពិចារណា​អំពី «​ការផ្តល់អំណាច​ដល់​ស្ត្រី​ជនជាតិដើម​”​ជា​ប្រធានបទ​អាទិភាព ។​

​ប្រទេស​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ គួរតែ​ចែករំលែក​នូវ​ការផ្តួចផ្តើម​ឱ្យមាន​ការថែរក្សា និង ការលើកស្ទួយ​ភាសា​ជនជាតិដើម ។ ក្រុម​ប្រទេស​មួយចំនួន​ដូចជា អូស្ត្រាលី អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល បូ​លី​វី កាណាដា កូ​ឡុំ​បៀ ដា​ណឺ​ម៉ាក អែល​សាវ៉ា​ឌ័ ហ្វាំ​ង​ឡង់ ហ្គា​តេ​ម៉ា​ឡា ម៉ិ​ក​ស៊ិ​ក នី​កា​រ៉ា​ហ្គ័​រ ន័​រ​វែ​ស នូ​វែ​ល សេ​ឡង់ អេ​ស្ប៉ា​ញ និង ប្រទេស​ប៉េ​រូ (Australia, Argentina, Brazil, Bolivia, Canada, Colombia, Denmark, El Salvador, Finland, Guatemala, Mexico, Nicaragua, Norway, New Zealand, Spain ,Peru) បានទទួល​យក​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​បានទទួល​ស្គាល់​អំពី​បញ្ហា​ភាសា​ជនជាតិដើម​ថា ដូចជា​បញ្ហា​របស់​សិទ្ធិ​ជា​មូលដ្ឋាន ។​

​ពួកគេ​បានទទួល​ស្គា​ល់ពី​តម្រូវការ​ដើម្បី​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធានាថា ជនជាតិដើម​អាច​យល់បាន​និង​ត្រូវបាន​យល់​នៅក្នុង​កិច្ចដំណើរការ​នីតិវិធី​ផ្នែក​នយោបាយ​ច្បាប់ និង​រដ្ឋបាល ។​

​របាយការណ៍​ចុងក្រោយ​និង​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញការ នឹង​លើកឡើង​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ក្នុង​ខែឧសភា ខាងមុខនេះ ។​

​សូមបញ្ជាក់ថា វៀតណាម ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​សេចក្ដីប្រកាស​ជាស​កល​នៃ​អង្គការ​សហ​ប្រជា​តិ​ស្ដីអំពី សិទ្ធិ​ជនជាតិដើម (UNRIP) ផងដែរ ប៉ុន្តែ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​លើកឡើងថា រដ្ឋាភិបាល​វៀត ណា​ម មិនដែល​បាន​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ឡើយ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​លើកឡើងថា ភាសា វប្បធម៌ សាសនា និង អក្សរសាស្ត្រ​ខ្មែរ​របស់​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី កម្ពុជា​ក្រោម បាន និង​កំពុងតែ​ត្រូវ​ប្រឈម​នឹង​ការរំលាយ​ពី​រដ្ឋាភិបាល​វៀតណាម ។ នៅពេល​ថ្មីៗ​នេះ ត្រា​វត្ត​នៅ​ដែនដី​កម្ពុជា​ក្រោម កាលពីមុន​ឆ្លាក់​ជា​អក្សរ​ខ្មែរ តែ​ពេលនេះ រដ្ឋាភិបាល​យួន​បាន​បញ្ជា​ឲ្យ​ព្រះសង្ឃ គ្រប់​វត្ត​នៅ​កម្ពុជា​ក្រោម ធ្វើ​ត្រា​ជា​អក្សរ​យួន ៕​

Comments are closed.