ព័ត៌មាន​ជា​ចន្លុះ​បំភ្លឺ​ពលរដ្ឋខ្មែរ​ក្រោម​ ឲ្យ​ឈាន​ទៅ​យក​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​

0 322

ព័ត៌មាន​ជា​ចន្លុះ​បំភ្លឺ​ពលរដ្ឋខ្មែរ​ក្រោម​ ឲ្យ​ឈាន​ទៅ​យក​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​

សុន្ទរកថា​ថ្លែង​ដោយ​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ (សុ​វណ្ណ​ប្ប​ញ្ញោ​)

នៅក្នុង​ សន្និសីទ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​

វិមាន​សន្តិភាព​, ទីក្រុង​ឡា​អេ​, ហូ​ឡង់​ ថ្ងៃទី​ ១ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​

———-※———–

ខ្ញុំ​ព្រះករុណា​ អាត្មាភាព​ សូម​ថ្វាយបង្គំ​ ព្រះតេជព្រះគុណ​ ព្រះ​ថេ​រានុ​ថេរៈ​ គ្រប់​ព្រះអង្គ​ ជាទី​គោរព​ រាប់អាន​ !

សូម​ចម្រើនពរ​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ ភ្ញៀវ​ កិត្តិយស​ គ្រប់រូប​ ដែល​មាន​វត្តមាន​នៅក្នុង​អង្គ​សន្និសីទ​ជាទី​រាប់អាន​ !

ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ (រូបទី ៣ រាប់ពីឆ្វេងទៅស្តាំ​) ប្រធាននាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​វិមាន​សន្តិភាព​ ទីក្រុង​ឡា​អេ​ ហូ​ឡង់​ ថ្ងៃទី​ ១ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ។ រូបភាពៈ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ (រូបទី ៣ រាប់ពីឆ្វេងទៅស្តាំ​) ប្រធាននាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​វិមាន​សន្តិភាព​ ទីក្រុង​ឡា​អេ​ ហូ​ឡង់​ ថ្ងៃទី​ ១ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ។ រូបភាពៈ ថាច់ ប្រីជា គឿន

ថ្ងៃនេះ​ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម​ ដែល​សហព័ន្ធ​ខ្មែរ​ កម្ពុជាក្រោម​, អង្គការ​ប្រជាជាតិ​ និង​ ប្រជាជន​គ្មាន​តំណាង​ (UNPO​), និង​ វិទ្យាស្ថាន​ហា​វ៉ៃ​ដើម្បី​ សិទ្ធិមនុស្ស​ បាន​រួមគ្នា​រៀបចំ​សន្និសីទ​អន្តរជាតិ​ក្រោម​ប្រធានបទ​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយ​ ខ្លួនឯង​របស់​ខ្មែរក្រោម​” ដើម្បី​រំឭក​ ដល់​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​ដែល​អាណានិគម​និយម​បារាំង​ បាន​ផ្ទេរ​ អំណាច​ឲ្យ​យួន​បន្ត​ធ្វើអាណានិគម​លើ​ប្រជាជាតិ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ កាលពី​ថ្ងៃ​ ទី​ ៤ ខែ​ មិថុនា​ ឆ្នាំ​ ១៩៤៩​ ។ មេដឹកនាំ​ សមាជិក​ និង​អ្នកគាំទ្រ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ជុំវិញ​ពិភព​ លោក​ ក្នុង​នោះ​ មាន​ប្រទេស​ ហូ​ឡង់​, បារាំង​, អ៊ីតាលី​, បែ​លស្ស៊ី​ក, សហរដ្ឋអាមេរិក​, កាណាដា​, ​អូស្រ្តាលី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មក​ជួបជុំគ្នា​ដើម្បី​ស្ដាប់​នូវ​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​ បក​ ស្រាយ​អំពី​ច្បាប់អន្តរជាតិ​នានា​ ដែល​ទាក់ទង​នឹង​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ របស់​ប្រជា​ជាតិខ្មែរ​ក្រោម​ ។

ព្រះតេជព្រះគុណ​ លោក​ លោកស្រី​ និង​ ភ្ញៀវ​កិត្តិយស​ជាទី​មេត្រី​!

នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​ស្ថាប័ន​មួយ​បាន​បង្កើត​ឡើង​ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក្នុង​គោលបំណង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ និង​ ផ្សព្វផ្សាយ​ នូវ​ឯកសារ​ និង​ ព័ត៌មាន​ស្ដី​អំពី​ ដែនដី​កម្ពុជាក្រោម​ ដូចជា​ ប្រពៃណី​ ទំនៀមទម្លាប់​ វប្បធម៌​ សាសនា​ ភូមិ​សាស្រ្ត​ ប្រវត្តិសាស្ត្រ​ និង​ ការរំលោភ​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ពីរ​ដ្ឋ​ការ​អាណានិគម​ យួន​ សព្វថ្ងៃ​ ឲ្យ​ពិភពលោក​បាន​ជ្រាប​ ។ ម្យ៉ាងទៀត​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​ កម្ពុជាក្រោម​ ធ្វើការ​ផ្សព្វផ្សាយ​នូវ​ដំណឹង​ស្ដីពី​ សកម្មភាព​តស៊ូ​មតិ​ នៅ​លើឆាកអន្តរជាតិ​របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម​អ្នក​នៅក្នុង​ មាតុភូមិ​កម្ពុជាក្រោម​ បាន​ជ្រាប​ និង​ ឲ្យ​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ក្នុង​ការ​ឆ្ពោះទៅ​យក​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយ​ ខ្លួនឯង​ នា​ពេល​អនាគត​ ។

សព្វថ្ងៃ​ ព័ត៌មាន​ និង​ ឯកសារ​ ដែល​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ផលិត​ និង​ផ្សព្វផ្សាយ​នោះ​ រួមមាន​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​, ទូរទស្សន៍​ ព្រៃនគរ​, កាសែត​ ព្រៃនគរ​, ព្រឹត្តិបត្រ​ កម្ពុជាក្រោម​ ប្រចាំខែ​, ផលិតកម្ម​ខ្មែរក្រោម​, សៀវភៅ​ និង​ អត្ថបទ​ ព័ត៌មាន​ ទាន់​ហេតុការណ៍​ប្រចាំថ្ងៃ​ ។ ការផលិត​ទាំងនេះ​ យើង​បាន​ចុះផ្សាយ​ជា​ផ្លូវការ​ នៅ​លើ​គេហទំព័រ​ និង​ បណ្ដាញ​សង្គម​ Facebook​ និង​ Youtube​ នៃ​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (VOKK.net​) និង​ សារព័ត៌មាន​ ព្រៃនគរ​ (PREYNOKORNEWS.info​) ។

៧០​ ឆ្នាំ​ នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​អាណានិគម​យួន​ ប្រជាជាតិ​ខ្មែរក្រោម​ ជា​ជនជាតិ​ដើម​ នៃ​ ដែនដី​កម្ពុជាក្រោម​ គ្មាន​សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​ទេ​ ក្នុង​នោះ​ ​; គ្មាន​សិទ្ធិ​ផ្សព្វផ្សាយ​ និង​ ទទួល​ បាន​នូវ​ព័ត៌មាន​ពិត​ ជាដើម​ ។ ដូច​យើង​បាន​ជ្រាបស្រាប់​ ​ថ្មី​ៗ នេះ​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ និង​ លីវ​ នី​ ជា​ព្រះសង្ឃ​វត្ត​សិរី​តា​សេក​ នៃ​ ខេត្ត​ឃ្លាំង​ គ្រាន់តែ​ផ្ដល់​បទសម្ភាសន៍​ដល់​ វិទ្យុ​សំឡេង​ កម្ពុជាក្រោម​ និង​ វិទ្យុ​អាស៊ី​សេរី​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​ ក៏​ត្រូវ​រដ្ឋាភិបាល​អាណានិគម​ យួន​ កាត់ទោស​ឲ្យ​ជាប់គុក​ពី​ ៤ ទៅ​ ៦ ឆ្នាំ​ យ៉ាង​អយុត្តិធម៌​ ។ គ្មាន​ទុក្ខ​អ្វី​ស្មើ​ទុក្ខ​រស់នៅ​ក្រោម​នឹម​ អាណានិគម​បរទេស​ឡើយ ​ ។

ដោយ​មើលឃើញ​ប្រជាជាតិ​ខ្មែរក្រោម​នៅក្នុង​មា​តិភូមិ​កម្ពុជាក្រោម​ កំពុងតែ​ត្រូវ​ប្រឈម​ នឹង​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ទម្ងន់​ពីរ​ដ្ឋ​ការ​អាណានិគម​យួន​ ជា​រៀងរាល់ថ្ងៃ​ទើប​ យើងខ្ញុំ​ ព្រះករុណា​ អាត្មាភាព​ ជា​ថ្នាក់ដឹកនាំ​ និង​ សហការី​ របស់​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​ កម្ពុជាក្រោម​ ខិតខំ​ប្រឹងប្រែង​ធ្វើការ​ស្ម័គ្រចិត្ត​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការផលិត​ និង​ ផ្សព្វ​ ផ្សាយ​នូវ​ព័ត៌មាន​ពិត​ដើម្បីឲ្យ​អ្នក​តាមដាន​នៅ​គ្រប់ទិសទី​ បាន​ទទួល​ដំណឹង​ទាន់​ហេតុការណ៍​ និង​ជា​ ទី​ទុកចិត្ត​បំផុត​ ។

នៅក្នុង​សម័យ​បច្ចេក​ព័ត៌មាន​វិទ្យា​នេះ​ ​រដ្ឋការ​អាណានិគម​យួន​មិន​អាច​បន្ត​បិទបាំង​ការពិត​ បាន​ទៀត​ទេ​ ដោយសារ​ប្រជាជាតិ​ខ្មែរក្រោម​គ្រប់រូប​បាន​ទទួល​ព័ត៌មាន​ពិត​ ដែល​យើង​បាន​ផលិត​ និង​ ផ្សព្វផ្សាយ​តាមរយៈ​ អិន​ធើ​ណិ​ត មាន​បណ្ដាញ​សង្គម​ Facebook​ និង​ Youtube​ ជាដើម​ ។ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​បន្ត​ពង្រឹង​ការផលិត​ និង​ផ្សព្វផ្សាយ​ នូវ​ព័ត៌មាន​ ស្ដីពី​កម្ពុជាក្រោម​ ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ជា​បំផុត​ ដើម្បី​ធ្វើជា​ចន្លុះ​ច្រាល​បំភ្លឺ​នៅ​លើ​ដែនដី​ កម្ពុជាក្រោម​ ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម​គ្រប់រូប​បាន​យប់​ដឹង​ និង​ចេះ​ប្រើប្រាស់​ នូវ​សិទ្ធិ​សេរីភាព​ជា​ មូលដ្ឋាន​របស់​ខ្លួន​ ។ ប្រធានាធិបតី​ទី​ ៤ របស់​ សហរដ្ឋអាមេរិក​ ជេម​ មេ​ឌី​សិន​ស៍​ (James​ Madison​) បាន​មានប្រសាសន៍​ថា​ “ការ​រីកចម្រើន​ និង​ ការ​ផ្សព្វផ្សាយ​ចំណេះដឹង​ គឺជា​អាណា​ ព្យាបាល​ តែមួយគត់​ នៃ​សេរីភាព​ពិតប្រាកដ​” (The​ advancement​ and​ diffusion​ of​ knowledge​ is​ the​ only​ guardian​ of​ true​ liberty​ ) ។ ដូច្នេះ​ រាល់​ព័ត៌មាន​ ដែល​យើង​បាន​ផ្សព្វផ្សាយ​នេះ​ ជា​សេរីភាព​ពិតប្រាកដ​មួយ​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់គំនិត​ និង​ ស្មារតី​របស់​ខ្មែរក្រោម​គ្រប់រូប​ ឲ្យ​មាន​សេចក្ដីក្លាហាន​ក្នុង​ការអនុវត្ត​នូវ​ សិទ្ធិ​សម្រេចវាសនា​ ខ្លួន​ដោយខ្លួនឯង​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ នា​ពេល​អនាគត​ ដ៏​ខ្លី​ខាងមុខនេះ​ ។

តាងនាម​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ ក្រោម​ ខ្ញុំ​ព្រះ​កុរ​ណា​ អាត្មាភាព​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ទាំង​ អស់​នៅ​ជុំវិញ​ ពិភពលោក​ ដែល​បាន​បរិច្ចាគ​ប្រាក់​តាមរយៈ​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ សម្រាប់​ឧបត្ថម្ភ​ ដល់​ សន្និសីទ​អន្តរជាតិ​ នា​ថ្ងៃនេះ​ ។ ដោយសារ​មាន​ ការឧបត្ថម្ភ​គាំទ្រ​ពី​ សមាជិក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ សប្បុរស​ទាំងអស់​ នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​សន្និសីទ​នេះ​បាន​ ប្រព្រឹត្តទៅ​ជោគជ័យ​យ៉ាង​ច្រចះ​ត្រចង់​ ។

សូម​ថ្លែងអំណរគុណ​ជា​អតិបរមា​ ចំពោះ​ លោក​ ជុន​ ច័ន្ទ​បុត្រ​ ជានា​យក​រង​ នៃ​ វិទ្យុ​ អាស៊ី​សេរី​ ផ្នែក​ខេមរភាសា​ ដែល​បាន​អញ្ជើញ​មក​ទីក្រុង​ឡា​អេ​ ដើម្បី​យក​ព័ត៌មាន​អំពី​ សន្និសីទ​ នេះ​ ​;និង​បាន​ខិតខំ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​ដំណឹង​ស្ដីពី​កម្ពុជាក្រោម​ និង​ សកម្មភាព​តស៊ូ​ មតិ​ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នា​ពេល​កន្លងមក​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ កម្ពុជា​ និង​ជុំវិញ​ពិភពលោក​ បាន​ជ្រាប​អំពី​រឿងរ៉ាវ​របស់​ប្រជាជាតិ​ខ្មែរក្រោម​ កាន់តែ​ច្បាស់​ថែម​ ទៀត​ ។

សូម​ប្រគេន​ និង​ ជូនពរ​ ដល់​ គណៈប្រតិភូ​ ភ្ញៀវ​ជាតិ​ និង​ អន្តរជាតិ​ ឲ្យបាន​ប្រកប​តែ​នឹង​ សេចក្ដីសុខ​ ចម្រើន​គ្រប់ប្រការ​ និង​ធ្វើដំណើរ​ត្រឡប់ទៅវិញ​ឲ្យបាន​សុខសប្បាយ​ និង​ សុវត្ថិភាព​ តាមផ្លូវ​។

សូម​អរគុណ​ និង​ អរព្រះគុណ​ !

Leave A Reply

Your email address will not be published.