អង្គការសហប្រជាជាតិប្រារព្ធ “ទិវាអន្តរជាតិ ឆ្នាំ ២០២០ របស់ជនជាតិដើមទូទាំងពិភពលោក”
ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃចន្ទ ទី ១០ ខែសីហា ដើមសប្ដាហ៍នេះ អង្គការសហប្រជាជាតិ នឹងប្រារពទិវាជន ជាតិដើម តាមរយៈ Online ក្រោមប្រធានបទ “ទិវាអន្តរជាតិ ឆ្នាំ ២០២០ របស់ជនជាតិ ដើមទូទាំងពិភពលោក” ។

“ទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក” ហៅកាត់ជាភាសាអង់គ្លេសថា “IDWIP” ជាទិវា អន្តរជាតិមួយ បានអង្គការសហប្រជាជាតិកំណត់យកថ្ងៃទី ៩ ខែសីហា ដើម្បីប្រារព្ធពិធី ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់នូវការយកចិត្តទុកពីសហគមន៍អន្តរជាតិ ដល់សិទ្ធិជា មូលដ្ឋានរបស់ជនជាតិដើម ក្នុងពិភពលោក ។
ដើម្បីលើកកម្ពស់សិទ្ធិរបស់ជនជាតិដើម អង្គការសហប្រជាជាតិ បានសម្រេចចិត្តក្នុងឆ្នាំ ១៩៩៤ កំណត់យកថ្ងៃទី ៩ ខែសីហា ថា ជាទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក ។ ថ្ងៃទី ៩ ខែសីហា គឺជាទិវាដែលមានកិច្ចប្រជុំជាលើកដំបូងមួយ នៃក្រុមការងាររបស់អង្គ ការសហប្រជាជាតិស្តីពីជនជាតិដើមនៅឆ្នាំ ១៩៨២ ។
យោងតាមសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិ សព្វថ្ងៃ មានជនជាតិដើមក្នុង ពិភពលោក ប្រមាណ ៤៧៦ លាននាក់ រស់នៅក្នុងប្រទេសជាង ៩០ និងនិយាយជាង ៤០០០ ភាសា ; ។
យោងតាមអង្គការសហប្រជាជាតិ ជនជាតិដើមទាំងនេះ មិនត្រឹមតែមិនត្រូវបានគេឲ្យតម្លៃ នោះទេតែថែមទាំងក្លាយជាគោលដៅនៃការរើសអើងពូជសាសន៍ និងត្រូវរងនូវអំពើហិង្សា ទៀតផង ។
អ្វីដែលអង្គការសប្រជាជាតិបានរាយការណ៍នោះ វាត្រូវនឹងស្ថានភាពរបស់ជនជាតិដើម ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរដ្ឋាភិបាលយួនរំលោភសិទ្ធិមនុស្សជា រៀងរាល់ថ្ងៃ ។
ខ្មែរក្រោម ជាជនជាតិដើម ឬ ជាម្ចាស់ស្រុក នៃទឹកដីកម្ពុជាក្រោម តែរដ្ឋាភិបាលយួន សព្វថ្ងៃ ចាត់ទុកថា ជនជាតិភាគតិច ។ ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បាន បញ្ជូនប្រតិភូរបស់ខ្លួនទៅចូលប្រជុំនៅក្នុង វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពី បញ្ហាជនជាតិដើម (UNPFII) ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិរបស់ខ្មែរ ក្រោមនៅកម្ពុជាក្រោម ឲ្យសហគមន៍អន្តរជាតិបានជ្រាប ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានទាមទារឲ្យរដ្ឋាភិ បាលយួន ទទួលស្គាល់ខ្មែរក្រោមថាជាជនជាតិដើម ៕