ពិធីបុណ្យ​កឋិនទានរ​បស់​ពលរដ្ឋ​ខ្មែរ​នៅ​ទឹកដី​កម្ពុជា​ក្រោម ឋិត​ក្រោម​ការឃ្លាំមើល​ពី​អាជ្ញាធរ​វៀតណាម​

0 3,146

ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​រស់​លើ​ទឹកដី​កម្ពុជា​ក្រោម អះអាងថា ថ្វីបើ​សិទ្ធិសេរីភាព ក្នុងការ​លើកស្ទួយ​វប្បធម៌ សាសនា អក្សរសាស្ត្រ មិនសូវមាន​ពេញលេញ​ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្តី ក៏​ពួកគេ មិនដែល​បោះបង់ ឬ​បំភ្លេចចោល​ពិធី​បុណ្យទាន​បន្សល់​ពី​ដូនតា​ណាមួយ​ទេ​។ ក្នុងឱកាស​រដូវ​កាល​បុណ្យ​កឋិនទាន​ឆ្នាំនេះ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នានា នៅ​កម្ពុជា​ក្រោម គឺ​ដូច​ខ្មែរ​រស់នៅ​ប្រទេស​កម្ពុជា និង​ខ្មែរ​រស់នៅ​បរទេស​មួយចំនួន នៅតែ​រក្សា​ប្រពៃណី នាំគ្នា​ដង្ហែរ​អង្គ​កឋិនទាន ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅតាម​វត្ត​នៅ​ទឹកដី​កម្ពុជា​ក្រោម​។​

នគរបាលយួន (ឈរ​ក្រពាត់​ដៃពាក់អាវពណ៌បៃតងចាស់) ឃ្លាំមើលពលរដ្ឋ​ខ្មែរ​ក្រោម ក្នុងពិធី​ដង្ហែរ​អង្គ​កឋិនទាន​​ នៅវត្តបុប្ផារាម នៃខេត្តពលលាវ ទឹកដីកម្ពុជាក្រោម ។
នគរបាលយួន (ឈរ​ក្រពាត់​ដៃពាក់អាវពណ៌បៃតងចាស់) ឃ្លាំមើលពលរដ្ឋ​ខ្មែរ​ក្រោម
ក្នុងពិធី​ដង្ហែរ​អង្គ​កឋិនទាន​​ នៅវត្តបុប្ផារាម នៃខេត្តពលលាវ ទឹកដីកម្ពុជាក្រោម ។

​អាចារ្យវត្ត​ពោធិ៍ និង​ជា​គ្រូ​បាលី​រង នៃ​ពុទ្ធិកបឋមសិក្សា​វត្ត​ពោធិ៍ ស្រុក​ពោធិ​រម្យ​រង្សី ខេត្ត​ព្រះ​ត្រពាំង លោក យ៉ាន់ វី ប្រាប់ថា ពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ក្រោម​ទាំងចាស់ទាំងក្មេង តែង​ប្រារព្វ​ពិធីបុណ្យ​កឋិនទាន​រាល់​ឆ្នាំ ។ សម្រាប់​វត្ត​ពោធិ៍​ឆ្នាំនេះ ទទួល​អង្គ​កឋិនទាន ៥ អង្គ​ដង្ហែរ​ចូល ។​

ពិធីបុណ្យ​កឋិនទាន មាន​រយៈពេល ២៩ ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ រោច ខែអស្សុជ ដល់​ថ្ងៃទី ១៥ កើត ខែ​ក​ក្តិ​ក ។ ឆ្នាំ ២០១៨ នេះ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែតុលា ដល់​ថ្ងៃទី ២២ ខែវិច្ឆិកា ។​

​ពិធីបុណ្យ​កឋិន ឬ​កឋិនទាន ជា​ពិធីបុណ្យ​ធំ​មួយ ក្នុង​សាសនាព្រះពុទ្ធ ។ វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា កឋិន ឬ​កថិន មានន័យថា សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុសង្ឃ ក្នុងអំឡុង​ថ្ងៃទី ១ រោច ខែអស្សុជ ដល់​ថ្ងៃទី ១៥ កើត ខែកត្តិក ដែល​ហៅថា បុណ្យ​កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង​។ ជា​ភាសាបាលី កឋិន គឺ​សំដៅ​ការយក​ក្រណាត់ ដែល​ភិក្ខុសង្ឃ​សម័យបុរាណ​នៅ​ប្រទេស​ឥណ្ឌា ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើជា​ស្បង់​ចីវរ ។​

​បុណ្យកឋិន គេ​ប្រារព្ធ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សា ។ ទាំង​នៅ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម ពុទ្ធបរិស័ទ​ចំណុះជើងវត្ត តែង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​កឋិន តាម​ទី​អារាម​ក្បែរ​ផ្ទះ ឬ​ឆ្ងាយ និង​ពុំ​សូវ​មាន​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ លើកលែងតែ​វត្ត នៅ​ទី​ដាច់ស្រយាល​ខ្លះ និង​វត្ត​ដែល​ខ្សត់​ពុទ្ធបរិស័ទ ។​

​នៅ​សម័យ​បច្ចុប្បន្ន ទាំង​នៅ​កម្ពុជា​ក្រោម និង​នៅ​កម្ពុជា ពិធី​ហែ​អង្គ​កឋិន​ទៅកាន់​ទី​អារាម​នីមួយៗ គេ​រៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។ អ្នក​ផ្ដើមបុណ្យ​បានរៀបចំ​បរិក្ខា កឋិនទាន មាន ត្រៃចីវរ សង្ឃាដី (​សំពត់​ឃ្នាប ឬ​សំពត់​សម្រាប់​ពាក់​ពាត សំពត់​សម្រាប់​ឃ្លុំ​ការពារ​រងារ ខ្លះ​ហៅថា ឧត្តរា​ស​ង្គៈ​) ស្បង់ ព្រម​ដោយ​ទេយ្យទាន​ផ្សេងៗ ទៀត ដូចជា បាត ចានស្រាក់ កាំបិត ជេស ម្ជុល ថង់យាម ឆ័​ត្រ​ជាដើម​។ ពុទ្ធិ​បរិស័ទ នាំគ្នា​ហែ​ទៅកាន់​ទី​អារាម ប្រគេន​ព្រះសង្ឃ ។ បើ​អង្គ​កឋិនទាន​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំគ្នា​ពី​ព្រលឹម រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅទៅ​វត្ត​នោះ​។ បើ​វត្ត​នៅតាម​ដង​ទន្លេ គេ​ជិះទូក រឺ កាណូត ។ ឯ​វត្ត​នៅ​ជិត​ផ្ទះ ពុទ្ធិ​បរិ​ស័​ទ្ធ​អាច​នាំគ្នា​ដង្ហែរ​ដោយ​ថ្មើរជើង ឬ ប្រើ​រទេះគោ រទេះក្របី ឬ​ទេះ​សេះ សម្រាប់​ដឹក​សម្ភារៈ ។​

​កាលពី​សម័យ​ដើម ពេល​មិនទាន់មាន​ឡាន ម៉ូតូ ពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរ បាន​ប្រើ​សត្វ​ដំរី​ជា​យានជំនិះ ក្នុង​ពិធី​ហែរ​អង្គ​កឋិនទាន ដោយ​ជិះ និង​ដឹក​សម្ភារៈ ។ អង្គ​ដង្ហែ​កឋិនទាន​ខ្លះ មាន​ដំរី​ពី ២០ ទៅ ៣០ ក្បាល​ក៏មាន និង​មាន​ពុទ្ធិ​បរិស័ទ ដើរ​ហែ​ជា​ជួរ ក្រោយ​សត្វ​ដំរី ។ ឯ​សត្វ​ដំរី​វិញ គេ​តុបតែង ដូចជា ដំរី​ព្រះឥន្ទ​ច្យុត​ពី​ស្ថាន​សួគ៌ា​។ នៅលើ​ខ្នង​ដំរី គេច​ងរ​យាង (​ខ្សែ ឬ ពួរ សម្រាប់​ចង់​លើ​ខ្នង​ដំរី​ឲ្យ​មាំ​) រំលេច​ដោយ​ភ្ញីផ្កា ក្បាច់ក្បូរ​រចនា ភ្លឺ​ចិ​ញ្ចាំ​ង​ច​ញ្ជែ​ង មនុស្សម្នា​ប្រុស​ស្រី ក្មេង​ចាស់ តែង​ខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់​អាវ​ថ្មីៗ បាំង​ក្លស់​ចំរុះ​ពណ៌ គួរ​ជាទី​ត្រេកត្រអាល​ក្រៃពេក ក្នុងការ​ហែ​នេះ ។ ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន មាន​ក្រុម​ភ្លេង​ឆៃយ៉ាំ សម្រាប់​បង្កើន​បរិយាកាស​គគ្រឹកគគ្រេង ។​

​ព្រះ​ភិក្ខុ ថាច់ ថយ គង់នៅ​វត្ត​មេ​ពាំង ខេត្ត​ព្រះ​ត្រពាំង ឲ្យ​ដឹងថា ពិធីបុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​មិនសូវ​ខុសគ្នា​ពី​នៅ​ប្រទេស​កម្ពុជា​ទេ ។ ព្រះអង្គ​រៀបរាប់ថា ពិធីបុណ្យ​កឋិន គេ​ធ្វើ ២ ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ដំបូង ពេលព្រឹក ម្ចាស់​ផ្ដើមបុណ្យ​នាំគ្នា​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ។ នៅពេល​រសៀល គេ​ជួបជុំ​ភ្ញៀវ​នៅ​រោង​កឋិនទាន​នៅផ្ទះ លុះដល់​ពេលយប់​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​។ នៅ​ថ្ងៃ​បញ្ចប់ ពេលព្រឹក ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ថ្ងៃត្រង់ ពុទ្ធបរិស័ទ​នាំគ្នា​ដង្ហែ​អង្គ​កឋិន ប្រទក្សិណ​ជុំវិញ​ព្រះវិហារ ប្រគេន​ព្រះសង្ឃ​៖

នៅពេល​ដង្ហែរ​អង្គ​កឋិនទាន​ទៅដល់​វត្ត គេ​មិនទាន់​យក​អង្គ​កឋិន​នេះ ចូលទៅក្នុង​ព្រះវិហារ​ភ្លាម​ទេ ។ គេ​តម្កល់​អង្គ​កឋិន​ទុក​នៅក្នុង​សាលា​បុណ្យ​មួយ ដែល​គេ​បានរៀបចំ​ទុកជា​ស្រេច ។ ពុទ្ធបរិស័ទ និមន្ដ​ព្រះសង្ឃ​ឆាន់ចង្ហាន់​ថ្ងៃត្រង់ ។ លុះ​រសៀល​ជ្រេ​ទាប​បន្ដិច គេ​នាំគ្នា​ហែ​អង្គ​កថិនទាន​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ​ចំនួន​បី​ជុំ ទើប​នាំគ្នា​ចូលក្នុង​ព្រះវិហារ ។ ព្រះចៅអធិការ​វត្ដ ចាត់​ឲ្យ​ព្រះ​ភិក្ខុ​មួយ​អង្គជា​អ្នក​គ្រង​អង្គ​កឋិនទាន ។ ពុទ្ធបរិស័ទ ចាប់ផ្ដើម​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប ហើយ​វេរ​អង្គ​កឋិន​ប្រគេន​ព្រះសង្ឃ សូត្រធម៌​ជា​កិច្ច​បង្ហើយ​បុណ្យ ។​

​ព្រះ​ភិក្ខុ ថាច់ ថយ មាន​ព្រះ​ថេរៈ​ដីកា​ថា អានិសង្ស​ដែល​ទទួលបាន​ពី​ការ​ដង្ហែ​អង្គ​កឋិនទាន​ធំធេង​ណាស់ ទាំង​នៅ​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ​៖

​បន្ថែម​ពីលើ​ពិធីបុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម និង​នៅ​កម្ពុជា វត្ត​អារាម​ខ្លះ ដែល​នៅជាប់​មាត់ទន្លេ ពុទ្ធបរិស័ទ បាននាំគ្នា​បង្កើត​កម្មវិធី​ប្រណាំងទូក ង ជា​លក្ខណៈ​មិត្តភាព ក្នុង​ថ្ងៃ​ដែល​វត្ត​ទទួល​អង្គ​កឋិនទាន ។​

​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជគុណ សឺ​ន សុ​ផា​រិន្ទ ឲ្យ​ដឹងថា ពិធីបុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម មិនសូវ​រង​ការ​រឹតត្បិត​ពី​អាជ្ញាធរ​វៀតណាម​ខ្លាំង ដូច​ពិធី​បុណ្យជាតិ​ធំៗ ទេ ។ ព្រះ​ភិក្ខុ សឺ​ន សុ​ផា​រិន្ទ រំលឹកថា កាលពីមុន ពុទ្ធបរិស័ទ​នៅ​កម្ពុជា​ក្រោម តែង​នាំគ្នា​បង្កើត​កម្មវិធី​ជួបជុំ​សប្បាយ ច្រៀង និង​រាំវង់​ទល់​ភ្លឺ នៅតាម​វត្ត ពេល​មាន​ពិធីបុណ្យ​កឋិន​ដង្ហែ​ចូល​វត្ត​ម្ដងៗ ។ ប៉ុន្ដែ បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម បាន​កាត់បន្ថយ​ឲ្យ​នៅត្រឹម​ម៉ោង​១១ ឬ ១២ យប់​ប៉ុណ្ណោះ ។ ព្រះ​ភិក្ខុ សឺ​ន សុ​ផា​រិន្ទ បន្ដថា ការ​ប្រារព្វ​ពិធីបុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម គឺ​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង ទៅ​អាជ្ញាធរ​វៀតណាម​ជាមុនសិន ហើយ​ក្រុម​អាជ្ញាធរ​វៀតណាម នឹងត្រូវ​ដាក់ពង្រាយ​ឃ្លាំមើល ក្រោម​ហេតុផល​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​៖

​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​កណ្ដាល និង​នៅ​កម្ពុជា​ក្រោម អះអាងថា បើទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបណា ក៏​ពួកគេ​ប្ដេជ្ញា​មិន​បំភ្លេចចោល​វប្បធម៌ អរិយធម៌ សាសនា អក្សរសាស្ត្រ​ខ្មែរ​ទេ ។ ពួកគេ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ចូលរួម​ពិធីបុណ្យ​កឋិនទាន​ជាមួយ​ពុទ្ធបរិស័ទ​ខ្មែរ​ចំណុះជើងវត្ត​នានា នៅ​កម្ពុជា​ក្រោម​ឲ្យ​បាន​ច្រើន​កុះករ ៕ RFA

Leave A Reply

Your email address will not be published.