លោក ខឹម ឈុន វុធ​ថា អ្នក​ច្រៀង​បទចម្រៀង​ខ្មែរក្រោម បាន​ទទួលមរណភាព

0 329

លោក ខឹម ឈុន វុធ​ថា ជា​អ្នកចម្រៀង និង​ជា​ម្ចាស់ Studio ថត​ចម្រៀង​ឈ្មោះ ខឹម ឈុន​វុធ​ថា ស្ទី​តឌី​យោ នៅ​ទីក្រុង​ភ្នំពេញ ទើបតែ​បាន​ទទួលមរណភាព នៅ​ថ្ងៃសៅរ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០ សប្ដាហ៍​នេះ ក្នុង​ជន្មាយុ ៥៧ ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង ។

លោក ខឹម ឈុន វុធ​ថា
លោក ខឹម ឈុន វុធ​ថា

កាល​នៅ​រស់ នៅក្នុង​ឆ្នាំ ២០១២ លោក ខឹម ឈុន វុធ​ថា ធ្លាប់​បាន​ច្រៀង និង​ថត​បទចម្រៀង​ជា CD Vol 1 ឲ្យ​ផលិតកម្ម ព្រៃនគរ របស់​សារព័ត៌មាន ព្រៃនគរ ផង​ដែរ ។ CD Vol 1 នៃ​ផលិតកម្ម ព្រៃនគរ ជា​បទចម្រៀង​បែប​ប្រពៃណី បាសាក់ និង អាយ៉ៃ មាន ១២ បទ ដែល​បាន​និពន្ធដោយ លោក សឺង សម្រេច ជា​ទី​ប្រក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ច្រៀង​ដោយ លោក ខឹម ឈុន វុធ​ថា ដោយ​បាន​ប្រើ​ឈ្មោះថា កៀង ចម្រើន ។

បទចម្រៀង​ទាំងនោះ មាន​ដូចជា ហោមរោង​ខ្មែរក្រោម​, នឹកស្រុក​, ស្រណោះ​, ល្បិច​មួលបង្កាច់​, អក្ខរា​ភ្ជាប់​ស្នេហ៍​, ម៉ែ​, នាំ​អូន​ទៅលេង​កម្ពុជាក្រោម​, កោតចិត្ត​, សំពៅថយ​ក្រោយ​ចោល​កេរ​ដូនតា​, បាយខុន​ស្រះស្រី និង​នំបញ្ចុក​ខ្មែរក្រោម ។ ដើម្បី​ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​នៃ លោក ខឹម ឈុន វុធ​ថា សារព័ត៌មាន ព្រៃនគរ បាន​ផលិត​បទចម្រៀង​ទាំង ១២ បទ​នេះ ទៅជា​វីដេអូ និង​បាន​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម Facebook ឲ្យ​ទស្សនិកជន​បាន​ស្ដាប់​កម្សាន្ត ។

លោក សឺន សម្រេច ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​សម្ដែង​ការ​សោកស្ដាយ និង អាឡោះអាល័យ​ចំពោះ លោក ខឹម ឈុន វុធ​ថា ដែល​លោក​ធ្លាប់តែ​បាន​ជួបគ្នា​ក្នុង​គ្រា ថត​បទចម្រៀង​ម្ដង​នា​ពេល​កន្លងមក ។

តាមរយៈ​គណនី Facebook ផ្ទាល់ខ្លួន លោក សឺង សម្រេច បាន​ថ្លែង​ថា៖ “ខ្ញុំ​សូម​សម្តែង​នូវ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​នៃ​លោក​លោក ខឹម ឈុ​នវុ​ធថា ជាតា​រា​ចម្រៀង​នៃ​ផលិតកម្ម​ព្រៃនគរ Vol1 ដោយ​ប្រើ​ឈ្មោះ កៀង ចំរើន ដែល​ខ្ញុំ​បាន​តែង​និពន្ធ​ទំនុក​បទចម្រៀង​នៅ ឆ្នាំ ២០១២ ។ សំឡេង​របស់ លោក ខឹម ឈុ​នវុ​ធថា ហៅ កៀង ចំរើន និង​ស្មារតី​ស្នេហា​ទឹកដី​កម្ពុជាក្រោម​របស់​លោក នឹង​ដិតដាម​នៅក្នុង​សតិអារម្មណ៍​របស់​ខ្មែរក្រោម​ជាដរាប​តរៀងទៅ​” ។

ក្រៅពី​ច្រៀង​ឲ្យ ផលិតកម្ម ព្រៃនគរ លោក ខឹម ឈុន វុធ​ថា ក៏​ធ្លាប់​បទ​ច្រៀង​បទចម្រៀង​មនោសញ្ចេតនា រៀបរាប់​ឈ្មោះ​ភូមិស្រុក​នៅ​កម្ពុជាក្រោម ដែល​បាន​និពន្ធដោយ ព្រះ​តេជ ព្រះគុណ តា ង៉ុ​ក កោ ជា​អតីត​ព្រះចៅ​អធិការ វត្ត​ដំបង​ពាក់ នៅ​ខេត្ត​ព្រះត្រពាំង ផង​ដែរ ។

Leave A Reply

Your email address will not be published.