សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍ទៅតុលាការវៀតណាមទម្លាក់ចោលការចោទប្រកាន់លើកសិករខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ថ្កោលទោសតុលាការវៀតណាម ដែលបានកាត់ទោសកសិករខ្មែរក្រោមចំនួន ៤ នាក់ឲ្យជាប់ពន្ធនាគារ ចាប់ពី ៦ ខែ ទៅដល់ ជិតបីឆ្នាំ ដោយចោទប្រកាន់កសិករខ្មែរក្រោមទាំងនោះថា បានប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរសាធារណៈវៀតណាម កាលពីខែឧសភាកន្លងទៅ ។ សាលក្រមតុលាការនេះ ធ្វើឡើងដោយសារតែពលរដ្ឋខ្មែរក្រោមរាប់រយនាក់ បាននាំគ្នាតវ៉ា និងប៉ះទង្គិចនឹងអាជ្ញាធរវៀតណាម ពេលអាជ្ញាធរចុះមករឹបអូសដីខ្មែរក្រោម ដែលពួកគេបានធ្វើស្រែចម្ការ តាំងពីដូនតាមក ដោយគ្មានសំណង ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ចេញសេចក្ដីថ្លែងការណ៍ ស្នើឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើពលរដ្ឋខ្មែរក្រោមចំនួន ៤ នាក់ ដែលកំពុងប្រឈមមុខនឹងជាប់ពន្ធនាគារដោយអយុត្តិធម៌ ។ សេចក្ដីថ្លែងការណ៍បន្តថា ពលរដ្ឋខ្មែរក្រោម ជាកសិករក្រីក្រ ត្រូវការដីស្រែ ដើម្បីបង្កបង្កើនផល ចិញ្ចឹមជីវិត ក្នុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ សំណើរបស់តំណាងពលរដ្ឋខ្មែរក្រោមនេះ ធ្វើឡើងដោយសារតែតុលាការខេត្តក្រមួនស នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម កាលថ្ងៃទី ៣ ខែធ្នូ បានប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋខ្មែរក្រោម ដែលជាជនរងគ្រោះនៃការបង្ខំបណ្ដេញពីដីស្រែចម្ការចំនួន ៤ នាក់ ឲ្យជាប់ពន្ធនាគារ ពី ៦ ខែទៅ ២ ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ ។ សវនាការកាត់ទោសខ្មែរក្រោមនេះ ត្រូវបានទូរទស្សន៍វៀតណាម ផ្សាយជាសាធារណៈ ។ ទោះបីជាយ៉ាងណា ក្រោយការប្រកាសសាលក្រមនេះ សមត្ថកិច្ចវៀតណាម មិនទាន់ចាប់ពលរដ្ឋខ្មែរក្រោម ទាំងបួននាក់ ដាក់ពន្ធនាគារនៅឡើយទេ មកទល់នឹងថ្ងៃទី ៧ ខែធ្នូ នេះ ។ តុលាការវៀតណាម អនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម ទាំងបួននាក់នោះ នៅក្រៅឃុំជាបណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍ ដើម្បីប្ដឹងទាស់នឹងសាលក្រមទៅតុលាការជាន់ខ្ពស់វៀតណាម ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងរៀបចំឯកសារ ប្ដឹងទៅអង្គការសហប្រជាជាតិ និង ក្រសួងការបរទេសអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលវៀតណាម ដើម្បីទម្លាក់ទោលការចោទប្រកាន់លើពលរដ្ឋខ្មែរក្រោម ជាម្ចាស់ដីស្រែស្របច្បាប់ និងកុំចាប់ពួកគេដាក់ពន្ធនាគារ ដោយសារតែពលរដ្ឋក្រោម គ្រាន់តែការពារដីស្រែចម្ការរបស់ពួកគេ ដើម្បីចិញ្ចឹមជីវិត៖ «ការពិតទៅការកាត់ទោសនេះ ជាអំពើយុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោម ជាជនរងគ្រោះនៃការរំលោភដីធ្លី ។ អាជ្ញាធរវៀតណាមចោទថា ខ្មែរក្រោមប្រើអំពើហិង្សាលើកម្លាំងសមត្ថកិច្ច។ ពួកគាត់ទាមទារដីធ្លីពីដូនតា បែរជាអាជ្ញាធរវៀតណាម ទៅរឹបអូសដីពីពួកគាត់ ហើយចោទពួកគាត់ទៀត» ។
កាលពីថ្ងៃទី ៥ ខែឧសភា អាជ្ញាធរវៀតណាម រួមមាន ប៉ូលិស ទាហាន ដែលប្រដាប់ដោយអាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ បានចុះទៅរឹបអូសយកដីជាង ១០០ ហិកតារ ដែលពលរដ្ឋខ្មែរក្រោម កំពុងប្រើប្រាស់ស្ថិត ក្នុងខេត្តក្រមួនស ។ អាជ្ញាធរវៀតណាមបានប្រើហិង្សាលើពលរដ្ឋខ្មែរក្រោម បណ្ដាលឲ្យក្រុមពលរដ្ឋខ្មែរក្រោម តបតវិញ ។ ពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួសធ្ងន់ និងស្រាល ក្នុងការបង្ក្រាបរបស់វៀតណាម ។ អាជ្ញាធរវៀតណាមចោទប្រកាន់ក្រុមពលរដ្ឋខ្មែរក្រោមថា បានរស់នៅលើដីរដ្ឋ ប៉ុន្តែពលរដ្ឋខ្មែរក្រោមអះអាងផ្ទុយវិញថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ ១៩៧៣ មកម៉្លេះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ។ ក្រោយផ្ទុះការតវ៉ាហិង្សានេះ អាជ្ញាធរវៀតណាម បានចាប់ពលរដ្ឋខ្មែរក្រោមមួយរូប ជាអ្នកស៊ីឈ្នួលធ្វើដីឲ្យខ្មែរក្រោមផ្សេងទៀត ដាក់ពន្ធនាគារជាច្រើនខែ ទើបដោះលែងឲ្យមានសេរីភាពឡើងវិញ ប៉ុន្តែ កាលពីថ្ងៃទី ៣ ធ្នូ តុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារជិត ៣ ឆ្នាំវិញ ។
បច្ចុប្បន្នខ្មែរក្រោមទាំងបួននាក់ កំពុងស្វែងរកមេធាវី ការពារក្ដីដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រម តុលាការជាន់ក្រោម ។
ពលរដ្ឋខ្មែរក្រោមជាម្ចាស់លើដីមានជម្លោះលោក ស៊ីង ដំ ឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី ៥ ខែធ្នូ ថា លោកត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ ។ លោកថា លោកហួសចិត្តដែលវៀតណាមមិនដោះស្រាយវិបត្តិជម្លោះដីធ្លី ប៉ុន្តែចាប់ខ្មែរក្រោមដាក់គុកវិញ៖ «តុលាការដាក់ទោសជ្រុលពេកដីទឹករដ្ឋមិនដោះស្រាយឱ្យប្រជាជនតែមកដាក់ទោសអ៊ីចឹង» ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ព្រះអង្គពុំមានជំនឿថា តុលាការវៀតណាមនឹងអាចផ្តល់យុត្តិធម៌ឲ្យខ្មែរក្រោមបាននោះទេ ដោយសារតែវៀតណាមរើសអើងនឹងខ្មែរក្រោម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមមិនរំពឹងថា ទៅលើអាជ្ញាធរ ឬតុលាការវៀតណាមទម្លាក់បទចោទនោះចោលទេ ពីព្រោះថា បក្សកុម្មុយនិស្តវៀតណាម កាលណាកាត់ទោសហើយ គឺកាត់ទោសហើយ» ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ស្នើដល់អាជ្ញាធរនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ពលរដ្ឋខ្មែរក្រោម ដែលកំពុងរងទុក្ខដោយអយុត្តិធម៌ ។ ព្រះអង្គបន្តថា កន្លងមករដ្ឋាភិបាលវៀតណាម ក៏ធ្លាប់ស្នើរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហាពលរដ្ឋវៀតណាម នៅកម្ពុជា ដូច្នោះ រដ្ឋាភិបាលខ្មែរក៏មានសិទ្ធិស្នើដូចគ្នាដែរ ។
សំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវបានអាជ្ញាធរខ្មែរអើពើ ធ្វើដឹងឮនោះទេ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ការផ្ដន្ទាទោសខ្មែរក្រោម ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម ដូច្នោះ រដ្ឋាភិបាលខ្មែរមិនជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងវៀតណាមឡើយ ។
អាជ្ញាធរវៀតណាម មិនត្រឹមតែធ្វើទុក្ខបុកម្នេញលើកសិករខ្មែរក្រោមនោះទេ ប៉ុន្តែកាលពីចុងខែវិច្ឆិកាមុននេះ ក៏បានកោះហៅយុវជនខ្មែរក្រោមបីរូប ដែលហ៊ានជួយឈឺឆ្អាលពលរដ្ឋខ្មែរក្រោមផ្សេងទៀត និងហ៊ាននិយាយការពិតពីប្រវត្តិសាស្ត្រខ្មែរក្រោម ។ ពួកគេត្រូវអាជ្ញាធរវៀតណាម ផាកពិន័យជាច្រើនរយដុល្លារ ដោយសារតែភាពក្លាហានរបស់ពួកគេ ។ ខ្មែរក្រោមទើបប្រារព្ធខួបលើកទី ៧១ ឆ្នាំ នៃការបាត់បង់ទឹកដី កាលពីខែមិថុនាកន្លងទៅ ។ ពួកគេកំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិជាជនជាតិដើមកំណើតដោយអហិង្សាទៅថ្ងៃអនាគត ៕