យុវជនខ្មែរក្រោម ចង់បាន «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង»
ដោយ សេក បណ្ឌិត | RFA Khmer
ក្រុមយុវជនខ្មែរក្រោម អំពាវនាវដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យជួយតស៊ូមតិបន្ថែមទៀត ដើម្បីឲ្យខ្មែរក្រោម ទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម ដែលវៀតណាមគ្រប់គ្រងសព្វថ្ងៃ ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសគម្រប់ខួប ១៩ ឆ្នាំ នៃថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការប្រជាជាតិសម្រាប់ជនជាតិគ្មានប្រទេស និងគ្មានតំណាង ហៅកាត់ថា (UNPO) ។

គ្រូបង្រៀន នៅសាលាពុទ្ធិកបឋមសិក្សាវត្តខ្ទឹង នៅទីរួមខេត្តព្រះត្រពាំង ដែលវៀតណាមប្ដូរឈ្មោះថ្មីទៅជាខេត្តត្រាវិញ (Tra Vinh) ព្រះតេជព្រះគុណ ថាច់ តារា មានព្រះថេរដីកាប្រាប់អាស៊ីសេរី ថា ព្រះអង្គចង់បានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ដោយមិនចង់រស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមតទៅទៀតទេ ។
ព្រះតេជព្រះព្រះគុណបន្តថា សព្វថ្ងៃវៀតណាមបំបិទសិទ្ធិសេរីភាពខ្មែរក្រោមគ្រប់វិស័យ ដូចជាការមិនអនុញ្ញាតឱ្យបង្រៀនអក្សរខ្មែរ ទាំងនៅតាមវត្ត និងនៅសាលារដ្ឋមិនឱ្យនិយាយអំពីប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម និងរឹតត្បិតការបញ្ចេញមតិតាមបណ្ដាញសង្គមជាដើម ។
ព្រះសង្ឃខ្មែរក្រោមអង្គនេះ លើកឡើងទៀតថា វប្បធម៌ប្រពៃណីជាតិរបស់ខ្មែរ ក៏ត្រូវបានវៀតណាមកាឡៃដែរ ឧទាហរណ៍ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ អាជ្ញាធរវៀតណាមបានយកប្រពៃណីនេះ ធ្វើជាល្បែងភ្នាល់ និងបន្ថែមថ្ងៃខែប្រារព្ធពិធី ឲ្យខុសរដូវកាលទៀតផង៖ «ក្នុងនាមជាប្រជាពលរដ្ឋ នៅកម្ពុជាក្រោមមួយរូប អរគុណផងដែរ ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ដែលពួកគាត់ទៅដល់ប្រទេសមានសិទ្ធិសេរីភាពពេញលេញបានសុខសប្បាយហើយ តែពួកគាត់មិនសោយសុខម្នាក់ឯងអ៊ីចឹងណា បានចំណាយពេលវេលា កម្លាំងកាយចិត្ត នឹកឃើញដល់បងប្អូនខ្មែរកម្ពុជាក្រោម រាប់លាននាក់ កំពុងរងការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាម ជាពិសេស គឺកំពុងរស់នៅគ្មានសិទ្ធិសេរីភាព នៅលើដែនដីកំណើតរបស់ខ្លួន» ។
ចំណែក អ្នកលក់គ្រឿងទេស នៅផ្សារស្រុកបាយឆាវ ខេត្តឃ្លាំង ដែលវៀតណាមប្ដូរឈ្មោះថ្មី ទៅជាសុកត្រាំង (Soc Trang) លោកស្រី គឹម វិជ្ជរ៉ា ឱ្យដឹងថា សព្វថ្ងៃនៅតាមភូមិស្រុករបស់លោកស្រី ខ្មែរក្រោមភាគច្រើនធ្លាក់ខ្លួនក្រ ហើយនាំគ្នាទៅស៊ីឈ្នួល វៀតណាម និងចិន នៅទីប្រជុំជន និងតាមរោងចក្រ ។
លោកស្រីអះអាងថា ខ្មែរក្រោមធ្លាក់ខ្លួនក្រ មកពីអាជ្ញាធរវៀតណាម រឹបអូសយកដីស្រែចម្ការខ្មែរ ក្រោយពីរបបកុម្មុយនិស្តវៀតណាម ឡើងកាន់អំណាចទាំងស្រុងនៅឆ្នាំ ១៩៧៥ ហើយដីស្រែចម្ការខ្មែរនោះ គឺគេបានយកទៅចែកឲ្យប្រជាជនវៀតណាម ដែលជាជនបក្សពួកគេ ។
ស្ត្រីខ្មែរក្រោមលក់គ្រឿងទេសរូបនេះ សង្កត់ធ្ងន់ថា ដើម្បីបំបាត់ភាពអយុត្តិធម៌ ដែលកើតឡើងច្រំដែល ដូច្នេះខ្មែរក្រោមម្ចាស់ស្រុកគ្មានអ្វីក្រៅពី ខំតស៊ូទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនោះទេ៖ «ក្នុងចិត្តខ្ញុំសព្វថ្ងៃ ខ្ញុំចង់បានឲ្យខ្មែរក្រោម សម្រេចសិទ្ធិវាសនាខ្លួន ដោយខ្លួនឯង មិនត្រូវការពឹងលើយួនអ្វីទាំងអស់ មិនចង់រស់នៅក្រោមកណ្ដាប់ដៃយួន ។ រឿងហ្នឹងប្រហែលជាលំបាកខ្លាំងណាស់ តែក្នុងចិត្តខ្ញុំនៅតែសង្ឃឹមរហូត» ។
អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី បញ្ជាក់ថា ការចង់បានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង គឺជាការជំរុញទឹកចិត្តឲ្យថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យកាន់តែបោះជំហានលឿនទៅមុខ។ លោកថា សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតស៊ូមតិដោយសន្តិវិធីនិងអហិង្សា លើឆាកអន្តរជាតិដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ដែលត្រួតត្រាដោយវៀតណាម។
លោក ម៉ៅ មុនី ឱ្យដឹងទៀតថា អង្គការប្រជាជាតិ សម្រាប់ជនជាតិគ្មានប្រទេស និងគ្មានតំណាង (UNPO) បានជួយការងារខ្មែរក្រោមច្រើន ដូចជាជួយបណ្ដុះបណ្ដាលការតស៊ូមតិដល់យុវជនខ្មែរក្រោម និងជួយខ្មែរកម្ពុជាក្រោមក្នុងការទាមទារសិទ្ធិសេរីភាព ព្រមសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅកម្ពុជាក្រោម ជាដើម៖ «យើងឃើញថា កិច្ចការទាំងប៉ុន្មាន ដែលរដ្ឋាភិបាលយួនរំលោភសិទ្ធទៅលើខ្មែរក្រោម យូអិនភីអូ (UNPO) អាចជួយយើងបានច្រើន កិច្ចការទំនាក់ជាមួយឧត្ដមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (យូមិនរាយ) (Human Rights) នៅទីក្រុងហ្សឺណែវក៏ដោយ នៅ Human Rights ក៏ដោយ ហើយ Human Rights ហ្នឹង ឥឡូវនៅបាងកកមួយដែរ អ៊ីចឹង UNPO ក៏ជាដំណាងឲ្យយើងទាក់ Human Rights នៅបាងកកដែ រ។ ពេលដែលមានរឿងហេតុរំលោភសិទ្ធិមនុស្សកើតឡើង ចំពោះខ្មែរក្រោម សហព័ន្ធធ្វើរបាយការណ៍ផ្ញើទៅ UNPO ហើយ UNPO ជួយបញ្ជូនរបាយការណ៍ហ្នឹងទៅខាងសភាសហគមន៍អឺរ៉ុប ជួយផ្ញើទៅ Human Rights នៅខាងហ្សឺណែវ ហើយឥឡូវនេះ UNPO មានដំណាងប្រចាំការនៅហ្សឺណែវហ្នឹង ធ្វើការជាមួយ Human Rights នៅខាងហ្សឺណែវ ផងនិងធ្វើការជាមួយយូមិនរាយ នៅបាងកកផង» ។
អង្គការ (UNPO) បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅទីក្រុងឡាអេ ប្រទេសហុល្លង់ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការនេះ កាលពីឆ្នាំ ២០០១ ។ អង្គការអន្តរជាតិមួយនេះ ធ្លាប់បានជួយតស៊ូមតិឱ្យជនជាតិដើមជាច្រើន នៅលើពិភពលោកឱ្យទទួលបានសិទ្ធិសេរីភាពពេញលេញ ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុន្នី ថ្លែងថា ខ្មែរក្រោមត្រូវតែទទួលបាននូវសិទ្ធិសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនេះ ប្រសិនបើខ្មែរក្រោមមិនបោះបង់ចោលការតស៊ូ ព្រោះវៀតណាម គឺជាហត្ថលេខីទទួលស្គាល់ច្បាប់នេះ៖ «និយាយពីផលប្រយោជន៍ ក្រោយពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកពេញសិទ្ធិនៃអង្គការ (UNPO) រួចមក ហ្នឹងវាជាក្ដីសង្ឃឹមរបស់ខ្មែរក្រោម សម្រាប់ការតស៊ូក្នុងការស្វែងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ» ។
បើទទួលបានសិទ្ធិជនជាតិដើម ឬសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង គឺខ្មែរក្រោមអាចបង្កើតសហគមន៍ និងអាចប្រើភាសាខ្មែរបានដោយសេរី ហើយនៅក្នុងបែបបទរដ្ឋបាល មិនចាំបាច់ប្រើភាសាវៀតណាម ដូចសព្វថ្ងៃនេះទេ ៕