សកម្មជនខ្មែរក្រោមដាក់ញត្តិទៅវៀតណាម ដើម្បីឱ្យខ្មែរក្រោមអាចឈប់សម្រាកថ្ងៃបុណ្យជាតិ
ដោយ យន់ សាមៀន | RFA
ខ្មែរក្រោម ដែលកំពុងរស់នៅក្នុងស្រុកកំណើត ដែលវៀតណាមកំពុងត្រួតត្រា បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឱ្យរដ្ឋាភិបាលកុម្មុយនិស្តនេះ អនុញ្ញាតឱ្យខ្មែរក្រោម ដែលធ្វើការងារនៅទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និង បុណ្យសែនដូនតា ជាដើម ។

ញត្តិដាក់ទៅរដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ខ្មែរកម្ពុជាក្រោម ជាជនជាតិដើម មានវប្បធម៌ ទំនៀមទម្លាប់ និងពិធីបុណ្យជាតិផ្សេងពីជនជាតិវៀតណាម ប៉ុន្តែកន្លងមករដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកក្នុងពិធីបុណ្យជាតិ ឱ្យបានទូលំទូលាយនោះទេ ។ ញត្តិបញ្ជាក់ទៀតថា វៀតណាមឱ្យពលរដ្ឋខ្មែរក្រោមឈប់សម្រាកក្នុងរយៈពេលខ្លី នៅក្នុងខេត្ត ៣ រួមមាន ខេត្តព្រះត្រពាំង ឃ្លាំង និងពលលាវ ចំណែកខេត្ត ១៨ ទៀត ខ្មែរក្រោមមិនបានឈប់សម្រាកឡើយ ។
ញត្តិបន្ថែមទៀតថា កម្មករខ្មែរគ្មានកាលបរិច្ឆេទឈប់សម្រាកក្នុងកម្មវិធីរបស់រដ្ឋាភិបាលវៀតណាម ជាមូលហេតុបណ្ដាលឱ្យប៉ះពាល់ ការលើកតម្កើងវប្បធម៌ និងប្រពៃណីជាតិ ដោយសារតែវប្បធម៌ និងប្រពៃណីជាតិខ្មែរ ត្រូវពលរដ្ឋបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតា ។ ញត្តិស្នើឱ្យវៀតណាមផ្ដល់យុត្តិធម៌ដល់ខ្មែរក្រោម និងចេញបញ្ជាឱ្យក្រុមហ៊ុន និងរោងចក្រអនុញ្ញាតឱ្យខ្មែរក្រោម បានឈប់សម្រាកពេលបុណ្យជាតិ ។
តំណាងពលករខ្មែរក្រោម ដែលបានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម លោក ថាច់ កឿង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ដោយសារតែបញ្ហាជីវភាពបានបង្ខំយុវជន និងយុវនារីខ្មែរក្រោម ចាកចេញពីស្រុកកំណើតទៅធ្វើការងារនៅតាមក្រុមហ៊ុន និងរោងចក្រនៅទីក្រុង ។ លោកបន្តថា ពេលបុណ្យទានសំខាន់ៗ ម្ដងយុវជនទាំងនោះ មិនអាចឈប់សម្រាកមកលេងស្រុកកំណើតឡើយ ដោយសារតែរដ្ឋាភិបាលវៀតណាមមិនអនុញ្ញាត ឱ្យពួកគេឈប់សម្រាក។ ពលរដ្ឋខ្មែរក្រោមមួយចំនួន បានបង្ខំចិត្តបាត់បង់ប្រាក់ខែ និងប្រាក់ចំណូលដើម្បីអាចមកលេងស្រុកបាន៖ «ប្រទេសជាតិឥឡូវជឿនលៀនដែរ គេរក្សាវប្បធម៌ ជនជាតិរបស់គេ ជនជាតិណាក៏ដោយ។ គេសម្រេចវាសនាដោយខ្លួនឯងដើម្បីរក្សាវប្បធម៌ខ្មែរ» ។
លោក ថាច់ កឿង បញ្ជាក់ថា មូលហេតុដែលលោកធ្វើជាតំណាងឱ្យខ្មែរក្រោមដាក់ញត្តិកាលពីចុងខែធ្នូ ឆ្នាំ ២០១៩ នោះ ដើម្បីឆ្លើយតបទៅនឹងលិខិតរបស់ សហព័ន្ធពលកម្មទីក្រុងព្រៃនគរវៀតណាមចេញ កាលពីខែមេសា ឆ្នាំ ២០១៩ ដែលបញ្ជាក់ថា មាត្រាទី ១១៥ នៃច្បាប់ឈប់សម្រាកក្នុងទិវាបុណ្យជាតិ និងពិធីបុណ្យប្រពៃណី វៀតណាម មិនមែនរាប់បញ្ជូនបុណ្យចូលឆ្នាំថ្មីខ្មែរនោះទេ ដូច្នោះ សហព័ន្ធពលកម្មទីក្រុងព្រៃនគរវៀតណាម គ្មានមូលដ្ឋានច្បាប់ ដើម្បីដោះស្រាយ សំណូមពរខ្មែរក្រោមឡើយ ។ លោក ថាច់ កឿង អះអាងថា សេចក្ដីសម្រេចរបស់វៀតណាមនេះ ជាការរើសអើងពូជសាសន៍យ៉ាងអយុត្តិធម៌ ។

យុវតីម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបច្ចុប្បន្នកំពុងធ្វើការងារនៅទីក្រុង មានប្រសាសន៍ថា កញ្ញាសោកស្ដាយណាស់ ដែលកញ្ញាមិនបានទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារក្នុងពេលបុណ្យជាតិនោះទេ ។ កញ្ញាថា ពេលបុណ្យជាតិម្តងៗ កញ្ញាបង្ខំចិត្តធ្វើការងារ ។ កញ្ញាសំណូមពរចង់ឈប់សម្រាកពេលបុណ្យទាន ប៉ុន្តែកញ្ញាមិនសង្ឃឹមថា វៀតណាម នឹងអនុញ្ញាតឱ្យខ្មែរក្រោម អាចឈប់សម្រាកថ្ងៃបុណ្យជាតិនោះទេ៖ «សំណូមពរឱ្យបានឈប់ បានទៅជួបជុំគ្រួសារ ប៉ុន្តែគេមិនឱ្យទេ» ។
កាលពីខែមេសា ឆ្នាំ ២០១៩ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានសរសេរលិខិតជូនពរឆ្នាំថ្មីដល់ខ្មែរក្រោម ដែលរស់លើទឹកដីកំណើត ប៉ុន្តែមិនបានទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើមកំណើត និងមិនអនុញ្ញាតឱ្យខ្មែរក្រោម ឈប់សម្រាកក្នុងថ្ងៃចូលឆ្នាំថ្មីនោះទេ ។
បច្ចុប្បន្នខ្មែរក្រោម ជាច្រើនលាននាក់ កំពុងរស់នៅក្នុងខេត្ត ២១ ដែលជាទឹកដីកំណើតរបស់ខ្មែរ ។ ពួកគេបន្តប្រតិបត្តិ វប្បធម៌ សាសនា និងទំនៀមទម្លាប់បន្សល់ទុកទាំងពីដូនតាមក ទោះបីបារាំងបានកាត់ទឹកដីកម្ពុក្រោម ទាំងខុសច្បាប់ទៅឱ្យវៀតណាមរយៈ ៧០ ឆ្នាំ មកហើយក៏ដោយ ។ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកគាំទ្រញត្តិខ្មែរក្រោម ទាមទារឱ្យវៀតណាមអនុញ្ញាតឱ្យកម្មករខ្មែរក្រោមឈប់សម្រាក ពីការងារពេលមានបុណ្យជាតិ ។ កន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជំរុញឱ្យខ្មែរក្រោមបង្កើតជាសហជីពការងារ ដើម្បីអាចតវ៉ាទាមទារឱ្យកម្មករអាចឈប់សម្រាកទៅថ្ងៃក្រោយ៖ «ពីព្រោះវាជាបុណ្យប្រពៃណីខ្មែរយើង ។ តាមច្បាប់អន្តរជាតិ ដែលវៀតណាមចុះហត្ថលេខា វៀតណាមត្រូវគោរពសិទ្ធិជនជាតិដើមកំណើត ។ បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ ខ្មែរយើងមិនសូវបានឈប់សម្រាកទេ ជាពិសេសកម្មករ» ។
លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍បន្តទៀតថា ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោង នឹងជួបមន្ត្រីក្រសួងការបរទេសអាមេរិក និងគណៈកម្មការអន្តរជាតិ ទទួលបន្ទុកអន្តរសាសនា របស់អាមេរិកនៅចុងសប្ដាហ៍នេះ ដើម្បីជជែកអំពីបញ្ហាទាំងឡាយ ដែលខ្មែរក្រោមកំពុងរស់នៅលើទឹកដីកំណើតកំពុងជួបប្រទះ នៅពេលបច្ចុប្បន្ន ៕