ខ្មែរក្រោម ជុំវិញពិភពលោក ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដើម្បីទាមទារសិទ្ធិ នៅវៀតណាម និងកម្ពុជា
khmer-krom-around-the-world-celebrated-human-rights-day-to-demand-greater-freedom
ដោយ យន់ សាមៀន | RFA Khmer
អង្គការការពារសិទ្ធិខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកំណើតនិងនៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយស្នើសុំរដ្ឋាភិបាលវៀតណាមបញ្ឈប់ការរំលោភសិទ្ធិជនជាតិដើម។ដោយឡែកនៅកម្ពុជាវិញពួកគេក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមជាពលរដ្ឋខ្មែរពេញសិទ្ធិ។

រូបៈ ថាច់ ប្រីជា គឿន
ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមសហរដ្ឋអាមេរិក អូស្ត្រាលី កម្ពុជា និងប្រទេសផ្សេងទៀតបន្តងើបឡើងទាមទារឲ្យរដ្ឋាភិបាលវៀតណាមនិងកម្ពុជាឲ្យគោរពសិទ្ធិមនុស្សនិងទទួលស្គាល់ខ្មែរក្រោមជាខ្មែរ។ ពួកគេបានយកថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដើម្បីលើកឡើងបញ្ហាជាច្រើន ដែលពួកគេកំពុងជួបប្រទះនៅទឹកដីកំណើតនិងនៅកម្ពុជា។ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍លោក សឺន ជុំជួន ថ្លែងក្នុងទិវាសិទិ្ធមនុស្ស១០ ធ្នូ ថា ខ្មែរក្រោមរស់នៅស្រុកនិងកម្ពុជាកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស៖
«តាមការយើងសង្កេតជាទូទៅយើងបញ្ហាប្រឈមរបស់ខ្មែរក្រោម ទទួលបានសិទ្ធិពេញលេញនិងសិទ្ធិជាពលរដ្ឋខ្មែរ» ។
លោកថា ខ្មែរក្រោមរស់នៅកម្ពុជាក្រោម មានទំនាក់ទំនងស៊ីជម្រៅនឹងពលរដ្ឋនៅកម្ពុជា និងនិយាយភាសាខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា នៃគណៈថេរវាទ។ការបែងចែកវប្បធម៌រវាងខ្មែរនិងវៀតណាមបង្កឲ្យមានការដាក់សម្ពោធទៅលើ អត្តសញ្ញាណខ្មែរក្រោម និងពេលខ្លះខ្មែរក្រោមត្រូវបានគេបង្ខំឲ្យសម្របខ្លួនទៅតាមវប្បធម៌វៀតណាមជាដើម។
លោក សឺន ជុំជួនបន្តទៀតថា អាជ្ញាធរវៀតណាមក៏បានប្រើហិង្សានិងចាប់ខ្មែរក្រោមដាក់ពន្ធនាគារ ដោយសារតែ ពួកគេងើបឡើងតវ៉ា ការរំលោភសិទ្ធិដីធ្លីការសំដែងមតិនយោបាយនិងសាសនា។យ៉ាងហោចណាស់ខ្មែរក្រោមបីនាក់ត្រូវវៀតណាមចាប់ដាក់ពន្ធនាគាររឿងតវ៉ាការំលោភសិទ្ធិដីធ្លី ហើយយុវជនខ្មែរក្រោមមួយចំនួនត្រូវវៀតណាមផាកពិន័យ និងឃុំខ្លួនរឿងហ៊ានទាមទារសិទ្ធិជនជាតិដើម។ លោក សឺន ជុំជួន បន្តថា វៀតណាមបន្តរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមទោះបី ជាគោលការណ៍វៀតណាមត្រូវលើកកម្ពស់និងគាំទ្រពលរដ្ឋខ្មែរក្រោមក្នុងនោះ រួមមាន ផ្នែកភាសា ការអប់រំ សិទ្ធិសាសនា សិទ្ធិពលរដ្ឋ និងនយោបាយជាដើម។ វៀតណាមបានក្លាយសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ វៀតណាមសន្យាថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក។ វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយ កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦។
ទោះបីជាយ៉ាងណា របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០២១ របស់ក្រសួងការបរទេសអាមេរិក ផ្សាយកាលពីខែមេសាកន្លងទៅក៏រកឃើញថា កាលពីឆ្នាំ ២០១២ មានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកើតឡើងនៅវៀតណាមដូចជា ការសម្លាប់មនុស្សការធ្វើទារុណកម្ម និងអំពើឃោឃៅខុសច្បាប់បង្កឡើងដោយរដ្ឋាភិបាលវៀតណាមនិងភ្នាក់ងាររដ្ឋាភិបាល។ ការឃុំខ្លួន និងចាប់ខ្លួនតាមអំពើចិត្តប្រឆាំងនឹងអ្នកនយោបាយការរឹតត្បិតការសំដែងមតិនិងសារព័ត៌មាននិងការប្រើប្រាស់ពលកម្មកុមារជាដើម។ទោះបីជាយ៉ាងណា លោក សឺនជុំជួន សង្កេតឃើញថា ពលរដ្ឋខ្មែរក្រោមបច្ចុប្បន្នហ៊ានងើបទាមទារការគោរពសិទិ្ធមនុស្ស៖
«មានយុវជនរួមទាំងព្រះសង្ឃផងទាមទារនូវអ្វីជាការរំលោភបំពានរបស់រដ្ឋាភិបាលជាពិសេសអាជ្ញាធរវៀតណាម។បញ្ហានេះដោយសារតែយល់ដឹងនិងការសិក្សាស្វែងយល់ដូច្នោះគាត់ហ៊ានទាមទារសិទ្ធិមនុស្សនេះជាចំណុចល្អ» ។
ពាក់ព័ន្ធនឹងខ្មែរក្រោមនៅកម្ពុជាវិញ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ក៏រកឃើញថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែរ។ បញ្ហាទាំងនោះរួមមានការប្រឈមមុខនឹងការរើសអើងជាតិសាសន៍ ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ បាត់បង់សិទ្ធិលំនៅដ្ឋាន និងបាត់បង់ឱកាសការអប់រំ។
បញ្ហាខ្មែរក្រោមនៅកម្ពុជានេះលោក សឺន ជុំជួន ឲ្យដឹងថា សមាគមរបស់លោក កំពុងសហការនឹងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហានេះ៖
«នៅតំបន់ខ្លះមានកិច្ចសហការរវាងអង្គការសមាគមខ្មែរក្រោមនិងអាជ្ញាធរមូលដ្ឋប៉ុន្តែនៅតំបន់ខ្លះនៅភ្នំពេញហាក់បីដូចជាមានការតាមដានការឃ្លាំមើល ការជួបជុំគ្នា ការរៀបចំសិក្ខាសិលា ឬការប្រារព្ធពិធីផ្សេងនៅតែមានការតាមដាន» ។
ឆ្លើយបតនឹងបញ្ហាខ្មែរក្រោមនៅកម្ពុជានេះកន្លងមកមន្រ្តីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផានធ្លាប់ ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោមដែលមករស់នៅកម្ពុជា ត្រូវបំពេញកាតព្វកិច្ចស្របតាមច្បាប់អន្តោប្រវេសន៍ដើម្បីទទួលបានសិទ្ធិរស់នៅស្របច្បាប់នៅកម្ពុជា។
ការលើកឡើងរបស់លោកផៃ ស៊ីផាន នេះផ្ទុយទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលកាលពីមុន។ កាលពីឆ្នាំ២០០៦ ក្រសួងការបរទេសកម្ពុជាធ្លាប់សរសេរលិខិតជាផ្លូវការប្រាប់ទៅ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅកម្ពុជាថា ជំហររដ្ឋាភិបាលចាត់ទុកខ្មែរក្រោមថា «ពលរដ្ឋខ្មែរ» ។ កាលពីឆ្នាំ១៩៩២ អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក៏បានបញ្ជាក់ពីជំហររបស់ព្រះអង្គថា ខ្មែរក្រោម ជាខ្មែរពេញទី ពេញលក្ខណៈច្បាប់ ពេលដែលខ្មែរក្រោមឋិតនៅក្នុងព្រំដែននៃកម្ពុជា។
ខ្មែរក្រោមរស់នៅកម្ពុជា បច្ចុប្បន្នមានប្រមាណ១លាននាក់ ហើយក្នុងចំនួននេះ មានប្រមាណ ២០ទៅ ៣០ភាគរយមិនទាន់មាន អត្តសញ្ញណប័ណ្ណ ដើម្បីទទួលបានសេវា សុខភាព ការអប់រំ កម្មសិទ្ធិដីធ្លីលិខិតឆ្លងដែននិងសិទ្ធិក្នុងការបោះឆ្នោតជាដើម។ខ្មែរក្រោមក៏មិនអាចចុះឈ្មោះទទួលបានសំបុត្រកំណើតលិខិតអាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅសៀវភៅគ្រួសារដែលអាចបណ្តាលឲ្យកូនខ្មែរក្រោមជំនាន់ក្រោយ ប្រឈមហានិភ័យក្លាជាប្រជាជនដែលគ្មានរដ្ឋ។ ចំណែក ស្រ្តីដែលមកពីកម្ពុជាក្រោមមករស់នៅកម្ពុជាភាគច្រើនមិនចេះអាន និងសរសេរខ្មែរដែលបញ្ហានេះប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការស្វែងរកការងារធ្វើ។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍សំណូមពរឲ្យរដ្ឋាភិបាលបញ្ជាក់ជំហរឲ្យច្បាស់ថា ខ្មែរក្រោមជាពលរដ្ឋខ្មែរដែលអាចទទួលបានសិទ្ធិ និងការការពារ ដូចគ្នាទៅនឹងពលរដ្ឋទាំងអស់ក្រោមរដ្ឋធម្មនុញ្ញតែមួយ។សមាគមក៏ស្នើឲ្យរដ្ឋាភិបាលចេញលិខិតតូបករណ៍ផ្លូវច្បាប់បញ្ជាក់ថាបើបុគ្គលដែលមានដើមកំណើតជាខ្មែរក្រោម អាចបង្ហាញសញ្ជាតិខ្មែរតាមរយៈជាតិសាសន៍និងវង្សត្រកូលខ្មែរក្រោមបាននោះ ពួកគេអាចមានសិទិ្ធទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ៕