ពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវចាប់ខ្លូនដោយចោទប្រកាន់ពីបទផ្សព្វផ្សាយ ប្រវត្តិនៃទឹកដីកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ រួចបញ្ជូនទៅឃុំខ្លួន និងសួរចម្លើយ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសជាច្រើន មានដូចជា ការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីប្រឆាំងនឹងផលប្រយោជន៍រដ្ឋ ស្ថាប័ន និងបុគ្គល ការមួលបង្កាច់ខុសពីការពិត អំពីប្រវត្តិសាស្រ្តនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលវៀតណាមហៅថា ដែនដីភូមិភាគនិរតី ឬភាគខាងត្បូងនៃប្រទេសវៀតណាម និងកាត់តច្នៃប្រឌិតរូបភាព ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អតីតមេដឹកនាំកុម្មុយនីស្ដវៀតណាម លោក ហូ ជីមិញ ។ ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកករណីទាំងនេះ ថា ជាការធ្វើទុក្ខបុកម្នេញ និងសងសឹកមកលើពលរដ្ឋខ្មែរក្រោមរូបនោះ ដោយគ្រាន់តែពាក់អាវយឺត ដែលមាននិមិត្តសញ្ញាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយស្នើឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅវៀតណាម ឲ្យដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះ ។

គិតមកត្រឹមថ្ងៃទី ១៦ ខែតុលានេះ ក្រុមគ្រួសារសាច់ញាតិ លោក ថាច់ រ៉ីន សម្ដែងក្តីព្រួយបារម្ភជាខ្លាំង ដោយសារតែសមត្ថកិច្ចវៀតណាម មិនផ្តល់ព័ត៌មានជាក់លាក់ និងបង្ហាញទីកន្លែង ដែលអាជ្ញាធរនាំយកលោក ថាច់ រ៉ីន ទៅឃុំខ្លួននៅទីណានៅឡើយទេ បន្ទាប់ពីចាប់គាត់ពីផ្ទះបញ្ជូនទៅសួរចម្លើយ នៅអធិការដ្ឋាននគរបាលស្រុកថ្កូវ ក្នុងខេត្តព្រះត្រពាំង ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ កូនស្រីរបស់លោក ថាច់ រ៉ីន ឈ្មោះ ថាច់ ធីកេវ អាយុ ២១ ឆ្នាំ ដែលបច្ចុប្បន្នកំពុងធ្វើការ នៅទីក្រុងព្រែកឫស្សីឲ្យដឹងថា នាងកំពុងមានការព្រួយបារម្ភ ពីបញ្ហាសុខភាពឪពុករបស់នាងជាខ្លាំង ហើយស្នើអាជ្ញាធរដោះលែងឪពុកនាង ឲ្យមានសេរីភាពឡើងវិញ ។
លោក ថាច់ រ៉ីន អាយុ ៦១ ឆ្នាំ នៅភូមិថ្កូវ ឃុំជ្រោយទន្សា ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅព្រឹកថ្ងៃទី ១៤ ខែតុលា សប្តាហ៍នេះ ត្រូវបានអាជ្ញាធរវៀតណាម ប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ ក្រោមការចោទប្រកាន់ពីបទចោទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» ។
ពលរដ្ឋខ្មែរក្រោមម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ ដែលស្ថិតនៅក្នុងហេតុការណ៍ឃាត់ខ្លួននោះ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ថា ក្នុងពេលចាប់ខ្លួននោះ គឺដំបូងឡើយ សមត្ថកិច្ចវៀតណាម មិនបានបង្ហាញលិខិតពីការចាប់ខ្លួននោះទេ ទើបលោក ថាច់ រ៉ីន មិនព្រមទៅជាមួយនរគបាលវៀតណាម តាមសម្រួល ហើយនៅពេលនោះ លោកក៏យកទូរសព្ទដៃថតសកម្មភាព ប៉ុន្តែ ត្រូវសមត្ថកិច្ចគំរាមកំហែងមិនឲ្យថត ក្រោយមកអាជ្ញាធរ បានដាក់កម្លាំងសមត្ថកិច្ចចម្រុះមកបន្ថែម ។ ពលរដ្ឋខ្មែរក្រោមរូបនេះ ចាត់ទុកថា ទង្វើរបស់អាជ្ញាធរ គឺជាការរំលោភបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មកលើខ្មែរក្រោម ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា លោក ថាច់ រ៉ីន បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីជេរប្រមាថមេដឹកនាំវៀតណាម ក្នុងគោលបំណងបំភ្លៃប្រវត្តិសាស្ត្រនៃតំបន់ភូមិភាគនិរតី ឬភាគខាងត្បូងនៃប្រទេសវៀតណាម ។ ជាពិសេសលោក បានបង្ហោះរូបភាព ដែលកាត់តរូបរបស់អតីតមេចលនាកុម្មុយនិស្តវៀតណាម លោក ហូ ជីមិញ ដែលមានលក្ខណៈជាការ «ប្រមាថមេដឹកនាំ» ។
ប្រព័ន្ធឃោសនារបស់បក្សកុម្មុយនីស្តវៀតណាមធំៗ ជាច្រើន បានចេញផ្សាយព្រោងព្រាត នៅលើគេហទំព័ររបស់គេ ដូចជា VOV, VnExpress និង VietNamNet ដែលបានដកស្រង់របាយការណ៍របស់នគរបាលវៀតណាម ថា កាលពីកំលុងខែមិថុនា ឆ្នាំ ២០២១ លោក ថាច់ រ៉ីន ជាញឹកញាប់តែងបង្ហោះព័ត៌មាន «មិនពិត» និងផ្សព្វផ្សាយឯកសារប្រឌិត ដែលជាប់ទាក់ទងនឹងប្រវត្តិសាស្រ្ត នៃ ដែនដីភូមិភាគខាងត្បូងនៃប្រទេសវៀតណាម (កម្ពុជាក្រោម) ។ លើសពីនេះ លោក ថាច់ រ៉ីន ក៏ត្រូវបានចោទប្រកាន់ពីបទបង្ហោះនិមិត្តសញ្ញា (ទង់ជាតិកម្ពុជាក្រោម) និងចែករំលែកឯកសារវីដេអូ និងអត្ថបទជាច្រើន ទាក់ទងនឹងអង្គការ ឬក្រុម «ប្រតិកិរិយា» ដោយអ្វីមួយ ដែលរដ្ឋអំណាចវៀតណាម ចាត់ទុកថា ជាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន តែងតែប្រឆាំងនឹងរបបខ្លួន មានមូលដ្ឋាន នៅក្រៅប្រទេស ។

ទាក់ទងនឹងករណីនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយចាត់ទុកថា ការចាប់ខ្លួនលោក ថាច់ រ៉ីន ពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម ថាជាការសងសឹក ទៅលើពលរដ្ឋខ្មែរក្រោមរូបនេះ ដែលកន្លងទៅបានចូលរួមពាក់អាវយឺតមាននិមិត្តសញ្ញា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស ចំពោះការចាប់ខ្លួននេះ និងបានអំពាវនាវដល់ សហគមន៍អន្តរជាតិទទូចឱ្យអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម ត្រូវដោះលែងលោក ថាច់ រ៉ីន ដោយគ្មានលក្ខខណ្ឌ ត្រូវទម្លាក់ចោលរាល់ការចោទប្រកាន់លើ លោក ថាច់ រ៉ីន និងត្រូវបញ្ឈប់ការប្រើប្រាស់ការសងសឹកប្រឆាំងនឹងលោក ថាច់ រ៉ីន ដោយគ្រាន់តែលោកបានពាក់អាវយឺត គោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (SDGs) ។
សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងក្នុងសេចក្តីថ្លែងការណ៍នោះ ថា សកម្មភាពចាប់ខ្លួនលោក ថាច់ រ៉ីន របស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម គឺជាការបំបិទសំឡេងពលរដ្ឋខ្មែរក្រោម មិនឱ្យចែករំលែក និងផ្សព្វផ្សាយលើកកំពស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងជាការរៀបចំផែនការ ដើម្បីចោទប្រកាន់លោក ថាច់ រ៉ីន ឱ្យគាត់ទទួលយកបទល្មើស ដែលគាត់គ្មានចេតនាប្រព្រឹត្តផងនោះ ។
គួរជម្រាបជូនថា អាជ្ញាធរវៀតណាម កាលពីចុងខែមិថុនា ឆ្នាំ ២០២១ បានបើកយុទ្ធនាការចាប់ខ្លួន និងរឹបអូសសៀវភៅ ឯកសារ អាវយឺតពាក់ព័ន្ធនឹងការអប់រំពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្ស ។ នៅក្នុងយុទ្ធនាការនោះ លោក ថាច់ រ៉ីន ត្រូវបានអាជ្ញាធរវតៀណាម នៅខេត្តព្រះត្រពាំង ចាប់ឃាត់ខ្លួននាំយកទៅសួរចម្លើយអស់ច្រើនម៉ោង ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោក អានសៀវភៅសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី «សិទ្ធិជនជាតិដើម» ផ្សាយផ្ទាល់តាមបណ្ដាញសង្គម (Facebook) និងពាក់អាវយឺត ដែលមានរូបភាពទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ។ លោក ថាច់ រ៉ីន ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងមកវិញ ក្រោយមានកិច្ចអន្តរាគមន៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងក្រោយវៀតណាម បានគំរាមកំហែងលោកកុំឲ្យអានសៀវភៅបន្តផ្ទាល់តាមបណ្ដាញសង្គមទៀត ។
កូនស្រី លោក ថាច់ រ៉ីន អំពាវនាវឲ្យខ្មែរក្រោម ទាំងនៅក្នុងស្រុក និងក្រៅស្រុក ជួយធ្វើអន្តរាគមន៍ ដើម្បីផ្តល់យុត្តិធម៌ជុំវិញការចាប់ខ្លួនឪពុករបស់នាង យ៉ាងដូច្នេះថា ៖