អឺរ៉ុបព្រមទទួលសំណើសហព័ន្ធខ្មែរក្រោម ទៅជជែកជាមួយវៀតណាម ករណីបំពានសិទ្ធិ
ប្រតិភូខ្មែរកម្ពុជាក្រោមអះអាងថា សមាជិកសភាអឺរ៉ុបយល់ព្រមទទួលយកសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម ជុំវិញបញ្ហាការរំលោភបំពានសិទ្ធិខ្មែរកម្ពុជាក្រោម នៅវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើឱ្យសមាជិកសភាអឺរ៉ុបដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដល់រាជរដ្ឋាភិបាលវៀតណាម ប្រសិនបើបន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរកម្ពុជាក្រោម ។

សមាជិកសភាអឺរ៉ុប នឹងលើកយកបញ្ហាការរំលោភបំពានសិទ្ធិខ្មែរកម្ពុជាក្រោម ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម នៅដើមខែឧសភា ឆ្នាំ២០១៨ ខាងមុខ ។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ ថ្លែងប្រាប់អាស៊ីសេរី កាលពីពេលថ្មីៗ នេះថា លោកបានស្នើទៅសមាជិកសភាអឺរ៉ុប ក្នុងជំនួបកិច្ចប្រជុំប្រធានគណៈកម្មការនាយករបស់អង្គការសហប្រជាជាតិស្ដីពី តំណាងអោយអ្នកមានសញ្ជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ សមាជិកសភាអឺរ៉ុបមានចំនួន ៧៥១ មកពី ២៨ ប្រទេសក្នុងពិភពលោកក្នុងនោះរួមមាន ប្រទេសអាមេរិក (USA) បារាំង (French) ប្រ៊ុចសែល (Brussels) និងបណ្ដាប្រទេសមួយចំនួនទៀត ។ សមាជិកសភាអឺរ៉ុបនឹងយកបញ្ហាទុក្ខវេទនារបស់ខ្មែរកម្ពុជាក្រោម ទៅជជែកជាមួយអាជ្ញាធរវៀតណាមនៅដើមខែឧសភា ឆ្នាំ ២០១៨ ខាងមុខ ។
លោកឱ្យដឹងបន្តថា ក្រៅតែពីការស្នើសុំ លោកក៏បានថ្លែងប្រាប់សមាជិកសភាអឺរ៉ុបអំពីបញ្ហាទុក្ខវេទនាខ្មែរកម្ពុជាក្រោមផងដែរ ។ បញ្ហាទាំងអស់នោះរួមមាន ការរឹតត្បិតសិទ្ធិសេរីភាពគោរពប្រតិបត្តិសាសនា ការចាប់ព្រះសង្ឃខ្មែរក្រោមដាក់ពន្ធនាគារ ការរំលោភយកដីធ្លី ការរំលោភច្បាប់ការងារ ការរត់ពន្ធស្ត្រីខ្មែរក្រោមទៅធ្វើជាស្រីពេស្យាចារ និងបញ្ហាមួយចំនួនទៀត ។ លោក ប្រាក់ សេរីវុឌ្ឍ ថា ទាក់ទងនឹងវិស័យព្រះពុទ្ធសាសនា ពលរដ្ឋខ្មែរកម្ពុជាក្រោម និងព្រះសង្ឃចង់ឱ្យវិស័យនេះឯករាជ្យ មិនស្ថិតនៅក្រោមការគ្រប់គ្រង់របស់វៀតណាមឡើយ ។
ទាក់ទង់នឹងវត្តអារាមវិញ លោកបានស្នើតាមរយៈសមាជិកសភាអឺរ៉ុប ឱ្យស្នើទៅអង្គការយូនេស្កូ (UNESCO) ដើម្បីដាក់វត្តអារាម ដែលបានអាយុកាលលើសពីប្រាំបីរយឆ្នាំ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ លោកថា បើពុំដូច្នេះទេ វត្តវ័យចំណាស់ទាំងនោះនឹងបាត់បង់ថ្ងៃណាមួយជាមិនខានឡើយ។ ជាក់ស្ដែងខ្លោងទ្វារវ័យចំណាស់ចូលខេត្តព្រះត្រពាំងត្រូវបានអាជ្ញាធរវៀតណាមបំផ្លាញចោលកាលពីពេលកន្លងទៅនេះ។
លោកឱ្យដឹងបន្តថា អាជ្ញាធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមដែលបានបង្រៀនអក្សរសាស្ត្រខ្មែរទៅដល់កូនខ្មែរកម្ពុជាក្រោម។ ព្រះសង្ឃដែលត្រូវបានចាប់ទាំងនេះ ត្រូវរងទារុណកម្ម ការវាយដំ និងដាក់ពន្ធនាគារជាដើម។
ទន្ទឹម នឹងគ្នានេះ លោកក៏បានស្នើសុំឱ្យសមាជិកសភាអឺរ៉ុប ជជែកជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីដោះលែងព្រះសង្ឃខ្មែរក្រោម ដែលជាប់ពន្ធនាគារបច្ចុប្បន្ន ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំឱ្យប្រទេសដែលជាសមាជិកសភាអឺរ៉ុប ផ្ដល់សិទ្ធិជ្រកកោនដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ឬព្រះសង្ឃដែលរងការគំរាមកំហែងអាយុជីវិតពីរដ្ឋាភិបាលវៀតណាម ។
ចំពោះបញ្ហាដីធ្លីវិញ លោកឱ្យដឹងថា ដីធ្លីខ្មែរក្រោមមួយចំនួនធំ ត្រូវបានអាជ្ញាធរវៀតណាមរំលោភយកតាមរយៈគោលនយោបាយគម្រោងអភិវឌ្ឍន៍មូលដ្ឋាន នឹងប្រើល្បិចឱ្យខ្មែរក្រោមទៅខ្ចីប្រាក់ពីធនាគារវៀតណាមដាក់បញ្ចាំដីធ្លីស្រែចម្ការ ដើម្បីយកលុយទៅទិញជីដាក់ស្រូវ នឹងដំណាំផ្សេងៗទៀត ។ បន្ទាប់ពីប្រមូលផលស្រូវ ឬដំណាំផ្សេងៗ អាជ្ញាធរវៀតណាមបានទម្លាក់តម្លៃទីផ្សារលើកសិផលធ្វើឱ្យកសិករគ្មានប្រាក់នឹងសងបំណុលទៅធនាគារ រួចក៏នាំគ្នាលក់ដីធ្លីឱ្យពលរដ្ឋវៀតណាមដើម្បីទូទាត់សងបំណុលធនាគារ ។ លោកឱ្យដឹងបន្តថា បន្ទាប់ពីលក់ដីធ្លីអស់ទៅ ពលរដ្ឋនាំគ្នាទៅធ្វើការនៅរោងចក្រនៅទីក្រុងព្រៃនគរ និងតាមបណ្ដាទីក្រុងផ្សេងទៀត ប៉ុន្តែត្រូវបាននិយោជកជាជនជាតិវៀតណាមរំលោភច្បាប់ការងារ ឱ្យធ្វើការលើសម៉ោងការងារ និងបើកប្រាក់ឈ្នួលមិនគ្រប់ជាដើម ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតវៀតណាម នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីឆ្លើយតប នឹងការអះអាងរបស់មន្ត្រីខ្មែរកម្ពុជាក្រោម បាននៅឡើយទេ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧ ។
ទាក់ទង នឹងសហព័ន្ធខ្មែរកម្ពុជាក្រោមវិញ លោកក៏បានស្នើតាមរយៈសមាជិកសភាអឺរ៉ុបឱ្យអង្គការសហប្រជាជាតិទទួលស្គាល់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការស្របច្បាប់មួយ ដើម្បីឱ្យអង្គការនេះចូលធ្វើការការពារសិទ្ធិខ្មែរក្រោម នៅប្រទេសវៀតណាមបាន ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលវៀតណាម បានកៀរគរបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួន មិនឱ្យបោះឆ្នោតគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យក្លាយជាជាអង្គការស្របច្បាប់ទេ ៕ RFA