ខ្មែរក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ថ្ងៃ​ ៤ មិថុនា​ ជា​បុណ្យជាតិ​នៃ​ការបាត់បង់​ទឹកដី​ទៅ​វៀតណាម​

0 489

ដោយ ពេជ្រ ចំរុង | VOD

អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​ស្នើ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ ពិចារណា​យក​ថ្ងៃទី​ ៤ ខែមិថុនា​ ជា​ទិវា​ជាតិ​រំឭក​ការឈឺចាប់​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ទៅ​វៀតណាម​ ។

នៅព្រឹកថ្ងៃអង្គារ ទី ០៤ ខែមិថុនានេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លង ដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។ រូបភាពៈ សារព័ត៌មាន ព្រៃនគរ
នៅព្រឹកថ្ងៃអង្គារ ទី ០៤ ខែមិថុនានេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លង ដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។ រូបភាពៈ សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃអង្គារ​ទី​ ៤ ខែមិថុនា​នេះ​ គឺ​ខួប​លើក​ទី​ ៧០ឆ្នាំ​ ដែល​អាណាព្យាបាល​បារាំង​បាន​ផ្ទេរ​ទឹកដី​កូសាំងស៊ីន​ ឬទឹកដី​កម្ពុជាក្រោម​ ទៅ​ឲ្យ​អាណានិគម​វៀតណាម​ កាន់កាប់​ និង​មើល​ការខុសត្រូវ​បន្ដ​កាលពី​សម័យ​នោះ​ បើ​ទោះបីជា​គ្មាន​ការយល់ព្រម​ពី​ភាគី​កម្ពុជា​ក៏ដោយ​ ។

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ពលរដ្ឋខ្មែរ​ក្រោម​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ នៃ​ទិវា​កាន់ទុក្ខ​ជាតិ​នៃ​ការបាត់បង់​ទឹកដី​នេះ​ និង​ធ្វើពិធី​រាប់បាត្រ​ឆ្លង​ដោយមាន​ព្រះសង្ឃ​ចំនួន​ ១៩៤៩​ អង្គ​ ដូច​រាល់​ឆ្នាំ​ នៅ​ក្រោម​អធិបតីភាព​ សម្ដេច​ ស៊ីសុវត្ថិ​ ពង្ស​នារី​ មុនី​ពង្ស​ ដែល​ជា​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ខ្មែរ​ ។

តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​ប្រជាធិបតេយ្យ​ លោក​ ខឿន​ វី​រ៉ាត់​ មាន​មតិ​នៅក្នុង​ពិធី​ព្រឹក​នេះ​ថា​ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​ នៅតែ​ទទួលរង​ការឈឺចាប់​ បន្ទាប់ពី​ការបាត់បង់​ទឹកដី​នេះ​ ដោយ​ថា​ ពលរដ្ឋខ្មែរ​ក្រោម​ និង​ព្រះសង្ឃ​ ជាដើម​ បាន​ទទួលរង​ការ​ធ្វើទុក្ខ​បុកម្នេញ​ ការ​ធ្វើទារុណកម្ម​ ការ​កាប់សម្លាប់​ ការ​ចាប់ចង​ដាក់​ពន្ធនាគារ​ និង​បំបាត់​វប្បធម៌​ ភាសា​ និងសាសនា​របស់​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​រស់នៅ​ទីនោះ​ ។

លោក​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​ពិចារណា​យក​ថ្ងៃទី​ ៤ ខែមិថុនា​ រំលឹក​ដល់​ការឈឺចាប់​ ដែល​ប្រទេស​កម្ពុជា​បាន​បាត់បង់​ទឹកដី​នេះ​ ទៅ​ប្រទេស​វៀតណាម​ ។

លោក​ ខឿន​ វី​រ៉ាត់​ ថ្លែង​ថា​៖ «ខ្ញុំ​សង្ឃឹមថា​ ឆ្នាំ​ ១៩៤៩​ ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ពេល​ដែល​ដាក់​ចូលបុណ្យ​ជាតិ​ គឺ​កំណត់​ទីតាំង​ច្បាស់លាស់​ ឲ្យ​មន្ដ្រីរា​ជការ​ឈប់​ ឲ្យ​ពលរដ្ឋខ្មែរ​ឈប់​ ថ្ងៃ​ហ្នឹង​ជួបជុំគ្នា​ គឺ​ថ្ងៃ​កាន់ទុក្ខ​ រំលឹក​ខួប​ដែល​បារាំង​កាន់​ទឹកដី​ទៅ​ឲ្យ​យួន​គ្រប់គ្រង​បន្ដ​» ។

ថ្លែង​ក្នុង​ពិធី​នេះ​ផង​ដែរ​ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ លោក​ ថាច់​ សេដ្ឋា​ មានការ​សោកស្ដាយ​ ដោយ​ថា​ មាន​មេដឹកនាំ​ខ្មែរ​មួយចំនួន​បែរជា​ដឹងគុណ​វៀតណាម​ ហើយ​មិន​ហ៊ាន​តវ៉ា​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ ដែល​បារាំង​បាន​កាត់ក្ដី​ដោយ​អយុត្ដិ​ធម៌​ទៅ​ឲ្យ​វៀតណាម​នៅពេល​នោះ​ ។

ម្យ៉ាងទៀត​ លោក​ថា​ មេដឹកនាំ​កម្ពុជា​គួរតែ​ព្យាយាម​ផ្សះផ្សា​ជាតិ​ និង​បង្រួបបង្រួម​ជាតិ​ ជាជាង​គិតតែពី​អំណាច​ និង​ធ្វើឲ្យ​ខាតបង់​ផលប្រយោជន៍​ទៅ​ប្រទេសជិតខាង​ ។ ​

លោក​ ថាច់​ សេដ្ឋា​ ថ្លែង​ថា​៖ «នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ហាក់ដូចជា​ខុសពី​គេ​ មិនសូវ​រំលឹក​គុណ​ដល់​អ្នក​ដែល​តស៊ូ​ វីរៈ​បុរស​របស់​ខ្លួន​សោះ​ មាន​ខ្លះទៀត​ទៅ​ដឹងគុណ​យួន​ទៅទៀត​ ឲ្យ​យើង​ដឹងគុណ​យួន​ម៉េច​កើត​ បើ​យួន​សម្លាប់​វីរៈ​បុរស​របស់​ខ្លួន​យើង​ ។ ប៉ុន្ដែ​ ខ្ញុំ​ជឿ​ហើយ​ថា​ មានតែ​អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ពី​យួន​ អ្នក​ដែល​យួន​បន្ដុប​ ដែល​បានផល​ប្រយោជន៍​ពី​យួន​ហ្នឹងហើយ​ ជា​អ្នកដឹង​គុណ​យួន​នោះ​» ។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ មានប្រសាសន៍​ថា​ ការ​ទាមទារ​យក​ថ្ងៃទី​ ៤ ខែមិថុនា​ ជា​ទិវា​ជាតិ​នោះ​ គឺ​មិន​អាច​ទៅរួច​នោះ​ទេ​ និង​ថា​ គ្រាន់តែ​ជា​ការ​ដាក់បន្ទុក​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ ។

លោក​ សុខ​ ឥសាន​ អះអាង​ផង​ដែរ​ថា​ ការ​ទាមទារ​យក​ទឹកដី​កម្ពុជាក្រោម​ត្រឡប់មកវិញ​ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ដោយ​ថា​ បារាំង​បាន​កាត់ទឹក​ដី​ទៅ​ឲ្យ​វៀតណាម​រួច​ទៅ​ហើយ​ ហើយ​កម្ពុជា​ក៏​មិន​មាន​សិទ្ធិ​ស្របច្បាប់​ ក្នុង​ការ​ទាមទារ​យក​មកវិញ​នោះ​ដែរ​ ។

លោក​ បន្ដ​ថា​៖ «តាំងពី​ឆ្នាំ​ ១៩៤៩​ មកទល់​ដល់ពេល​នេះ​ មាន​រាជរដ្ឋាភិបាល​ជាង​ ៧០​ ហើយ​មិនដែល​មាន​រដ្ឋាភិបាល​ណា​គិត​ពី​រឿង​យក​ថ្ងៃទី​ ៤ ខែមិថុនា​ហ្នឹង​ ធ្វើជា​ទិវា​បាត់បង់​ដែនដី​កម្ពុជាក្រោម​ទេ​ ។ ដូច្នេះ​ អ្នកស្នើ​ហ្នឹង​ហាក់ដូចជា​ដាក់បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ ។ […] ក៏ប៉ុន្ដែ​សម្រាប់​ដែនដី​កម្ពុជាក្រោម​ ៧០​ ឆ្នាំ​ហើយ​ហ្នឹង​ យើង​អត់មាន​ទាមទារ​អី​តាំងពីដើមមក​ ខ្ញុំ​យល់ថា​ វា​អត់​ឈ្នះ​គេ​ទេ​» ។

បើ​ទោះបីជា​ទឹកដី​កម្ពុជាក្រោម​បាន​បាត់បង់​ និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ក៏​ពិតមែន​ ប៉ុន្ដែ​ ពលរដ្ឋខ្មែរ​នៅ​ទីនោះ​ នៅតែ​បន្ដ​ទាមទារ​សិទ្ធិ​សេរីភាព​ និង​សិទ្ធិ​មូលដ្ឋាន​មួយចំនួន​ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​អន្ដរ​ជាតិ​ ។

បើ​គិត​មកទល់​ឆ្នាំ​ ២០១៩​ នេះ​ ពលរដ្ឋខ្មែរ​ក្រោម​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ​ ២០​ ដង​រួចមក​ហើយ​ ចាប់ពី​តាំងពី​ឆ្នាំ​ ២០០០​ មក​ ៕

​;

Leave A Reply

Your email address will not be published.