សមាគម​​ព្រះសង្ឃ​​ខ្មែរ​​កម្ពុជាក្រោម​ ស្នើ​ឲ្យ​​អាជ្ញាធរ​​វៀតណាម​​ នៅខេត្តលង់ហោរ​​អនុញ្ញាត​​ឲ្យ​​ព្រះសង្ឃ​​ និង​​ពលរដ្ឋ​​ខ្មែរ​​ក្រោម​ អាច​​ប្រតិបត្តិ​​ព្រះពុទ្ធសាសនា​​ដោយ​​សេរី

0 58

ដោយ យន់ សាមៀន | RFA Khmer

សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​អាមេរិក​ខាងជើង ស្នើឲ្យ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តលង់ហោរ ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​ក្រោម អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ។ សំណើនេះ​ធ្វើឡើង ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​បាន​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​សាសនា​របស់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ ក្រសួង​ការបរទេស​អាមេរិក​នៅ​ដើម​ខែធ្នូនេះ បានដាក់​ប្រទេស​វៀតណាម ក្នុង​បញ្ជីតាមដាន​ពិសេស​នៃ​ប្រទេស​ដែល​រំលោភ​និង​អនុញ្ញាត​ឲ្យ​មានការ​រំលោភ​សិទិ្ធសេរីភាព​សាសនា។

អាជ្ញាធរ​វៀតណាម កាលពី​ចុង​ខែវិច្ឆិកា បាន​ហាមឃាត់​ព្រះសង្ឃ​ខ្មែរក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌបាត្រ ដោយ​ប្រើ​ប្រាស់​ម៉ូតូ​កង់បី ។ រូបៈ Screenshot
អាជ្ញាធរ​វៀតណាម កាលពី​ចុង​ខែវិច្ឆិកា បាន​ហាមឃាត់​ព្រះសង្ឃ​ខ្មែរក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌបាត្រ ដោយ​ប្រើ​ប្រាស់​ម៉ូតូ​កង់បី ។ រូបៈ Screenshot

ព្រះភិក្ខុ ធីធីធម្មោ នាយក​អន្តរសាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាមេរិកាំង​ខាងជើង សំណូមពរ​ឲ្យ​អាជ្ញាធរ​វៀតណាម​នៅខេត្ត លង់ហោរ​កុំឲ្យ​រើសអើង​នឹង​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរក្រោម ដែល​ជា​ម្ចាស់ស្រុក ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា។ អាជ្ញាធរ​វៀតណាម កាលពី​ចុង​ខែវិច្ឆិកា បាន​ហាមឃាត់​ព្រះសង្ឃ​ខ្មែរក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌបាត្រ ដោយ​ប្រើ​ប្រាស់​ម៉ូតូ​កង់បី។ អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់​កងកម្លាំង​ប៉ូលិស ចាប់​និង​រឹបអូស ម៉ូតូ​កង់បី​ដែល​ព្រះសង្ឃ​ប្រើប្រាស់​ជា​មធ្យោបាយ សម្រាប់​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្តមណ្ឌលបុរី​ទ្រនំសេក សម្រាប់​និមន្ត​បិណ្ឌបាត្រ និង​ទេសនា​តាម​ផ្ទះ​ពលរដ្ឋ។ ពេលចាប់​រឹបអូស​ម៉ូតូ​របស់​វត្ត​ខ្មែរ​ក្រោម​ បណ្តាល​ឲ្យ​ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន តវ៉ា​ប្រឆាំង​មិន​ឲ្យ​វៀតណាម​រឹបអូស​ម៉ូតូ​ដែរ​ ប៉ុន្តែ​មិន​បាន​សម្រេច។  ព្រះភិក្ខុ ធីធី​ធម្មោ ចាត់​ទុក​ទង្វើ​របស់​វៀតណាម​នេះ​ថា ជាការ​ស្អប់​ខ្ពើម​ជនជាតិ​ដើម​ខ្មែរ​ក្រោម៖

«ការរស់នៅទីនោះ វាទាក់ទងហ្នឹងការរើសអើងផង។ ការរើសអើងទាក់ទងនឹងសាសនា និងអក្សរសាស្រ្ត»

ព្រះភិក្ខុ ធីធីធម្មោ​ក៏​សំណូមពរ​ឲ្យ​វៀតណាម​ផ្តល់​ ម៉ូតូកង់បី​ឲ្យ​វត្តមណ្ឌលបុរីទ្រនំសេក​វិញ ដើម្បី​ប្រើប្រាស់​បំរើ​ការ​ផ្នែក​សាសនា។ មកទល់​នឹង​ថ្ងៃទី៥ ខែធ្នូ វៀតណាម មិន​ទាន់​សងម៉ូតូ​ទៅឲ្យ​វត្តវិញ​នៅ​ឡើយ​ទេ។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​អះអាង​ថា ករណី​វៀតណាម​រឹបអូស​ម៉ូតូព្រះសង្ឃ​ខ្មែរ​ក្រោម  ជា​រឿង​រៀបចំ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​និង​សងសឹក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម

កាល​ពី​ខែមីនា ព្រះសង្ឃ និង​ពុទ្ធបរិស័ទខ្មែរក្រោម​បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម​ខេត្តលង់ហោរ ដែល​ប៉ុនប៉ង​ កាប់​យក​ដើម​គគីរ ដែល​មាន​អាយុកាល​ជាង ៧០០ឆ្នាំ ដែលជា​កេរ្តិ៍ដំណែល​របស់​វត្តមង្គលបុរី​ទ្រនុំ​សេក។ អាជ្ញាធរ​វៀតណាម​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ព្រះសង្ឃ និង​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​នាំ​គ្នា​អង្គុយ​ព័ទ្ធ​ជុំវិញ ការពារ​ដើម​គគីរ និង​ចង​ស្បង់​ចីវរ​ព្រះសង្ឃ​ជុំវិញ​ដើមគគីរ​នោះ បណ្តាល​ឲ្យ​អាជ្ញាធរ​ចម្រុះ​វៀតណាម​បាន​នាំគ្នា​ដក​ថយ​ទៅ​វិញ។ មក​ទល់ពេល​នេះ ពលរដ្ឋខ្មែរ​ក្រោម​បន្ត យាម​និង​ថែរក្សា​ដើម​គគីរ​ដែល​មាន​អាយុកាល​ប្រមាណ​៧០០​ឆ្នាំ​នេះ ឲ្យនៅគង់​វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ អាជ្ញាធរវៀតណាម​នៅខេត្តលង់ហោរ​នេះ កាល​ពី​ខែតុលា ក៏​បាន​នាំគ្នា​ទៅ​ចង់​បំផ្លាញ ទីតាំង​សាលា​ឆទាន​របស់​ពលរដ្ឋខ្មែរ​ក្រោម​មួយ​កន្លែង នៅ​ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែល​ចាប់​សាងសង់​កាល​ពី​ដើម​ឆ្នាំ២០២១។ បច្ចុប្បន្ន​សាលាឆទាន​នេះ បាន​បង្រៀន​កូន​ខ្មែរ​ក្រោម​ជិត ​១០០​នាក់ ឲ្យ​ចេះ​ភាសាខ្មែរ និង​ក្លាយជា​ទីកន្លែង​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ស្រុក ប្រមូល​ផ្តុំគ្នា​មក​ប្រតិបត្តិ​ព្រះពុទ្ធសាសនា។

ការធ្វើទុក្ខបុម្នេញ​លើ​សិទ្ធិ​សាសនា​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ ម្តង​ហើយ​ម្តង​ទៀត​នេះ ហាក់​បី​ជាការ​ព្រងើយ​កន្តើយ​នឹង​សំណើ​របស់ ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក​ (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie)​ ដែល​កាល​ពី​ពេលថ្មីៗ​នេះ បាន​ស្នើដល់​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់ការ​ព្យាយាម​ទៅវាយ​បំផ្លាញ​សាលាឆទាន​របស់​ខ្មែរ​ក្រោម។ គណៈកម្មការ​​ទទួលបន្ទុក​ផ្នែកសេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក ​ជា​ទី​ភ្នាក់​ងារ​ឯករាជ្យ​របស់​រដ្ឋាភិបាល​សហព័ន្ធអាមេរិក បង្កើតឡើង​កាលពី​ឆ្នាំ១៩៩៨ ដោយ​ច្បាប់​សេរីភាព​សាសនា​អន្តរជាតិ។ ទីភ្នាក់ងារ​នេះ ឃ្លាំមើល​សិទ្ធិសេរីភាព​សាសនា និងជំនឿ​ជា​សកល ​និង​ផ្តល់​ជា​អនុសាសន៍​ដល់​ប្រធានាធិបតី ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សភា ដើម្បី​តាមដាន​ការ​អនុវត្ត​អនុសាសន៍​របស់​ទីភ្នាក់ងារ​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​វៀតណាម​បន្តរំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម​នេះ​ដែរ ព្រះភិក្ខុ ធីធីធម្មោ​មាន​ថេរដីកា​ថា ការ​រំលោភ​សិទ្ធិ​សេរីភាព​សាសនា នៅវៀតណាម​កំពុង​កើតមាន​ឡើង​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​ជនជាតិ​ដើម​ខ្មែរ​ក្រោម។ ព្រះអង្គព្រមាន​ថា ការ​រំលោភ​សិទ្ធិ​សេរីភាព​សាសនា​និង​ជនជាតិ​ដើម​ គ្មាន​ផលប្រយោជន៍​សម្រាប់​វៀតណាម​នោះទេ​ ផ្ទុយវិញ​ទង្វើនេះ​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ កាន់​តែ​ស្អប់​ខ្ពើម​វៀតណាម​ថែម​ទៀត៖

«នេះ​ចាត់​ទុក​ជា​សារ​រដ្ឋាភិបាល​នៅទី​នោះជួយ​សម្រាល​ឆាប់​កាល​ណា​ល្អ​កាល​ហ្នឹង​ព្រោះ​យើង​មើល​ឃើញ​ថាទំនាស់​នៅកន្លែង​ហ្នឹងវាខាត​ទាំង​សងខាង។ ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម​នៅ​តែ​មាន​ចេតនា​ជាន់ឈ្លី​ទៅលើ​ព្រះពុទ្ធសាសនា​ខ្មែរ​ក្រោម​វាធ្វើ​ឲ្យ​ជំនឿខ្មែរខ្វះការ​ទុកចិត្ត​រវាង​ពលរដ្ឋ​ខ្មែរ​ក្រោម​និង​រដ្ឋាភិបាល»

របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ២០២១ ចេញ​ផ្សាយ​កាល​ពី​ខែមិថុនា សរសេរថា ​រដ្ឋធម្មនុញ្ញ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិជ្រើសរើស​ជំនឿ ​និង​សាសនា ​ប៉ុន្តែ​ច្បាប់​វៀតណាម​ក៏​អនុញ្ញត​ឲ្យ​អាជ្ញាធរ​ដាក់​កំហិត​លើ​ការ​ប្រតិបត្តិ​សេរីភាព​សាសនា ដោយ​សំអាង​លើ​បញ្ហា​សន្តិសុខ​ជាតិ និង​របៀប​រៀប​រយ​សង្គម។ របាយការណ៍​ឲ្យដឹង​ទៀត​ថា មេដឹកនាំ​សាសនា​ដែល​វៀតណាម​មិន​ទទួល​ស្គាល់ តែងតែ​រងការ​ធ្វើទុក្ខបុកម្នេញ ​រួមទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ ​និង​ទទួល​រងអំពើ​ហិង្សា​ជា​ដើម។ ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​សម្រាប់​ឆ្នាំ២០២០ និង ២០១៩ មាន​លក្ខណៈស្រដៀង​គ្នា​ដែរ​ គឺ​រដ្ឋាភិបាល​វៀតណាម​នៅតែ​សកម្ម​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​ផ្នែក​សាសនា​លើ​ក្រុម​សហគមន៍​ជនជាតិ​ដើម រួមមាន ក្រុមម៉ុងតាញ៉ា​ជា​ដើម

Leave A Reply

Your email address will not be published.