ខ្មែរក្រោម​ចូលរួម​យុទ្ធនាការ​លុបបំបាត់​ការធ្វើ​ទារុណកម្ម​អ្នកទោស​នៅ​វៀតណាម

0 143

​វ៉ាស៊ីនតោន — ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ បានប្រកាស​បើក​យុទ្ធនាការ​ ដើម្បី​បញ្ឈប់​ការធ្វើ​ទារុណកម្ម​អ្នកទោស ​នៅក្នុង​ប្រទេស​វៀតណាម​ ដែល​ក្នុងនោះ​មាន​អ្នករងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​ទទួលរង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​ ពី​រដ្ឋាភិបាល​កំ​ម្មុយ​និ​ស្ត​វៀតណាម​ ដោយសារតែ​ជំនឿ​សាសនា ​និង​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​។​

ព្រះតេជគុណ យ័ញ តូន បង្ហាញ​រូបថត​លោក​សង្ឃ​បី​អង្គ​ដែល​នៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម។ (រូបថត​ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ)
ព្រះតេជគុណ យ័ញ តូន បង្ហាញ​រូបថត​លោក​សង្ឃ​បី​អង្គ​ដែល​នៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម។ (រូបថត​ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ)

​តាម​របាយការណ៍​ស្តីពី ​«​ការធ្វើ​ទារុណកម្ម​និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកទោសនយោបាយ​បាយ ​និង​ជំនឿ​សាសនា​ នៅ​ប្រទេស​វៀតណាម​» ដែល​បានចេញ​ផ្សាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង មន្ទីររដ្ឋសភាជាតិ​សហរដ្ឋអាមេរិក​ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ បាន​លើកយក​ករណី​នៃ​ការធ្វើ​ទារុណកម្ម​អ្នកទោស​ ដោយ​ការ​ឆក់​ខ្សែភ្លើង ការ​វាយតប់ ការ​ជ្រមុជ​ទឹក​ និង​ការដាក់​ឃុំ​ក្នុង​គុក​ងងឹត​ជាដើម​។ របាយការណ៍​នេះ​ក៏បាន​លើកឡើង​ ពី​ករណី​សិក្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ខ្មែរ​កម្ពុជា​ក្រោម​ និង​ពលរដ្ឋ​កម្ពុជា​ ដែល​ជួយ​ដល់​អ្នករត់​មកសុំ​សិទ្ធិ​ជ្រកកោន​ផងដែរ​។​

ព្រះ​តេជគុណ​ យ័ញ តូន បច្ចុប្បន្ន​គង់ នៅ​រដ្ឋ​ផេ​ន​ស៊ី​វេ​នៀ សហរដ្ឋអាមេរិក ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វៀតណាម ​ចាប់​ដាក់ពន្ធនាគារ​រយៈ​ពេល​បួន​ឆ្នាំ ​កាលពី​ថ្ងៃទី​ ៨ ​ខែកុម្ភៈ​ឆ្នាំ​ ២០០៧​ ដោយសារតែ​បាន​ដឹកនាំ​ព្រះសង្ឃ​ចំនួន​ ២០០​ អង្គ​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​គោរព​សាសនា​ និង​សិទ្ធិមនុស្ស​បាន​ថ្លែងប្រាប់​ដល់​សន្និសីទ​សារព័ត៌មាន​ថា​ ក្នុង​រយៈពេល​នៃ​ការឃុំ​ឃាំង​នោះ​ព្រះអង្គ​បាន​ប្រឈមមុខ​នឹង​ការធ្វើ​ទារុណកម្ម​យ៉ាងខ្លាំង ​ក្នុង​រយៈពេល ​៦​ ខែ​ជាប់ៗ ​គ្នា​ដោយ​មិនឱ្យ​ក្រុមគ្រួសារ​ដឹង​ដំណឹង​អ្វី​ទាំងអស់​។​

ព្រះអង្គ​បាន​រៀបរាប់​ឡើងវិញ​ពី​ស្ថានភាព​នោះ ថា​៖

«​នៅក្នុង​ពេល ដែល​អាត្មា​ត្រូវយក​ចម្លើយ​គឺ​ពេល ដែល​ចេញ​យក​ចម្លើយ​ម្តងៗ ​អាត្មា​ទទួល​ធ្វើ​ទារុណកម្ម​ជា​រៀងរាល់ថ្ងៃ ​មានការ​វាយ មានការ​ចងដៃ​ចងជើង មានការ​ចាក់​ថ្នាំ​មាន​ការឱ្យ​លេបថ្នាំ​សន្លប់​ជាដើម ហើយ​ការយក​ចម្លើយ​ទៀតសោត ​គឺ​មិនបាន​យក​ពេល​ថ្ងៃ​ទេ ​គឺ​យក​ពេល​កណ្តាល​អា​ធ្រា​ត​ម៉ោង ​១២​ យប់​។ បើ​និយាយ​អំពី​ការរស់នៅ​ប្រចាំថ្ងៃ​ គឺ​រស់នៅក្នុង​គុក​ងងឹត​តូច​មួយ​ប្រហែលជា​បី​ម៉ែត្រ​បណ្តោយ ​និង​ទទឹង​មួយ​ម៉ែត្រ​កន្លះ​។ កន្លែង​ដែល​ដេក​នៅ គឺ​អត់​មាន​មុង​អត់​មាន​កន្ទេល​អត់​មាន​ខ្នើយ ​ហើយ​យើង​នៅ លើ​ព្រលាន​គឺ​ពិបាក​នឹង​រស់​ពិបាក​នឹង​ស៊ូទ្រាំ​ណាស់​»​។​

​មាន​អ្នកផ្តល់​សក្ខីកម្ម​ពីរ​នាក់​ផ្សេងទៀត​ ដែលជា​អតីត​អ្នកទោស ​និង​ម្នាក់ទៀត​ជា​ម្តាយ​របស់​សកម្មជន​សិទ្ធិមនុស្ស​មួយរូប ដែល​កំពុង​ជាប់ពន្ធនាគារ​ក៏បាន​មក​ចែករំលែក​បទពិសោធន៍​នៃ​ការធ្វើ​ទារុណកម្ម​នៅ​ប្រទេស​វៀតណាម​ ដែល​ប្រព្រឹត្តឡើង​ ដោយ​រដ្ឋាភិបាល​។​

​មាន​អ្នកទោស​មនសិការ​ប្រហែល​ ៦០០ ​នាក់​នៅ បន្ត​រង​ការ​ធ្វើបាប​ក្នុង​ពន្ធនាគារ​នានា​ នៅ​ប្រទេស​វៀតណាម​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​អនុគណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋសភា​សហរដ្ឋអាមេរិក​។​

​លោក​ ថាច់ ង៉ុ​ក ថា​ច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ប្រាប់​វី​អូ​អេ​ថា​ទម្រង់​នៃ​ការធ្វើ​ទារុណកម្ម​ ចំពោះ​អ្នកទោស​ជា​ខ្មែរ​កម្ពុជា​ក្រោម ​គឺ​របៀប​ជា​គំនុំ​ពូជសាសន៍ ​ហើយ​មាន​លក្ខណៈ​ខុសពី​អ្នកទោស​ជនជាតិ​វៀតណាម​។​

​លោក​បាន​បន្ថែមថា​៖

«​យើង​ឃើញថា​ការ​នេះ​គឺជា​របៀប​គំនុំ​ ដែល​បង្ហាញឱ្យឃើញ​ច្បាស់​ថា​ ជាការ​ប្រកាន់ពូជសាសន៍​ ទោះបីជា​ខាង​គណៈកម្មការ​អន្តរជាតិ​ក៏បាន​គូស​បង្ហាញ​ជាច្រើនលើក​ច្រើនសា​រថា រ​ដ្ឋា​ភិ​បាល​វៀតណាម​ការ​ធ្វើ​អ្វី​ទៅលើ​មនុស្ស​ ដែល​មិនមែនជា​ជនជាតិ​វៀតណាម​ គឺ​ធ្វើ​របៀប​លក្ខណៈ​ប្រកាន់ពូជសាសន៍​»​។​

​លោក​បាន​ពន្យល់​បន្ថែម​ថា​ ពលរដ្ឋ​ខ្មែរក្រោម ​ដែល​ធ្វើ​ខុស​បន្តិចបន្តួច​គឺ​ប្រឈម​ នឹង​ទារុណកម្ម​វាយ​ធ្វើបាប​លើ​រាងកាយ​ភ្លាម​ នៅពេលដែល​អាជ្ញាធរ​ចាប់បាន​ ដោយ​មិនមាន​ការសួរនាំ​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​ទេ​។​

​កាលពី​ថ្ងៃទី ​៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៣ វៀតណាម​ បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ ដែល​ចុះហត្ថលេខា​លើ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម​។​

​លោកស្រី សា​រ៉ា ខុម អ្នកស្រាវជ្រាវ ​និង​ជា​សកម្មជន​សិទ្ធិមនុស្ស​អន្តរជាតិ ​ដែល​បានធ្វើការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​យូរ បាន​បញ្ជាក់ថា​ការចុះហត្ថលេខា​ និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ប្រឆាំង នឹង​ការធ្វើ​ទារុណកម្ម​ គឺជា​កត្តា​សំខាន់​មួយ​ប៉ុន្តែ​នៅ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ប្រទេស​នេះ​ត្រូវធ្វើ​។​

«​បញ្ហា​ដ៏​សំខាន់​មួយ​ ក្នុងការ​ទប់ស្កាត់​ការធ្វើ​ទារុណកម្ម​ គឺ​ការបើក​ពន្ធនាគារ​ឱ្យ​អ្នកត្រួតពិនិត្យ​ឯករាជ្យ​ចូល​មើល​ និង​ហាមឃាត់​ការឃុំ​ឃាំង​មនុស្ស​ក្នុង​ទី​ដាច់ដោយឡែក​ ដោយ​មិនឱ្យ​ទាក់ទង​ក្រុមគ្រួសារ​របស់​ពួកគេ ​ក្នុង​រយៈពេល​យូរ ហើយ​គ្មាន​អ្នកតំណាង​ខាង​ផ្លូវច្បាប់​ឱ្យទៅ​ពួកគេ​។ ក្នុង​ករណីខ្លះ​ក្រុមគ្រួសារ​គេ​មិនដឹងថា​ពួកគេ​ នៅទីណា​ទេ​»​។​

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ និង​ធ្វើការ​ត្រួតពិនិត្យ​លើ​បញ្ហា​សិទ្ធិមនុស្ស​ នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី ​៥ ខែកុម្ភៈ​ខាងមុខ​នេះហើយ​។​

​លោក ​គ្រី​ស ស្មី​ត ប្រធាន​អនុគណៈកម្មការ អាហ្វ្រិក សុខភាព​ពិភពលោក សិទ្ធិមនុស្ស​ពិភពលោក និង​អង្គការ​អន្តរជាតិ​នៃ​គណៈកម្មការ​កិច្ច ការបរទេស​របស់​សភាជាតិ​សហរដ្ឋអាមេរិក​បានបញ្ជាក់​ថា​ប្រទេស​វៀតណាម​ ត្រូវតែ​ឆ្លើយតប​ចំពោះ​ការរកឃើញ​នូវ​ការធ្វើ​ទារុណកម្ម​ និង​ការរំលោភ​សិទ្ធិមនុស្ស​នា​នា​ ដែល​ប្រព្រឹត្ត​លើ​អ្នកទោសនយោបាយ​ និង​សាសនា​ហើយ​វា​ជា​បន្ទុក​របស់​សហគម​ន៍​អន្តរជាតិ ​ក្នុង​ការចាប់​ប្រទេស​វៀតណាម ​ឱ្យ​គោរព​សិទ្ធិមនុស្ស​។​

«​បណ្តា​ប្រទេស​ នៅក្នុង​ក្រុមប្រឹក្សា​នេះ ​ក្នុងនោះ​មាន​តំណាង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផង​ ចាំបាច់​ត្រូវតែ​លើកយក​បញ្ហា​ ដែលមាន​បង្ហាញ​ នៅក្នុង​របាយការណ៍​ ស្តីពី​ការ​ធ្វើទុក្ខបុកម្នេញ​និង​ការធ្វើ​ទារុណកម្ម​»​។​

​យុទ្ធនា​ការ ដែល​បានចាប់ផ្តើម​ចេញដំណើរ​នេះ​ ចូលរួម​ដោយ​អង្គការ​ និង​សមាគម​ចំនួន ​១៧​ ដែល​ក្នុងនោះ​មាន​មូលនិធិ​ខ្មែរក្រោម និង​អង្គការសិទ្ធិមនុស្ស​រប​ស់​ក្រុម​ម៉ុង​តា​ញ៉ា​ផងដែរ​៕ ដោយ ម៉ែន​ គឹម សេង ​- VOA

Leave A Reply

Your email address will not be published.