ខ្មែរក្រោម ធ្វើយុទ្ធនាការផ្សព្វផ្សាយរបាយការណ៍ ពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ
ដោយ ស៊ឺន ចែងចើន
នៅក្នុងឱកាសខួបលើកទី ៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ធ្វើយុទ្ធនាការ ផ្សព្វផ្សាយរបាយការណ៍ ស្តីពីស្ថានភាពរំលោភសិទ្ធិមនុស្ស ពីសំណាក់អាជ្ញាធរវៀតណាម និងកម្ពុជា ទៅលើពលរដ្ឋខ្មែរក្រោម ។ យុទ្ធនាការនេះ ធ្វើឡើង នៅទីតាំងចំនួនពីរ ផ្សេងគ្នា រួមមាន ខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ ក្រៅពីនេះ ពួកគេក៏រៀបចំយុទ្ធនាការតាមអនឡាញផងដែរ ។

យុទ្ធនាការ ទាមទាររកអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស មកលើជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកកំណើត ហើយបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលវៀតណាម និងដោះស្រាយបញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋខ្មែរក្រោម នៅប្រទេសកម្ពុជា បានចាប់ផ្តើមប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ដល់ ថ្ងៃទី ២៤ ខែធ្នូ ។ ការទាមទារនេះ ធ្វើឡើង នៅក្នុងព្រឹត្តិការណ៍ប្រារព្ធទិវា ១០ ធ្ខួ ដែលរៀបចំដោយ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ក្នុងសប្តាហ៍នេះ ។
ថ្លែងបើកម្មវិធី នៅក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លោក តាំង សារៈ ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើង ពីការជម្នះប្រារព្ធខួបលើកទី ៧២ ដែលខកខានមិនបាននោះ ក៏ព្រោះតែទិវានេះ មានសារៈសំខាន់ចំពោះសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សគ្រប់រូប នៅទូទាំងពិភពលោក ដោយដោយគ្មានការរើសអើង រួមទាំងខ្មែរក្រោមផង ។ លោកលើកឡើងបែបនេះ ដោយសារតែ ក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម គ្រោងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី ១០ ធ្នូ តែអាជ្ញាធរពាក់ព័ន្ធមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនឡើយ ក្រោមហេតុផលបារម្ភការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង ។ បញ្ហានេះ បានធ្វើឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោម ពន្យារពេលប្រារព្ធពិធីនេះ ជាច្រើនលើកច្រើនសា ។ ទោះជាបែបនេះក្តី ពួកគេសម្រេចជួបជុំគ្នាក្រោម ២០ នាក់ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ។
ក្រៅតែពីការំឭកប្រវត្តិ នៃទិវាសិទ្ធិមនុស្ស កើតឡើងក្រោយពេលមានសង្គ្រាម លោកលើកទី ២ ដែលមានការសម្លាប់រង្គាល និងការរំលោភបំពានផ្សេងៗ បានជាធ្វើឲ្យប្រទេសជាច្រើន ដែលជាសមាជិក អ.ស.ប តាក់តែងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស ។ លោក តាំង សារៈ ក៏បានលើកឡើង ពីគោលបំណងចង់បំផុសគំនិត និងពញ្ញាក់ស្មារតីយល់ដឹងទៅដល់ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក ឲ្យមានគំនិតផ្តួចផ្តើម ប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នេះឡើង នៅលើទឹកដីកំណើតរបស់ខ្លួន ផងដែរ ។
លោក តាំង សារៈ ៖ «ការប្រារព្វឡើង នៅថ្ងៃនេះ គឺដើម្បីឲ្យខ្មែរកម្ពុជាក្រោមទាំងអស់ បានដឹងថា ថ្ងៃទី ១០ ធ្នូ នេះ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលអង្គការសហប្រជាជាតិ បានប្រកាសឡើង ដើម្បីលើកតម្កើងដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅ ក្នុងនោះរួមទាំងប្រជាពលរដ្ឋ ដែលជាជនជាតិភាគតិច ឬជនជាតិដើម ដូចជា ខ្មែរកម្ពុជាក្រោមយើងផងដែរ ។ ហើយការធ្វើនេះ គឺយើងធ្វើឡើង ដើម្បីឲ្យខ្មែរកម្ពុជាក្រោម ដែលកំពុងតែរស់នៅក្នុងដែនដីរបស់យើងសព្វថ្ងៃនេះ […] ព្រោះនេះ ជាសិទ្ធិស្របច្បាប់របស់យើង កាលណាខ្មែរកម្ពុជាក្រោម ដែលបានភៀសខ្លួន មកប្រទេសកម្ពុជាក្តី នៅប្រទេសថៃក្តី នៅប្រទេសនានា លើពិភពលោកក្តី បានប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ជារៀងរាល់ឆ្នាំ អាចអង្រួនបេះដូងឲ្យខ្មែរកម្ពុជាក្រោម ដែលកំពុងតែរស់នៅលើមាតុភូមិដ៏សែនស្រណោះរបស់យើង មានគំនិត មានឧត្តមគតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ត្រូវអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោម ប្រារព្វទិវាសិទ្ធិមនុស្សនេះ ឲ្យដូចគេដែរ» ។
នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង បានលើកឡើង ក្នុងរបាយការណ៍ ស្តីពី «ស្ថានភាពសិទ្ធិមនុស្ស» នៅកម្ពុជា ដែលមានកម្រាស់ ៧ ទំព័រនោះ អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោមមួយនេះ រកឃើញថា ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា នៅតែប្រឈម នឹងការរើសអើង ពីអាជ្ញាធរមូលដ្ឋាន គ្មានទីលំនៅឋានពិតប្រាកដ និងគ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ ដើម្បីក្លាយខ្លួនជាពលរដ្ឋស្របច្បាប់ ។
របាយការណ៍ដដែលនោះបង្ហាញថា ខ្មែរក្រោមមួយចំនួនមិនត្រូវបានអាជ្ញាធរទទួលស្គាល់ ដោយពួកគេថា ខ្មែរក្រោម ជាជនជាតិវៀតណាម ។ របាយការណ៍បញ្ជាក់បន្ថែមថា បើតាមការស្ទង់មតិលើបញ្ហានេះ ខ្មែរក្រោមប្រមាណជា ៦០.៦% រងការរើសអើង និងជាបញ្ហាមួយ ក្នុងចំណោមការលំបាក និងបញ្ហាប្រឈមធំៗ ដែលពួកគេជួបប្រទះ នៅកម្ពុជា ។
លោក សឺន យឿង ៖ «ខ្មែរក្រោមប្រមាណ ១ លាននាក់ មានចន្លោះពី ២០% ដល់ ៣០% នៅកម្ពុជាត្រូវបានសន្និដ្ឋានថា នៅមិនទាន់មានអត្តសញ្ញាណប័ណ្ណ ។ អត្តសញ្ញាណប័ណ្ណ គឺពិតជាត្រូវការជាចាំបាច់ ដើម្បីយកទៅប្រើប្រាស់សម្រាប់ការ ទទួលបានសេវាសុខភាព ការអប់រំ កម្មសិទ្ធិដីធ្លី លិខិតឆ្លងដែន ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ផ្សេងទៀត ដែលពលរដ្ឋគ្រប់រូបទទួលបាន ដូចជា សិទ្ធិក្នុងការបោះឆ្នោតជាដើម ។ ខ្មែរក្រោម ជាច្រើនមិនទាន់ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះ ដើម្បីទទួលបានសំបុត្រកំណើត និងលិខិតអាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ នោះឡើយ ដែលបញ្ហានេះបណ្តាលឲ្យមានមនុស្សជំនាន់ក្រោយជាច្រើន អាចនឹងប្រឈមហានិភ័យជាប្រជាជន ដែលគ្មានរដ្ឋ ។ […] រដ្ឋាភិបាលកម្ពុជាបានផ្តល់ភាពជាពលរដ្ឋដល់ខ្មែរក្រោម ប្រសិនពួកគេសម្រេចរស់នៅកម្ពុជា ប៉ុន្តែការលើកឡើងនោះ នៅមិនទាន់មានចែងក្នុងគោលនយោបាយណាមួយឲ្យបានច្បាស់លាស់ ការណ៍នេះផងដែរ ត្រូវបានបង្ហាញនៅមានបញ្ហាមួយចំនួន ជុំវិញការអនុវត្តជាក់ស្តែង ។ នៅថ្នាក់មូលដ្ឋានមួយចំនួន ខ្មែរក្រោមបានជួបប្រទះនឹងការរើសអើង នៅកម្ពុជា ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនយល់ថា ខ្មែរក្រោមជាវៀតណាម ថ្វីបើអ្នកទាំងនោះមានជាតិពន្ធជាខ្មែរ ព្រមទាំងមានចំណងផ្នែកសាសនា វប្បធម៌ និងភាសា» ។
ចំណែក សេរីភាពខាងបញ្ចេញមតិ និងសេរីភាពនៃការប្រមូលផ្ដុំគ្នា ដោយសន្តិវិធី សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លើកឡើងថា ពួកគេកំពុងស្ថិតក្រោមការតាមដាន និងឃ្លាំមើល ពីអាជ្ញាធរមូលដ្ឋាន នៅពេលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម ។ ពួកគេលើកឡើងថា អាជ្ញាធរមួយចំនួន បានជ្រៀតជ្រែកក្នុងសកម្មភាពរបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម ។ ការតាមស៊ើបអង្កេត និងបំបិទបំភ័យខ្មែរក្រោម នៅកម្ពុជា មានដូចជា ការថតរូប ការថតសំឡេង និងសាកសួរសកម្មជន ដែលរារាំងដល់សេរីភាពបញ្ចេញមតិ ដោយបង្កគ្រោះថ្នាក់តាមសកម្មភាពណាមួយ ទៅលើសកម្មជនខ្មែរក្រោម ។
លោក សឺន យឿង ៖ «ជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ប្រារព្ធពិធីរំឮកថ្ងៃទី ៤ ខែមិថុនា ជាថ្ងៃដែលអាណានិគមបារាំង បានកាត់ទឹកដីកំណើតរបស់ពួកគេទៅឲ្យវៀតណាម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយពុំមានការយល់ព្រមពីប្រជាជនខ្មែរក្រោម ។ ជាធម្មតាពិធីនេះ ស្ថិតនៅក្រោមការជ្រៀតជ្រែក ឬការហាមឃាត់ផ្នែកច្បាប់បន្ថែមជារៀងរាល់ឆ្នាំ ។ ទោះបីជាមិនមានការតម្រូវឲ្យមានការអនុញ្ញាត សម្រាប់ការធ្វើបាតុកម្មដោយសន្តិវិធីដោយ យោងតាមច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធីរបស់កម្ពុជាក៏ដោយ ក៏ជាញឹកញយអាជ្ញាធរពាក់ព័ន្ធបានហាមឃាត់មិនឲ្យធ្វើ នៅតាមទីសាធារណៈ ។ ជំនួសឲ្យការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរក្រោម ក្នុងការរំឮកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានអូសបន្លាយ ឬបដិសេធការអនុម័តលើព្រឹត្តិការណ៍នេះ ។ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យមានព្រឹត្តិការណ៍នេះ ពួកគេនឹងដាក់ការកំណត់ចំនួនអ្នកចូលរួម ហើយព្រឹត្តិការណ៍នេះ ត្រូវបានអនុញ្ញាតឲ្យរៀបចំក្នុងបរិវេណ ដែលរដ្ឋាភិបាលអនុញ្ញាតប៉ុណ្ណោះ» ។
រីឯ របាយការណ៍ ស្តីពី «ស្ថានភាពសិទ្ធិមនុស្ស» នៅកម្ពុជាក្រោម ដែលមានកម្រាស់ជាង ១០ ទំព័រវិញ បានសរសេរយ៉ាងលម្អិត ដោយរៀបរាប់ពីការធ្វើទុក្ខបុកម្នេញ រំលោភបំពានដីធ្លី ការបង្កើនការបង្ក្រាបទៅលើសកម្មជនខ្មែរក្រោម ដែលប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្ត្រ ទឹកដីកម្ពុជាក្រោម ការពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរ និងការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ពីសំណាក់ អាជ្ញាធរវៀតណាម ។
របាយការណ៍នេះ សរសេរក្នុងសម្រង់ន័យដើមថា ៖ «នៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ខ្មែរក្រោមពុំមានសិទ្ធិពេញលេញ ក្នុងការទទួលព័ត៌មានដោយសេរីឡើយ ព្រោះមានការឃ្លាំមើល ពីភ្នាក់ងារសម្ងាត់វៀតណាម នៅពេលដែលខ្មែរក្រោម ស្ដាប់វិទ្យុអាស៊ីសេរី (RFA) ឬ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាខេមរភាសា និង មានការឃ្លាំមើលតាមដាន ពីភ្នាក់ងារសម្ងាត់ក្នុងការប្រើប្រាស់បណ្ដាញ Internet» ។
របាយការណ៍ដដែលនោះ បញ្ជាក់ក្នុងន័យដើមបន្តទៀតថា ៖ «ពាក់ព័ន្ធសិទ្ធិសេរីភាពនៃផ្នែកនេះ មានយុវជនខ្មែរក្រោមមួយចំនួន ដូចជា៖ យុវជនឈ្មោះ តោ ហ្វាង ចឿង ត្រូវបានផាកពិន័យ ក្រោមច្បាប់រឹតបន្តឹង សេរីភាពសារព័ត៌មាន និងការសំដែងមតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទៅតាមមាត្រាច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធើណិត ។ យុវជនឈ្មោះ ថាច់ កឿង ត្រូវបានអាជ្ញាធរវៀតណាម បានចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ និងស្ថាប័នរដ្ឋអំណាចវៀតណាម ហើយបានពិន័យជាទឹកប្រាក់ជាង ៧ លានដុង ឬប្រមាណជាង ៣០០ ដុល្លារសហរដ្ឋអាមេរិក ។ យុវជនឈ្មោះ ថាច់ ថុង ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាម ចោទថា បានធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។ ដោយឡែកយុវជនខ្មែរក្រោមមួយរូបទៀត ឈ្មោះ យឿង ខាយ ត្រូវបានអាជ្ញាធរវៀតណាម ចោទប្រកាន់ថា បានពាក់ព័ន្ធនឹងទង្វើកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងឯកជន» ។
តំណាងពលរដ្ឋខ្មែរក្រោម មានបញ្ហាមកពីបណ្ដាខេត្តមួយចំនួន ដែលបានចូលរួមក្នុងខួបលើកទី ៧២ ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «បង្កើនការគោរព និងផ្តល់ភាពស្របច្បាប់ដល់ខ្មែរក្រោម» លើកឡើងស្រដៀងៗ គ្នាថា ពលរដ្ឋខ្មែរក្រោមជាច្រើន នៅតែគ្មានសិទ្ធិស្របច្បាប់ សិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង ដោយសារតែអាជ្ញាធរមូលដ្ឋានមិនទទួលស្គាល់ថា ខ្មែរក្រោម ដោយចាត់ទុកពួកគេថាជាជនជាតិវៀតណាម ។ បញ្ហាប្រឈម នឹងផលលំបាកក្នុងការរស់នៅកម្ពុជា មានជាអាទិ៍ មិនមានលិខិតស្នាម ឬឯកសារបញ្ជាក់អត្តសញ្ញាណ ខ្វះដីធ្លីសម្រាប់តាំងទីលំនៅ និងធ្វើស្រែ លំបាកក្នុងការទទួលបានការអប់រំ ។ល។
ពលរដ្ឋខ្មែរក្រោម មកពីខេត្តក្រចេះ លោក ចាន់ សុខ លើកឡើងពីករណីរបស់លោក ដែលបានជួយធ្វើកិច្ចអន្តរាគមន៍ទៅលើពលរដ្ឋខ្មែរក្រោម ដែលទើបឡើងមកកាន់ប្រទេសកម្ពុជា ហើយពុំមានឯកសារបញ្ជាក់អត្តសញ្ញាណ ។
លោក ចាន់ សុខ ៖ «សកម្មភាព នៅខេត្តក្រចេះ ខ្ញុំបានអន្តរាគមន៍រឿងបញ្ហាបងប្អូនកម្ពុជាក្រោម ដែលបទើបឡើងថ្មីៗ ហើយចង់ធ្វើអត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ខ្ញុំក៏បានអន្តរាគមន៍ ទៅលើអាជ្ញាធរដែនដី សមត្ថកិច្ច ។ ជាពិសេស ពេលពួកមកដំបូង អត់មានទីលំនៅ អាសយដ្ឋានទៅ ដល់អ៊ីចឹង ពិបាកដល់សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដីគាត់ពិបាក នឹងធ្វើការចុះបញ្ជី ដល់អ៊ីចឹងទៅ ខ្ញុំមានតែឲ្យគាត់ចុះឈ្មោះស្នាក់នៅក្នុងគ្រួសារ ដែលបងប្អូនខ្មែរកម្ពុជាក្រោម ដែលគាត់មានសៀវភៅហើយស្រាប់ហ្នឹង ឲ្យគា់តចុះនៅគ្រួសារហ្នឹង ដើម្បីឈានទៅធ្វើសំបុត្រកំណើត អត្រានុកូលដ្ឋាន ដល់ពួកគាត់ ដើម្បីឈានទៅធ្វើអត្តសញ្ញាណបណ្ណ» ។
ពីខេត្តព្រះសីហនុ លោក គឹម ឃឿង លើកឡើងពីក្តីកង្វល់របស់ពលរដ្ឋខ្មែរក្រោម នៅទីនោះ ដែលរងការរំលោភបំពានសិទ្ធិដីធ្លី ពីសំណាក់ក្រុមហ៊ុនឯកជន និងអ្នកមានអំណាច ។
លោក គឹម ឃឿង ៖ «ថ្មីៗ នេះ ក៏មានបុគ្គលមួយចំនួន កាត់ចេញប្លង់ទូទៅ នៅលើដីធ្លីបងប្អូនខ្មែរកម្ពុជាក្រោម ដែលគាត់ឆ្ការកាប់ពីមុនមក ហើយតំបន់នេះ ពីមុនមកសុទ្ធតែព្រៃ អត់មានអ្នកណាទៅ ធ្វើអ្វីទាំងអស់ មានតែបងប្អូនកម្ពុជាក្រោម គាត់ទៅធ្វើទេ ។ ដូចជា ថ្ងៃទី ២០ លើកហើយហ្នឹង បងប្អូនខ្មែរក្រោម ទោះបីភាគតិច គាត់នៅក្នុងចំណោមឃុំឧកញ៉ា ហេង ហ្នឹង មានបុគ្គលមួយចំនួន គាត់ឆ្លៀតឱកាសគាត់ជាយោធាអ៊ីចឹង គាត់យកអាវុធទៅផ្ទុះ ហើយចូលទៅវាយបងប្អូន ដល់ចឹង គាត់ភ័យខ្លាច គាត់បារម្ភ គាត់ថា ដីនៅ ៣០ ឆ្នាំជាង ហើយក្រុមហ៊ុនមកយកដី ដោយពួកគាត់មិនមានអត្តសញ្ញាណ ដើម្បីសម្គាល់ថា ដីនេះជាកម្មសិទ្ធិរបស់គាត់ ឥឡូវនេះ គាត់កំពុងបារម្ភយ៉ាងខ្លាំង» ។
តំណាងពលរដ្ឋខ្មែរក្រោមម្នាក់ទៀត គឺលោក កង សំណាង មកពីខេត្តកំពង់ស្ពឺ បានលើកឡើងពីបញ្ហាកង្វះលំនៅឋាន និងដីធ្លី ព្រមទាំងបញ្ហាផ្នែកច្បាប់ ។
លោក កង សំណាង ៖ «បញ្ហាប្រឈមរបស់បងប្អូន នៅទីនោះ គឺកង្វះដីធ្លីបង្កបង្កើនផល បានន័យថា ពួកគាត់មានដីធ្លី សម្រាប់ការតាំងទីលំនៅ ប៉ុន្តែ ដោយសារកត្តាជីវភាពរបស់គាត់ ពឹងផ្អែកទៅលើមុខរបរកសិកម្ម ដូចជា ដាំដំណាំ ឬក៏ធ្វើស្រូវជាដើម ។ ប៉ុន្តែ ដីធ្លីរបស់ពួកគាត់នោះ មិនអំណោយផល ជាកត្តាធ្វើឲ្យពួកគាត់ មានកង្វះខាត់ខាងផ្នែកជីវភាព ។ […] កត្តាមួយទៀត ដីធ្លី ដែលពួកគាត់រស់នៅ គឺភាគច្រើន មិនទាន់បានចុះបញ្ជី គ្មានបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យ ឬមិនទាន់មានប្លង់រឹងទេ ហើយនៅពេលថ្មីៗ រដ្ឋបាលព្រៃឈើ តម្រូវឲ្យពួកគាត់ បំពេញបែបបទ ស្នើសុំ ដើម្បីកាន់កាប់ដីធ្លីនោះ […] អ៊ីចឹងហើយ ទន្ទឹម នឹងការមិនទាន់បានចុះបញ្ជី មិនទាន់មានបណ្ណកម្មសិទ្ធិ ចាត់ទុកថាជាផលលំបាករបស់ពួកគាត់ ហើយការបំពេញបែបបទស្នើសុំ មិនដឹងជាលទ្ធផលសម្រេចបែបណា នៅឡើយ» ។
ចំណែក លោក ម៉ៅ សុផា តំណាងពលរដ្ឋខ្មែរក្រោម មកពីខេត្តកណ្តាល បានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម នៅតំបន់របស់លោក មានឯកសារលិខិតស្នាមអស់ហើយ តែនៅមានបញ្ហាដីធ្លីសម្រាប់តាំងទីលំនៅ ។
លោក ម៉ៅ សុផា ៖ «នៅខាងខ្ញុំ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ បានរៀបចំស្រួលបួលអស់ហើយ តែពិបាកក្នុងការរស់នៅ ដោយនៅលើថ្នល់ ទំនប់ ប្រឡាយ និងមិនទាន់មានកម្មសិទ្ធិផ្ទាល់ ។ ពលរដ្ឋខ្មែរក្រោម នៅទីនោះ ជាង ២០ គ្រួសារ ហើយមានកូនមានចៅប្រហែលជាង ១០០ នាក់» ។
លោក សរ រិទ្ធី ជាតំណាងពលរដ្ឋខ្មែរក្រោម មកពីខេត្តកែវ បានថ្លែងថា ខ្មែរក្រោមប្រមាណជាង ៨០% នៅក្នុងសហគមន៍របស់លោក ដែលធ្លាប់រងគ្រោះ ពីការរំលោភបំពានកន្លងមក ពីសំណាក់អាជ្ញាធរ នៅពេលនេះទទួលបានដំណោះស្រាយជាបណ្តើៗ ហើយ ។
លោក សរ រិទ្ធី ៖ «ឥឡូវ ឃើញថា ផលវិជ្ជមាន ដោយខាងតំណាងរាជរដ្ឋាភិបាល មានខេត្ត មានអភិបាលស្រុក មេឃុំ គាត់ទៅធ្វើការវាស់វែង និងកំណត់ព្រំដី ។ អ៊ីចឹង កាលណា គាត់ចុះវាស់វែង គាត់កំណត់ព្រំដីឲ្យយើង បានន័យថា គាត់ទទួលស្គាល់នូវអ្វី ដែលគាត់ចែកឲ្យយើងហើយ ។ យើងជាប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ប្រហែលជារួចផុត ពីការចោទប្រកាន់ ។ នេះ សេចក្តីសង្ឃឹមរបស់ខ្ញុំ ប៉ុន្តែ ពីមុនមក អត់មានអ្នកណាទទួលស្គាល់ គ្មានអ្នកណាវាស់វែងទេ ។ អ៊ីចឹង! ផលវិជ្ជមាន ក្រោមការជ្រោមជ្រែងរបស់សមាគមខ្មែរកម្ពុជាក្រោមយើង ជួយដុតដៃដុតជើង តាមរយៈអង្គការ MIRO គឺឥឡូវទទួលបានផលវិជ្ជមាន» ។
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឡើងធ្វើបទបង្ហាញ អំពីលិខិតបទដ្ឋានគតិយុត្តិនានា ស្ដីពីលរដ្ឋខ្មែរក្រោមត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ច្បាប់សញ្ជាតិ និងសិទ្ធិជាពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ។
លោក សឺន ជុំជួន ៖ «ពាក់ព័ន្ធទៅនឹងច្បាប់សញ្ជាតិ បើសិនណាជាបងប្អូនយើង នៅតាមបណ្តាខេត្ត មានបញ្ហាទាក់ទងនឹងរឿង ការទទួលបានឯកសារផ្សេងៗ ទាក់ទងនឹងបញ្ជីកំណើត លិខិតបញ្ជាក់កំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬអត្តសញ្ញាណបណ្ណ និយាយរួមមក ឲ្យតែឯកសារពាក់ព័ន្ធទាក់ទងនឹងការរស់នៅដោយស្របច្បាប់ ។ ដូច្នេះ ពាក់ព័ន្ធនឹងច្បាប់សញ្ជាតិ កុំយកច្បាប់អន្តោប្រវេសន៍មកអនុវត្តអត់ត្រូវទេ ។ ច្បាប់អន្តោប្រវេសន៍ គឺសម្រាប់ជនបរទេស ប៉ុន្តែ យើង (ខ្មែរក្រោម) មិនមែនជាជនបរទេសទេ ។ អ៊ីចឹង នៅក្នុងច្បាប់ ស្តីពីសញ្ជាតិ (តាមពិតឆ្នាំ ១៩៩៦ ប៉ុន្តែ គេបានធ្វើវិសោធនកម្ម កាលពីឆ្នាំ ២០១៨) ។ ដូច្នេះ ការធ្វើវិសោធនកម្មឆ្នាំ ២០១៨ នៅក្នុងនោះ មានមាត្រា ៦វាក្យខណ្ឌទី ១ គេចែងសង្ខេបថា ជនណាមានសញ្ជាតិខ្មែរជាប្រជាពលរដ្ឋខ្មែរ ។ ក្នុងន័យខ្លឹមសារច្បាប់ហ្នឹង បើយើងនិយាយថា យើងមកពីកម្ពុជាក្រោម នៅកម្ពុជាក្រោម យើងគឺជាខ្មែរ គ្រាន់តែថា យើងកើត នៅក្រោមអំណាចគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសវៀតណាម ។ អ៊ីចឹង យើងមានសញ្ជាតិវៀតណាម មួយ ដោយស្វ័យប្រវត្តិ កេហៅថា សញ្ជាតូបនីយកម្ម ។ ដូច្នេះ នៅពេលយើង ត្រឡប់មកប្រទេសកម្ពុជា គឺយើងទទួលបានសញ្ជាតូបនីយកម្មដូចគ្នា ពីព្រោះយើងជាជនជាតិខ្មែរ អ៊ីចឹង មានន័យថា យើងអាចទទួលបានសញ្ជាតិពីរក៏បានដែរ ។ ចឹងទេ ជនណាមានសញ្ជាតិខ្មែរជាប្រជាពលរដ្ឋខ្មែរ ចឹង! សញ្ជាតូបនីយកម្ម យើងមកដល់កម្ពុជា គឺសញ្ជាតូបនីយកម្មហើយ» ។
លោក សឺន យឿង បានស្នើសុំទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធឲ្យជួយអនុវត្តនូវចំនុចសំខាន់ៗ ចំនួន ៧ ដើម្បីធានាការពារសិទ្ធិរបស់ខ្មែរក្រោម ឲ្យបានពេញលេញ នៅកម្ពុជា ។
លោក សឺន យឿង ៖
- ធានាថា មិនមាននរណាម្នាក់ត្រូវបានរារាំងពីការប្រើសិទ្ធិមនុស្សរបស់ខ្លួន ដោយសារតែសញ្ជាតិ ជាតិសាសន៍ ឬពូជសាសន៍ រួមទាំងតាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ខ្មែរក្រោមក្នុងការទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណឡើយ ។
- ធានាថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ ២០១៧-២០២៦ គិតគូរដល់សេចក្ដីត្រូវការរបស់ខ្មែរក្រោម និងដោះស្រាយបញ្ហាជាក់លាក់ទាំងឡាយដែលពួកគេជួបប្រទះនៅក្នុងការទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ ។
- ចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់ម្ដងទៀតអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលថា ខ្មែរក្រោមគឺជាពលរដ្ឋខ្មែរ ដូច្នេះពួកគេត្រូវទទួលបានសិទ្ធិ និងការការពារដូចគ្នាទៅនឹងពលរដ្ឋទាំងអស់ ក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុកដែរ ។
- ចេញលិខិតូបករណ៍ផ្លូវច្បាប់ដែលបញ្ជាក់ថា ច្បាប់ស្តីពីសញ្ជាតិគឺអនុវត្តចំពោះខ្មែរក្រោម និងបញ្ជាក់ថា បើបុគ្គលដែលមានដើមកំណើតជាខ្មែរក្រោមអាចបង្ហាញសញ្ជាតិខ្មែរ តាមរយៈជាតិសាសន៍/វង្សត្រកូលរបស់ខ្មែរក្រោមបាន នោះពួកគេអាចមានសិទ្ធិទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ ។
- ធានាសិទ្ធិស្មើគ្នាក្នុងការទទួលបានកម្មសិទ្ធិស្របច្បាប់លើដីធ្លីនិងផ្ទះសម្បែងសម្រាប់ខ្មែរក្រោម ។
- ធានាថា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនីតិកាលទីប្រាំមួយនៃរដ្ឋសភា (២០១៨-២០២២) និងនីតិកាលខាងមុខទៀត អនុញ្ញាតឲ្យពលរដ្ឋ និងសមាគមខ្មែរក្រោមប្រារព្ធពិធីនានាតាមទីកន្លែង និងពេលវេលាដែលមិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរបស់ពួកគេយោងតាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ។
- បញ្ឈប់ការបញ្ជូននគរបាលស៊ីវិលទៅស៊ើបការណ៍សកម្មភាពស្របច្បាប់របស់សកម្មជនខ្មែរក្រោម។
គួរជម្រាបជូនថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣៣ ចែងថា ពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ ។
លើសពីនេះ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៦ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះនរោត្ដម សីហនុ ចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា នៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រះអង្គ និងរាជរដ្ឋាភិបាលសម័យនោះ បានផ្ដល់សិទ្ធិជូនជនរួមជាតិខ្មែរ ដែលមានដើមកំណើត នៅកម្ពុជាក្រោម ឲ្យទទួលបានយ៉ាងពេញចិត្តពេញថ្លើមនូវរាល់សិទ្ធិ ដែលជនរួមជាតិ នៅព្រះរាជាណាចក្រកម្ពុជា ឬកម្ពុជាលើ ទទួលអំពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ព្រះអង្គគាំទ្រសំណើទាមទារសិទ្ធិមួយចំនួនរបស់ជនរួមជាតិខ្មែរ ដែលមានដើមកំណើតនៅកម្ពុជាក្រោម ដែលលោកពុំទាន់បានទទួលមានជាអាទិ៍ សិទ្ធិទទួលអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ការចុះបញ្ជីសៀវភៅអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន ។ បន្ថែមពីលើនេះ កាលពីឆ្នាំ ១៩៩៣ នៅពេលអង្គការសហប្រជាជាតិមករៀបចំការបោះឆ្នោតនៅកម្ពុជា សម្ដេចព្រះនរោត្តម សីហនុ បានជំរុញឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ពលរដ្ឋខ្មែរក្រោម និងអនុញ្ញាតឲ្យខ្មែរក្រោមចូលរួមបោះឆ្នោតទៀតផង ៕