ខ្មែរក្រោម​ប្រារព្ធ​ខួប​ទី ៤០ ឆ្នាំ នៃ​ការ​ងើប​បះបោរ​ទាមទារ​សិទ្ធិសេរីភាព​ពី​វៀតណាម​

123

ដោយ ស៊ឺន ចែងចើន និងថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី ២០ វិច្ឆិកា ២០១៦ នេះ បាននាំគ្នាប្រារព្ធពិធីរំលឹកខួបលើកទី ៤០ ឆ្នាំ នៃចលនាតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម ។ ពិធីជួបជុំនេះ បានធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ការរំឭកខួបលើកទី ៤០ ឆ្នាំនេះ គឺក្នុងគោលបំណងបង្ហាញពីការឈឺចាប់ នឹងការជិះជាន់ពីសំណាក់រដ្ឋាភិបាលអាណានិគមយួន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។

លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាមាជិករដ្ឋសភា អុជធូបរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាមាជិករដ្ឋសភា អុជធូបរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា រួមទាំងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ប្រមាណ ១០០ នាក់ បានមកជួបជុំប្រារព្ធពិធីរំឭកខួប ៤០ ឆ្នាំ ទិវាតស៊ូរបស់ខ្មែរក្រោម ក្នុងការទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦-ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៦ ។

ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ជាកំណត់សម្គាល់គម្រប់ ៤០ ឆ្នាំ នៃការងើបឡើងរបស់ប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដើម្បីសិទ្ធិម្ចាស់ការរបស់ខ្លួនពីនឹមអាណានិគមវៀតណាម ។ ថ្ងៃនេះ កាលពី ៤០ ឆ្នាំមុន គឺនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ពលរដ្ឋខ្មែរក្រោម បានងើបបះបោរប្រឆាំងរដ្ឋាភិបាលបក្សកម្មុយនិស្តយួន ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងរស់នៅ និងស្វែងរកសិទ្ធិម្ចាស់ការជូនប្រជាជាតិរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម ។ ប៉ុន្តែការបះបោររវាងយុទ្ធជនខ្មែរក្រោម និងកងទ័ពនៃរដ្ឋអំណាចយួននោះ មិនបានសម្រេចទេ ។ ជាលទ្ធផលក្រោយការងើបបះបោរនោះ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ជាច្រើនអង្គ/រូប ត្រូវបានរដ្ឋាភិបាលយួនកាត់ទោសប្រហារជីវិត កាត់ទោសឲ្យជាប់គុកពី ៣ ឆ្នាំ រហូតដល់អស់ មួយជីវិត និងធ្វើទារុណកម្ម រហូតដល់ស្លាប់នៅក្នុងគុកជាដើម ។

នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានឲ្យដឹងថា ការប្រារព្ធទិវារំឭកខួប ៤០ ឆ្នាំនៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ នេះឡើង គឺដើម្បីរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។

ឆ្លើយ នឹងសំនួររបស់អ្នកយកព័ត៌មាន វិទ្យុសំឡេងកម្ពុជាក្រោម ដែលបានលើកឡើងថា តើអ្វីជាដើមហេតុនៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ ? ។ លោក សឺន ជុំជួន បានបញ្ជាក់ប្រាប់ថា ប្រភពនៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ ដែលឈានដល់ការផ្ទុះអាវុធនោះ គឺផ្តើមចេញពី ថ្ងៃ ៣០ មេសា ១៩៧៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ជនជាតិដើមខ្មែរក្រោម គ្រប់រូបដែល ត្រូវបានបក្សកុម្មុយនិស្តយួនចូលឈ្លានពានទឹកដីកម្ពុជាក្រោម និងដាក់នឹមអាណានិគមត្រួតត្រាខ្មែរក្រោម ជំនួសយួនសេរីរណបអាមេរិក ។

លោក សឺន ជុំជួន បន្តថា នៅពេលនោះ រដ្ឋាភិបាលយួនកុម្មុយនិស្តខាងជើង និងរដ្ឋាភិបាលយួនសេរីភាគខាងត្បូង បានវាយដណ្តើមគ្នា ដើម្បីដាក់រដ្ឋាភិបាលទាំងពីរបញ្ចូលគ្នាឲ្យស្ថិតនៅក្រោមរដ្ឋអំណាចយួនតែមួយ ហើយគ្រានោះ រដ្ឋាភិបាលសាធារណរដ្ឋយួន ដែលមាននិន្នាការលោកសេរី បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ចូលរួមតស៊ូជាមួយខ្លួន ដើម្បីច្បាំងគ្នា ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យយួនខាងជើង ដោយសន្យាថា នឹងប្រគល់ដែនដីកម្ពុជាក្រោម និងសិទ្ធិសេរីភាពពេញលេញជូនប្រជាជាតិខ្មែរក្រោម ។ ប៉ុន្តែ បន្ទាប់ពីច្បាំងគ្នាចុះឡើងៗ រដ្ឋាភយួនសេរីរណបអាមេរិកកាំង ត្រូវបានបរាជ័យ ហើយដួលរលំនៅថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ក្រោយមក ព្រះសង្ឃ និងពលរដ្ខខ្មែរក្រោមដឹងថា ចាញ់បោកកលល្បិចរបស់យួនខាងជើង និងយួនខាងត្បូង ដោយការឈឺចាប់របស់ខ្លួន ពលរដ្ឋខ្មែរក្រោម ក៏បាននាំគ្នាបង្កើតចលនាតស៊ូមួយ ដើម្បីទាមទារសិទ្ធិសេរីភាពពីវៀតណាម ។

គួររំឭកថា ព្រឹត្តិការណ៍ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោមរបបអាណានិគមយួន ហើយបានបង្កើតរណសិរ្សមួយឈ្មោះ ថា ណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ដែលមានលោក សឺង ញ៉ ជាប្រធាន និង លោក លោក កៀង ហ៊ាន ជាអនុប្រធាន ។

ដោយឈឺចាប់ នឹងការជិះជាន់ពីសំណាក់រដ្ឋាភិបាលអាណានិគមយួន និងចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមចលនានេះ ក៏បានបើកយុទ្ធនាការវាយលុកចូលគ្រប់ស្ថាប័នបក្សកុម្មុយនិស្តយួន នៅថ្ងទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ។

ការងើបឡើង ដោយប្រើប្រដាប់អាវុធរបស់ពលរដ្ឋខ្មែរក្រោម នៃរណសិរ្សសេរីភាពជាតិរំដោះកម្ពុជាក្រោមនេះ ជាព្រឹត្តិការណ៍មួយបង្ហាញឲ្យឃើញ នូវមេរៀនបរាជ័យមួយ របស់ប្រជាជាតិខ្មែរក្រោម ហើយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានឆ្លើយតបមកវិញ ដោយការសងសឹក ជាទ្រង់ទ្រាយប្រកាន់ពូជាសាសន៍មួយ ចំពោះអ្នកដែលហ៊ានងើបឡើង រំដោះជាតិចេញពីការត្រួតត្រារបស់ពួកគេ ។ ការបាញ់ប្រហារ និងធ្វើទារុណកម្ម អ្នកជាប់គុកខ្មែរក្រោមនៅក្នុងព្រឹត្តិកាណ៍នេះ ជាទារុណកម្មដ៏អាថ៌កំបាំងមួយ មិនត្រូវបានពិភពលោកដឹងឮឡើយ ។ ផ្ទុយពីការបរា ជ័យក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នេះ វាក៏បានឆ្លុះបញ្ចាំងឲ្យឃើញ នូវទឹកចិត្តអង់អាចក្លាហានគ្មានអ្វីប្រៀបរបស់ យុទ្ធជនខ្មែរក្រោម ដែលហ៊ានងើបឡើង ដើម្បីអ្វីមួយ ដែលគេហៅថា “ការរំដោះខ្មែរក្រោម ឲ្យចេញពីនឹមអាណានិគមបក្សកុម្មុយ និស្តវៀតណាម” និង ដើម្បីបញ្ជាក់ឲ្យពិភពលោកឃើញថា «ខ្មែរក្រោមស៊ូស្លាប់ឈរ តែមិនព្រមរស់លុតជង្គង់ឡើយ» ។

ក្រោយពីព្រឹត្តិការណ៍នេះ មេដឹកនាំរណសិរ្ស ត្រួវបានយួនចាប់ដាក់ពន្ធនាគារជាច្រើននាក់ ។ បន្ទាប់ពីការចាប់ដាក់គុកអស់រយៈពេល ៤ ឆ្នាំ គឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨០ រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន បានបញ្ជូនអ្នកទោសខ្មែរក្រោមទាំងនោះ មកកាត់ទោសនៅទីរួមខេត្តព្រះត្រពាំង ដោយកាត់ទោសឲ្យជាប់គុកពី ០៣ ឆ្នាំ រហូតដល់អស់មួយជីវិត ក្នុងនោះមានមេដឹកនាំរណសិរ្ស ៣ រូប ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនកាត់ទោសប្រហារជីវិត ៕

ខាងក្រោមនេះ ជារូបថតសកម្មភាពខ្លះៗ ស្តីពីខួបទី ៤០ ឆ្នាំនៃការតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម ។ រូបថតៈ ស៊ឺន ចែងចើន

dsc_0060 img_5050 img_5055 img_5056 img_5061 img_5064 img_5065 img_5066 img_5067 img_5068 img_5081 img_5083 img_5084 img_5089 img_5091 img_5098 img_5099 img_5099_1 img_5100 img_5101 img_5105 img_5109

Comments are closed.