ពលរដ្ឋ​ខ្មែរ​ក្រោម​រង​ការ​រិតត្បិត​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ

0 60

ដោយ យន់ សាមៀន | RFA Khmer

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ នៅ​ឯ​កម្ពុជា​ក្រោម​ឯណោះ​វិញ ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​កំពុង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែរ។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​តើ​ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ក្តី​ប្រាថ្នា​អ្វី​ខ្លះ​ដែរ?

ទង់ជាតិខ្មែរក្រោមដាក់តាំងនៅមុខផ្ទះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រូប៖ តោ ហ្វាងចៀង
ទង់ជាតិខ្មែរក្រោមដាក់តាំងនៅមុខផ្ទះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រូប៖ តោ ហ្វាងចៀង

ក្តី​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​សម្រាប់​ឆ្នាំ​ថ្មី​ គឺ​ការ​ទទួល​សិទ្ធិ​សេរីភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត។ សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​លោក តោ ហ្វាងចឿង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ​លោក​នៅ​តែ​មាន​ក្តី​ប្រាថ្នា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ពេល​អនាគត។

លោក តោ ហ្វាងចឿង៖ «បំណង​ប្រាថ្នា​ប្អូន​ចុង​ក្រោយ​គឺ​ចង់​ឲ្យ​សហព័ន្ធ​ប្តឹង​​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម»

យុវជន​ តោ ហ្វាងចឿង ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ វៀតណាម ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ​ដោយសារ​តែ​លោក​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិ​មនុស្ស ​និង​ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​។ ទោះបី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​វៀតណាម​ក៏ដោយ​ក៏​លោក​បន្ត​ធ្វើ​សកម្មភាព​ផ្នែក​សិទ្ធ​មនុស្ស និង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​។ ​ចំណែក​យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង​លោក ថាច់ កឿង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ផ្ទះ​របស់​លោក ដោយសារ​តែ​អាជ្ញាធរ​ចាត់​ទុក​លោក​ជា​សកម្មជន​សិទ្ធិ​ជន​ជាតិ​ដើម។ ​លោក​បន្ត​ថា ​អាជ្ញាធរ​វៀតណាម​ក៏​បាន​ដាក់​កន្លែង​ត្រួត​ពិនិត្យ នៅ​​តាម​ផ្លូវ​ហាម​ឃាត់​មិន​ឲ្យ​​យុវជន​ខ្មែរ​ក្រោម​ជិះ​ម៉ូតូ​ដើម្បី​ដើរ​លេង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដែរ។

អាណា​និគម​និយម​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម ​មាន​ចំនួន ​២១ខេត្ត​ ទៅ​ឲ្យ​វៀតណាម​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ឆ្នាំ​១៩៤៩។ មកទល់​ពេល​នេះ រយៈពេល ៧៤​ឆ្នាំ​មក​ហើយ​។ បច្ចុប្បន្ន​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភព​លោក​កំពុង​ធ្វើ​យុទ្ធនាការ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ពី​វៀតណាម​។

ខ្មែរក្រោម​មាន​ចំនួន​ប្រមាណ ៧​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ខេត្ត​ចំនួន​២១ ជា​ដែនដី​កំណើត។ ​ទោះ​បី​វៀតណាម​ ទទួល​ស្គាល់​និង​អនុម័ត​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជនជាតិ​ដើម​តាំង​ពី​ឆ្នាំ​២០០៧ ក៏​ដោយ​ចុះ​ប៉ុន្តែ​វៀតណាម​នៅតែ​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​។ រដ្ឋាភិបាល​វៀតណាម​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សំរាក​រយៈ​ពេល​បី​ថ្ងៃ ដើម្បី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​ទេ​។
លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ផាម ម៉ិញជីញ (Pham Minh Chinh)  កាល​ពី​ចុង​ខែ​មីនា បាន​ចេញ​លិខិត​ជូនពរ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ប៉ុន្តែ​លោក​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ភាគ​តិច​ និង​មិន​បាន​ឲ្យ​​ឈប់​សម្រាក​ដល់​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ​។

ព្រះភិក្ខុ ​សឺង យ៉ឹងរតនា ​ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី​នៅ​ទីក្រុង​សាន់ហូស្សេ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោក​ស្ដាយ​ដែល​វៀតណាម​នៅតែ​ចិញ្ចឹម​ចិត្ត​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម និង​ផ្តល់​សិទ្ធិ​ជនជាតិ​ដើម​ឲ្យ​ខ្មែរ​ក្រោម។

ព្រះភិក្ខុ ​សឺង យ៉ឹងរតនា៖ «ការ​ពិត​ទៅ​រដ្ឋាភិបាល​វៀតណាម​មាន​គំនិត និង​មហិច្ឆតា​លុប​ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី»

ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្ត​ទៀត​ថា វៀតណាម​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សម្រាក​បុណ្យ​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​ដូច​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ដែរ​។

សេចក្តី​ប្រកាស​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ជាតិ​ដើម ​កំណត់​ពី សិទ្ធិ​ការពារ​វប្បធម៌ និង​អត្តសញ្ញាណ សិទ្ធិ​ទទួល​បាន ការអប់រំ​សុខភាព ការងារ​ភាសា។ ការ​ហាម​ឃាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ជនជាតិ​ដើម​ភាគ​តិច​ និង​លើក​កម្ពស់​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​របស់​ជនជាតិ លើ​គ្រប់​វិស័យ ដែល​ពួក​គេ​អាច​ធ្វើ​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​ថ្មីៗ​នេះ ​យុវជន​ខ្មែរ​ក្រោម​ប្រមាណ ​១០​នាក់​ត្រូវ​បាន​វៀតណាម ហៅ​ទៅ​គំរាម​កំហែង​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​តស៊ូ​មតិ ដើម្បី​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច។ វៀតណាម​បាន​ធ្វើ​ទុក្ខបុកម្នេញ​យុវជន​ទាំង​នោះ​ដោយសារ​តែ​ពួកគេ ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ជនជាតិ​ដើម។

ងាក​មក​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ​ក្រៅ​តែ​ទៅ​វត្ត និង​លេងល្បែង​ប្រជាប្រិយ​ និង​ជួប​ជុំ​សាច់ញាតិ យុវជន​ខ្មែរ​ក្រោម​ក៏​មាន​សារសំខាន់​មួយ​ទៅ​រដ្ឋាភិបាល​វៀតណាម​ គឺ​ពួកគេ​បាន​នាំ​គ្នា​ដោត​ទង់​ជាតិ​ខ្មែរ​កម្ពុជាក្រោម នៅមុខ​ផ្ទះ​របស់​ពួកគេ​រៀង​ៗ​ខ្លួន​ដើម្បី​បង្ហាញ​ក្តី​ប្រាថ្នា​ថា ​ពួក​គេ​ចង់​មាន​សិទ្ធិ​ស្វ័យ​សម្រេច។ ក្នុង​ពេល​ចូល​ថ្មី​នេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏​ចង់​ឲ្យ​ខ្មែរ​ក្រោម​ទូទាំង​ប្រទេស​ទទួល​សិទិ្ធ​សេរីភាព​ ដើម្បី​អាច​កំណត់​វាសនា​ខ្លួន​ឯង​បាន​ទៅ​ថ្ងៃ​អនាគត។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ក្នុង​នាម​ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​សូម​ប្រគេន​និង​ជូនពរ​ឆ្នាំថ្មី ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ឲ្យ​មាន​សុខភាព​ល្អ​និង​ឆាប់​បាន​ទទួល​សិទ្ធិ​សេរីភាព​ក្នុង​ខ្មែរ​ក្រោម​ជា​ម្ចាស់​ស្រុក»

Leave A Reply

Your email address will not be published.